វៀតណាម និង​កូរ៉េ​ខាង​ត្បូង​​ពិចារណា​ទិញ​យន្ត​ហោះ​ឈ្លប​យក​ការណ៍​អាមេរិក

ក្រុមហ៊ុនផលិតយន្តអាមេរិក បានឲ្យដឹងថា វៀតណាម និងកូរ៉េខាងត្បូង កំពុងសម្លឹងរកការទិញយន្តហោះឈ្លបយកការណ៍ P-3 និង S-3 ដើម្បីទប់ទល់នឹងការបង្កើនឥទ្ធិពលយោធារបស់ចិន និងការបាញ់គ្រាប់មីស៊ីលម្ដងហើយម្ដងទៀតរបស់កូរ៉េខាងជើង។

ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា លោក Clay Fearnow មន្ត្រីជាន់ខ្ពស់របស់ក្រុមហ៊ុន Lockheed របស់អាមេរិក បាននិយាយថា វៀតណាម នឹងស្នើសុំតម្លៃ និងទិន្នន័យផ្លូវការ នៃយន្តហោះចម្បាំងចាស់ៗ P-3 របស់អាមេរិកចំនួន ៤គ្រឿង នៅក្នុងរយៈពេលពីរបីខែខាងមុខនេះ។

យោងតាមក្រុមមន្ត្រីក្រុមហ៊ុន Lockheed បានឲ្យដឹងថា ការសម្រេចលើកលែងទណ្ឌកម្មទាំងស្រុងរបស់អាមេរិកទៅលើការលក់អាវុធឲ្យប្រទេសវៀតណាមកាលពីខែឧសភាកន្លងមកនេះ បានបើកផ្លូវឲ្យមានការលក់យន្តហោះចម្បាំងនោះ ប៉ុន្តែ កិច្ចព្រមព្រៀងណាមួយ នឹងត្រូវស្ថិតក្រោមការត្រួតពិនិត្យដោយហ្មត់ចត់ពីសំណាក់រដ្ឋាភិបាលអាមេរិក។

ការសម្រេចចិត្តរបស់ក្រុងវ៉ាស៊ីងតោន អនុញ្ញាតឲ្យលក់សព្វាវុធទៅវៀតណាម ដែលជាអតីតសត្រូវរបស់ខ្លួននេះ បានគូសបញ្ជាក់ពីក្ដីបារម្ភរួមរបស់ប្រទេសទាំងពីរ នៅចំពោះមុខនៃកំណើនឥទ្ធិពលយោធាចិន។

វៀតណាម ដែលមានព្រំដែនជាប់នឹងចិននោះ គឺជាផ្នែកមួយដ៏សំខាន់ផងដែរនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ក្នុងការស្ដារតុល្យភាពនៃយុទ្ធសាស្ត្រអាមេរិកនៅអាស៊ី ចំពេលមានក្ដីបារម្ភអំពីភាពគឃ្លើន និងការអះអាងជាម្ចាស់របស់ក្រុងប៉េកាំង លើដែនទឹក ៨០ភាគរយនៅសមុទ្រចិនខាងត្បូង។

លោក Fearnow បាននិយាយថា កិច្ចព្រមព្រៀងនៃការលក់យន្តហោះទាំងនេះ អាចមានតម្លៃពី ៨០ ទៅ ៩០លានដុល្លារ សម្រាប់យន្តហោះ P-3 មួយគ្រឿង។

លោក Fearnow បានបន្ថែមថា កូរ៉េខាងត្បូងក៏កំពុងរកទិញយន្តហោះចម្បាំង S-3 ចំនួន ១២គ្រឿងផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ