អាជីវករផ្សារមួយនៅខេត្តបន្ទាយមានជ័យបារម្ភពីការបណ្តេញចេញ

ក្រុមអាជីវករលក់ដូរតាមកញ្រ្ចែងនៅផ្សារចក្រីក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ សំដែងការបារម្ភពីការបណ្តេញចេញ បន្ទាប់ពីក្រុមហ៊ុនមួយដែលទើបទទួលបានសិទ្ធិវិនិយោគ ហាមមិនឲ្យពួកគេលក់ដូរ ក្រោយពីផ្សារនោះអភិវឌ្ឍន៍ថ្មី។

លោក ភឹម ឆឺន ដែលអះអាងថា ជាតំណាងអាជីវករប្រាប់វីអូឌីថា​ ពួកគាត់ជាអ្នកក្រីក្រ ប្រមាណ៦១នាក់ ត្រូវបានសន្តិសុខក្រុមហ៊ុនបណ្តេញ​មិនលក់ក្នុងផ្សារចក្រីទៀតទេ បន្ទាប់ពីផ្សារនោះសាងសង់ថ្មីរួច។

លោក ភឹម ឆឺន​ ឲ្យដឹងថា អាជីវករពួកគាត់បាននាំគ្នាលក់ដូរក្នុងផ្សារនោះតាំងពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៤ ដោយកាលណោះលោកថា ម្ចាស់ផ្សារមិនបានយកថ្លៃតូបនោះទេ គឺគ្រាន់តែឲ្យបង់ថ្លៃភាស៊ីប្រចាំថ្ងៃប៉ុណ្ណោះ ប៉ុន្តែនៅឆ្នាំ២០១៥ក្រុមហ៊ុនមួយឈ្មោះ អាន ពេជ្យ ដេញថ្លៃបានអភិវឌ្ឍន៍ ដោយមិនឲ្យពួកគាត់លក់ដូរដូចមុនទៀតទេ ប្រសិនបើមិនមានលុយបង់ថ្លៃតូប ម្នាក់ចន្លោះពី៤០០០ដុល្លារទៅ៥០០០ដុល្លារ។

លោកបន្ថែម «ដល់ពេលក្រុមហ៊ុនថ្មីគេដេញបានគេធ្វើច្បាប់ធ្វើទំលាប់នៅក្រសួងទៅ ក្រសួងគេចេញច្បាប់ឲ្យធ្វើការវិនិយោគ ប៉ុន្តែតាមខ្ញុំមើលលិខិតហ្នឹងគឺឲ្យវិនិយោគត្រផាស៊ីទេ មិនឲ្យពួកខ្ញុំបង់ថ្លៃតូបទេ តែពេលក្រុមហ៊ុនហ្នឹងរៀបចំចាក់បេតុងជិតគេដេញមិនឲ្យប្រជាពលរដ្ឋលក់ ហើយគេបានហៅអាជីវករទៅលុយវិញគេថា អ្នកចាស់៤០០០ដុល្លារ អ្នកថ្មី៥០០០ដុល្លារ ដល់ពេលអញ្ចឹងពួកខ្ញុំកើតទុក្ខមិនសុកចិត្តក៏ពួកខ្ញុំប្តឹង រឿងនេះបានកើតឡើងតាំងពីឆ្នាំ២០១៦»។

លោកបន្តថា ក្រុមអាជីវករបានរកកិច្ចអន្តរាគមន៍ពីអាជ្ញាធរស្រុក និងខេត្តជាច្រើនដងហើយ ប៉ុន្តែរហូតពេលនេះមិនមានដំណោះស្រាយនោះទេ។

អាជីវកម្មករម្នាក់ទៀតលោក ថោង សុធា មានប្រសាសន៍ថា ពួកគាត់ជាអាជីវករក្រីក្រមិនមាន លទ្ធភាពបង់ថ្លៃតូបនោះទេ និងថា ប្រសិនបើក្រុមហ៊ុនមិនឲ្យលក់ទេ ពួកគាត់គ្មានកន្លែងផ្សេងលក់ ឡើយហើយជីវភាពនឹងជួបការលំបាក។

លោកបន្តថា ដំណោះស្រាយដែលក្រុមអាជីវករចង់បាននោះគឺសុំឲ្យពួកគាត់បានលក់ដូរនៅដើមវិញ ដោយមិនមានការបង់ថ្លៃតូប។

លោកបន្ថែមថា «ប្រសិនបើក្រុមហ៊ុនហ្នឹង ដេញពួកខ្ញុំចេញផលលំបាកពួកខ្ញុំ គឺអត់មានលុយ ទិញ អត់មានកន្លែងលក់ ហើយប៉ះពាល់ជីវភាពដូចកន្លែងហ្នឹងដូចឆ្នាំងបាយពួកខ្ញុំអញ្ចឹងដល់ គេដកឆ្នាំងបាយចេញអត់អីហូបម៉ង។ ពួកខ្ញុំសុំសំណោមពរថា ជួយសំរួលយ៉ាងម៉េចឲ្យពួកខ្ញុំ រក្សាភាពដើមដដែលមិនឲ្យរុះរើ មិនវាស់វែងជាតូបលក់មិនឲ្យក្រុមហ៊ុនថ្មីហ្នឹងដេញពួកខ្ញុំចេញ សុំរក្សាភាពដើម»។

អភិបាលខេត្តបន្ទាយមានជ័យ លោក សួន បវរ សុំមិនធ្វើអត្ថាធិប្បាយលើបញ្ហានេះទេ ដោយលោកឲ្យទៅសួរអភិបាលស្រុកវិញ។

អភិបាលស្រុកព្រះនេត្រព្រះ លោក លី សុវណ្ណារិទ្ធ ឆ្លើយប្រាប់វីអូឌីយ៉ាងខ្លីថា «អីឡូវអញ្ចេះសុំឲ្យប្អូនឯង[អ្នកយកព័ត៌មានវីអូឌី]ចុះមកដល់ផ្សារផ្ទាល់ថាតើបានបណ្តេញចេញមែនឬក៏អត់? បានហើយខ្ញុំជាប់រវាល់»។

បើតាមតំណាងអាវជីករឲ្យដឹងថា ប្រសិនបើអត់មានដំណោះស្រាយទេពួកគេនឹងនាំគ្នាតវ៉ារហូតមាន ដំណោះស្រាយ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​សេចក្តី​ប្រកាស​មួយ​កាលពាក់កណ្តាលខែសីហាឆ្នាំ២០១៦​ដោយ​សម្រេច​ប្រគល់​ផ្សារ​ទាំងអស់​នៅ​ទូទាំង​ប្រទេស​ឲ្យ​អាជីវករ​អាច​លក់ដូរ​តកូន​តចៅ ​ជា​អ្វី​ដែល​ត្រូវ​បាន​លោក​ពន្យល់​ថា​ដើម្បី​ចៀសវាង​ពួក​អាក្រក់​ដើរ​ភូតភរ​បោកប្រាស់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ