សាលាឧទ្ធរណ៍​លើក​ពេល​សវនាការ​មនុស្ស​១០នាក់​រឿង​ហិង្សានៅ​រោងចក្រយ៉ាកជីង​​

(ពីឆ្វេងទៅស្តាំ) លោក ថេង សាវឿន លោក ច័ន្ទ ពុទ្ធិស័ក្ត លោក សុគន្ធ សម្បត្តិពិសិដ្ឋ លោក ឈឹម ធឿន និងលោក តេង ចន្ធី កំពុងអង្គុយក្រៅបន្ទប់សវនាកាសាលាឧទ្ធរណ៍

សាលាឧទ្ធរណ៍នៅព្រឹកថ្ងៃពុធនេះ ប្រកាសលើកពេលសវនាការលើមនុស្ស១០នាក់ដែលបានប្តឹងជំទាស់នឹងការកាត់ទោសពួកគេដោយសាលាដំបូងរាជធានីភ្នំពេញ ក្រោមការចោទប្រកាន់ថាជាប់ពាក់ព័ន្ធនឹងហិង្សា នៅពេលកម្មករទាមទារតម្លើងប្រាក់ឈ្នួលគោល១៦០ដុល្លារ។

ព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ លោក តាន់ សេណារ៉ុង កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦ បានចេញដីកាកោះហៅមនុស្ស១០នាក់ឲ្យចូលសវនាការនៅថ្ងៃពុធនេះ ពាក់ព័ន្ធនឹងសំណុំរឿងហិង្សានៅរោងចក្រយ៉ាកជីងកាលពីដើមខែមករា ឆ្នាំ២០១៤។

តែនៅម៉ោងជាង៨ព្រឹក ក្រឡាបញ្ជីសាលាឧទ្ធរណ៍ លោក ទី ចិត្តត្រា បានប្រាប់អ្នកចូលរួមក្នុងសវនាការថា ចៅក្រមសម្រេចលើកពេលសវានាការចំពោះសំណុំរឿងរបស់អ្នកទាំង១០នាក់នេះ ដោយថាអ្នកពាក់ព័ន្ធមួយចំនួនអវត្តមាន។ ទោះយ៉ាណា លោក ក្រឡាបញ្ជីមិនបានបញ្ជាក់ថាពេលណានឹងបើកសវនាម្តងទៀតនោះទេ។

លោក សុគន្ធ សម្បត្តិពិសិដ្ឋ ជាមនុស្សម្នាក់ដែលស្ថិតក្នុងសំណុំរឿងនេះ បានសម្តែងការខកចិត្តចំពោះសាលាឧទ្ធរណ៍ដែលបានលើកពេលសវនាការនេះ ដោយលោកថា លោកបានរង់ចាំសវនាការនេះអស់រយៈពេលជាង២ឆ្នាំមកហើយ។ លោកថា លោកចង់ឲ្យសាលាឧទ្ធរណ៍ផ្តល់ភាពស្អាតស្អំឲ្យលោកវិញ។

លោកបន្ថែមថា៖ “អ្វីដែលកាត់ទោសខ្ញុំពីតុលាការក្រុងគឺអយុត្តិធម៌មែនទែនសម្រាប់ខ្ញុំ ព្រោះខ្ញុំជាជនរងគ្រោះ គេវាយបំបាក់ដៃខ្ញុំហើយ នៅតែកាត់ទោសខ្ញុំទៀត កាត់ទោសខ្ញុំអយុត្តិធម៌មែនទែន សព្វថ្ងៃសូម្បីខ្ញុំដាក់(ការងារ)ទៅណាក៏គេអត់ទទួលដែរ ដោយសាខ្ញុំជាប់សាលក្រមរបស់តុលាការ”

លោក ថេង សាវឿន អគ្គលេខាធិការសម្ព័ន្ធសហគមន៍កសិករកម្ពុជា ដែលជាជនជាប់ចោទម្នាក់ទៀត បានថ្លែងប្រាប់អ្នកសារព័ត៌មានក្រៅបន្ទប់សវនាការថា ការលើកពេលនេះដោយសារតែ លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានស្នើឲ្យមានការលើកពេល ព្រោះពេលនេះលោកកំពុងមានបេសកកម្មនៅក្រៅប្រទេស។ ទោះយ៉ាងណា លោកថា តុលាការគួរតែដំណើរការសវនាការនេះមិនគួរពន្យាពេលដូច្នេះនោះទេ។

លោកបន្តថា៖ “អ៊ីចឹងមកដល់ពេលនេះវាយូរដែរហើយសម្រាប់បណ្តឹងឧទ្ធរណ៍របស់ពួកយើង ឥឡូវនេះមានរយៈពេល២ឆ្នាំមកហើយ។ អ៊ីចឹងការរង់ចាំការផ្តល់ភាពយុត្តិធម៌សម្រាប់ពួកយើងវាវាកាន់តែអូសពេលវែងឆ្ងាយតទៅមុខទៀត”

អ្នកគ្រប់គ្រងបច្ចេកទេសការិយាល័យស៊ើបអង្កតនៃអង្គការលីកាដូ លោក អំ សំអាត ដែលបានមកតាមដានសវនាការនេះ បានជំរុញឲ្យតុលាការសាលាឧទ្ធរណ៍កំណត់ពេលសវនាការឡើងវិញឲ្យបានឆាប់ ដោយថាអ្នកទាំង១០បានរង់ចាំសវនានេះប្រហែលជា២ឆ្នាំមកហើយ។

លោកបន្ថែមថា៖ “ខ្ញុំមានការសោកស្តាយ ព្រោះការពន្យាពេលទៅធ្វើឲ្យការរង់ចាំរបស់ពួកគាត់ទាំង១០នាក់នេះមានការយឺតយ៉ាវ ទោះយ៉ាងណា លោក វន់ ពៅ មានបេសកកម្មទៅក្រៅ ហើយគាត់សុំពន្យាពេល អ៊ីចឹងដើម្បីមានភាពយុត្តិធម៌ត្រូវមានសាម៉ីខ្លួនចូល(សវនាការ)។ អ៊ីចឹងយើងសង្ឃឹមថាសាលាឧទ្ធរណ៍បើកសវនាកានាពេលឆាប់ៗនេះ ដែលអ្នកទាំង១០រង់ចាំជាយូរមកហើយ”

អ្នកទាំង១០នោះ មានដូចជាលោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក ច័ន្ទ ពុទ្ធិស័ក្ត អ្នកដឹកនាំសហគមន៍បឹងកក់ លោក សុគន្ធ សម្បត្តិពិសិដ្ឋ បុគ្គលិកមណ្ឌលសម្រាប់សិទិ្ធកម្មករកម្ពុជានិងលោក  ថេង សាវឿន អគ្គលេខាធិការសម្ព័ន្ធសហគមន៍កសិករកម្ពុជាជាដើម។ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៤ មនុស្ស១០នាក់ដែលជាប់ពាក់ព័ន្ធនឹងហិង្សានៅរោងចក្រយ៉ាកជីង ត្រូវបានកាត់ឲ្យជាប់ទោសចន្លោះពី២ឆ្នាំកន្លះទៅ៤ឆ្នាំកន្លះ តែតុលាការសម្រេចកាត់ទោសតម្រឹម និងទោសដែលនៅសល់ត្រូវបានព្យួរ។

របញ្ជាក់ថាលោក វន់ ពៅនិងមនុស្ស២៣នាក់ផ្សេងទៀត ត្រូវបានអាជ្ញាធរចាប់ខ្លួនក្នុងហេតុការណ៍ប៉ះទង្គិចនៅមុខរោងចក្រយ៉ាកជីងនិងសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវ៉េងស្រេង កាលពីថ្ងៃទី២និងទី៣ ខែមករា នៅពេលកម្មករទាមទារប្រាក់ឈ្នួលគោល១៦០ដុល្លារក្នុងមួយខែ។ ការប៉ះទង្គិចនៅផ្លូវវ៉េងស្រេង បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៥នាក់ស្លាប់ ១៣នាក់ត្រូវចាប់ខ្លួន និងរាប់សិបនាក់រងរបួស៕

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ