អាជ្ញាធរ​ជាតិ​អប្សរានឹង​ចាត់​វិធានការ​លើ​ការ​ស្លៀក​ពាក់​មិនសមរម្យនៅតំបន់អង្គរចាប់ពីដើមខែសីហា

ប្រាសាទអង្គរវត្ត ខេត្តសៀមរាប (ដោយ មាស មុនី)

អាជ្ញាធរជាតិអប្សរាព្រមានចាត់វិធានការទៅលើអ្នកទេសចរណ៍ដែលប្រព្រឹត្តមិនសមរម្យនៅរមណីយដ្ឋានអង្គរ ដែលវិធានការនេះនឹងចាប់ផ្តើមអនុវត្តចាប់ពីដើមខែក្រោយ។

ក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី១ ខែកក្កដា ដែលវីអូឌីទើបទទួលបាននៅថ្ងៃពុធនេះ អជ្ញាធរជាតិអប្សរាបានឲ្យដឹងថានៅថ្ងៃទី៤ ខែសីហា អជ្ញាធរនឹងចាត់វិធានការលើការប្រព្រឹត្តមិនសមរម្យរបស់ភ្ញៀវទេសចរណ៍ ជាពិសេសទាក់ទងទៅនឹងការស្លៀកពាក់របស់ភ្ញៀវនៅក្នុងរមណីយដ្ឋានអង្គរ។ សេចក្តីជូនដំណឹងបានបញ្ជាក់ថា៖ “អជ្ញាធរជាតិអប្សរានឹងចាត់វិធានការចាប់ពីថ្ងៃទី ០៤ សីហា ឆ្នាំ២០១៦ តទៅដោយតម្រូវឲ្យភ្ញៀវទេសចរណ៍គ្រប់រូបត្រូវតែស្លៀកពាក់ឲ្យបានសមរម្យខណៈពេលមកទិញសំបុត្រ ដើម្បីចូលទស្សនារមណីយដ្ឋានអង្គរ”។

អ្នកនាំពាក្យអជ្ញាធរជាតិអប្សរា លោក ឡុង កុសល បានឲ្យវីអូឌីដឹងថាសេចក្តីជូនដំណឹងនេះជាសេចក្តីបញ្ជាក់បន្ថែមទៅលើក្រមប្រតិបត្តិអង្គរដែលមាន៧ចំណុចដែលតម្រូវឲ្យភ្ញៀវទេសចរណ៍គោរពប្រត្តិបត្តិតាមនៅពេលដែលចូលមកទស្សនាអង្គរ។ លោកបានបញ្ជាក់ថាចាប់តាំងពីពេលដែលក្រមនេះបានដាក់ឲ្យអនុវត្តតាំងពីខែធ្នូ ឆ្នាំ២០១៥ មានការគោរពតាមបានជាច្រើន តែលោកថាអាជ្ញាធរជាតិនៅសង្កេតឃើញមានការភាពអវិជ្ជមានមួយចំនួនដែលភាគច្រើនគឺពាក់ព័ន្ធនឹងការស្លៀកពាក់របស់ភ្ញៀវទេសចរណ៍។ លោកបានបញ្ជាក់ថាវិធានការដែលមាននោះគឺមានដូចជាការណែនាំ ការមិនលក់សំបុត្រជូននិងការហាមឃាត់មិនឲ្យចូលទស្សនាក្នុងរមណីយដ្ឋាន។

លោកមានប្រសាសន៍ថា៖ “ចំពោះអ្វីដែលយើងនឹងត្រូវធ្វើ ឧទាហរណ៍ថានៅកន្លែងលក់សំបុត្រប្រសិនបើឃើញភ្ញៀវគាត់មកហើយគាត់ស្លៀកពាក់បែបហ្នឹង អញ្ចឹងនៅកន្លែងលក់សំបុត្រហ្នឹងគាត់មានភារកិច្ចមួយត្រូវតែជម្រាបជូនភ្ញៀវហ្នឹងថា អ្នកឯងស្លៀកពាក់មិនសមរម្យអញ្ចឹង សុំឲ្យអ្នកឯងដូរសម្លៀកបំពាក់ហ្នឹងចេញទៅ ហើយប្រសិនបើអ្នកឯងមិនអាចដូរសម្លៀកបំពាក់នឹងចេញទេខ្ញុំមិនអាចផ្តល់សំបុត្រ ខ្ញុំមិនអាចលក់សំបុត្រជូនអ្នកឯងចូលទស្សនាបានទេ បើទោះបីខ្ញុំលក់សំបុត្រជូនអ្នកឯងបានក៏ពិតមែន ក៏អ្នកឯងដល់កន្លែងត្រូវចូលទស្សនាកន្លែងចូលទស្សនានឹងក៏គេមិនឲ្យចូលដែរ” ។

បើតាមលោក កុសល ក្រមប្រតិបត្តិអង្គរបានហាមឃាត់លើការស្លៀកពាក់មិនសមរម្យ(លេចលើលេចក្រោម) ការប៉ះពាល់ស្ទាបអង្អែលប្រាង្គប្រាសាទ ការស្រែកឡូឡានៅទីសក្ការៈបូជា ការចូលក្នុងតំបន់ហាមឃាត់ ការពិសាបារីនិងចោលសំរាម ការផ្តល់ជាលុយកាក់ដល់កុមារសុំទាននិងការបង្ហាញភាពស្និទ្ធស្នាលជាមួយព្រះសង្ឃ។

លោកក៏បានសំណូមពរ អ្នកទេសចរណ៍ជាពិសេសជនជាតិកម្ពុជាចូលរួមថែរក្សានិងឲ្យតម្លៃដល់វប្បធម៌ជាតិនិងជាពិសេសកុំឲ្យធ្វើអ្វីដែលផ្ទុយពីក្រមប្រតិបត្តិអង្គរដែលមានចែងមកនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ