ពលរដ្ឋនៅខេត្ដសៀមរាបបដិសេធមិនចាកចេញពីលើភ្នំគូលេន

ពលរដ្ឋនៅភ្នំគូលេន

ប្រជាពលរដ្ឋជាង៣០០គ្រួសារ ដែលអាជ្ញាធរមានគម្រោងជម្លៀសចេញពីតំបន់ទេសចរណ៍ភ្នំគូលេន ខេត្ដសៀមរាបនោះ ពួកគេបដិសេធមិនចាកចេញពីភូមិទេ ដោយអះអាងថាការផ្លាស់ប្ដូរទៅទីតាំងថ្មី នាំឲ្យបាត់បង់មុខរបរធ្វើឲ្យប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃ។

កាលពីថ្ងៃសៅរិ៍សប្ដាហ៍មុន មន្ទីរបរិស្ថានខេត្ដសៀមរាប លោក ភួង លីណា ប្រាប់VODថា  ពលរដ្ឋជាង៣០០គ្រួសារនៅភូមិព្រះអង្គធំភ្នំគូលេន ស្រុកស្វាយលើ នឹងត្រូវជម្លៀសចេញទៅតំាងទីលំនៅផ្សេង ដោយលោកថា ដើម្បីរៀបចំថែរក្សាបរិស្ថាននៅតំបន់ទេសចរណ៍ប្រវត្តិសាស្ដ្រ ដែលគ្រោងដាក់បញ្ចូលជាសម្បត្ដិបេតិកភណ្ឌវប្បធម៌ធម្មជាតិពិភពលោក។

អ្នកភូមិនៅភូមិព្រះអង្គធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ប្រាប់VODប្រហាក់ប្រហែលគ្នាថា  ពួកគេមិនព្រមចេញភូមិតាមគម្រោងអាជ្ញាធរនោះឡើយ បើទោះបីមានសំណងឬផ្ដល់ដីសង្គមកិច្ចក៍ដោយ ដោយអះអាងថា ការតាំងទីលំនៅថ្មី ធ្វើឲ្យបាត់បង់មុខរបរ និងប៉ះពាល់ជីវភាពរស់នៅរបស់ពួកគេ ខណៈដែលលំនៅឋានអ្នកភូមិមានតម្លៃរាប់ម៉ឺនដុល្លា។អ្នកភូមិបានបដិសេធ ការចោទរបស់អាជ្ញាធរដែលថា អ្នកភូមិទាំងនោះរស់នៅធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន និងមានការកាប់បំផ្លាញព្រៃឈើ។ ពួកគាត់បន្ដថា៖ “ទៅកន្លែងថ្មីវាពិបាក ព្រោះយើងកសាងជីវភាពថ្មី ព្រោះអីយើងរស់នៅយូរឆ្នាំមកហើយ ហើយផ្ទះក៏ធំៗដែល ហើយមុខរបរនេះយើងនាំគ្នាខំដោះដូរគ្នាយកលុយធនាគារមកទិញ ព្រោះប្រជាជននៅភូមិហ្នឹងមានសង្ឃឹមមានតែលក់ដូរតិចតួច ស្រែក៏អត់មានធ្វើ គាត់មិនចុះទេហេតុអីថាមិនចុះព្រោះគាត់តស៊ូយូរយើងទី១ និងទី២គាត់រស់នៅដោយសាររបស់របរលក់វត្ថុអនុស្សាវរីយ៍

មេឃុំខ្នងភ្នំ ស្រុកស្វាយលើ លោក ឈឿម តាំង ធ្លាប់មានប្រសាសន៍ថា លោកទទួលបានសេចក្ដីសម្រេចពីសាលាខេត្ដឲ្យស្រង់ឈ្មោះ ពលរដ្ឋដែលជាគ្រួសារកងទ័ព និងសំណង់អានាធិបតេយ្យដែលទើបកើតថ្មីៗ។លោកបន្ថែមថា ពលរដ្ឋមួយចំនួនរស់នៅលើភ្នំគូលេន ធ្វើឲ្យប៉ះពាល់ដល់តំបន់ទេសចរណ៍ប្រវត្ដិសាស្ដ្រនោះ។ លោកបន្ដថា៖ “គាត់ទៅក្រោយទេ គាត់ទៅឆ្នាំ១៩៩៨ទេ

ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប លោក ភួង លីណា មានប្រសាសន៍ថា ពលរដ្ឋដែលត្រូវចាកចេញពីភូមិព្រះអង្គធំ មានប្រមាណជាង៣០០គ្រួសារដែលជាគ្រួសារកងទ័ពនិងពលរដ្ឋដែលបានតាំងទីលំនៅថ្មីៗប៉ុន្ដែលោកថាចំណែកសំណង់លក់ដូរផ្សេងៗអាជ្ញាធរនឹងរៀបចំឲ្យមានសណ្ដាប់ធម្មតាឡើងវិញ ដែលលោកថា ទីតាំងថ្មីស្ថិតនៅមិនឆ្ងាយពីទីតាំងចាស់។ លោកបន្ដថា៖ “បើគាត់រស់នៅលើហ្នឹង យើងមិនអាចយកគាត់រស់នៅឆ្ងាយពីកន្លែងហ្នឹងបានទេ ប្រាកដជានៅជិតៗហ្នឹងតាមព័ត៌មានយកគាត់ យើងយកតែលំនៅឋានទេតែអាជីវកម្មយើងមិនយកគាត់ទេ

ទោះជាយ៉ាងណា អ្នកសម្របសម្រួលអង្គការការពារសិទ្ធិមនុស្សលីកាដូ ខេត្ដសៀមរាប លោក នូ ពុទ្ធិ មានប្រសាសន៍ថា ការផ្លាស់ប្ដូរទីលំនៅរបស់ពលរដ្ឋ ក្រោមរូបភាពអភិវឌ្ឍន៍នៅតំបន់ណាមួយ ត្រូវមានការយល់ព្រមពីអ្នកភូមិ។លោកស្នើឲ្យអាជ្ញាធរ ប្រាប់ទីតាំងច្បាស់លាស់ដែលមានហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវ មានសាលារៀនមណ្ឌលសុខភាពនិង ផ្ដល់សំណងសមរម្យដល់អ្នកភូមិមុននឹងជម្លៀសចេញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ