អ្នក​វិភាគ​៖ អ្នក​នយោបាយគួរបោះបង់​​ជម្រើស​​ដែល​បង្ករ​មហន្តរាយ​ដល់ជាតិ​

វាមានរយៈពេល១៩ឆ្នាំមកហើយ ដែលអ្នកនយោបាយកត់ត្រាព្រិត្តិការណ៍ថ្ងៃ៥-៦ ខែកក្កដា ឆ្នាំ១៩៩៧ ក្នុងរបៀបផ្សេងពីគ្នា។ រដ្ឋាភិបាលអះអាងថានេះ គឺជាការប៉ះទង្គិចដោយកំលាំងប្រដាប់អាវុធ ខណៈពេលដែលគណបក្សគណបក្សប្រឆាំង និងគណបក្សហ៊្វុនស៊ិនប៉ិចអះអាងថានេះគឺជារដ្ឋប្រហាដោយយោធាដើម្បីបញ្ចប់អំណាចសម្តេចក្រុមព្រះនរោត្តម រណរិទ្ធិដែលជានាយករដ្ឋមន្រ្តីទី១នៅពេលនោះ។

កាលពីព្រឹកព្រលឹមថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧ កំលាំងយោធាដែលគាំទ្រសម្តេចហ៊ុន សែន កាលនោះជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានប្រយុទ្ធគ្នាដោយអាវុធជាមួយនឹងកំលាំងដែលគាំទ្រគណបក្សហ៊្វុនស៊ិនប៉ិច នៅជិតប្រលានយន្តហោះ ទីដែលផ្ទះលោក ញឹក ប៊ុនឆៃ និងលោកចៅ សម្បត្តិស្ថិតនៅទីនោះ។ ក៏មានការវាយប្រហាទៅលើផ្ទះរបស់សម្តេចក្រុមព្រះនរោត្តម រណរិទ្ធិនៅកណ្តាលរាជធានីភ្នំពេញផង និងទីកន្លែងសំខាន់ៗផ្សេងទៀត។

អង្គការឃ្លាំមើលសិទ្ធិមនុស្សពិភពលោកឈ្មោះ Human Right Watchបានរាយការណ៍ថាកំលាំងដែលគាំទ្រសម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែនមានប្រមាណជា១៥០០នាក់ ចំណែកកំលាំងដែលគាំទ្រសម្តេចក្រុមព្រះពេលនោះមានប្រហែលជា១០០០នាក់។ លោក ហូ សុខ មន្រ្តីជាន់ខ្ពស់របស់គណបក្សហ៊្វុនស៊ិនប៉ិច និងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃត្រូវបានសម្លាប់នៅក្នុងការិយាល័យរបស់លោកក្នុងក្រសួងនេះ។ លោក ចៅ  សម្បត្តិអតីតមន្រ្តីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិចក៏ត្រូវបានសម្លាប់ក្នុងថ្ងៃនោះដែរ។

បន្ទាប់ពីការបាញ់ប្រហានោះរបាយការណ៍ខ្លះបានបញ្ជាក់ថាទាហានដែលគាំទ្រសម្តេចក្រុមព្រះនរោត្តម រណរិទ្ធិជាង១០០នាក់បានចុះចូល។ របាយការណ៍Human Right Watchបានសរសេរថាយ៉ាងហោចណាស់មានទាហាន៦៥នាក់បានត្រូវសម្លាប់ និងប្រមាណជា២០០នាក់រងរបួស។ រោងចក្រសហគ្រាសខ្លះបានឆេះ ឃ្លាំងទំនិញ និងឃ្លាំងម៉ូតូត្រូវបានវាយទំលុះ ហើយទំនិញត្រូវបានគេប្រមូលយកយ៉ាងអនាធិបតេយ្យ។

អង្គការ Human Right Watchក៏រាយការណ៍ដែរថា ពលរដ្ឋខ្មែរប្រមាណជា៤ម៉ឺននាក់បានភាសន៍ខ្លួនទៅព្រំដែនថៃ ហើយមានពលរដ្ឋខ្មែរ៤០០នាក់បានស្នើសុំសិទ្ធិជ្រកកោណនៅប្រទេសទី៣ពីឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភាសន៍ខ្លួនUNHCRនៅទីក្រុងបាំងកក។

ព្រឹត្តិការណ៍នៃការបង្ហូរឈាមថ្ងៃទី៥-៦ កក្កដា ១៩៩៧ នៅតែត្រូវបានជជែកដេញដោលពីជ្រុងផ្សេងៗគ្នា។ អ្នកវិភាគដែលអ្នកយកព័ត៌មានVODបានសម្ភាសន៍នៅព្រឹកថ្ងៃពុធ ទី៦ ខែកក្កដាបានលើកឡើងថាអ្នកនយោបាយគួររៀនសូត្រពីផលប៉ះពាល់អវិជ្ជមានដែលកើតចេញពីព្រឹត្តិការណ៍នោះ។

សាស្រ្តាចារ្យវិទ្យាសាស្រ្តនយោបាយ លោក សូ ចន្ថា រំលឹកដល់អ្នកនយោបាយថា បទពិសោធន៍ជូរចត់គឺត្រូវតែជៀសវាង។ «អ្វីដែលអ្នកនយោបាយត្រូវមើលគឺកម្ពុជាទទូចរងនូវភាពខ្ទេចខ្ទាំង ពលរដ្ឋបាត់បង់ជីវិត កងកំលាំងប្រដាប់អាវុធត្រូវពលីកម្ម ហើយអ្វីទទួលបានគឺកំលាំងមួយក្រុម។ ចំណែកអ្វីដែលបាត់បង់គឺប្រជាពលរដ្ឋខ្មែរទាំងមូល។» សម្រាប់លោក សូ ចន្ថាអ្នកនយោបាយត្រូវប្រកាន់យកគោលជំហរប្រកួតប្រជែងដោយសេរីនិងយុត្តិធម៌ ដោយប្តូរពីការប្រកួតប្រជែងដោយប្រើកំលាំងប្រដាប់អាវុធ មកប្រើសន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតវិញ។

បន្ទាប់ពីការបង្ហូរឈាមនៅថ្ងៃ៥-៦ កក្កដា ឆ្នាំ១៩៩៧ សម្តេច ហ៊ុន សែន បានបន្តកាន់តំណែងជានាយករដ្ឋមន្រ្តីទី២ ប៉ុន្តែលោកបានឈរក្នុងតំណែងជានាយករដ្ឋមន្រ្តីតែម្នាក់ឯងប៉ុណ្ណោះអស់រយៈពេលជិត២០ឆ្នាំបន្ទាប់ពីព្រឹត្តិការណ៍បង្ហូរឈាមនោះ។

លោក ពុយ គា គឺជាអ្នកឆ្លើយឆ្លងព័ត៌មានឲ្យទីភ្នាក់ងារព័ត៌មានក្យូដូជប៉ុន និងជាអ្នកសរសេរសៀវភៅដែលនិយាយពីនយោបាយកម្ពុជានិងក្នុងតំបន់មួយចំនួន។ គាត់បានទទូចឲ្យអ្នកនយោបាយពិនិត្យមើលអំពីមហន្តរាយ និងកេរ្តិ៍ឈ្មោះមិនល្អដែលដិតដាមដោយសារតែព្រឹត្តិការណ៍ ដើម្បីបង្កាកុំឲ្យកើតមានសម្រាប់ពេលអនាគត។

«៥-៦ កក្កដា ១៩៩៧ ត្រូវបានគេកត់ត្រាចូលជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយរបស់កម្ពុជា។ នៅក្នុងព្រឹត្តិការណ៍នោះអ្វីដែលកត់សំគាល់គឺការស្លាប់មនុស្សទាំងសង្ខាង កងកំលាំងប្រដាប់អាវុធ ជនស៊ិវិល និងអ្នករកស៊ីមួយចំនួន។»

លោក ចាន់ វិបុលគឺជាអ្នកជំនាញផ្នែកវិទ្យាសាស្រ្តនយោបាយ។ គាត់ក៏ឯកភាពដែរថាព្រឹត្តិការណ៍៥-៦ កក្កដាមិនបានផ្តល់ផលប្រយោជន៍អ្វីដែលប្រទេសជាតិនោះទេ តែផ្ទុយទៅវិញវាឆ្លុះបញ្ចាំងពីផលប្រយោជន៍របស់បុគ្គលអ្នកនយោបាយប៉ុណ្ណោះ។ «វាកើតចេញពីចរិកអ្នកនយោបាយ។ ប្រសិនបើអ្នកនយោបាយនៅតែប្រកាន់ឥរិយាបថដើម្បីប្រយោជន៍បុគ្គល ការបង្ហូរឈាមនៅតែអាចកើតមានឡើង។»

សម្រាប់លោក ចាន់ វិបុលអ្នកនយោបាយហាក់មានការផ្លាស់ប្តូរឥរិយាបថតិចតួច ក្នុងរយៈពេល២០ឆ្នាំក្រោយពីព្រឹត្តិការណ៍បង្ហូរឈាម។ «វាជាចរិកល្អមួយដេលបានកើតមានឡើងនៅក្នុងឆ្នាំ២០១៤។ យើងចង់ឃើញរដ្ឋាភិបាលនិងអ្នកដឹកនាំគណបក្សនយោបាយចាប់ផ្តើមគិតពីផលអវិជ្ជមានពីការប្រើអំពើហឹង្សា»។ ទោះយ៉ាងនេះក្តីលោក ចាន់ វិបុលសន្និដ្ឋានថាការបង្ហូរឈាមនឹងមិនអាចកើតមានដូចថ្ងៃ៥-៦ កក្កដានោះទេ។

កាលពីដើមខែមិថុនា ឆ្នាំ២០១៦នេះ គណបក្សសង្គ្រោះជាតិបានសម្រេចចិត្តប្រើប្រាស់កំលាំងអ្នកគាំទ្រ ប្រឆាំងនឹងការប៉ុនប៉ងចាប់ខ្លួនលោក កឹម សុខាប្រធានស្តីទីគណបក្សនេះពីអាជ្ញាធររដ្ឋាភិបាល។  មេដឹកនាំគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី បានហៅព្រឹត្តិការណ៍នេះថា គឺជាការប្រឈមមុខរវាងកំលាំងមហាជននិងកំលាំងប្រដាប់អាវុធ។ ដោយត្រូវបានហៅថាជាបុរសខ្លាំងរបស់កម្ពុជា នៅក្នុងរបាយការណ៍របស់អង្គការអន្តរជាតិជាច្រើន សម្តេច ហ៊ុន សែន បានអះអាងនៅពេលថ្មីៗនេះថាមិនមានផលលំបាកនៅក្នុងការចាប់ខ្លួនលោកកឹម សុខានោះឡើយ។

លោកថ្លែងថា៖ “សូមកុំគំរាមធ្វើបាតុកម្មឲ្យសោះ។ បើគេចង់ធ្វើគេធ្វើហើយ តែគ្រាន់តែវាមិនទាន់ដល់ម៉ោង។ គេបញ្ជូនសមត្ថកិច្ចទៅភ្លាមចាប់បានភ្លាមហ្នឹងហើយវាយខ្នោះតាមបែបអាមេរិកាំងវាយខ្នោះពីក្រោយខ្នង។ កុំលេងអាបាតុកម្មហ្នឹងឲ្យសោះ លទ្ធភាពបន្លាជួសបន្លា អាចនឹងកើតមាន សូមកុំគំរាមឲ្យសោះ”។

ទោះជាមានការប្រឈមមុខដូចក្នុងពេលបច្ចុប្បន្ន តែលោកពុយ គាមើលឃើញថាវាមិនធ្វើឲ្យមានការបារម្ភពីការប៉ះទង្គិចបង្ហូរឈាមដូចព្រឹត្តិការណ៍៥-៦ កក្កដាទេ។ «បច្ចុប្បន្នគណបក្សសង្រ្គោះជាតិមិនមានសព្វាវុធទេ។ ជម្លោះគឺគ្រាន់តែជាការប្រើភាសារ វោហាដាក់គ្នាទៅវិញទៅមក។ ដូច្នេះវាមានលទ្ធភាពតិចបំផុតនៃការកើតមានព្រឹត្តិការណ៍បង្ហូរឈាម។»

សម្រាប់អ្នកវិភាគ គឺហាក់គ្មានហេតុផលណាទាល់តែសោះថា មានការប៉ះទង្គិចគ្នាឡើងវិញដោយការប្រើកំលាំងប្រដាប់អាវុធ។ មូលហេតុចម្បងគឺគណបក្សប្រឆាំងបច្ចុប្បន្នមិនមានសព្វាវុធ ដូចគណបក្សហ៊្វុនស៊ិនប៉ិចកាលពីឆ្នាំ១៩៩៧។ មួយវិញទៀតតិចឬច្រើនអ្នកវិភាគក៏វាយតម្លៃថាចរិតនយោបាយរបស់អ្នកនយោបាយបច្ចុប្បន្នគឺមានភាពចាស់ទុំជាង២០ឆ្នាំមុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ