រដ្ឋាភិបាលជប៉ុនផ្ដល់សំភារៈបច្ចេកទេសកម្ទេចមីនដល់កម្ពុជា

សំភារៈបច្ចេកទេសកម្ទេចមីនដែលរដ្ឋាភិបាលជប៉ុនផ្តល់ឲ្យកម្ពុជា

មន្ដ្រីរដ្ឋាភិបាលកម្ពុជាឲ្យដឹងថា រាជរដ្ឋាភិបាលជប៉ុន នៅព្រឹកថ្ងៃព្រហស្បត្ដិ៍នេះ បានផ្ដល់សម្ភារៈបច្ចេក​ទេសកំចាត់មីនដល់កម្ពុជាជាច្រើនប្រភេទ ដើម្បីធ្វើសកម្មភាពបោសសំអាតមីនដែលបន្សល់ទុកពីសង្គ្រាម​។

ប្រធានមជ្ឍមណ្ឌលកំចាត់មីនកម្ពុជា ហៅកាត់ថា CMAC លោក ហេង រតនា ថ្លែងបែបនេះ នៅក្នុងពិធីទទួលសម្ភារៈបច្ចេកទេសកំចាត់មីន និងបើកសម្ភោធសារៈមន្ទីរតំកល់គ្រាប់យុទ្ធភ័ណ្ឌសំណល់ពីសង្គ្រាម នៅខេត្ដសៀមរាប នាព្រឹកថ្ងៃព្រហស្បត្ដិ៍ទី៦ខែកក្កដានេះ។

លោក ហេង រតនា មានប្រសាសន៍ថា សម្ភារៈនិង ​​គ្រឿងចក្រទាំងនោះរួមមាន គ្រឿងចក្រកំទេចមីនធន់ធ្ងន់ចំនួន៩គ្រឿង រថយន្ដគ្រប់ប្រភេទចំនួន៨៨គ្រឿង ម៉ាស៊ីនរាវមីនគ្រប់ប្រភេទចំនួន៧៨៨គ្រឿង និងអាវក្រោះការពារសុវត្ថិភាពចំនួន៤៥០កំប្លេ ព្រមទាំងគ្រឿងសម្ភារៈសំខាន់ៗជាច្រើនមុខទៀត។ លោកបន្ដទៀតថា គ្រឿងចក្រនិងសម្ភារៈទាំងនោះ បានផ្ដល់ជំនួយអន្ដរជាតិ តាមរយៈអង្គការចាយការ និងក្រុមហ៊ុនអន្ដរជាតិផ្សេងទៀត ​រួមមាន ក្រុមហ៊ុនតូយ៉ូតា ក្រុមហ៊ុនខាន់តោស៊ិន ក្រុមហ៊ុននិនស៊ិន និងក្រុមហ៊ុនវ៉ាលួនមកពីប្រទេសអាឡឺម៉ង់ និងក្រុមហ៊ុនអាវក្រោះអ៊ីវ៉ទិចនៅកម្ពុជាផងដែរ។

ជាមួយគ្នានោះដែរ មជ្ឍមណ្ឌលកំចាត់មីនកម្ពុជា ​ក៏បានសាងសង់សារៈមន្ទីរ​សន្ដិភាពសកម្មភាពកំចាត់មីន ក្នុងគោលបំណង ដើម្បីរក្សាទុកនូវឯកសារប្រវត្ដិសាស្ដ្រ​នៃការសិក្សាចងក្រងទីតាំងសំណល់ជាតិ​ផ្ទុះពីសង្គ្រាមនិងប្រភេទគ្រាប់យុទ្ធភ័ណ្ឌ​មិនទាន់ផ្ទុះគ្រប់ប្រភេទ ជាមួយនឹងដើម្បីផលប៉ះពាល់របស់វា សម្រាប់យុវជន​ជំនាន់ក្រោយៗទៀត ឲ្យបានសិក្សាស្វែងយល់ពីមរតកនៃសង្គ្រាម ដែលបន្ដគំរាមកំហែង និងបង្កឲ្យមានទុក្ខវេទនាយូអង្វែង បើទោះបីសង្គ្រាមបានបញ្ចប់ទៅហើយក្ដី។

រដ្ឋមន្ដ្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ថ្លែងថា រាជរដ្ឋាភិបាលកម្ពុជានៅតែប្ដេជ្ញា​យកចិត្ដទុកដាក់ដោះស្រាយលើ​បញ្ហាគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះយ៉ាងយកចិត្ដទុកដាក់ ដោយលោកថា ឃាតករ​លាក់មុខនេះ មិនត្រឹមតែធ្វើឲ្យមានបញ្ហាអសន្ដិសុខ សុវត្ថិភាព ដល់សង្គមតែមួយមុខប៉ុណ្ណោះទេ វាគឺជាគោលដៅបញ្ហាឲ្យជាប់គាំងផ្នែកសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសជាតិផងដែរ ខណៈដែលពិភពលោក​ត្រូវការ​កសិផលផលិតកម្មកាន់តែខ្ពស់។

លោកបន្ដទៀតថា សកម្មភាពកំចាត់មីន បានធ្វើសកម្មភាពបោសសំអាត់អស់រយៈជាង២០ឆ្នាំមក​នេះក្ដី ក៏ប៉ុន្ដែមកដល់ពេលនេះ គ្រាប់មីនក៏នៅតែគំរាមកំហែងដល់អាយុជីវិតពលរដ្ឋ  ដោយ​លោកជុំរុញដល់មន្ដ្រីស៊ីម៉ាក់ ឲ្យយកចិត្ដទុកដាក់ធ្វើការងារឲ្យមានប្រសិទ្ធភាព ដើម្បី​ឈាន​ដល់គោលការណ៍កម្ពុជាគ្មានគ្រាប់មីន នៅឆ្នាំ២០២៥ខាងមុខ។

បើតាមប្រធានស៊ីម៉ាក់ លោក ហេង រតនា ឲ្យដឹងថា ប្រទេសជប៉ុន បានផ្ដល់ជូន​សម្ភារៈ​ដូចនេះ​ជាលើកទី៧ហើយ សម្រាប់គាំទ្របោស​សំអាតមីន​ដល់ប្រទេសចកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ