លោក លឺ​ ឡាយស្រេង ស្នើឲ្យបង្កើតច្បាប់ការពារនាយករដ្ឋមន្រ្តីពេលធ្លាក់ពីអំណាច

លោកព្រឹទ្ធាចារ្យ លឺ ឡាយស្រេង (រូបភាពពីហ្វេសប៊ុក)

អ្នកនយោបាយជើងចាស់មួយរូបបាន លើកឡើថាលោកចង់ឲ្យសមាជិករដ្ឋសភាបង្កើតច្បាប់​មួយការពារ​នាយករដ្ឋមន្រ្តីពេលធ្លាក់ពីអំណាច ដើម្បីកុំឲ្យមានការកាត់ទោស។

លោក លឺ​ ឡាយស្រេង បានលើកឡើងដូចនេះទៅកាន់អ្នកសារព័ត៌មាន ខណៈលោកចូលរួម​ពិធីរំឭកវិញ្ញាណក្ខន្ធជនរងគ្រោះក្នុងព្រឹត្តិការណ៍បង្ហូរឈាមថ្ងៃ៥-៦កក្កដាឆ្នាំ១៩៩៧ខួបទី២០ឆ្នាំ។ លោកបានអះអាងថាលោកមិនចូលរួមជាមួយគណបក្សសង្រ្គោះជាតិនោះទេ ប៉ុន្តែលោកថាលោកគាំទ្រគណបក្សប្រឆាំងមួយនេះ។

អតីតរដ្ឋមន្រ្តីក្រសួងព័ត៌មាននិងក្រសួងអភិវឌ្ឍជនបទ មកពីគណបក្សហ្វ៊ុនស៊ិនប៉ិចរូបនេះ បានបង្ហាញជំហរ​បស់លោកថា លោកចង់ឲ្យគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ​ សហការគ្នាបង្កើតច្បាប់មួយការពារនាយករដ្ឋមន្រ្តីធ្លាក់ពីអំណាចកុំឲ្យមានការកាត់ទោស​។ លោកបន្ថែមថា «ស្នើរសុំឲ្យគណបក្សទាំងពីរធ្វើច្បាប់មួយនៅក្នុងសភា បង្កើតថា នាយករដ្ឋមន្រ្តីផុតអាណត្តិមានអភ័យឯកសិទ្ធិ អត់មានកាត់ទោសទេ រួចហើយឲ្យទៅជាវីរបុរសជាតិ។ ខ្ញុំនិយាយចុះឡើងៗ គេមានតែលោកតាឯងធ្វើទៅស្នើទៅបានល្អ អ្នកផ្សេងស្នើក៏ល្អដែរ ហើយខ្ញុំសូមប្រកាសម្តងទៀត ខ្ញុំអត់ចូលសង្គ្រោះជាតិទេណា តែខ្ញុំគាំទ្រ»។

លោក លឺ​ ឡាយស្រេង យល់ថា បើធ្វើដូចនេះបានគឺអាចបញ្ជៀសមិនមានវប្បធម៌ «ទឹកឡើង​ត្រី​ស្រមោច ទឹកហោចស្រមោចស៊ីត្រី»។

អ្នកនយោបាយអាយុជាង៨០ឆ្នាំរូបនេះ បានព្រមានថា លោក ហ៊ុន  សែន កុំ​គំរាមប្រើ​កងទ័ពដើម្បី​ការពារអំណាចរបស់ខ្លួន ដោយថាកងទ័ព៧០% មិនចេញទៅធ្វើសង្រ្គាមជាមួយខ្មែរ​​គ្នាឯងនោះទេ។ លោកបន្ថែមថា « ហើយចង់កាណុង ហើយខ្ញុំផ្តាំហើយណា តិចលោគំរាមកំហែងប្រើចុងកាណុងបរាជ័យហើយ ហ៊ានប្រើអាងអញ់មានទាហាន អត់ទេ! ទាហាន៧០% អត់គាំទ្រទេណា។ កាលពីសានត្រានបញ្ជូនកូនទៅបរទេស ទិញផ្ទះនៅបរទេស ផ្ទះ ឡាន នៅភ្នំពេញរាប់មិនអស់ ប្រពន្ធទាហានវាបង់ចេកចៀនឲ្យកូនទៅរៀន ទាហានមួយចំនួនរត់ម៉ូតូ ឌុប​តិចដល់តែចាញ់ហើយហៅវាមកច្បាំងបង្ហូរឈាមខ្មែរតិចវាមិនទៅ។ ៧០%អត់ទៅ ដូច្នេះទូងៗកុំលេងហាបរាជ័យ»។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា លោកមិនទាន់នឹកឃើញពីបញ្ហានេះទេ ហើយថាមិនស្របតាមសភាពការណ៍ជាក់ស្តែងទេ «ឥឡូវបញ្ហាសំខាន់យើងអនុវត្តត្រឹមត្រូវតាមគោលការណ៍ច្បាប់ ដូច្នេះយើងគ្មានព្រួយបារម្ភពីបញ្ហាអ្នកណាកាត់ទោសអ្នកណាទេ អត់មានបញ្ហាអញ្ចឹងទេ! បើកាលណាយើងបង្កើតរឿងហ្នឹង វាហាក់ដូចជាយើងមានខ្លួន អញ្ចឹងទេ! លឺ ឡាយស្រង និយាយនេះ គាត់វង្វេងគាត់ទេ!»។

លោកបន្ថែមថា កងទ័ពមិនស្រឡាញ់សង្គ្រាមទេ តែចាំបាច់គេត្រូវបង្ក្រាបដើម្បីការពារសន្តិភាព។

សូមរំឭកថា បំណងនៃការបង្កើតច្បាប់ការពារនាយករដ្ឋមន្រ្តីដែលធ្លាក់ពីអំណាចនេះត្រូវបាន លោក ហ៊ុន សែន បង្ហើបម្តងដែរកាលពីពេលស្រុះស្រួលផ្នែកនយោបាយក្រោយជាប់គាំង​ឆ្នាំ​២០​១៤​​។ ​ប៉ុន្តែ​លោកអះអាងថា ច្បាប់នេះត្រូវបានលើកឡើងដោយគណបក្សប្រឆាំង តែលោក​អះអាង​ថាលោក​មិន​ត្រូវការច្បាប់នេះទេ៕

រាយការណ៍បន្ថែមដោយ ហួត វុទ្ធី

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ