ក្រសួងមហាផ្ទៃ៖ ចៅសង្កាត់ចាញ់ឆ្នោតមិនព្រមប្រគល់បន្ទប់ឲ្យចៅសង្កាត់ថ្មីជារឿងតូចតាច

ដោយ លោក ហួត វុទ្ធី​​ | ថ្ងៃព្រហស្បតិ៍ ទី៦ ខែកក្កដា ឆ្នាំ២០១៧​ ម៉ោង 8:52 AM | បោះឆ្នោត | 0 | 34316

ក្រសួងមហាផ្ទៃចាត់ទុកថា ជារឿងតូចតាច ករណីចៅសង្កាត់ចាស់មិនប្រគល់បន្ទប់ឲ្យចៅសង្កាត់​ថ្មី ដោយថាទុកឲ្យមានការសម្របសម្រួលគ្នាសិន។

លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ​ថ្លែងដោយអស់សំណើចប្រាប់ VOD នៅថ្ងៃនេះថា ទុកឲ្យពួកគាត់សហការសម្របសម្រួលគ្នា ប្រសើរជាងអន្តរាគមន៍ពីថា្នក់ជាតិ ព្រោះមិនមែនជារឿងធំដុំទេ៖ «ហ្នឹងហើយគេហៅលទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន យើងចង់ឲ្យអ្នកនយោបាយនៅមូលដ្ឋានប្រើប្រាស់មធ្យោបាយ​សម្របសម្រួលគ្នា ដើម្បីគាត់ស្វែងរកការស្រុះស្រួលគ្នាក្នុងចំណោមក្រុមនយោបាយផ្សេងៗគ្នានៅមូលដ្ឋាន។ ហើយរឿងនេះមិនមែនជារឿងថ្មីទេ ព្រោះយើងបោះឆ្នោតលើកទី៤ហើយ»។

លោកបន្ថែមថា ក្រសួងមិនទាន់ទទួលបានរបាយការណ៍ទេ ហើយសំណូមពរឲ្យប្រព័ន្ធផ្សព្វផ្សាយទុកឱកាសឲ្យពួកគាត់សម្របសម្រួលគ្នាទៅ។

កាលពីម្សិលម៉ិញ ចៅសង្កាត់លេខ១ ខេត្តព្រះសីហនុ លោក អ៊ុក ចេត្តនី ដែលទើបឈ្នះឆ្នោត បានអះអាងថាលោកនៅមិនទាន់មានបន្ទប់ធ្វើការ ដោយ​សារ​តែចៅសង្កាត់ចាស់មិនព្រមប្រគល់បន្ទប់ឲ្យ។

អតីតចៅសង្កាត់ លោក ឈិត សូផាត ដែលបច្ចុប្បន្នក្លាយមកជាចៅសង្កាត់រងទី២ នៃសង្កាត់ លេខ១ ខេត្តព្រះសីហនុ ឆ្លើយតបវិញនៅថ្ងៃនេះដែរថា លោកមិនប្រគល់បន្ទប់លោកឲ្យទេ ព្រោះបន្ទប់ដូចៗគ្នាមានបួន លោកបានធ្វើតាំងពីឆ្នាំ២០១១ដោយថវិកាឯកជន ហើយគួរតែទទួលយកបានហើយ «ថវិការបស់ខ្ញុំប្រហែលពាក់កណ្តាល សប្បុរសជនជួយខ្ញុំខ្លះ សប្បុរសជនក៏ជាមិត្តភ្កតិមួយចំនួនដែរ អស់ជិតពីរម៉ឺនដុល្លារ។ ខ្ញុំក៏មិនដាក់ផ្លាកថាជាចៅសង្កាត់ដែរ បានប្រគល់ឲ្យ២បន្ទប់ ចៅសង្កាត់ និងចៅសង្កាត់រងបានដូចគ្នា ហើយសុទ្ធតែមានតុកៅអីស្មៀនបានរៀបឲ្យដូចគ្នាទាំងអស់។ បាទ! មានបួនបន្ទប់ស្តង់ដាររបស់វាស្មើគ្នា ហើយបន្ទប់មួយៗមិនមែនតូចទេ ៣ម៉ែត្រគុណនឹង៤ម៉ែត្រកន្លះ»។

ក្រសួងមហាផ្ទៃបានចាប់ផ្តើមប្រកាសសុពលភាពរបស់ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ កាលពីថ្ងៃទី៣ កក្កដា ២០១៧ បន្ទាប់ពីបានជាប់ឆ្នោតកាលពីថ្ងៃទី៤ខែមិថុនា។

ប៉ុន្តែតាមផ្សព្វផ្សាយនៅលើហ្វេសប៊ុក បង្ហាញថា មិនមានតែចៅសង្កាត់នៅខេត្តព្រះសីហនុមួយទេ ដែល​មិនព្រមប្រគល់កន្លែងធ្វើការទៅឲ្យចៅសង្កាត់ថ្មីរបស់គណបក្សសង្រ្គោះជាតិ គឺនៅរាជធានីភ្នំពេញ ក៏មានករណីដូចគ្នានេះដែរគឺចៅសង្កាត់ដង្កោ និងចៅសង្កាត់វាលវង់៕

សរសេរមកកាន់ លោក ហួត វុទ្ធី តាមរយៈ hourtvuthy@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required