របាយការណ៍បង្ហាញថាជម្លោះដីធ្លីថ្មីឆ្នាំ២០១៦កើនឡើងខ្ពស់

អង្គការសង្គមស៊ីវិលមួយ បានរកឃើញថា ករណី​វិវាទដី​ធ្លី​ថ្មី​ដែលកើតឡើង​ក្នុង​ឆ្នាំ២០១៦ មានចំនួន៥៦ករណីហើយថាកើនឡើងជាងឆ្នាំនានាដែលគេបានធ្វើការកត់ត្រាតាំងពីឆ្នាំ២០០៧មកនោះ​។

ក្នុងរបាយការណ៍ដែលបង្ហាញដោយវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជានៅថ្ងៃនេះ ឲ្យដឹងថា ក្នុងឆ្នាំ២០១៥ ជម្លោះដីធ្លីដែលខ្លួនបានរកឃើញមានចំនួន២៣ករណី ប៉ុន្តែក្នុងឆ្នាំ២០១៦នេះ មានការកើនឡើងទ្វេរដង។ ប៉ុន្តែបើធ្វើការប្រៀបធៀបករណីវិវាទកើតថ្មីក្នុងឆ្នាំ២០១២ ជាឆ្នាំបោះឆ្នោតជ្រើសរើសឃុំសង្កាត់ ចំនួនវិវាទដីធ្លីក៏មានការកើនឡើងខ្ពស់ផងដែរ ដោយមានចំនួន៤៦ករណី ចំនួននេះធៀបនឹងឆ្នាំ២០១៦ មានចំនួន៥៦ករណី គឺកើនឡើងច្រើនជាង១៨%។

របាយការណ៍ដដែលកត់សំគាល់ថា វិវាទដីធ្លី៥៨ករណី បានដោះស្រាយចប់ទាំងស្រុងនៅក្នុងឆ្នាំ២០១៦ ប៉ុន្តែ៣ករណីបានបោះបង់ការទាមទារ  ដោយសាអាជ្ញាធរឃុំបានប្តឹងតំណាងប្រជាពលរដ្ឋទៅតុលាការ ហើយតុលារការបានកោះហៅតំណាងទៅបំភ្លឺ ដោយចោទថាប្រជាពលរដ្ឋបានរំលោភយកដីសាធារណៈរបស់រដ្ឋ។ ករណីខ្លះទៀត ពលរដ្ឋជាដើមបណ្តឹងធ្លាប់ត្រូវអាជ្ញាធរបាញ់គំរាមកំហែង បានធ្វើចំណាកស្រុកទៅក្រៅខេត្ត លែងមានអ្នកណាចេញមុខក្នុងការប្តឹងទាមទារ។

បើតាមរបាយការណ៍នេះ នៅមានវិវាទដីធ្លី៣១៩ករណី ដែលពុំទាន់ និងកំពុង​រងចាំការដំណោះស្រាយ ហើយថា ខេត្តរតនគិរី មានវិវាទច្រើនជាងគេ គឺ៣១ករណី បន្ទាប់មកគឺរាជធានីភ្នំពេញ។ វិវាទដីធ្លី៣១៩ករណីនេះ បានប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន៥៤,៥០៧.០០គ្រួសារ បានគ្រប់ដណ្តប់លើផ្ទៃដីទំហំ១,០៥២,៩៣៥.៩១ហិកតា។

វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជារកឃើញថា មូលហេតុដែលបង្កឲ្យមានវិវាទដីធ្លី គឺ ការផ្តល់ដីសម្បទានដីសេដ្ឋកិច្ចនាពេលកន្លងមក ការប្រើប្រាស់អំណាចជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអំណាចមុខងារជាឧកញ៉ាឬអ្នកមាន និងការរំលោភយកដីរដ្ឋធ្វើជាកម្មសិទ្ធិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ