មន្រ្តីបក្សប្រឆាំងថា CNRP កើនសំឡេងដោយសារ CCP ប្រព្រឹត្តកំហុស

អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អេង ឆៃអ៊ាង

មន្រ្តីបក្សប្រឆាំងអះអាងថា គណបក្សសង្គ្រោះជាតិកើនឡើងសំឡេងដោយសារគណបក្សប្រជាជនកម្ពុជាប្រព្រឹត្តកំហុសច្រើន ធ្វើឲ្យពលរដ្ឋអស់ជំនឿហើយងាកមកគាំទ្របក្សប្រឆាំងវិញ។

ប្រាប់អ្នកសារព័ត៌មានក្រោយប្រជុំគណៈកម្មការសភានៅថ្ងៃនេះ ដើម្បីកែច្បាប់មិនឲ្យលោក សម រង្ស៊ី នៅពីក្រោយបក្សប្រឆាំង អនុប្រធានគណបក្សសង្រ្គោះជាតិលោក អេង ឆៃអ៊ាង មានប្រសាសន៍ថា មូលហេតុដែលធ្វើឲ្យប្រជាពលរដ្ឋងាកមកគាំទ្រគណបក្ស សង្គ្រោះជាតិច្រើនរហូតមកដល់ពេលនេះដោយសារគណបក្សកាន់អំណាចមានកំហុសច្រើន គឺមិនមែនដោយសារបក្សសង្គ្រោះជាតិមានស្នាដៃនោះទេ។

លោក អេង ឆៃអ៊ាង ឲ្យគណបក្សប្រជាជនកម្ពុជាពិនិត្យមើលកំហុសរបស់ខ្លួនឡើងវិញទៅលើការអនុវត្តគោលនយោបាយ ជាពិសេសគឺប្រព័ន្ធតុលាការ។

លោកមន្ថែមថា «ថ្នាក់ដឹកនាំគណបក្សក៏តែងតែនិយាយប្រាប់ប្រជាពលរដ្ឋដែរថា គណបក្សសង្គ្រោះជាតិយើងអត់ទាន់បានកាន់អំណាចទេ ដល់អត់កាន់អំណាចយើងមិនមានស្នាដៃទេចុះហេតុ អីបានជាប្រជាពលរដ្ឋគាំទ្រ? ច្បាស់ជាគណបក្សកាន់អំណាចហ្នឹងវាខុសច្រើន អញ្ចឹងយើង [cpp]ត្រូវពិនិត្យមើលខ្លួនឯងវិញទៅ យើងពិនិត្យទៅលើតុលាការវិញទៅ មើលពីទង្វើសកម្មភាពជាក់ស្តែងរបស់សហការីរបស់ខ្លួនថា តើបានអនុវត្តតាមគោលនយោបាយពិតប្រាកដទេ? អាចំនុចនេះឯងជាចំនុចសំខាន់ បើយើងយកចំនុចហ្នឹងមកគិតខ្ញុំជឿជាក់ថាខ្មែរយើងអាច និយាយគ្នាបាន ប៉ុន្តែអាឡៃតែចោទប្រកាន់គ្នាថាសង្គ្រោះជាតិបានការគាំទ្រដោយសារការជេរ ដោយសាររឿងអីផ្សេងហ្នឹងវាធ្វើខាតបក្សកាន់អំណាចទេមិនមែនខាតសង្គ្រោះជាតិទេ»។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ​ ឥសាន្ត មានប្រសាសន៍ថា ការលើកឡើង របស់លោក អេង ឆៃអ៊ាង គឺមិនឆ្លុះបញ្ចាំងពីការពិតឡើយ។

លោកបន្ថែមថា «ខ្ញុំយល់ថានេះជាមតិឯកជនរបស់ឯកឧត្តម អេង ឆៃអ៊ាង តែប៉ុណ្ណោះហើយវាមិនស្របទៅតាមការពិតជាក់ស្តែងទេ។ បើយើងពិនិត្យតួលេខនៃកំណើនសំឡេងឆ្នោតគឺរបស់ គណបក្សប្រជាជនបើប្រៀបធៀបទៅឆ្នាំ២០១៣យើងកើន៣០ម៉ឺន ដោយឡែកសម្រាប់គណបក្សសង្គ្រោះជាតិកើនតែ៩ម៉ឺនទេ ប៉ុន្តែការដែលចុះអសនៈមួយចំនួនពិសេសអសនៈមេឃុំទៅ គណបក្សសង្គ្រោះជាតិនោះដោយសាររូបមន្តនៃការបែងចែកទេ ពីព្រោះតាមរយៈការរួមបញ្ចូលគ្នារវាងគណបក្សសមរង្ស៉ី និងគណបក្សសិទ្ធិមនុស្សប៉ុណ្ណោះ»។

កាលពីបោះឆ្នោតឆ្នាំ២០១៣គណសង្គ្រោះបានកើនឡើង៥៥អសនៈ ខណៈគណបក្សប្រជាជនកម្ពុជា បាត់អស់២២អសនៈ។ ចំណែកការបោះឆ្នោតក្រុមព្រឹក្សារឃុំសង្កាត់ឆ្នាំ២០១៧នេះ គណបក្សសង្គ្រោះជាតិបានកើនឡើងពី៤០ឃុំសង្កាត់ទៅ៤៨៩ឃុំសង្កាត់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ