មន្ត្រី​រដ្ឋាភិបាល​យក​វេទិការាជ​បណ្ឌិត​សភាវាយ​ប្រហារ​បន្ទប់​ស្ថាន​ការណ៍បោះឆ្នោត​

ដោយ លោក ហ៊ុន សិរីវឌ្ឍន៍​​ | ថ្ងៃព្រហស្បតិ៍ ទី៦ ខែកក្កដា ឆ្នាំ២០១៧​ ម៉ោង 9:17 AM | បោះឆ្នោត | 0 | 5980

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាលកម្ពុជា បាន​ប្រើប្រាស់​កិច្ច​ពិភាក្សា​តុមូល​របស់​រាជ​បណ្ឌិត​សភាកម្ពុជា ​វាយ​ប្រហារ​​​ទៅ​លើ ​«បន្ទប់​ស្ថាន​ការណ៍​» បន្ទាប់​ពី​លោក​ ហ៊ុន សែន​ បាន​បញ្ជា​ឲ្យ​ក្រសួង​មហា​ផ្ទៃ​ពិនិត្យ​មើល​​​ទៅ​លើ​ស្ថាប័ន​សង្កេត​ការណ៍​បោះ​ឆ្នោត​មួ​យនេះ។​

ក្នុង​កិច្ច​ពិភាក្សា​តុមូល​ស្តីពី​លទ្ធផល​នៃ​ការ​បោះឆ្នោតជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំសង្កាត់ឆ្នាំ​២០១៧ ដែល​រៀប​ចំ​ដោយ​រាជ​បណ្ឌិត​សភា​កម្ពុជា នៅថ្ងៃនេះ មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល ​បាន​ឆ្លៀត​ឱកាស​នេះ ​វាយប្រហា​រ​ធ្ងន់​ៗ​​ ដល់​បន្ទប់​ស្ថាន​ការណ៍​បោះឆ្នោត​ដោយ​ថា បន្ទប់​ស្ថាន​ការណ៍​ ​នេះ​បង្កើត​ឡើង​ដោយ​មិន​ត្រូវ​តាម​ច្បាប់ មាន​ភាពលំអៀង និងមាន​​និន្នាការ​នយោបាយ។ ​

ក្នុង​វេទិកា​នោះ​អ្នក​នាំពាក្យ​គណបក្ស​ប្រជា​ជន​ លោក​ ឈឹម ផលវរុណ បាន​ថ្លែង​ថា បន្ទប់​ស្ថាន​ការណ៍​ត្រូវបាន​បង្កើត​ឡើង​ដោយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​តាម​តែ​ចិត្តខ្លួន​ដោយ​ពុំ​មាន​ការ​ទទួល​ស្គាល់​ពី​ច្បាប់​បាន​ត្រឹម​ត្រូវនោះ​ទេ​។​​​

លោក​ថា៖ «រឿង​ការ​បញ្ចេញ​មតិ​វាយ​តម្លៃ​វា​ជា​សេរីភាព​របស់​អ្នក​ទាំង​អស់​គ្នា​តែ​ សេរីភាព​នេះ​វា​ភ្ជាប់​ដោយការ​ទទួល​ខុសត្រូវ អ្នក​មិន​អាច​សំអាង​ថា​អ្នក​បង្កើត​អង្គមួយក្នុង​ចេតនា​ល្អ​ទេ។ ចេតនា​អ្នក​ណា​ក៏​អាច​ថា​បានដែរ របស់​ហ្នឹង​វា​មិន​ដែល​អ្នក​ណា​ទៅ​ថា​បង្កើត​មក​ដើម្បី​បំផ្លាញ​ទេ។ ដូច្នេះ​បើ​អ្នក​មាន​បំណង​ល្អ​ឧទាហរណ៍​បន្ទប់ស្ថាន​ការណ៍អ្នក​ទៅ​រឹង​រូស​អី​ទៅ​ចុះ​បញ្ជី​នៅ​ក្រសួង​មហា​ផ្ទៃ ថ្វីត្បិត​តែ​អង្គការ​នីមួយៗត្រូវ​បាន​ទទួលស្គាល់​ដោយ​ក្រសួង​មហា​ផ្ទៃ​តែ​អ្នក​បង្កើត​អង្គមួយ​ថ្មី អង្គនោះ​ត្រូវ​តែ​មាន​នីត្យានុភាព​តាម​ផ្លូវ​ច្បាប់ស្តីពី​សមា​គម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល។ តើ​បន្ទប់​ស្ថាន​ការ​ណ៍​មាន​អត្ត​សញ្ញាណ​អី?»​

ស្រដៀង​គ្នាទៅនឹង​លោក​ ឈឹម ផលវរុណ មន្ត្រី​រដ្ឋាភិបាល និង​ជា​សមាជិក​រាជ​បណ្ឌិត​សភា លោក​បណ្ឌិត​​ សុខ​ ទូច ក៏​បាន​ថ្លែង​ដែរ​ថាបន្ទប់​ស្ថាន​ការ​ណ៍ ​គឺ​បាន​ជួយ​ដល់​ដំណើរ​ការ​បោះឆ្នោត តែ​លោក​ថា​សង្គម​ត្រូវ​ការ​ច្បាប់ដើម្បី​ការ​ពារ ដូច្នេះ​ការ​បង្កើត​បន្ទប់ស្ថាន​ការណ៍​ ក៏​​ត្រូវការរៀប​ចំ​ទៅ​តាម​ច្បាប់​ដែរ។

លោក​ថា៖ «បន្ទប់ស្ថាន​ការណ៍​ វា​ជា​ការ​ល្អប្រសិន​វា​ មាន​ឋានុក្រម​ទៅ​តាមប្រព័ន្ធ​ច្បាប់ មនុស្ស​ជា​អ្នក​បង្កើត​បញ្ហា។ អញ្ចឹង​ដើម្បីចង​បញ្ហាគឺត្រូវ​តែ​មាន​ច្បាប់ ហើយ​កុំ​យក​ច្បាប់​អា​មេរិក​មក​កូពី​ដាក់​កម្ពុជា កុំ​យក​ច្បាប់​ជប៉ុន​មក​ដាក់​កម្ពុជា កម្ពុជា​គឺ​កម្ពុជា​!»

អ្នក​នាំពាក្យ និង​ជា​រដ្ឋលេខា​ធិការនៃ​​ទីស្តីការ​គណៈរដ្ឋ​មន្ត្រី​លោក ផៃ ស៊ីផាន​ បានថ្លែង​ថា​ក្រោយ​ការ​បោះ​ឆ្នោត​​​ឆ្នាំ​២០១៣ បន្ទប់​ស្ថាន​ការ​ណ៍​បាន​បង្កើត​ក្រុម​បណ្តុំ​អ្នក​បញ្ចេញ​យោបល់​ដែល​បាន​ដណ្តើ​ម​តួនាទី​របស់​គជប បាន​ប្រឌិត ​មាន​ការ​ចូល​រួម​ដោយបក្សប្រឆាំង និង​ថា​បាន​យក​បរទេស​ជា​ធំ។ លោក​ ​ថា​បន្ទប់ស្ថាន​ការណ៍​នេះ​កំពុង​តែ​ប្រជែង​ជា​មួយ​ស្ថាប័ន​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត និង​បាន​យក​ការ​វាយ​តម្លៃ​របស់​បរទេស​ធំ​ជាងការ​សម្រេច​ចិត្ត​របស់​ពល​រដ្ឋកម្ពុជា​។

លោក​ថា៖ «ខ្ញុំ​ក៏​ធ្លាប់​ជា​សមាជិក​ APU ដែល​ជា​សភា​មួយដែល​ផ្តុំ​គ្នា​ដែរ​តែ​មិន​មាន​ប្រទេស​ណា​មួយ​ដែល​ធ្វើ​តាម​ហ្នឹង​ទេ​គ្រាន់​តែ​ជា​បញ្ចេញ​យោបល់ ហើយ​ហេតុ​ដូច​ម្តេច​បាន​ជា​បន្ទប់ស្ថាន​ការ​ណ៍​យក​ករណី​ហ្នឹង​មក​ដាក់​លក្ខខណ្ឌ​វាយ​តម្លៃ​លើ​កម្ពុជា​ទៅ​វិញ ជា​សំណួរ​របស់ខ្ញុំ​តើ​យក​បរទេស​ជា​ធំ​ឬ​ក៏​ការ​សម្រេចិត្ត​របស់​ប្រជា​ពល​រដ្ឋ​ជា​ធំ? ហើយ​ថា​ តើ​យើង​អាច​ធ្វើ​ការ​ជា​មួយ​គ្នា​បាន​ទេ​រវាង​អង្គការក្រៅ​រដ្ឋាភិបាល ជា​មួយ​រាជ​បណ្ឌិត​សភា និង​រដ្ឋាភិបាល»។

មន្រ្តីផ្នែកច្បាប់ នៃអង្គការខុមហ្រ្វែល លោក យឿង សុធារ៉ា បាន​ឲ្យ​អ្នក​សារព័ត៌មាន​វី​អូ​ឌី​ដឹងក្រោយពី​វេទិកា​តុមូល​​នោះ​​ថា ខុម​ហ្វ្រែលទទួល​យក​ការ​រិះគន់​ក្នុង​ន័យ​ស្ថាបនា​តែ​ថា​ការដែល​ចោទ​បន្ទប់​ស្ថាន​ការណ៍​ថា​មិន​គោរព​ច្បាប់​នោះ​ជា​ការចោទ​ប្រកាន់​ដែល​មិនសម​រម្យ ព្រោះ​បន្ទប់ស្ថា​ន​ការណ៍​គឺទទួល​ស្គាល់​ដោយ ​គជប ហើយ​មាន​ការ​ទទួល​ស្គាល់​ពី​ស្ថាប័ន​អន្ត​រជាតិជាច្រើន។ លោក​ថា​ការ​ចោទ​បន្ទប់ស្ថាន​ការ​ណ៍ថា​ខុសច្បាប់​គឺ​ជា​ការ​យល់​ឃើញ​របស់​រដ្ឋាភិបាលប៉ុណ្ណោះ​។

លោក​ថា៖ «សេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃក៏មិនបានចោទប្រកាន់យើងថា មិនបានឈរឈ្មោះដែរតែបញ្ហាគេសួររឿងអព្យាក្រិត្យភាពឥឡូវសួរថាព្យាក្រឹត្យភាពមិនលំអៀង តើយើងកន្លងមកនៅរយៈពេលប៉ុន្មានខែហ្នឹងតើយើងបានប្រកាសគាំទ្រគោលនយោបាយរបស់គណបក្សណាមួទេ? អត់មានទេវិធីសាស្ត្ររបស់យើងគឺផ្អែកទៅលើវិធីសាស្ត្រការងាររបស់យើង វិជ្ជាជីវៈហើយហ្នឹងស្តង់ដារនៃការធ្វើការងារ នៃការវាយតម្លៃផ្សេងហើយមិនមែនចេះតែនឹងឃើញអង្គុយក្រោមដើមឆ័ត្ររកបញ្ហាហ្នឹងទេ! លទ្ធផលដែលបានមកគឺបានមកពីអ្នកសង្កេតការរបស់យើងនៅតាមមូលដ្ឋាន ហើយអ្នកសង្កេតការណ៍របស់យើងសុទ្ធតែស្របច្បាប់ទាំងអស់ »

បន្ទប់ស្ថានការណ៍ត្រូវបានក្រុមអង្គការសង្គមស៊ីវិលជិត៤០ស្ថាប័ន សហការគ្នា​​បង្កើត​ឡើង​ដោយ​ធ្វើ​ការ​​រួម​គ្នាក្នុងការតាមដានដំណើរការបោះឆ្នោតឃុំ-សង្កាត់ កាលពីថ្ងៃទី៤មិថុនា។

ក្រុមអង្គការដែលសហការគ្នាតាមដានដំណើរការបោះឆ្នោតបានបញ្ជាក់ថា គោល​បំ​ណង​ពួកគេគឺចង់​ស្វែង​រកការពិតនៃលទ្ធផលបោះឆ្នោត ក្នុងតួនាទីជាស្ថាប័នឯករាជ្យមួយដើម្បីកុំឲ្យគណបក្ស ប្រកាស​លទ្ធ​ផល​បោះឆ្នោតតែរៀងៗខ្លួនដោយ​គ្មានតួលេខ​ណាមកផ្ទៀងផ្ទាត់គ្នា។

បេសកម្មរបស់បន្ទប់ស្ថានការណ៍ត្រូវបានស្វាគមន៍ដោយ​​អ្នកនាំពាក្យ​គណៈកម្មាធិការជាតិ​រៀប​ចំការ​បោះ​ឆ្នោត ដោយ​ថានេះជាការរួម​ចំណែកជំរុញឲ្យការ​បោះឆ្នោត​ប្រព្រឹត្តិ​ទៅ​មានតម្លាភាព ដែលអាច​ឲ្យគ្រប់​ភាគីគណបក្សទទួលយកបាន៕

សរសេរមកកាន់ លោក ហ៊ុន សិរីវឌ្ឍន៍ តាមរយៈ sirivadh@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required