បទយកការណ៍៖ សាក្សីមិនរំពឹងថាមានយុត្ដិធម៌ដល់អ្នកស្លាប់ថ្ងៃ៥-៦កក្កដា ខណៈបក្សប្រឆាំងថា «គួរបញ្ឈប់វប្បធម៌កាប់សម្លាប់គ្នាដើម្បីដណ្ដើមអំណាច»

ខួប២០ឆ្នាំ នៃសោដនាដកម្មបង្ហូរឈាមរវាងកងកម្លាំងរបស់គណបក្សប្រជាជន និងកងកម្លាំងគណបក្ស ហ៊្វុន ស៊ិនប៉ិច កាលពី២០ឆ្នាំមុន

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែកក្កដា ឆ្នាំ២០១៧ គណបក្សសង្គ្រោះជាតិបានប្រារព្ធខួប២០ឆ្នាំ នៃសោដនាដកម្មបង្ហូរឈាមរវាងកងកម្លាំងរបស់គណបក្សប្រជាជន និងកងកម្លាំងគណបក្ស ហ៊្វុន ស៊ិនប៉ិច កាលពី២០ឆ្នាំមុន។ ពិធីនេះធ្វើទ្បើងនៅទីស្នាក់ការគណបក្សសង្រ្គោះជាតិ ដោយមានមន្រ្តីគណបក្សប្រឆាំង អតីតមន្ដ្រីគណបក្ស ហ៊្វុន ស៊ិនប៉ិច និងអ្នកចូលរួមប្រមាណជា១០០នាក់។

ខណៈពិធីរំឮកខួបចេះតែប្រព្រឹត្តទៅមុខ ដោយមានទាំងព្រះសង្ឃជាច្រើនអង្គ សូត្រមន្ដឧទ្ទិសកុសលដល់អ្នកស្លាប់កាលពីថ្ងៃ៥ -៦ កក្កដាឆ្នាំ១៩៩៧  អ្នកចូលរួមម្នាក់គឺអ្នកស្រី ឈន​ គឹមហ៊ាង អាយុ៤៧ ឆ្នាំ រំឭកថា អ្នកស្រីបានឃើញហេតុការណ៍បាញ់ប្រហារដោយអាវុធ រវាងកងទ័ពទាំងពីរភាគីផ្ទាល់នឹងភ្នែក។ ស្រ្តីដែល រស់នៅសង្កាត់វាលវង់ ខណ្ឌ៧មករា រូបនេះ បន្តថា​ ការផ្ទុះអាវុធនោះបានធ្វើឲ្យប្រជាពលរដ្ឋរត់ភៀសខ្លួនពីកន្លែងគ្រាប់ផ្លោង និងខ្លះទៀតក៏រងរបួសធ្ងន់។

ប៉ុន្តែអ្នកស្រីថាគាត់មិនបានរងគ្រោះដល់អាយុជីវិតទេ ដោយសារបានចូលពួនសំងំនៅក្នុងមណ្ឌលស្រីមេមាយមួយកន្លែង ក្នុងសង្កាត់បឹងកក់ ម្ដុំផ្លូវរទេះភ្លើង ខណ្ឌទួលគោក។

អ្នកស្រីថា៖ «ខ្ញុំបានឃើញផ្ទាល់ ព្រោះនៅទីក្រុងភ្នំពេញដែរ ខ្ញុំបានរត់នឹងគេ នឹងឯងដែរ នៅបឹងកក់ នៅម្ដុំផ្លូវរទេះភ្លើង ប្ដីខ្ញុំ ខ្ញុំអីរត់នឹងគេដែរ ខ្ញុំអត់មានអីហូបទេ ខ្ញុំទើបមកពីស្រែនោះ ខ្ញុំចូលមណ្ឌលស្ដ្រីម៉េម៉ាយ ខ្ញុំចូលសុំគេស្នាក់នៅហ្នឹង អាពេលគេវាយគ្នាណុង ម៉ោងចាប់ពីព្រឹកឡើង ឃើញប្រជាពលរដ្ឋរត់តាមផ្លូវរទេះភ្លើងហ្នឹងច្រើន ដល់ពេលប្រហែលជាម៉ោង១០ ម្ដាយខ្ញុំហៅខ្ញុំចូលដែរ ហើយគ្រាប់ផ្លោតមកតាមប្រជាពលរដ្ឋឡើងច្រើន តាមផ្លូវរទេះភ្លើង ផ្លូវនាគវ័ន្ដហ្នឹង»។

អ្នកស្រី ឈន​ គឹមហ៊ាង ជឿថា កម្ពុជានឹងគ្មានសន្ដិភាពទេ បើមេដឹកនាំចេះតែអាងលើអាវុធតតាំងគ្នា ដើម្បីច្បាមយកអំណាចដូចច្នេះ។ អ្នកស្រីក៏សំដែងក្ដីអស់សង្ឃឹមដោយថា រដ្ឋាភិបាលនឹងមិនរកយុត្តិធម៌ជូនអ្នកស្លាប់ទាំងនោះឡើយ ដោយថារដ្ឋាភិបាលចាត់ទុក ពួកគេជាក្រុមប្រឆាំងនឹងខ្លួន។

អ្នកស្រីថា៖ «អត់មានសន្ដិភាពទេ បើសិនដណ្ដើមអំណាចគ្នាទេអញ្ចឹង តែសង្គ្រាមបង្ហូរឈាម ខ្មែរនឹងសម្លាប់គ្នាអញ្ចឹង មិនងាយរកឃើញទេ ឲ្យតែខាងគូប្រកួតដែលស្លាប់ម្ខាងទៀត គឺមិនងាយរកឃើញទេ បើខាងរដ្ឋាភិបាលវិញ រក១ម៉ោង ឃើញឥឡូវហើយ»។​

បើតាមរបា​យការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) ឲ្យដឹងថា ​មានយុទ្ធជន២០០នាក់ បា​ន​ស្លាប់ក្នុ​ងព្រឹត្តិការណ៍នោះ ដោយមានមន្ត្រីស្មោះត្រង់នឹងសម្តេចក្រុមព្រះ យ៉ាងហោច៦០​នាក់ ត្រូ​វ​​បាន​គេ​ស​ម្លា​ប់​​​​ក្រៅ​​​​ប្រព័ន្ធតុលាការ។

អ្នកចូលរួមម្នាក់ទៀតគឺលោក មាស អ៊ូ អាយុ៦៩ឆ្នាំ រស់នៅសង្កាត់ដើមថ្កូវ ខណ្ឌចំការមន ឲ្យអ្នកសារព័ត៌មានវីអូឌីដឹងដែរថា លោកសោកស្ដាយចំពោះការផ្ទុះអាវុធ ដណ្ដើមអំណាច សម្លាប់តែខ្មែរគ្នាឯងនេះ។ លោកបន្ដថា នៅថ្ងៃកើតហេតុ គឺលោកស្ថិតក្នុងផ្ទះ ដោយឃើញមានទាហានប្រដាប់អាវុធជាច្រើននាក់ រួមទាំងប្រជាពលរដ្ឋផង ដើរពាសពេញនៅលើដងផ្លូវ។

លោកក៏ទទូចឲ្យរដ្ឋាភិបាលជួយរកយុត្តិធម៌ដល់អ្នកស្លាប់ ដោយថា អ្នកទាំងនោះសុទ្ធជាខ្មែរដូចគ្នា។​ លោកថា៖ «ឃើញទាហ៊ានគេឡើងលើថ្នល់២៧១ ឃើញទាហ៊ានគេត្រៀមឲ្យព្រាត សួរទាហ៊ានថាគេត្រៀមវាយអីគេ គាត់ថា គេហៅមកត្រៀម ចេះតែត្រៀមទៅ ដឹងថា គេធ្វើរដ្ឋប្រហារ»។

ក្រុមប្រជាពលរដ្ឋ និងអ្នកចូលរួមផ្សេងទៀតក៏មិនមានជំនឿលើរដ្ឋាភិបាល ក៏ដូចជាស្ថាប័នតុលាការ អាចវែកមុខរកជនល្មើល និងអ្នកពាក់ព័ន្ធមកដាក់ទោសឡើយ ដោយពួកគេថា ជនរងគ្រោះនិងអ្នកស្លាប់ផ្សេងទៀត នៅមិនទាន់រកឃើញពន្លឺយុត្តិធម៌ដូចជា ករណីឃាតកម្មអ្នកវិភាគបញ្ហានយោបាយលោក កែម ឡី ប្រធានសហជីពសេរីកម្មករលោក ជា វិជ្ជា និងករណីបាញ់ប្រហារលើក្រុមសិល្បការិនីមួយចំនួនទៀត។

«នឹងដល់បងប្អូនដែលបានស្លាប់ក្នុងថ្ងៃ៧ ថ្ងៃ៦នោះ ឲ្យគាត់បានបុណ្យទៅឋានសុខ ហើយសូមឲ្យប្រទេសខ្មែរយើងជួបនូវសុខសន្ដិភាព កុំឲ្យមានរឿងអញ្ចឹងបាក់បែកគ្នាទៀត កុំឲ្យខ្មាស់ប្រទេសគេ យួនគេស្រឡាញ់គ្នា គេមិនចេះឈ្លោះគ្នា យើងចេះតែឈ្លោះគ្នា ខ្មាស់គេណាស់»។

«គ្មានយុត្តិធម៌ទាំងអស់ គ្មានទាល់តែសោះរហូតមកដល់ពិសិដ្ឋពិលីកា ពៅបញ្ញពេជ្រ ទូច ស្រីនិច ផ្សេងទៀតដូចជាបណ្ឌិត កែម ឡី បានសេចក្ដីថា អ្វីច្បាប់ តុលាការក៏នៅក្នុងកណ្ដាប់ដៃនាយករដ្ឋមន្ដ្រី អញ្ចឹងប្រជាពលរដ្ឋសព្វថ្ងៃ ខំរើដោយសារប្រព័ន្ធតុលាការមិនឯករាជ្យ»។

អតីតមន្ដ្រីមកពីគណបក្ស ហ៊្វុន ស៊ិនប៉ិច និងជាភាគីនៃជម្លោះបាញ់ប្រហារនោះ គឺព្រឹទ្ធាចារ្យនយោបាយ លោក លឺ ឡាយស្រេង បានរៀបរាប់ឡើងវិញឲ្យអ្នកចូលរួមដឹងថា លោកមានការសោកស្ដាយ ស្ទើរនឹកស្មានមិនដល់ ថាមានព្រឹត្តិការណ៍ដ៏រន្ធត់បែបនេះកើតឡើង។​ លោករំលឹកថា កាលនោះ មិត្តភក្ដិជិតស្និទនឹងរូបលោកជាច្រើននាក់បានស្លាប់បាត់បង់ជីវិតផងដែរ។

ជាញឹកញាប់ មន្ដ្រីគណបក្សប្រជាជនមិនដែលទទួលស្គាល់ថាព្រឹត្តិការណ៍នោះជា «រដ្ឋប្រហារ» ទេ ប៉ុន្ដែចាត់ទុកព្រឹត្តិការណ៍ថាជា ការបង្ក្រាបលើចលនាបះបោរ និងការពារកុំឲ្យរបបខ្មែរក្រហមវិលមកវិញ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ អះអាងថា ព្រឹត្តិការណ៍៥-៦កក្កដា១៩៩៧ ជាការប្រឈមមុខដាក់គ្នារវាងកងកម្លាំងរដ្ឋាភិបាលស្របច្បាប់ និងកម្លាំងដណ្ដើមអំណាច ដែលមានខ្មែរក្រហមបង្កប់ជាមួយ។​ ករណីនេះ លោកថា រដ្ឋាភិបាលមិនមានការស៊ើបអង្កេតទេ។

លោកថា៖ «កាលនោះ គឺវាមានកម្លាំងពីរប្រឈមមុខដាក់គ្នា មួយកម្លាំងរបស់កងយាធពលខេមរភូមិន្ទ ហើយមួយកងកម្លាំងរបស់ខ្មែរក្រហមនៅជាមួយ និងអាវុធដែលខុសច្បាប់។ ដូច្នេះនៅទីនេះ គឺជាការប្រឈមមុខគ្នារវាងទ័ពជាតិ និងកងកម្លាំងដែលប្រុងនឹងដណ្ដើមការគ្រប់គ្រងដោយខុសច្បាប់ ដូច្នេះការប្រឈមមុខសឹក គឺអត់មានការស៊ើបអង្កេតទេ»។

ឧត្តមទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្រ្គោះជាតិលោក គង់ គាំ ថ្លែងក្នុងពិធីរំឮកខួបទី២០ឆ្នាំថា វប្បធម៌បង្ហូរឈាមគ្នា ដើម្បីដណ្ដើមអំណាចគួរតែបញ្ចប់ហើយ ដោយថា អ្នកនយោបាយខ្មែរត្រូវគោរពឆន្ទៈពលរដ្ឋ ដែលសំដែងឡើងតាមរយៈការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ និងប្រកាន់យកវប្បធម៌អហិង្សា។

លោកថ្លែងថា៖ «ប្រជាពលរដ្ឋចង់បានសន្ដិភាពមែនទែន ចង់បានអហិង្សាមែន ចង់បានបម្រើ ការពារ កសាងប្រជាពលរដ្ឋ ហើយនិងមាតុភូមិ ម្ពុជាឲ្យបានស្រុះស្រួលជាមួយគ្នា មែនទែន ប៉ុន្ដែមិនទាន់បាន […] សូមថា កុំឲ្យមានសង្គ្រាមអី អ្នកចាញ់ អ្នកមិនពេញចិត្ត រវល់តែធ្វើសង្គ្រាមអញ្ចឹង ដូរអ្នកតស៊ូធ្លាប់ធ្វើសង្គ្រាមចោលទៅ ដាក់អ្នករងគ្រោះម្ដង»។

អស់​រយៈពេល​២០​ឆ្នាំ​ហើយ ចាប់តាំងពីមានព្រឹត្តិ​ការ​ណ៍​ឆ្នាំ​១៩៩៧ ដែលជាការ​បង្ហូរ​ឈាមរវាង​អ្នកគាំទ្រ​នាយក​រដ្ឋ​មន្ត្រី​ទី​២ លោក​ ហ៊ុន សែន និង​អ្នក​គាំទ្រនាយក​រដ្ឋ​មន្ត្រី​ទី​១ សម្តេច​ក្រុម​ព្រះ ​នរោត្តមរណឬទ្ធិ ។​ព្រឹត្តិការណ៍ហើយដែលបាន​ទម្លាក់​សម្តេច​ក្រុម​ព្រះចេញ​ពីអំណាច​ ដោយមានអ្នកស្លាប់ និងរបួសជាច្រើននាក់ ភាគច្រើនមកពីគណបក្ស ហ៊្វុន ស៊ិនប៉ិច។

ព្រឹត្តិការណ៍នេះ​ ត្រូវបាន​លោក​ ថូម៉ាស់ ហែម​ម៉ាប៊ើគ​ (Thomas Hammarberg) តំណាងពិសេសអង្គការសហប្រជាជាតិ ទទួល​បន្ទុក​​សិទ្ធិ​មនុស្ស​ប្រចាំ​នៅកម្ពុជា បានហៅថាជា “រដ្ឋប្រហារ” ដែល​បានបណ្ដាល​ឲ្យ​មនុស្សជាច្រើនរយនាក់ស្លាប់ និងរងរបួស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ