កំពូលតារាចម្រៀងថៃ ទិកហ្ស៊ីរ៉ូ បង្ហាញខ្លួនលើកទី៤នៅកម្ពុជា

រូប​ភាព ​​​ទិកហ្ស៊ីរ៉ូ ពេល​បង្ហាញ ខ្លួននៅ​ប៉ុស្ដិ៍លេខ​​៥ (រូបថតសហការី)

កាលពីថ្ងៃទី៤ សីហា តារាចម្រៀងល្បីល្បាញនៅក្នុងប្រទេសថៃលោក ទិកហ្ស៊ីរ៉ូ (Tik Shiro) ដែលគេ ស្គាល់ជាទូទៅថាជាម្ចាស់បទ «ម៉ា ម៉ា ម៉ា ចយ កាន់ៗ» បានបង្ហាញខ្លួននៅក្នុងប្រទេសកម្ពុជាជាផ្លូវការលើឆាកតន្ត្រីប៉ុស្ដិ៍លេខ៥។

នេះមិនមែនជាវត្តមានដំបូងរបស់លោកនៅកម្ពុជាទេ ប៉ុន្តែមានចាប់អារម្មណ៍ពីមហាជនខ្មែរខ្លាំងខុសពីពេលមុនៗ ជាពិសេសនៅពេលលោកបកស្រាយបទចម្រៀងលើឆាក ហើយបទទាំងនោះត្រូវគេដឹងថាមានតារាល្បីៗខ្មែរយកមកប្រែច្រៀង ហើយល្បីឈ្មោះដូចគ្នាមិនចាញ់នៅថៃ។

លោក ទិកហ្ស៊ីរ៉ូ បានអះអាងថា នេះជាលើកទី៤ហើយ ដែលលោកបានមកកាន់ប្រទេសកម្ពុជា ចាប់តាំងពីលោកប្រឡូកសិល្បៈចម្រៀង និងសម្ដែងនៅក្នុងប្រទេសថៃអស់រយៈពេល៣០ឆ្នាំ។ លោកថា៣លើកកន្លងមករបស់លោកធ្លាប់តែចុះមកដើរលេង និងថតស្ពតប៉ុណ្ណោះ ហើយបើទោះជាបានច្រៀងខ្លះ ក៏មិនមែនជាការប្រគំតន្ត្រីគគ្រឹកគគ្រេងដូចអ្វីដែលលោកបានឃើញកាលពីយប់ថ្ងៃទី៥ សីហា នៅប៉ុស្ដិ៍លេខ៥នោះឡើយ។

លោក ទិកហ្ស៊ីរ៉ូ បានមកដល់ប្រទេសកម្ពុជាតាមជើងយន្តហោះតែប៉ុន្មាន មុនដល់ម៉ោងច្រៀង ដោយការវិលត្រឡប់ទៅវិញ គឺនឹងគ្រោងធ្វើឡើងនៅរសៀលថ្ងៃទី៦ ខែសីហានេះ។

វត្តមានមកច្រៀងឲ្យប៉ុស្ដិ៍លេខ៥ លោកថាដោយសារតែខាងស្ថានទូតបានធ្វើទំនាក់ទំនង និងដោយសារតែប៉ុស្ដិ៍លេខ៥ចង់ឲ្យលោកមកបើកឆាកការប្រគំតន្ត្រីរបស់ស្ថាប័ននេះ ក្រោយពីបានផ្អាកចោលដោយសារតែរឿងស្ថាបនាអង់តែនថ្មី។

ដំណើរលើកនេះ លោក ទិកហ្ស៊ីរ៉ូ ថាសប្បាយចិត្ត ជាពិសេសនៅពេលដែលឃើញអ្នកទស្សនាជាជនជាតិខ្មែរស្គាល់បទចម្រៀងរបស់លោក និងបានស្រែកហ៊ោជាការគាំទ្រយ៉ាងច្រើនកុះករ។

លោក ទិកហ្ស៊ីរ៉ូ បានប្រឡូកអាជីពចម្រៀង និងសម្ដែងរឿងប្រមាណជា៣០ឆ្នាំហើយ ដោយកាលពី១៥ឆ្នាំមុនលោកក៏បានទទួលពានជាតារាសម្ដែងប្រុសឆ្នើមប្រចាំប្រទេសថៃ អមដោយការទទួលស្គាល់ថាជាតារាចម្រៀងលំដាប់ជួរមុខម្នាក់អស់រយៈពេលច្រើនឆ្នាំនោះផង។ ស្ថិតក្នុងវ័យ៥៥ឆ្នាំ លោក ទិកហ្ស៊ីរ៉ូ នៅតែមានសកម្មភាពខ្លាំងនៅក្នុងពិភពចម្រៀង បើទោះជាការចេញបទថ្មីនៅមិនសូវមានច្រើនដូចពេលមុន។

លោក ទិកហ្ស៊ីរ៉ូ បន្តថាក្នុងឱកាសដែលលោកចុះមកច្រៀងជាផ្លូវការឲ្យប៉ុស្ដិ៍លេខ៥ លោកមិនមែនមកតែម្នាក់ឯងនោះទេ គឺលោកក៏បានដឹកនាំក្រុមរាំ ក្រុមតន្ត្រីកររបស់លោក និងក្រុមអ្នករៀបចំសំលៀកបំពាក់មកជាមួយផងដែរ ទើបធ្វើឲ្យការច្រៀងរាំរបស់លោកទទួលបានជោគជ័យ។

លោកថាខ្លួននឹងមានគម្រោងចុះមកច្រៀងនៅក្នុងប្រទេសកម្ពុជាឲ្យបានញឹកញាប់ ដោយសារតែក្នុងពេលខាងមុខលោកក៏មានការអញ្ជើញបែបនេះផងដែរ តាមរយៈដែលក្រុមហ៊ុនរបស់ផលិតកម្មមួយនៅក្នុងប្រទេសដែលលោកឈរជាតំណាង បានចុះមកមកធ្វើការប្រគំតន្ត្រីផ្សព្វផ្សាយផលិតផលរបស់ខ្លួនជាផ្លូវការ។

លោក ហួង តារាមុន្នី ប្រធានផលិតកម្មវិធីកម្សាន្តនៅប៉ុស្ដិ៍លេខ៥ បានអះអាងថាលោក ទិកហ្ស៊ីរ៉ូ ត្រូវបានអញ្ជើញឲ្យបើកឆាកការប្រគុំតន្ត្រី ដោយសារតែមើលឃើញថាលោកល្បីឈ្មោះនៅក្នុងប្រទេសថៃ និងជាតារាម្នាក់នៅកម្ពុជាក៏ស្គាល់តារារូបនេះច្រើន។

លោកថាតារាចម្រៀងថៃរូបនេះ គ្រាន់តែជាតារាចម្រៀងម្នាក់ក្នុងចំណោមតារាល្បីរបស់ថៃ ដែលត្រូវបង្ហាញខ្លួនតាមរយៈការអញ្ជើញរបស់ប៉ុស្ដិ៍លេខ៥ប៉ុណ្ណោះ។ ដោយសារតែពេលបន្តបន្ទាប់គឺប៉ុស្ដិ៍លេខ៥ សម្រេចធ្វើការប្រគំតន្ត្រី អមដោយការតាំងពិព័រណ៌រៀងរាល់មួយខែម្ដងនៅរៀងរាល់ថ្ងៃសុក្រដើមខែរហូតដល់ដាច់ឆ្នាំ ២០១៦ ហើយកំណត់ចំណាយប្រាក់អញ្ជើញតារាថៃល្បីឈ្មោះម្នាក់ៗ ឬ ២នាក់ឲ្យមកច្រៀងអម ជាមួយកំពូលតារាចម្រៀងរបស់ខ្មែរ។

គួរបញ្ជាក់ផងដែរថា ថ្ងៃដែលលោកទិកហ្ស៊ីរ៉ូ បង្ហាញខ្លួននោះ ក៏មានវត្តមានលោក ខេមរៈ សិរីមន្ត និងកញ្ញា សុខ ពិសី ផងដែរទើបគេឃើញការប្រគំតន្ត្រីដែលបានធ្វើឡើងនៅសាលកីឡាTiffy Arena ជ្រោយចង្វារ។

លោក ហួង តារាមុន្នី បន្តថានៅដើមខែក្រោយតារាថៃល្បីឈ្មោះនឹងមក២រូប ហើយតារាខ្មែរដែលមានវត្តមានក៏ជាកំពូលតារាផងដែរ ដោយលោករំពឹងថានឹងកាន់តែទាក់ទាញមិនខុសពីវត្តមានរបស់លោក ទិកហ្ស៊ីរ៉ូ លើកនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ