នគរបាលក្រុងប៉ោយប៉ែតចាប់ខ្លួនយុវជន១៤នាក់សង្ស័យប្រើប្រាស់គ្រឿងញៀន

ក្រុម​យុវជន​ដល់​ទៅ ១៤​នាក់ ត្រូវ​បាន​សមត្ថកិច្ច​​ក្រុង​ប៉ោយប៉ែត​ចាប់​ខ្លួន កាល​ពី​រសៀល​ថ្ងៃ​ទី​០៤ ខែ​សីហា​នេះ ដោយ​សង្ស័យ​ថា ប្រើ​ប្រាស់​គ្រឿង​ញៀន​នៅ​ក្នុង​ព្រៃ។ នេះ​ដោយ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​គេហទំព័រ​នគរបាល​ជាតិ។

សេចក្ដី​រាយការណ៍​នោះ បាន​ដក​ស្រង់​សម្ដី​អធិការ​នគរបាល​ក្រុង​ប៉ោយប៉ែត លោក ធិន ស៊ិនដេត បាន​និយាយ​ថា កម្លាំង​នគរបាល​របស់​លោក បាន​ឆ្មក់​ចូល​បង្ក្រាប​ក្រុម​យុវជន​ទាំង ១៤​នាក់ ក្រោយ​ពី​ទទួល​បាន​ដំណឹង​ថា ក្រុម​យុវជន​ទាំង​នោះ បាន​សម្ងំ​ប្រើ​ប្រាស់​គ្រឿង​ញៀន​នៅ​ក្នុង​ព្រៃ​មួយ​កន្លែង។

មន្ត្រី​នគរបាល​រូប​នេះ បញ្ជាក់​ថា ជន​សង្ស័យ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ទាំង​នោះ ត្រូវ​បាន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត ដើម្បី​ចាត់​ការ​ទៅ​តាម​នីតិវិធី​ច្បាប់។

បើ​តាម​របាយការណ៍​​របស់​សមត្ថកិច្ច មនុស្ស​ដល់​ទៅ ៨០​នាក់ ក្នុង​នោះ​មាន​ស្រី ៧​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​គ្រឿង​ញៀន​នៅ​ទូទាំង​ប្រទេស​កាល​ពី​ថ្ងៃទី​០៤ ខែ​សីហា​នេះ។

របាយការណ៍​នគរបាល​ជាតិ បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ​ពាក់​ព័ន្ធ​នឹង​​គ្រឿង​ញៀន​ជាង ៨​ពាន់​នាក់​ហើយ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ក្នុង​រយៈ​ពេល ៥​ខែ​ដំបូង​ដើម​ឆ្នាំ​នេះ។

បញ្ហា​គ្រឿង​ញៀន ត្រូវ​បាន​រក​ឃើញ​ក្នុង​ការ​ស្ទង់​មតិ​មួយ​កាល​ពី​ឆ្នាំ​មុន​ថា ជា​ចំណុច​ខ្សោយ​ធំ​មួយ​របស់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ