លោក ញឹក ប៊ុនឆៃ ត្រូវបាននាំទៅសាកសួរជាថ្មីនៅតុលាការក្រុង

ប្រធានគណបក្សខ្មែររួបរួមជាតិ លោក ញឹក ប៊ុនឆៃ (រូបភាព Fresh News)

មេដឹកនាំ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ លោក ញឹក ប៊ុនឆៃ ត្រូវ​បាន​រាយការណ៍​ថា ត្រូវ​បាន​នាំ​ខ្លួន​ទៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ជា​ថ្មី​ម្ដង​ទៀត​ហើយ​នៅ​ព្រឹក​ថ្ងៃ​នេះ ដើម្បី​សាក​សួរ​បន្ត​ជុំ​វិញ​ការ​សង្ស័យ​ថា មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ផលិត​គ្រឿង​ញៀន​នៅ​ខេត្ត​កំពង់ស្ពឺ​កាល​ពី ១០​ឆ្នាំ​មុន។

លោក ញឹក ប៊ុនឆៃ ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​ទៅ​សាក​សួរ​នៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ម្ដង​រួច​មក​ហើយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ ហើយ​នៅ​វេលា​ម៉ោង ៥​ល្ងាច សមត្ថកិច្ច​ក៏​បាន​នាំ​រូប​លោក​ទៅ​ស្នងការដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ​វិញ។

អ្នក​យក​ព័ត៌មាន​វីអូឌី លោក ឆន ចាន់រ៉េន ដែល​បាន​តាម​ដាន​ករណី​នេះ​នៅ​ឯ​តុលាការ​នោះ បាន​រាយការណ៍​មក​ថា អតីត​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​រូប​នេះ ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​ទៅ​សាក​សួរ​បន្ត​ទៀត​នៅ​ព្រឹក​ថ្ងៃ​នេះ។

ជា​អតីត​ឧប​នាយករដ្ឋ​មន្ត្រី និង​ជា​ឧត្ដមសេនីយ៍​ផ្កាយ​ ៤​ផង​នោះ លោក ញឹក ប៊ុនឆៃ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​​​នៅ​ឯ​គេហឋាន​របស់​លោក កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​មក​នេះ ដោយ​សមត្ថកិច្ច​ថា លោក​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ផលិត​គ្រឿង​ញៀន​នៅ​ឃុំ​ត្រែងត្រយឹង ស្ថិត​ក្នុង​ស្រុក​ភ្នំ​ស្រួច។

ទោះជាយ៉ាងណា អតីត​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​រដ្ឋាភិបាល​រូប​នេះ ត្រូវ​បានចាប់​ខ្លួន បន្ទាប់​ពី​លេច​ធ្លាយ​​ព័ត៌មាន​ថា លោក​​មាន​បំណង​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រឆាំង ដែល​នាំ​ឲ្យ​បក្ស​កាន់​អំណាច​មាន​មន្ទិល​សង្ស័យ​ពី​ភាព​ស្មោះ​ត្រង់​របស់​លោក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ