សង្គមស៊ីវិលហៅការបិទផ្លូវរបស់អាជ្ញាធរថាជាចេតនានយោបាយ

មន្ត្រីអង្គការសង្គមស៊ីវិលមួយចំនួនអះអាងប្រហាក់ប្រហែលគ្នាថា ចំណាត់ការបិទផ្លូវរបស់អាជ្ញាធរបានបង្កការ ភ័យខ្លាចដល់អ្នកវិនិយោគនិងបំភិតបំភ័យពលរដ្ឋមុនការបោះឆ្នោតមកដល់ ក្រោមឥទ្ធិពលនយោបាយឈ្នះចាញ់ ដែលអ្នកនយោបាយខ្មែរធ្លាប់ធ្វើកន្លងទៅ។

កាលពីម្សិលមិញ អាជ្ញាធររាជធានីភ្នំពេញបានដាក់របាំងបិទផ្លូវច្រើនកន្លែងនៅសង្កាត់ចាក់អង្រែលើ ម្តុំគណបក្សសង្គ្រោះជាតិ ទប់ស្កាត់មិនឲ្យបក្សប្រឆាំងហែញត្តិរកអន្តរាគមន៍ពីប្រទេសភាគីនៃកិច្ចព្រមព្រៀងក្រុងប៉ារីស។

ចំណាក់ការនេះបានបង្កឲ្យមានការកកស្ទះចរាចរស្ទើពេញរាជធានីភ្នំពេញ។ ក្នុងនោះអ្នកធ្វើដំណើខ្លះស្តីបន្ទោសអាជ្ញាធរថាបានបង្កការលំបាកដល់ការប្រកបមុខរបប្រចាំថ្ងៃ អ្នកខ្លះមិនអាចទៅបំពេញការងារបាន និងអ្នកខ្លះទៀតមិនអាចទៅជួយក្រុមគ្រួសារដែលកំពុងរងគ្រោះនៅមន្ទីរពេទ្យបានជាដើម។

ពួកគេថា៖ «ធ្វើការអីធ្វើទៅ កុំឲ្យតែបិទផ្លូវគេចេញចូល ម៉ែងាប់អីវ៉ាន់ អត់ឲ្យគេទៅធ្វើបុណ្យ ធ្វើអីទេហ្អេ កូនខ្ញុំក្តៅជិតងាប់ហើយ ម៉ែខ្ញុំទិញថ្នាំ[ឲ្យលេប]នៅផ្ទះ។ ខ្ញុំអត់មានប៉ះពាល់អីដល់ចរាចរណ៍ទេ។ បិទនេះ បិទពេញទំហឹងម៉ង កន្លែងនោះបិទហើយ ខំជិះគេចពីនោះ មកដល់នេះ[មានទៀត]បិទទៀត។ កូនខ្ញុំដេកពេទ្យ នៅតែថ្ងៃងាប់ទេ ខ្ញុំសុំទៅមួយទៅ សុំទៅមួយបានទេ?»។

អគ្គលេខាធិការអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជាហៅ CHRAC លោក សួន ប៊ុនស័ក្តិ លើកឡើងថា ការបិទផ្លូវនោះបានរំលោភសិទ្ធិសេរីភាពបញ្ចេញមតិ រំលោភសិទ្ធិដើរហើរ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងប៉ះពាល់ដល់ការប្រកបមុខរបរប្រចាំថ្ងៃរបស់ពលរដ្ឋទៀតផង។

លោក សួន ប៊ុនស័ក្តិ ជំរុញឲ្យរដ្ឋាភិបាលគួរពិចារណាធ្វើយ៉ាងណា កុំយកបញ្ហានយោបាយបង្កឲ្យប៉ះពាល់ដល់ពលរដ្ឋដែលមិនបានជាប់ពាក់ព័ន្ធសោះ។

លោកបន្តថា៖ «គាត់អត់មានបញ្ហាអីនៅក្នុងរឿងហ្នឹងផង ប៉ុន្តែការចាត់វិធានការបិទផ្លូវហ្នឹង វាទៅប៉ះពាល់ដល់ពលរដ្ឋដែលគាត់មិនដឹងអី។ ដូច្នេះវាប៉ះពាល់ដល់ប្រជាពលរដ្ឋ ផ្នែកសុខទុក្ខ ផ្នែកជីវភាព បញ្ហាសុខភាពអីផ្សេងៗហ្នឹង បាទ!។ ដល់យើងធ្វើអញ្ចឹងវាអត់ត្រូវ ដូច្នេះយើងគួរគិតគូពីផលលំបាកសង្គមដែរ។ យើងគ្រាន់តែបិទបាំង ដែលមានចេតនាក្នុងរឿងអ្វីមួយ ប៉ុន្តែយើងអត់បានគិតគូការប៉ះពាល់ដល់រឿងផ្សេងទៀត បាទ!»។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព លោក យង់ គិមអេង លើកឡើងថា ការបិទផ្លូវកាលពីម្សិលមិញនេះ លោកថាអាជ្ញាធរពិតដឹងមុនថានឹងមានការកកស្ទះបង្កការលំបាកដល់ពលរដ្ឋជាអ្នកធ្វើដំណើរនិងអ្នកប្រើប្រាស់ផ្លូវជាមធ្យោបាយសម្រាប់ប្រកបរបចិញ្ចឹងជីវិតប្រចាំថ្ងៃ។

ប៉ុន្តែលោក យង់ គិមអេង ថាចំណាត់ការបិទផ្លូវនោះជារូបភាពបង្ហាញសាច់ដុំបែបនយោបាយទៅកាន់ដៃគូរច្រើនជាងហេតុផលសណ្តាប់ធ្នាប់។ លោកជំរុញឲ្យរដ្ឋាភិបាល គួរប្រើប្រាស់អំណាចខាងនយោបាយកុំឲ្យប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ។

លោកបន្ថែមថា៖ «ចំណាត់ការដែលធ្វើឡើងហ្នឹង ធ្វើម៉េចឲ្យគិតដល់ផលប្រយោជន៍ប្រជាពលរដ្ឋជាចំបង បាទ! កុំតែបង្ហាញពីភាពខ្លាំងក្លា ប៉ុន្តែត្រូវគិតពីផលប្រយោជន៍របស់ប្រជាពលរដ្ឋដែរ បាទ!»។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក ប៊ួ បញ្ញា លើកឡើងប្រហាក់ប្រហែលគ្នានេះដែរ ប៉ុន្តែលោកស្តីបន្ទោសថាអ្នកនយោបាយខ្មែរជាង២០ឆ្នាំមកនេះ លោកថានូវតែមិនប្តូរឥរិយាបទពីការប្រកួតប្រជែងគ្នាយកស្លាប់រស់ ហើយហាក់ភ្លេចគិតការប្រកួតប្រជែងពីការអភិវឌ្ឍជាតិ។

បើតាមលោក ប៊ួ បញ្ញា ការបិទផ្លូវនេះជារូបភាពគំរាមដល់ការចុះឈ្មោះបោះឆ្នោតផងនិងបង្កភាពភ័យខ្លាចដល់អ្នកវិនិយោគផង។

លោកបន្តថា៖ «អ្នកនយោបាយ គួរតែងាកមកជជែកគ្នាពីបញ្ហាស្រុកទេស មានបញ្ហាអីយើងធ្វើជជែកគ្នា យើងធ្វើការជាមួយគ្នាទៅ ជាជាងយកគ្នាជាសត្រូវ ព្រោះយើងឈ្លោះគ្នាៗពីប្រយោជន៍ជាតិ មិនមែនកេងចំណេញនយោបាយទេ។ ព្រោះកន្លងមក[កន្លងទៅ]ធ្វើឲ្យពលរដ្ឋមានការភ័យខ្លាច ធ្វើឲ្យអ្នកវិនិយោគទនអីហ្នឹងមានការភ័យខ្លាច ហ្នឹងដោយសារតែអ្នកនយោបាយហ្នឹងច្រើនតែឈ្លោះគ្នា ដើម្បីកេងចំណេញនយោបាយ ចង់ឈ្នះគ្នាតែរៀងៗខ្លួន មិនមែនគោលបំណង ដើម្បីជំរុញប្រទេសជាតិហ្នឹងឲ្យឈានទៅមុខទេ»។

ទាំងអ្នកស្រាវជ្រាវនិងមន្ត្រីសង្គមស៊ីវិល ជំរុញឲ្យរដ្ឋាភិបាលមុនបិទផ្លូវណាមួយអាជ្ញាធរគួរជូនដំណឹងដល់សាធាណៈឲ្យបានដឹងជាមុន ជាជាងប្រើអំណាចដោយមិនខ្វល់ពីការលំបាករបស់ពលរដ្ឋ។

ទោះជាយ៉ាងណា អាជ្ញាធររាជធានីបានទទួលស្គាល់ថាការបិទផ្លូវនេះពិតជាធ្វើឲ្យកកស្ទះចរាចរណ៍ ប៉ុន្តែបានការពារទង្វើនេះថា ជាការរក្សាសន្តិសុខសង្គម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ