រដ្ឋាភិបាលព្រមានចាត់វិធានការច្បាប់លើអ្នក​ប្រើយាន​យន្តកែច្នៃខុសបច្ចេកទេស​

រដ្ឋាភិបាលព្រមានថានឹងចាត់វិធានការច្បាប់លើយានយន្តកែច្នៃខុសបច្ចេកទេសនិងដឹកជញ្ជូនលើសទម្ងន់នៅទូទំាងរាជធានី-ខេត្ត ដោយថាដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈនិងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

ក្នុងលិខិតជូនដំណឹងចុះថ្ងៃ១៦ ខែសីហា ឆ្នាំ២០១៦ ក្រសួងសាធារណការនិងដឹកជញ្ជូនឲ្យដឹងថា ចាប់ពីថ្ងៃទី៩ ខែកញ្ញាខាងមុខនេះ ក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះយានយន្តមួយចំនួនរួមមាន រថយន្តសណ្តោងរ៉ឺម៉កឬសឺមីរ៉ឺម៉ក និងទំហំទ្រុងរថយន្តដឹកទំនិញដែលកែច្នៃខុសលក្ខណៈបច្ចេកទេស ដើម្បីរក្សាសណ្តាប់ធ្នាប់ ទប់ស្កាត់ការខូចខាតផ្លូវ ស្ពាន និងកាត់បន្ថយគ្រោះថ្នាក់ចរារណ៍។

អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូន លោក ចាន់ តារា បានពន្យល់បន្ថែមលើខ្លឹមសារលិខិតនោះថា បើករណីសមត្ថកិច្ចរកឃើញថាយានយន្តកែច្នៃខុសបច្ចេកទេស លោកថានគរបាលចរាចរណ៍ផ្លូវគោកនឹងធ្វើការផាកពិន័យអន្តរការតាមច្បាប់ចរាចរណ៍ផ្លូវគោក។ លោកបន្តថា៖ “បើសិនជារកទៅឃើញថាគាត់ខុសបទដ្ឋានបច្ចេកទេសដែលក្រសួងបានសម្រេច ហើយបើខុសពេលហ្នឹង គាត់នឹងត្រូវទទួលពិន័យអន្តរការ(តាមច្បាប់ចរាចរណ៍ផ្លូវគោក) ហើយបើសិនជាករណីដែលគាត់ខុសផ្នែកបច្ចេកទេសវាធ្ងន់ធ្ងរ ហើយយល់ឃើញថាគាត់មិនអាចធ្វើចរាចរណ៍បានទេ បើគាត់មិនកែប្រែសភាពការទាន់ពេល អញ្ចឹងពេលហ្នឹងរថយន្តគាត់ ត្រូវឃាត់ដើម្បីធ្វើម៉េចកែតម្រូវផ្នែកបច្ចេកទេស បើគាត់មិនកែតម្រូវ នឹងឃាត់គាត់ឲ្យទាល់តែគាត់កែតម្រូវបច្ចេកទេស បានអាចអនុញាតឲ្យគាត់ធ្វើដំណើរទៅមុខទៀតបាន“។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា ដើម្បីទប់ស្កាត់យានយន្តកែច្នៃឲ្យមានប្រសិទ្ធិភាព ក្រសួងត្រូវសហការជាមួយស្ថាប័នពាក់ព័ន្ធដោយធ្វើការត្រួតពិនិត្យការអនុវត្តជាក់ស្តែងរបស់មន្ត្រីថ្នាក់ក្រោម ដោយថាជៀសវៀងការអនុវត្តច្បាប់មានស្តង់ដារពីររវាងអ្នករកស៊ីឯកជនតូចតាចនិងក្រុមហ៊ុនដឹកជញ្ជូនរបស់អ្នកមានអំណាច។ លោកបន្ថែមថា៖ “ហេតុអីបានជាប្រជាពលរដ្ឋគាត់ប្រើរថយន្តកែច្នៃនិងដឹកជញ្ជូន ដោយសារគាត់គិតថា បើគាត់ដឹកតាមត្រឹមត្រូវ គាត់រកស៊ីមិនបានទេ ដោយសារតែមានកុងត្រូលជជុះមានអីៗច្រើន បានអ្នកខ្លះសម្រេចលោតឆ័ត្រទៅ បើគាត់ដឹងថាខុសច្បាប់បានគាត់នៅតែបង្ខំចិត្តធ្វើដល់ពេលបង្ក្រាបទៅ ជួនកាលបង្ក្រាបបានតែក្រុមស្លូតត្រង់ ក្រុមប្រជាពលរដ្ឋ បើអ្នកដែលមានបុណ្យស័ក្តិមានអំណាចអាចបង្ក្រាបមិនបាន យើងចង់ឲ្យក្រសួងសាធារណការរៀបចំខ្លួនដើម្បីទប់ស្កាត់ ឬគេហៅថាចាត់វិធានការផ្លូវច្បាប់ឬវិធានការក្តៅណាមួយឲ្យបានស្មើៗគ្នា“។

ឆ្លើយតបនឹងករណីនេះ លោក ចាន់ តារា បញ្ជាក់ថាក្រសួងសាធារណការនិងដឹកជញ្ជូននឹងសហការជាមួយស្ថាប័នពាក់ព័ន្ធដើម្បីតាមដានការអនុវត្តកិច្ចការនេះ ដោយលោកបង្ហាញជំនឿថាការអនុវត្តរបស់នគរបាលចរាចរណ៍មិនធ្វេសប្រហែសក្នុងការអនុវត្តតួនាទីរបស់ខ្លួននោះទេ។ លោកបន្តថា៖ “សង្ឃឹមថាមន្ត្រីយើងដែលទទួលបានការណែនាំនៅក្នុងការអនុវត្ត លោកមិនធ្វើប្រហែសនៅក្នុងការងារហ្នឹងទេ ហើយមិនអាចទៅមានរឿងអីអាស្រូវពាក់ព័ន្ធពុករលួយនៅក្នុងហ្នឹងនោះទេ មិនមានទេ ខ្ញុំជឿថាមិនបានជាដាច់ខាត ហើយបើមន្ត្រីយើងណាដែលនៅប្រព្រឹត្តអំពើហ្នឹង គឺមានសមត្ថកិច្ចគេជាអ្នកតាមពិនិត្យមើល ហើយអាចទទួលរងទៅតាមច្បាប់ បើសិនជាបានប្រព្រឹត្តខុសនឹងច្បាប់ដែលពាក់ព័ន្ធនឹងការប្រឆំាងនឹងអំពើពុករលួយ“។

មាត្រា៦៦ នៃច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោកថ្មីមានខ្លឹមសារថា មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ត្រូវឃាត់យានជំនិះមិនឲ្យធ្វើចរាចរណ៍ ឬឃំាងទុកយានជំនិះមិនឲ្យលើសពីបីថ្ងៃ ដើម្បីធ្វើការពិន័យនិងកែតម្រូវលក្ខណៈបច្ចេកទេសទៅតាមករណីដែលអ្នកបើកបរបានប្រព្រឹត្តបទល្មើសដូចជា យានជំនិះមិនមានលក្ខណៈបច្ចេកទេសគ្រប់គ្រាន់អាចបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍និងយានជំនិះផ្ទុកទំនិញហួសកម្រិតកំណត់ដោយច្បាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ