សមត្ថកិច្ចនៅមិនទាន់មានតម្រុយពីការបំផ្ទុះគ្រាប់បែកចំកណ្តាលរាជធានីភ្នំពេញ

សមត្ថកិច្ចចុះស៊ើបអង្គេតកន្លែងបំផ្ទុះគ្រាប់បែក (រូបភាពពីធ្វីតធឺ Jack Board)

ប្រហែលជា២ម៉ោងក្រោយ សមត្ថកិច្ចរាជធានីភ្នំពេញនៅមិនទាន់អាចបញ្ជាក់បានពីមូលហេតុច្បាស់លាស់នៃការបំផ្ទុះគ្រាប់បែកនៅចំកណ្តាលរាជធានីភ្នំពេញបាននៅឡើយទេ។

សាក្សីប្រាប់អ្នកយកព័ត៌មានវីអូឌីថា គ្រាប់បែក១គ្រាប់បានផ្ទុះនៅម៉ោងប្រមាណជា៨យប់ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ នៅលើផ្លូវលេខ១៦៣ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន ចំងាយប្រហែលជា២០០ម៉ែត្រពីផ្សារអូឡាំពិក។

ស្នងការនគរបាលរាជធានីភ្នំពេញបានទៅដល់កន្លែងកើតហេតុ ប៉ុន្តែមិនបានផ្តល់បទសម្ភាសន៍ដល់អ្នកយកព័ត៌មាននោះទេ។

រូបភាពដែលត្រូវបានចែកផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុក បានបង្ហាញពីរូបភាពស្រ្តីម្នាក់ និងបុរសពីរនាក់ផ្សេងទៀតដែលរងរបួស និងរថយន្តម៉ាកលិចស្ស៊ីស RX330 ដែលបែកកញ្ចក់។ រថយន្តមួយចំនួនទៀតនៅក្បែរនោះក៏ខូចខាតដោយបែកកង់ និងកញ្ចក់ផងដែរ។

សាក្សីនៅជិតកន្លែងកើតហេតុបាននិយាយថាអ្នកដែលរងរបួសនោះ គឺមានជនជាតិវៀតណាមម្នាក់ និងស្រ្តីជនជាតិខ្មែរ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យរុស្ស៊ី និងជនជាតិឥណ្ឌាម្នាក់ដែលរងរបួសចង្កេះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត។

អ្នកវិភាគ និងជាប្រធានវេទិកាអនាគត លោក អ៊ូ វីរៈ មានប្រសាសន៍ប្រាប់វីអូឌីថា ការប្រើគ្រាប់បែកជាការគម្រាមកំហែង និងជាការធ្វើឲ្យខាតបង់ច្រើនណាស់សម្រាប់ប្រទេសកម្ពុជា។

លោកថា៖ “វាហាក់ដូចជាជម្លោះបុគ្គល […] សូមរង់ចាំមើល […] ការប្រើគ្រាប់បែកគម្រាមកំហែងគឺខាតច្រើនណាស់សម្រាប់ប្រទេសកម្ពុជា […] រដ្ឋាភិបាលនឹងមិនធ្វើដូច្នេះទេ”។

លោក អ៊ូ វីរៈ ក៏មិនគិតថា វាគឺជាភេរវកម្មអន្តរជាតិនោះដែរ។

ការបំផ្ទុះគ្រាប់បែកនេះបានកើតឡើងរយៈពេល១ថ្ងៃក្រោយពេលដែលអាជ្ញាធររាជធានីភ្នំពេញបានដាក់កំលាំងរាំងខ្ទប់ផែនការដង្ហែញត្តិរបស់គណបក្សសង្គ្រោះជាតិទៅដាក់តាមស្ថានទូតនានា។

ក្នុងសេចក្តីជូនដំណឹងមួយកាលពីថ្ងៃចន្ទម្សិលមិញ គណបក្សសង្គ្រោះជាតិគ្រោងនឹងរៀបចំពិធីជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំគណបក្សនេះ និងមហាជននៅថ្ងៃសុក្រចុងសបា្តហ៍នេះ គឺចំពេលដែលតុលាការកោះហៅលោក កឹម សុខា ប្រធានស្តីទីគណបក្សនេះ៕ រាយការណ៍បន្ថែមដោយ ណាត សុភាព

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ