កម្មករថាពួកគេត្រូវក្រុមហ៊ុនកាត់លុយដោយសារសមត្ថកិច្ចបិទផ្លូវ

ការកកស្ទះចរាចរណ៍ (រូបភាពពីហ្វេសប៊ុក)

កម្មករមួយចំនួនដែលរាំងស្ទះដោយសារសមត្ថកិច្ចបិទផ្លូវនៅម្តុំគណបក្សសង្រ្គោះជាតិកាលពីម្សិលម៉ិញ អះអាង ថាក្រុមហ៊ុនបានកាត់លុយពួកគេម្នាក់អស់ជិត២០ដុល្លារ ខណៈពួកគេស្ទះផ្លូវទៅធ្វើការមិនបាន។

សមត្ថកិច្ចរាជធានីភ្នំពេញកាលពីថ្ងៃចន្ទបានបិទផ្លូវមួយចំនួនក្នុងគោលបំណងទប់ស្កាត់គណបក្សសង្គ្រោះជាតិដឹកនាំហែញត្តិនិងបានបង្កឲ្យអ្នកធ្វើដំណើររាប់ពាន់នាក់កកស្ទះនៅកំណាត់ផ្លូវជាតិលេខ២ លេខ១ ផ្លូវ២៧១ ផ្លូវនរោត្តម ផ្លូវមុនីវង្ស និងផ្លូវមួយចំនួនទៀតពេញមួយព្រឹក។

កម្មករផ្នែកដេរអ្នកស្រី ជា ស្រីមុល ធ្វើការនៅរោងចក្រមួយក្នុងសង្កាត់ចាក់អង្រែក្រោមប្រាប់វីអូឌីថា ដោយសារតែសមត្ថកិច្ចបិទផ្លូវនេះហើយ ធ្វើឲ្យអ្នកស្រីអាក់ខានមិនបានចូលធ្វើការងារមួយព្រឹកនិងសុំច្បាប់មិនបានត្រូវរោងចក្រកាត់លុយអស់ជាង១០ដុល្លារ។ អ្នកស្រីថានៅរោងចក្រអ្នកស្រីធ្វើការនោះតាមអ្នកស្រីដឹង មានកម្មករប្រមាណ១០នាក់មិនបានចូលធ្វើការដូចអ្នកស្រីដែរ។

អ្នកស្រីបន្ថែមថា៖ “និយាយទៅប្រហែលជាថៅកែគេដែរ ប៉ុន្តែគេមិនគិតផលប្រយោជន៍ពីយើងទេ គិតថាដឹងថាយើងអត់មកធ្វើការ ដឹងថាកាត់លុយយើងម៉ង។ ថៅកាត់លុយ និយាយរួមមានលុយព្រីម លុយបាយ និងលុយថ្ងៃ”។

ស្រដៀងគ្នានេះដែរកម្មករធ្វើការនៅរោងចក្រ អ៊ឹម វេ ក្នុងសង្កាត់ចាក់អង្រែក្រោម អ្នកស្រី យ៉ង លន ឲ្យដឹងថាអ្នកស្រីនិងកម្មករជាច្រើនអ្នកផ្សេងទៀតនៅក្នុងចក្រនេះក៍ត្រូវបានថៅរោងចក្រកាត់លុយដែរ។ តែទោះយ៉ាងណា អ្នកស្រីថា ដោយសារមានសហជីពជួយសម្របសម្រួល ហើយថៅកែមានការយោគយល់ រោងចក្រនោះកាត់លុយកម្មករអស់ប្រមាណ៣ទៅ៤ដុល្លារប៉ុណ្ណោះ។

អ្នកស្រីថា ពួកគាត់បានព្យាយាមសុំនិងប្រាប់សមត្ថកិច្ចដែរ ថាខ្លួនជាកម្មករធ្វើការនៅរោងចក្រក្បែរនោះទេ តែសមត្ថកិច្ចមិនបានអនុញ្ញាត្តិឡើយ។

អ្នកស្រីបន្ថែមថា៖ “ប៉ះពាល់ជីវភាពបោះ(របស់)ខ្ញុំ ចុះបើប្រាក់ខែពួកខ្ញុំប៉ុណ្ណឹងកំពុងតែចាយមិនគ្រប់គ្រាន់ផង ដល់ពេលពួកខ្ញុំត្រូវមកធ្វើការសោះ បែរជាអាជ្ញាធរបិទផ្លូវអញ្ចឹង ដល់ពេលខាតបង់ ខាតបង់កម្មករអត់មានអ្នកណាទទួលខុសត្រូវផង អាជ្ញាធរក៏អត់ទទួលខុសត្រូវ ក្រសួងការងារក៏អត់ទទួលខុសត្រូវ”។

តំណាងសហជីពសេរីកម្មករប្រចាំរោងចក្រ អ៊ឹម វេ លោក ញ៉ឹក សាវុធ ប្រាប់វីអូឌីថា នៅរោងចក្រ អ៊ឹម វេ មានកម្មករប្រមាណ២០០នាក់ដែលមិនបានចូលធ្វើការដោយសារតែសមត្ថកិច្ចបិទផ្លូវ។ តែយ៉ាងណា លោកថាសហជីពលោកបានសម្របសម្រួសជាមួយភាគីរោងចក្រដោយនិយាយប្រាប់ពីហេតុការណ៍នោះ ទើបរោងចក្រកាត់លុយចំនួនតិចពីកម្មករ។

លោកថាករណីសមត្ថកិច្ចបិទផ្លូវនេះបានឲ្យប៉ះពាល់កម្មករដែលតាមរោងចក្រតាមកំណាត់ផ្លូវនោះប្រមាណជិត១០រោងចក្រ។

លោកបន្ថែមថា៖ “ភាគច្រើននៅទីនោះមានកម្មករសំណង់ កម្មកររោចក្រកាត់ដេរគឺរោងចក្រខ្លះ គាត់មិនបានឲ្យច្បាប់ទេ ប៉ុន្តែសម្រាប់រោងចក្រខ្ញុំនេះ[រោងចក្រអ៊ឹមវេ]គាត់មានការយោគយល់ ប៉ុន្តែមានរោងចក្រមួយចំនួនគាត់មិនយល់អញ្ចឹងទេ ទោះគាត់ដឹងថាស្ទះផ្លូវក៏ដោយ គាត់ដឹងតែកាត់លុយកម្មករហើយ”។

កម្មករអំពាវនាវឲ្យសមត្ថកិច្ចត្រូវជូនដំណឹងជាមុនឬត្រូវសម្របសម្រួលដល់ពួកគេដែលធ្វើការនៅរោងចក្រតាមកំណាត់ផ្លូវដែលត្រូវបិទនោះដើម្បីជៀសវាងផលប៉ះពាល់ការងារកម្មករ។

ពាក់ព័ន្ធនឹងសមត្ថកិច្ចបិទផ្លូវកាលពីថ្ងៃចន្ទម្សិលម៉ិញនេះ គណបក្សសង្គ្រោះជាតិនិងប្រជាពលរដ្ឋរាប់ពាន់ដែលធ្វើដំណើរកាត់តាមផ្លូវជាតិលេខ២ បានសម្តែងការមិនសប្បាយចិត្តនិងខឹងសប្បារ ដោយស្តីបន្ទោសអាជ្ញាធររាជធានីភ្នំពេញដែលបានបិទផ្លូវពេញនោះ។ ប៉ុន្តែអាជ្ញាធរថាការពារចំពោះវិធានការបិទផ្លូវនេះថា ដើម្បីរក្សាសន្តិសុខ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ