វិភាគ៖ តើ​ការ​ប្រគល់​សិទ្ធិ​កាន់​កាប់​ផ្សារ​ដល់​អាជីវករ​ជួយ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​​ប្រជាជន​មែន​ឬ​យ៉ាងណា?

ទិដ្ឋភាពផ្សារធំថ្មី នៃទីក្រុងភ្នំពេញ កាលពីពេលកន្លងទៅ (ដោយ សាយ ទ្បាលីស)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៥ ខែសីហា បានសម្រេចប្រគល់ផ្សារនៅទូទាំងប្រទេសទៅដល់អាជីវករទាំងអស់ឲ្យកាន់កាប់តូបលក់ដូររបស់ពួកគេអស់មួយជីវិត ព្រមទាំងអាចលក់ឬផ្ទេរសិទ្ធិផងដែរ ដោយក្រសួងសេដ្ឋកិច្ចបញ្ជាក់ថា ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ហើយលោកនាយករដ្ឋមន្ត្រីប្រាប់ថា ដើម្បីពន្លត់ភ្លើងជាជាងអង្គុយបក់ផ្សែង។

ការសម្រេចដូច្នេះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនមែនជារឿងចៃដន្យនោះឡើយ ប៉ុន្តែវាបានកើតឡើងប៉ុន្មានសប្ដាហ៍ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចផ្ដល់សិទ្ធិកាន់កាប់តូបអស់មួយជីវិតដល់អាជីវករនៅតាមបណ្ដាខេត្តនានា ជាទីដែលលោកបានធ្វើដំណើរទៅដល់នៅក្នុងយុទ្ធនាការចុះមូលដ្ឋាន ដើម្បីពិនិត្យមើលសមិទ្ធផលជាតិនិងជួបសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទៅ។

ការសម្រេចនេះ ក៏ជាផ្នែកមួយនៃអ្វីដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងកាលពីថ្ងៃទី២២ ខែសីហាកន្លងមកថា ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋ នៅមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ២០១៧ និងការបោះឆ្នោតជាតិនៅឆ្នាំ២០១៨ខាងមុខ បន្ទាប់ពីការបោះឆ្នោតជាតិកាលពីឆ្នាំ២០១៣ បានបង្ហាញថា គណបក្សកាន់អំណាចបានបាត់បង់ការគាំទ្រដល់ទៅ២២អាសនៈនៅទូទាំងប្រទេស។

ក្រុមអាជីវករនៅទូទាំងប្រទេស បានសម្ដែងនូវភាពសប្បាយរីករាយរបស់ពួកគេ បន្ទាប់ពីទទួលបានការសម្រេចបែបនេះពីរាជរដ្ឋាភិបាល។

ប៉ុន្តែ វាបានបន្សល់ទុកនូវចំណោទមួយថា តើការសម្រេចបែបនេះរបស់រាជរដ្ឋាភិបាល អាចជួយកាត់បន្ថយភាពក្រីក្រនិងលើកកម្ពស់ជីវភាពប្រជាជនមែនឬយ៉ាងណា?

អ្នកសិក្សាស្រាវជ្រាវសង្គម លោកបណ្ឌិត មាស នី បានទទួលស្គាល់ថា ការសម្រេចបែបនេះរបស់រដ្ឋាភិបាល ពិតជាបានផ្ដល់ផលប្រយោជន៍ដល់ក្រុមអាជីវករ ប៉ុន្តែលោកថាមិនមែនប្រជាជនភាគច្រើននោះឡើយ ខណៈដែលក្រុមអាជីវករមានចំនួនតិច បើធៀបទៅនឹងក្រុមដទៃទៀតនៃប្រជាជនកម្ពុជា។

លោកមានប្រសាសន៍ថា៖ “សម្រាប់អាជីវករនៅក្នុងប្រទេសយើង ខ្ញុំគិតថាមិនមានច្រើននោះទេ។ រដ្ឋាភិបាលគួរតែពិចារណាឲ្យបានល្អិតល្អន់សិន ដើម្បីពិនិត្យពិច័យផលប្រយោជន៍សម្រាប់ជាតិ ក៏ដូចជាផលប្រយោជន៍សម្រាប់អាជីវករ មុននឹងសម្រេចចិត្តទៅលើអ្វីមួយ។ ពេលខ្លះ ការសម្រេចទៅ ផលប្រយោជន៍ជាតិក៏មិនបាន ប្រជាប្រិយភាពហ្នឹងក៏ហិនហោចទៀត”។

យោងតាមស្ថិតិជំរឿនរបស់រាជរដ្ឋាភិបាលកម្ពុជាកាលពីជិត១០ឆ្នាំមុនបានឲ្យដឹងថា ប្រជាជនកម្ពុជាមានចំនួនជាង១៣លាន ៤សែននាក់ ហើយចំនួននេះបានកើនឡើងជាង១៥លាន ៣សែននាក់ គិតត្រឹមឆ្នាំ២០១៥កន្លងមក។ ប៉ុន្តែអ្វីដែលគេដឹងច្បាស់នោះគឺថា ប្រជាជនកម្ពុជាភាគច្រើនរហូតដល់៨០ភាគរយ គឺជាកសិករនៅតាមតំបន់ជនបទដែលពឹងផ្អែកយ៉ាងខ្លាំងទៅលើកសិកម្ម ខណៈដែលចំនួនប្រជាពលរដ្ឋរស់នៅទីក្រុងមានចំនួនជាង ១៩ភាគរយប៉ុណ្ណោះ នៅក្នុងចំណោមចំនួនប្រជាជនសរុប។ ទោះជាយ៉ាងណាចំនួនប្រជាជនជាអាជីវករនៅតាមផ្សារ កាន់តែរួមតូចទៅទៀត បើទោះបីជាមិនមានតួលេខជាក់លាក់ក៏ដោយ។

កសិកម្មគឺជាវិស័យសំខាន់មួយដែលជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ប៉ុន្តែគ្រោះរាំងស្ងួតដែលអូសបន្លាយចាប់តាំងពីឆ្នាំមុនរហូតដល់ដើមឆ្នាំ២០១៦កន្លងមក បានវាយប្រហារទៅលើផលិតកម្មកសិកម្មនៅតាមបណ្ដាខេត្តចំនួន១៨នៅទូទាំងប្រទេស ដែលនាំឲ្យធនាគារពិភពលោកបានព្រមានកាលពីឆ្នាំមុនថា វាធ្វើឲ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពក្រីក្ររបស់រដ្ឋាភិបាលកម្ពុជា។

របាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចកម្ពុជាចេញផ្សាយដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកាលពីថ្ងៃទី៣០ខែសីហាកន្លងមកនេះបានបង្ហាញថា វិស័យកសិកម្មនៅមិនទាន់ល្អប្រសើរខ្លាំងនោះឡើយ បើទោះបីជារបាយការណ៍នោះបញ្ជាក់ថាមានកំណើនលើសឆ្នាំមុនបន្តិចក្ដី ខណៈដែលបាតុភូតធម្មជាតិ El Nina ត្រូវបានគេព្រមានថានឹងបង្កឲ្យមានទឹកជំនន់ក្នុងរដូវវស្សាឆ្នាំនេះ។

ទោះបីជារបាយការណ៍ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបង្ហាញថា សេដ្ឋកិច្ចកម្ពុជានៅតែរក្សាកំណើនបានក្នុងរង្វង់ ៧ភាគរយនៅក្នុងឆ្នាំ២០១៦នេះក្ដី ប៉ុន្តែតំណាងប្រជាកសិករមកពីខេត្តបាត់ដំបង អ្នកស្រី ដេម ស្រីលីម បានថ្លែងក្នុងវេទិកាកសិករថ្នាក់ជាតិកាលពីខែមីនាកន្លងមកថា ក្រៅពីជួបប្រទះនឹងគ្រោះរាំងស្ងួត ប្រជាកសិករបានប្រឈមមុខទៅនឹងកង្វះទីផ្សារសម្រាប់ផលិតផលកសិកម្មរបស់ពួកគេ។

កង្វះខាតទីផ្សារសម្រាប់ផលិតផលកសិកម្មបានជំរុញឲ្យបានជំរុញឲ្យបំណុលរបស់ប្រជាកសិករកាន់តែកើនឡើងខ្ពស់។ កាលពីចុងខែសីហាកន្លងមកនេះ កសិករជាង១៦០គ្រួសារនៅស្រុកគូលែន ខេត្តព្រះវិហារ បានអំពាវនាវទៅធនាគារនិងស្ថាប័នមីក្រូហិរញ្ញវត្ថុ ឲ្យពន្យាពេលចំពោះការសងប្រាក់កម្ចី ដោយពួកគេអះអាងថា ផលិតផលកសិកម្មរបស់ពួកគេគ្មានទីផ្សារ។

ចំណែកប្រធានសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា លោក ហ៊ួត អៀងតុង ត្រូវបានកាសែតភ្នំពេញប៉ុស្តិ៍ដកស្រង់សម្ដីចុះផ្សាយថា ទំហំកម្ចីដែលអតិថិជនមិនបានសងត្រឡប់ទាន់ពេលនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា បានកើនឡើងទ្វេដងនៅរយៈពេល៦ខែដើមឆ្នាំ២០១៦នេះ ដែលជះឥទ្ធិពលមិនល្អដល់ភាគីពាក់ព័ន្ធ។

លោក ហ៊ួត អៀងតុង បញ្ជាក់ថាកំណើនកម្ចីដែលអតិថិជនមិនសងត្រឡប់ទាន់ពេលវេលាពាក់ព័ន្ធនឹងវិស័យកសិកម្មមានដល់ទៅ៣០ភាគរយនៃកម្ចីសរុបក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ដោយសារតែការធ្លាក់ចុះនៃវិស័យកសិកម្មដែលកើតចេញពីបាតុភូតរាំងស្ងួត El Nino អូសបន្លាយយូរពេក។

អ្នកជំនាញផ្នែកកសិកម្ម លោកបណ្ឌិត យ៉ង់ ស៊ាំងកុមារ មានប្រសាសន៍ថា វាជារឿងល្អមួយហើយដែលរដ្ឋាភិបាលបានជួយដល់ក្រុមអាជីវករ ប៉ុន្តែលោកបញ្ជាក់ថា ប្រជាកសិករកម្ពុជាគឺជាក្រុមមានចំនួនច្រើនបំផុតនៅក្នុងប្រទេសកម្ពុជា ហើយបញ្ហាប្រឈមរបស់ក្រុមនេះមានកម្រិតធ្ងន់ធ្ងរជាងក្រុមអាជីវករដែលជាក្រុមមានជីវភាពធូរធាជាង។

លោក យ៉ង ស៊ាំងកុមារ ថ្លែងថា៖ “ការជួយដល់អាជីវករ គឺជារឿងល្អមួយ។ ប៉ុន្តែកសិករគឺជាក្រុមគោលដ៏សំខាន់មួយ។ ទោះបីមិនទាន់មានលទ្ធភាពជួយទាំងអស់ រដ្ឋាភិបាលគួរចាប់ផ្ដើមជាជំហានៗ ចេញពីខេត្តណាមួយ ហើយពង្រីកការងារនេះ ពីព្រោះយើងគិតថាកសិករក៏ជាក្រុមអាជីវករផងដែរ ប៉ុន្តែជាអាជីវករផ្នែកកសិកម្ម”។

លោកបន្តថា៖ “កសិករគឺជាក្រុមប្រជាពលរដ្ឋភាគច្រើន។ ភាពរីកចម្រើនឬភាពជោគជ័យរបស់ពួកគាត់ គឺជាជោគជ័យរបស់រដ្ឋាភិបាលផងដែរ”។

បើតាមលោក យ៉ង់ ស៊ាំងកុមារ រដ្ឋាភិបាលគួរតែមើលតម្រូវការជាក់ស្ដែងរបស់ប្រជាកសិករនាពេលបច្ចុប្បន្ន ដូចជាតម្រូវការអ្នកជំនាញបច្ចេកទេសសម្រាប់ជួយបង្រៀនបច្ចេកទេសកសិកម្ម តម្រូវការកម្ចីហិរញ្ញវត្ថុមានអត្រាការប្រាក់ទាប និងតម្រូវការទីផ្សារសម្រាប់លក់ផលិតផលកសិកម្ម។

លោកថ្លែងបន្តថា៖ “យើងអាចថា នៅតាមទីក្រុងមានទីតាំងមួយដែលកសិករអាចយកផលិតផលមកលក់ផ្ទាល់។ នៅតាមប្រទេសគេមួយចំនួន គេធ្វើអីចឹងដែរ។ តាមទីប្រជុំជន គេមានផ្សារសម្រាប់កសិករយកផលិតផលមកលក់ផ្ទាល់។ ខ្ញុំជឿថា កសិករប្រឈមនឹងបញ្ហាធ្ងន់ធ្ងរជាង ជាពិសេសបើគិតពីជីវភាពរស់នៅ កសិករលំបាកជាង។ ជាទូទៅ អ្នកផ្សារនិងអ្នកក្រុង គ្រាន់បើជាងអ្នកស្រែនិងអ្នកជនបទ។ កសិករមានជីវភាពលំបាកជាង បើធៀបនឹងអាជីវករជារួម”៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ