លោក​ ហ៊ុន សែន គំរាម​ចាប់​ខ្លួន​មនុស្ស​បន្ថែម ខណៈថាបន្តកាន់អំណាច​ពីរអាណត្តិទៀត

នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កាលពីពេលកន្លងទៅ

នាយក​រដ្ឋ​មន្ត្រី​កម្ពុជាប្រកាស​ថា ​លោក​នឹង​កាន់​អំណាច​ដល់​អាយុ​ជិត​៨០ឆ្នាំ​ ខណៈដែលលោក​គំរាម​ចាប់​ខ្លួន​​មនុស្ស​មួយ​ចំនួន​ទៀត ​ដែល​ពាក់​ព័ន្ធ​នឹង​ប្រធាន​បក្ស​ប្រឆាំង ​ដែល​លោក​ ហ៊ុន សែន ថា​បាន​ក្បត់​ជាតិកម្ពុជា។

លោក​ ហ៊ុន សែន ក្នុងពិធីជួប​ជា​មួយ​កម្ម​ករ​រោង​ចក្រ​នៅរាជធានីភ្នំពេញ​ នៅ​ថ្ងៃ​ទី​០៦ កញ្ញា​នេះ បាន​​ប្រកាស​ថាលោក​នឹង​បន្ត​ដឹក​នាំ​ប្រទេស​កម្ពុជារយៈពេល​២អាណត្តិ​ទៀត បន្ទាប់​ពី​លោក​ថា លោក​ឈឺ​ចាប់​​ចំពោះ​អ្វី​ដែល​លោកលើក​ឡើង​​ថា​ លោក​ កឹម សុខា ក្បត់​ជាតិខ្មែរ លើសពី​នេះ​ទៀត​ លោក​ក៏​បាន​គំរាម​ថា​​ នឹង​អាច​មាន​មនុស្ស​មួយ​ចំនួន​ទៀត​ក៏​នឹង​អាច​ចាប់​ខ្លួន​ផង​ដែរ​។

លោក​ថា៖ «ខ្ញុំ​សម្រេច​ចិត្ត​ប្រកាស​ថា ខ្ញុំ​នឹង​បន្ត​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​សម្រាប់​រយៈពេល២​អាណត្តិបន្ត​​ទៀត​។ មុន​នេះ ​ខ្ញុំ​មានការ​ស្ទាក់ស្ទើរ តើ​ខ្ញុំ​សម្រេច​ចាកចេញ​ពេល​ណា ប៉ុន្តែ​បន្ទាប់​ពី​ឃើញ​ព្រឹ​ត្ត​ការណ៍​ដ៏​គួរឲ្យ​ឈឺចាប់​នៃ​អំពើ​ក្បត់​ជាតិ​របស់​ជនជាតិ​ខ្មែរ ដែល​ត្រូវ​បាន​ចាប់ខ្លួន​រួច​មក​ហើយ និង​អាច​មាន​ខ្លះ​ទៀត។ ខ្ញុំ​សម្រេចចិត្ត​បន្តការងារ​របស់ខ្ញុំ​មិន​តិច​ជាង១០ឆ្នាំ​ទៀត​ទេ ហើយ​សង្ឃឹម​ថាក្មួយ​ៗ​កម្ម​ករ​ កម្មការិនី បន្ត​បោះឆ្នោត​ឲ្យ​ពូ»។

ខណៈដែល​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០១៨ ខិត​ជិត​មក​ដល់ ច្បាប់​បទដ្ឋាន​នានា ត្រូវ​បាន​លោក ​ហ៊ុន សែន ស្នើ​ឲ្យ​បង្កើត ដែល​ករណី​នេះ​សម្រាប់​មជ្ឈដ្ឋាន​ទូ​ទៅ​ កត់​សំគាល់​ថា​មាន​ចេតនា​រារាំងគណបក្ស​ប្រឆាំង​មិន​ឲ្យ​ធ្វើ​នយោបាយ។ លើ​ស​ពី​នេះ​ទៀត​ប្រធា​នគណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ក៏​ត្រូវ​បាន​ចាប់​ខ្លួន ដោយ​ចោ​ទ​ថា​បាន «ក្បត់​ជាតិ​» ទាំង​កណ្តាល​អាធ្រាត​​ផង​ដែរ ​បន្ទាប់​វី​ដេអូ​មួយ​ដែល​លោក កឹម សុខា បាន​ថ្លែងកាលពី​ឆ្នាំ​២០១៣ ​ថាលោក​ទទួល​ជំនួយ​ពី​សហរដ្ឋ​អាមេរិក ក្នុង​ការ​ធ្វើ​ការ​ងារ​ដើម្បី​យក​ឈ្នះ​រដ្ឋាភិបាល​លោក​ ហ៊ុន សែន តាម​គំរូ​ប្រទេស​យូ​ហ្គោស្លាវី និង​ប្រទេស​សើប៊ី។​ ការ​ចាប់​ខ្លួន​នេះ​​ត្រូវ​បាន​មជ្ឈដ្ឋាន​អន្ត​រជាតិ និង​ប្រទេស​ធំ​មួយ​ចំនួន​​ធ្វើការ​រិះ​គន់​ នឹង​ស្នើ​ឲ្យ​មាន​ដំណោះ​ស្រាយ​ជា​បន្ទាន់​ តែ​លោក ​ហ៊ុន សែន ថា​ឲ្យ​ប្រទេស​ទាំង​នោះ​វិញ​ថា​កុំ​ឲ្យ​លូក​ដៃ​ចូល​កិច្ច​កា​រផ្ទៃ​ក្នុង​កម្ពុជា កុំ​ឲ្យ​ការ​ពារអាយ៉ង​ខ្លួន។

​លោក ហ៊ុន សែន ​ត្រូវ​បាន​ការ​សែត​​អាមេរិក​វ៉ា​ស៊ិន​តោន​ប៉ុស្តិ៍ ចាត់​ចំណាត់​ថ្នាក់​​ជា​មេដឹកនាំ​កាន់អំណាចដ៏​យូរ​ក្នុង​ចំណោម​មេដឹកនាំ​២៣​រូប​ទៀត ដែល​មិន​ព្រម​ចាកចេញ​ពី​តំណែង បើទោះជា​មាន​បាតុកម្ម​ទាមទារ​ឲ្យ​លាលែង ឬ ចាញ់​ឆ្នោត​ក៏​ដោយ។​ កាសែត​អាមេរិក​មួយ​នេះ ក៏​បាន​បរិយា​យដែរ​ថា កម្ពុជាក្រោម​ការ​គ្រប់​គ្រង​របស់​លោក ​ហ៊ុន សែន ​មាន​ទាំង​ជោគ​ជ័យ ភាព​រីកចម្រើន ការ​ភ័យខ្លាច និទណ្ឌភាព បក្សពួក-គ្រួសារនិយម និង​ពុករលួយ។

​លោក ហ៊ុន សែន ដែលបច្ចុប្បន្នអាយុ៦៧ឆ្នាំ បានគ្រប់គ្រងកម្ពុជារយៈពេល៣២ហើយ បើរាប់​ចាប់​ពីឆ្នាំ​១៩៨៥មក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ