បទយកការណ៍៖ កម្មាការិនីត្អូញត្អែរពីការមិនសូវយកចិត្តទុកដាក់លើពួកគេដែលប្រើប័ណ្ណ ប.ស.ស

ដោយ កញ្ញា ខាន់ លក្ខិណា​​ | ថ្ងៃពុធ ទី៦ ខែកញ្ញា ឆ្នាំ២០១៧​ ម៉ោង 9:24 AM | បទយកការណ៍ | 0 | 1551 កម្មករ-កម្មការិនីរោងចក្រ (ដោយ ណាត សុភាព)

នេះជាការរៀបរាប់ពីទុក្ខលំបាកខ្លះៗ របស់កម្មាការិនីរោងចក្រម្នាក់ នៅពេលដែលគាត់ទៅព្យាបាលជំងឺ ដោយ ប្រើប័ណ្ណ​របប​សន្តិ​សុខ​សង្គម​។

មានសម្បុរខ្មៅស្រអែម សក់ក្រឡឹកករ ស្ត្រីវ័យជាង៣០ រូបនេះនិយាយថា ការដែលមានប័ណ្ណ​របប​សន្តិ​សុខ​សង្គមនេះ ល្អ ពេលទៅព្យាបាលជំងឺ គឺមិនអស់លុយទេ ប៉ុន្តែការមិនអស់លុយនេះ បានធ្វើគាត់ជួបការលំបាក ដោយសារគ្រូពេទ្យមិនសូវយកចិត្តទុកដាក់។​

អ្នកស្រីថា «សម្រាកអត់បានត្រឹមត្រូវ ប្ដីខ្ញុំថា អ្នកគ្រូពេទ្យប្រពន្ធខ្ញុំគាត់ខូចកូននៅក្នុងពោះ គាត់ថាចឹងទៅ ថា​នៅចាំហ្នឹងសិន ចាំរហូតអត់មានឲ្យថ្នាំអី ថាចាំម៉ោង៧ល្ងាចបានឲ្យថ្នាំ ដល់ម៉ោង៧ល្ងាចថាឲ្យថ្នាំទៀត អត់ទៀត គាត់ទៅសួរគេរហូត ទាល់ម៉ោងជិត១០ ថាអត់ទេ​ចាំស្អែកម៉ោង៧ព្រឹក បានគេឲ្យថ្នាំលេប ហើយខ្ញុំគេនៅទេនឹងឡើយ​១យប់ ហើយអត់មានកន្លែងសម្រាកទេកណ្ដាលវាយ»។

ស្ត្រីរូបនេះបានរៀបរាប់ទៀតថា គាត់ចង់ឲ្យខាងបេឡាជាតិ​របប​សន្តិ​សុខ​សង្គម​ ឬហៅថា(ប.ស.ស) ចុះទៅពិនិត្យនៅតាមមន្ទីរពេទ្យនីមួយៗដែលបានចុះកិច្ចសន្យាជាមួយបេឡាជាតិរបបសន្តិសុខសង្គម ដើម្បីតាមដានថា គ្រូពេទ្យយកចិត្តទុកដាក់លើកម្មករឬអត់។

អ្នកស្រីថា «ឲ្យគេមើលដិតដល់ លេងទៅចឹងទៅចាំបន្តិចៗចឹងហ្នឹងចេះបើសិនជាយូរថ្ងៃចុកធ្លាក់ឈាម មិនម៉េចម៉ាទេថ្ងៃហ្នឹង បើចាំបន្តិចៗចឹងរហូត។ ចង់ឲ្យជួយសម្រួលដូចថាកម្មករទៅ ឲ្យយកចិត្តទុកដាក់ចឹង លេងទុកចោលរហូតទាល់តែគ្នាទៅសួរ និយាយមួយម៉ាត់ ពីរមាត់ បើពេទ្យខ្លះល្អ និយាយស្រួល ពេទ្យខ្លះអត់ល្អ ស្ដីឲ្យទៀត ស្ដីឲ្យថាប្រាប់ចាំបន្តិចលូវមកសួរៗរហូតថាឲ្យអញ្ចឹង។ តែមិនស្ដីឲ្យខ្ញុំទេ ស្ដីឲ្យគ្រួសារខ្ញុំ គាត់អ្នកទៅសួរ ខ្ញុំនៅដេកមុខបន្ទប់គេ កន្លែងមុខពេទ្យ គេដាក់ប៉ាវអ៊ីមួយឲ្យដេក នៅពេទ្យកាល់ម៉ែត»។

មិនមែនមានតែកម្មាការិនីម្នាក់នេះទេ ដែលនិយាយបែបនេះ កម្មាការិនីនៅតាមរោងចក្រមួយចំនួនទៀត ក៏បានលើកឡើងដូចគ្នាដែរ ពីបញ្ហាដែលពួកគេជួបប្រទះនៅពេលទៅព្យាបាលជំងឺ មន្ទីរពេទ្យមិនសូវយកចិត្តទុកដាក់។

សម្បុរស រាងតូច ទឹកមុខញញឹមញញែម ដើរចេញពីរោងចក្រតម្រង់ទៅបន្ទប់ជួល បន្ទាប់ចេញពីធ្វើការនៅម៉ោង១១ថ្ងៃត្រង់នៅម្ដុំផ្សារហេងលី កម្មការិនី រត្ន័ សុផៃ បានលើកឡើងប្រហាក់ប្រហែលគ្នាថា ពេលដែលនាងទៅព្យាបាលជំងឺដោយប្រើ ប.ស.ស នេះ គឺគ្រូពេទ្យមិនសូវយកចិត្តទុកដាក់នាងទេ ដោយសារតែលុយដែល ប.ស.ស បង់ទៅឲ្យមន្ទីរពេទ្យនោះតិច។

កញ្ញាថា «លោកគ្រូខ្ញុំចង់ឆ្លុះអេកូរមើល ចេះតែឈឺចង្កេះ ដល់ពេលនេះទៅពេទ្យគាត់ថាលុយនឹង​បង់ឲ្យក្នុង១ ខែ បង់ឲ្យតែ២៤០០០រៀលទេ​ អត់អាចអេកូរបានទេ គេនិយាយចឹង ពេទ្យលោកសង្ឃហ្នឹង ខ្ញុំទៅ គាត់ថាលុយហ្នឹងអត់គ្រប់ទេ បើអេកូរមិនគ្រប់លុយហ្នឹងទេ។ ខ្ញុំថា​ធម្មតាជាទូទៅ អ្នកប្រើប័ណ្ណ ប.ស.ស ភាគច្រើនគឺទៅតម្រូវឲ្យលុយគ្រប់មែនបានអាចពិនិត្យអេកូរបានមែន គាត់ថា​ពេទ្យចេះតែយល់ទៅ តាមពិតលុយហ្នឹងអត់គ្រប់ទេ»។

កម្មាការិនីរូបនេះនិយាយទៀតថា កន្លងមកនាងធ្លាប់តែលឺអ្នកធ្វើការនិយាយតៗគ្នា ដោយអ្នកខ្លះថា ឈប់ទៅពេទ្យប្រើប័ណ្ណ ប.ស.ស ដោយពួកគេសុខចិត្តទៅរកពេទ្យឯកជន ដោយបង់ថ្លៃខ្លួនឯងវិញ ទោះបីអស់លុយក៏ពិតមែន ប៉ុន្តែសេវារបស់គេល្អ។

កម្មាការិនីថា «គេកាត់លុយខ្ញុំរាល់តែខែ ដល់ពេលដែលខ្ញុំទៅមើលម្ដងម្កាល ចឹងគេមិនសូវយកចិត្តទុកដាក់យើងចឹង។ ចឹងមានអារម្មណ៍ថា មកពេទ្យហ្នឹងរៀងយូរតឹងតែងការងារ ហើយចឹងចង់តែមកពេទ្យអស់លុយវិញដែរ ប៉ុន្តែគិតថាយើងកម្មករ យើងបង់លុយរាល់ខែ ហើយយើងត្រូវប្រើសេវាហ្នឹងទៀតទៅ មិនបាច់ចាំមកមើលពេទ្យអត់លុយទេ ខ្ញុំគិតថាចឹងបានជាខ្ញុំចេះតែទៅ»។​

កំពុងដើរសំដៅទៅផ្សារដើម្បីទិញម្ហូប បន្ទាប់ចេញពីធ្វើការនៅម៉ោងជាង៦ល្ងាច នៅម្ដុំផ្លូវវេងស្រេង អ្នកស្រី ចាន់ ធា និយាយថា អ្នកស្រីមានទម្ងន់ជាង៥ខែហើយ ពេលដែលគាត់ទៅពិនិត្យផ្ទៃពោះនៅមន្ទីរពេទ្យមួយក្នុងរាជធានីភ្នំពេញ ដែលប្រើប័ណ្ណ ប.ស.ស នេះគឺគ្រូពេទ្យឲ្យតែថ្នាំជាតិដែកមកអ្នកស្រីតែមួយមុខទេ ហើយចង់ទិញថ្នាំផ្សេងត្រូវចំណាយលុយខ្លួនឯង។

អ្នកស្រីថា ​«ខ្ញុំទៅពេទ្យនោះ ខ្ញុំទៅម្ដងណាក៏អស់លុយ ទៅម្ដងណាក៏អស់លុយ ប៉ុន្តែគេប្រាប់យើងដែលថា ក្រដាសប័ណ្ណ ប.ស.ស ចេញមកមានតែថ្នាំជាតិដែក ប៉ុន្តែបើយើងចង់ទិញថ្នាំជំនួយអី គឺយើងទិញខ្លួនយើងទៅម្ដងអស់៣ម៉ឺនរៀល បើយើងទៅយកថ្នាំជាតិដែក អត់អស់លុយទេ ប៉ុន្តែបើចាក់ថ្នាំជំនួយកូន អស់១ម៉ឺនរៀលរក្សាគ៌ភ»។

ស្ត្រីរូបនេះរៀបរាប់ទៀតថា​ ដំបូងឡើយអ្នកស្រីគិតថា ចង់ទៅសម្រាលកូននៅមន្ទីរពេទ្យដែលប្រើប័ណ្ណ ប.ស.ស ដោយសារទៅពេទ្យនេះមិនអស់លុយ ប៉ុន្តែបន្ទាប់ពីលឺអ្នកកន្លែងធ្វើការនិយាយតៗគ្នា អ្នកស្រីក៏សម្រេចចិត្តថាមិនទៅវិញ។

អ្នកស្រីថា «ប្រហែលជាទៅពេទ្យឯកជនហើយមើលទៅ ខ្ញុំមិនដឹងដែរ ព្រោះបងខ្ញុំគាត់ថា គេទៅឆ្លងទន្លេមុនៗ គេមិនសូវយកចិត្តទុកដាក់យើង ចឹងដល់ពេលចឹងចេះតែខ្លាចៗ បើយើងទៅកន្លែងអស់លុយ គេយកចិត្តទុកដាក់យើង ព្រោះអីបងខ្ញុំគាត់ទើបឆ្លងទន្លេហើយ។ ដំបូងឡើយ ខ្ញុំគិតថាទៅឆ្លងទន្លេនៅកន្លែងហ្នឹងដែរ ដល់ពេលគេនិយាយចឹងទៅ ខ្ញុំភ័យដែលអត់ហ៊ានទៅ»។

កាល​ពី​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ២០១៧ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា ចាប់​ពី​ខែ​មករា ឆ្នាំ​២០១៨ ថៅកែ​ក្រុមហ៊ុន​ត្រូវ​ទទួល​ខុស​ត្រូវ​បង់​ថ្លៃ​សេវា​គាំពារ​សុខភាព​ឲ្យកម្មករ១០០​ភាគរយ។

មកដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ ក្រសួងការងារក៏បានចេញសេចក្ដីប្រកាសព័ត៌មានថា បេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារបណ្ដុះបណ្ដាលវិជ្ញាជីវៈ បានចុះកិច្ចព្រមព្រៀងជាមួយមូលដ្ឋានសុខាភិបាលចំនួន ១២៧៣កន្លែង  (មន្ទីរពេទ្យជាតិ មន្ទីរពេទ្យបង្អែកខេត្ត-ស្រុក និងមណ្ឌលសុខភាព) និងមូលដ្ឋានឯកជនចំនួន ១១កន្លែង ដើម្បីផ្ដល់ជូនសេវាដល់កម្មករនិយោជិកទូទាំងប្រទេស។

ប្រធានសហជីពមូលដ្ឋានប្រចាំរោងចក្រមួយនៅរាជធានីភ្នំពេញ អ្នកស្រី អ៊ុង ចាន់ធឿន មានប្រសាសន៍ថា  កន្លងមក​ កម្មករ-កម្មាការិនី មានការត្រេកអរខ្លាំងនៅពេលមានប័ណ្ណ ប.ស.ស ដោយគិតថា វាជារឿងល្អសម្រាប់ពួកគេ ប៉ុន្តែលទ្ធផលមិនដូចពួកគេគិតឡើយ។ អ្នកស្រីបន្តថា ​កម្មករ-កម្មាការិនី ដែលបានទៅព្យាបាលជំងឺ ដោយប្រើប័ណ្ណ (ប.ស.ស) ដែលចេញដោយ​បេឡាជាតិ​របប​សន្តិ​សុខ​សង្គមនេះ ភាគច្រើនពេលព្យាបាលជំងឺ គ្រូពេទ្យថា​មិនសូវយកចិត្តទុកដាក់ទេ។ អ្នកស្រីស្នើទៅរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធតាមដានពីបញ្ហានេះ នៅតាមមន្ទីរពេទ្យនីមួយៗ។

 

កាលពីខែតុលា ឆ្នាំ២០១៦ បេឡាជាតិ (ប.ស.ស) បានចុះកិច្ចសន្យាជាមួយពេទ្យរដ្ឋនិងឯកជនធំៗមួយចំនួន សម្រាប់​ថែទំាសុខភាពទូទៅ​ដល់កម្មករ២៤ម៉ោងលើ២៤ម៉ោង​ ដោយឥតគិតថ្លៃ។

កម្មាការិនីនិយាយថា ជារៀងរាល់ខែខាងរោងចក្របានកាត់លុយ នៅក្នុងប្រាក់ខែរបស់គាត់ចំនួន១៣០០០រៀល ដើម្បីបង់ឲ្យបេឡាជាតិរបបរបប​សន្តិ​សុខ​សង្គម។ ពួកគេស្នើឲ្យបេឡាជាតិរបបសន្តិសុខសង្គម និងស្ថាប័នពាក់ព័ន្ធធ្វើការដោះស្រាយបញ្ហាទាំងនេះ ជាពិសេសចុះពិនិត្យមើលនៅតាមមន្ទីរពេទ្យដែលបេឡាជាតិ របបសន្តិសុខសង្គមបានចុះកិច្ចព្រមព្រៀងជាមួយ។

 

បេឡាជាតិរបបសន្តិសុខសង្គមនេះកើតមានឡើង នៅឆ្នាំ២០០៧ ហើយដាក់ឲ្យអនុវត្តនៅឆ្នាំ២០០៨។ បើគិត​ចាប់ពីឆ្នាំ២០០៨ រហូតដល់១១ខែ ឆ្នាំ២០១៦ ប.ស.ស បានចុះបញ្ជីរោងចក្រ ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានជាង​៨ពាន់ ដែលមាន​កម្មករ​និយោ​ជិត​ជាង១លាននាក់ ដើម្បីជួយទំនុកបំរុងពេលកម្មករមានគ្រោះថ្នាក់ការងារ៕

សរសេរមកកាន់ កញ្ញា ខាន់ លក្ខិណា តាមរយៈ leakhena@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required