ដំណើរទស្សនកិច្ចប្រធានាធិបតីចិនមកកម្ពុជា នឹងភ្ជាប់ជាមួយកិច្ចព្រមព្រៀងជិត៣០

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ស៊ី ជីនពីង កាលពីពេលកន្លងទៅ (រូបភាពហ្វេសប៊ុក)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថាកិច្ចព្រមព្រៀងនិងពីធីសារប្រមាណជិត៣០ នឹងត្រូវចុះហត្ថលេខាជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង ខណៈមេដឹកនាំនៃប្រទេសមហាអំណាចសេដ្ឋកិច្ចនៅអាស៊ីរូបនេះគ្រោងមកទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាចាប់ថ្ងៃទី១៣-១៤ ខែតុលា។

ថ្លែងក្នុងពិធីចែកសញ្ញាបត្រនៅព្រឹកថ្ងៃទី០៦ ខែតុលានេះលោក ហ៊ុន សែន ឲ្យដឹងទៀតថាក្នុងដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង មកកម្ពុជា គឺនឹងនាំឲ្យមានការចុះលត្ថលេខាលើកិច្ចព្រមព្រៀងនិងពិធីសារជាច្រើន។

លោកថា៖ តាមការគ្រោងទុក បើគ្មានការប្រែប្រួលទេ កិច្ចព្រមព្រៀងនិងពិធីសារមិនតិចជាង២៨ នឹងត្រូវចុះហត្ថលេខា។ នេះគឺជាកិច្ចព្រមព្រៀងដែលច្រើនបំផុត បន្ទាប់ពីទស្សនកិច្ចរបស់ខ្ញុំទៅប្រទេសចិននៅឆ្នាំ២០០៤ []”

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យដឹងបន្តថាដំណើរទស្សនកិច្ចលោក ស៊ី ជីនពីង គឺដើម្បីពង្រីកទំហំពាណិជ្ជកម្ម ការវិនិយោគ ការផ្តល់ជំនួយ និងការទាក់ទាញកំណើនភ្លៀវទេសចរចិន។

លោកថា៖ “ [] គឺខិតខំបើកទីផ្សារប្រទេសចិនដែលទីផ្សារដ៏ធំមួយសម្រាប់វិស័យកសិកផលរបស់កម្ពុជា [] ការវិនិយោគ ការផ្តល់ជំនួយនានានឹងត្រូវបានធ្វើឡើងក្នុងទំនាក់ទំនងកម្ពុជាចិន និងការតភ្ជាប់ យើងខិតខំរកទេសចរចិនឲ្យបាន []”

ដំណើរទស្សនកិច្ចប្រធានាធិបតីចិនមកកម្ពុជា ត្រូវបានប្រកាសឲ្យដឹងដំបូងដោយមន្ត្រីជាន់ខ្ពស់របស់អគ្គស្នងការនរបាលជាតិនៅដើមខែតុលា និងក្រោយមានការប្រជុំជាមួយលោក វ៉ាង ស៊ីហុង អនុរដ្ឋមន្ត្រីសន្តិសុខសាធារណៈនិងភាគីកម្ពុជា ដោយពេលនោះភាគីចិនក៏បានសន្យាជួយកម្ពុជាលើកំណែទម្រង់វិស័យយុត្តិធម៌។

នេះគឺជាដំណើរទស្សនកិច្ចលើកទី២របស់លោក ស៊ី ជីនពីង មកកាន់កម្ពុជាបន្ទាប់ពីលើកទី១ត្រូវបានធ្វើឡើងនៅក្នុងឆ្នាំ២០០៩ នៅពេលដែលលោកកាន់ដំណែងជាអនុប្រធានាធិបតីចិននៅឡើយ។

ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង ក៏ត្រូវបានមជ្ឈដ្ឋានទូទៅមើលឃើញថាធ្វើឡើងបន្ទាប់ប្រទេសចិនបានសន្យាផ្តល់ជំនួយជិត៦០០លានដុល្លារដល់ប្រទេសកម្ពុជារួចហើយនៅក្នុងឆ្នាំ២០១៦ ហើយកើតឡើងនៅពេលកម្ពុជាបានស្នើសុំកញ្ចប់មូលនិធីបន្ទាន់ពីចិនមានទំហំទឹកប្រាក់៣០០លានដុល្លារ ដើម្បីទប់ស្កាត់បញ្ហាស្រូវធ្លាក់ថ្លៃខ្លាំង។

ជាការដឹងគុណចំពោះការគាំទ្រផ្នែកហិរញ្ញវត្ថុ ទាំងអ្នកវិភាគសង្គមនិងបញ្ញាវន្តនានាយល់ថា កម្ពុជាបានដើរតួជារបាំងការទូតរារាំងប្រទេសសមាជិកអាស៊ានកុំឲ្យរួបរួមសាមគ្គីគ្នាប្រឆាំងរដ្ឋាភិបាលក្រុងប៉េកាំងពាក់ព័ន្ធជម្លោះនៅសមុទ្រចិនខាងត្បូង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ