ក្រសួងការបរទេសកម្ពុជាមិនបញ្ជួនលិខិតរបស់គណបក្សមួយទៅវៀតណាម

ក្រសួងការបរទេសកម្ពុជាបានបដិសេធមិនបញ្ជួនលិខិតមួយរបស់គណបក្សដែលទើបបង្កើតថ្មីទៅកាន់ស្ថានទូតវៀត ករណីតវ៉ារឿងព្រំដែននោះទេ។

កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ គណបក្សយុវជនកម្ពុជាបានដាក់លិខិតមួយទៅស្ថានទូតវៀតណាមប្រចំាកម្ពុជា ដោយទាមទារឲ្យរដ្ឋាភិបាលវៀតណាមចេញសេចក្តីប្រកាសជំហររបស់ខ្លួន ក្នុងការបញ្ឈប់គ្រប់សកម្មភាពឈ្លានពានទឹកដីកម្ពុជា។

ប៉ុន្តែបើតាមលិខិតរបស់សាលារាជធានីភ្នំពេញ ទៅកាន់គណបក្សយុវជនកម្ពុជានៅថ្ងៃទី២៩ខែកញ្ញា បានបញ្ជាក់ថា ក្រសួងការបរទេសកម្ពុជា បានបញ្ជួនលិខិតនោះ ត្រឡប់មកគណបក្សនេះវិញដោយថាក្រសួងធ្លាប់បញ្ជួនកំណត់ទូតតវ៉ាទៅរដ្ឋាភិបាលវៀតណាមរួចហើយ ពីការរំលោភបំពានទឹកដីតាមព្រំដែននោះ។

ប្រធានគណបក្សយុវជនកម្ពុជាលោក ពេជ្យ ស្រស់ ឲ្យដឹងថា ញត្តិនោះគណបក្សលោកបានដាក់ទៅស្ថានទូតវៀតណាមដោយផ្ទាល់ដៃតែមន្ត្រីរដ្ឋាភិបាលចេញទទួលជំនួសទៅវិញ។ លោកថាករណីនេះលោកមិនជឿថា កំណត់ទូតរបស់ក្រសួងការបរទេសកម្ពុជាដាក់ទៅវៀតណាមឲ្យគោរពអធិបតេយ្យកម្ពុជានោះ មានប្រសិទ្ធិភាពនោះទេ។

លោកថា៖ “បើសិនជាកំណត់ទូតរបស់រដ្ឋាភិបាលមានប្រសិទ្ធិភាព ខ្ញុំមិនបាច់ទៅធ្វើការជំនួសរដ្ឋាភិបាលធ្វើអី ទុកឲ្យរដ្ឋាភិបាលគាត់ធ្វើការទៅ ប៉ុន្តែខ្ញុំសម្លឹកឃើញថាកំណត់ទូតរបស់រដ្ឋាភិបាលវាអត់មានតម្លាភាព និងឥទ្ធិពលណាមួយឲ្យវៀតណាមឆ្លើយតប និងការបញ្ឈប់ការរំលោភបំពានបូរណាភាពទឹកដីកម្ពុជា ដូច្នេះបានខ្ញុំធ្វើញត្តិទៅស្ថានទូតវៀតណាមផ្ទាល់ បើគាត់បញ្ជូនមកវិញ យើងក៏ទទួលយកដែរ ប៉ុន្តែយើងនឹងឃ្លំាមើលតើថាលទ្ធផលរបស់ក្រសួងការបរទេសខ្មែរ ជំរុញឲ្យវៀតណាមបញ្ឈប់ការ ឈ្លានពានទឹកដីបានកមិ្រតណា បើសិនជាមិនមានការឆ្លើយតបនិងលទ្ធផលវិជ្ជមានទេ វារឿងធំជាមួយប្រជាពលរដ្ឋហើយ“។

តាមគម្រោងគណបក្សយុវជនកម្ពុជា ថានឹងធ្វើបាតុកម្មនៅថ្ងៃ១០ខែតុលានេះ នៅមុខទីភ្នាក់ងារនៃអង្គការសហប្រជាជាតិប្រចំាប្រទេសកម្ពុជាផងដែរ ដោយថាទាមទារឲ្យវៀតណាមឈប់រំលោភទឹកដីកម្ពុជានិងគោរពច្បាប់អន្តរជាតិ។

ទោះជាយ៉ាងណា ប្រធានគណបក្សនេះ លោក ពេជ្រ ស្រស់ អះអាងនៅថ្ងៃទី៦តុលានេះថាគម្រោងបាតុកម្មនោះមិនទាន់សម្រេចថាធ្វើឬអត់នោះទេ។

សាស្ត្រាចារ្យនិងអ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក មាស នី យល់ថាអាជ្ញាធរមិនអនុញាតឲ្យគណបក្សយុវជនធ្វើមហាបាតុកម្មប្រឆំាងនឹងវៀតណាមនោះទេ ដរាបណាមិនមានភ្លើងខៀវពីរដ្ឋាភិបាលកម្ពុជា ដោយថា រឿងព្រំដែនជារឿងរស៊ើបរបស់រដ្ឋាភិបាល។ លោកបន្តថា រដ្ឋាភិបាលត្រូវមានការឆ្លើយតបដោយប្រុងប្រយ័ត្ន លើករណីនេះ ជាជាងប្រើអាជ្ញាធរទប់ស្កាត់និងបង្ក្រាបក្រុមបាតុករ៖ “រដ្ឋាភិបាលខ្លួនឯងក៏មិនដឹងធ្វើម៉េចឲ្យវៀតណាមឆ្លើយ ប៉ុន្តែទន្ទឹមគេមិនឆ្លើយមកហើយ មកធ្វើបាបគ្នាឯងទៀត ជាសំនួរមួយចោទសួរទៅដល់ប្រជាប្រិយភាពរបស់រដ្ឋាភិបាល ហេតុដូច្នេះវាដល់ពេលរដូវបោះឆ្នោតឬរៀបចំការបោះឆ្នោតផង ខ្ញុំគិតថារដ្ឋាភិបាលនឹងធ្វើការឆ្លើយតបដោយប្រុងប្រយ័ត្ននៅក្នុងស្ថានការណ៍ហ្នឹង“។

កាលពីចុងខែសីហា គណៈកម្មការជំនាញព្រំដែនកម្ពុជា-វៀតណាមបានពិភាក្សាចំនួនពីរថ្ងៃ ដោយនៅក្នុងកិច្ចប្រជុំនោះកម្ពុជាស្នើឲ្យភាគីវៀតណាមបញ្ឈប់សកម្មភាពធ្វើផ្លូវ ជីកស្រះ និងធ្វើប៉ុស្ដិ៍យាមនៅតំបន់ហាមឃាត់ឬតំបន់ស ជាប់ព្រំដែនស្ថិតក្នុងខេត្តរតនគិរី ព្រមទាំងព្រមានថាកម្ពុជានឹងចុះទប់ស្កាត់ បើភាគីវៀតណាមនៅតែមិនគោរពកិច្ចព្រមព្រៀង ប៉ុន្តែមកដល់ពេលនេះវៀតណាមមិនបានផ្អាក់សកម្មភាពនេះនៅឡើយ។ តែកម្ពុជាថានឹងផ្ញើកំណត់ទូតទៅម្ដងទៀត ដើម្បីរំលឹកជាថ្មី។

ចាប់តាំងពីឆ្នាំ២០១១រហូតពាក់កណ្តាលខែសីហាឆ្នាំ២០១៦នេះ កម្ពុជាបានធ្វើកំណត់ទូតសរុប២៣ហើយ ដោយស្នើឲ្យវៀតណាមបញ្ឈប់សាងសង់ឬធ្វើផ្លូវនៅតំបន់ហាមឃាត់ជាប់ព្រំប្រទល់នៃប្រទេសទាំងពីរ៕

រាយការណ៍បន្ថែមដោយ ណាត សុភាព

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ