តុលាការ​ចោទ​ប្រកាន់ អតីត​អ្នក​កាសែត​ខេមបូឌីដេលី​២នាក់ពីបទញុះញង់

ព្រះ​រាជអាជ្ញានៃសាលា​ដំបូង​ខេត្ត​រតនគិរី​ សម្រេច​ចោទ​ប្រកាន់អតីត​អ្នក​កាសែត​ខេបូឌាដេលី​ចំនួន២នាក់ ពី​បទញុះ​ញង់ ​​ករណីពួកគេ ចុះសម្ភាសន៍អ្នកភូមិ និងរាយការណ៍ពីរឿងបោះឆ្នោត កាលពី​៥ខែ​មុន។

កាលពី​ខែ​ឧសភា អតីត​អ្នក​កាសែត​ខេម​បូឌាដេលីចំនួន២រូប គឺលោក Zsombor Peter និង លោក អូន ភាព បាន​ចុះ​សម្ភាសន៍ពល​រដ្ឋ​ក្នុង​ឃុំប៉ាតេ​ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ពី​ការ​បោះ​ឆ្នោត​​ក្រុម​ប្រឹក្សា​ឃុំ។ ក្នុងពេលនោះដែរ ពួកគេ​ត្រូវ​ បាន​អាជ្ញា​ធរឃាត់​ខ្លួន និង​បញ្ជូន​ទៅ​តុលាការ​រតនៈគីរី មួយរយៈពេលខ្លី តាមបណ្តឹងរបស់មេឃុំរូបនោះ ប៉ុន្តែ ពួកគេត្រូវបានដោះលែងមកវិញ។

ព្រះ​រាជអាជ្ញា នៃ​សាលា​ដំបូង​ ខេត្ត​រតនគិរី​ លោក ជា​ ពេជ្រ​ ​ប្រាប់​វី​អូឌី​ថា ​លោក ​បាន​​សម្រេច​ចោទ​ប្រកាន់អ្នក​កា​សែតទាំង​ពីរនាក់​នោះ​ហើយ ហើយលោកបង្វែរ​សំណួ​រនេះ ទៅ​កាន់​ចៅ​ក្រម​ស៊ើប​សួរ​វិញ។

លោក​ថា៖ «ព្រោះ​សំណុំ​រឿង​នៅ​ចៅ​ក្រម​ស៊ើប​សួរ។ខ្ញុំ​ សម្រេច​ចោទ​ហើយ! ប៉ុន្តែ​ចង់​ដឹង​បទ ​រឿង​អី​សួរ​ខាង​នោះ​ទៅ »​។

មេធាវី​ការ​ពារ​ក្តី​ឲ្យ​អ្នក​កាសែត​ទាំង​ពីរនាក់ ​​លោក សេក សោភណ្ឌ មាន​ប្រសាសន៍​ថា ព្រះ​រាជអាជ្ញា​បាន​សម្រេច​ចោទ​ប្រកាន់​កូន​ក្តី​លោក ​ពី​បទ​ញុះ​ញង់ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ តាម​មាត្រា​ទី​៤៩៤ និង​៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ តាំង​ពី​ថ្ងៃ​ទី​២៨ ខែ​សី​ហា ដោយ​មិន​បាន​ជូន​ដំណឹង​មក​កាន់​មេធាវីនោះ​ទេ។ លោក​​យល់​ថា ការ​ចោទ​ប្រកាន់​កូន​ក្តី​លោក​នេះ ​គឺ​ធ្វើ​ឡើង​ដោយ​គ្មាន​មូល​ដ្នាន​។

លោក​ថា៖ «គាត់​គ្រាន់​តែ​ជា​អ្នក​កាសែត​ទៅ​សម្ភាសន៍ ​ដើម្បី​ បាន​ព័ត៌មាន​យក​មក​ចុះ​ផ្សាយ តាម​គោល​បំណង​របស់​គាត់​ ​គឺ​យកមក​ចុះ​ផ្សាយ​ អត់​មានគោល​បំណង​ ឬ​ក៏​ចេតនាណា​ទៅ​ប្រព្រឹត្តិ​បទ​ល្មើស​អី​ទេ! គាត់អត់​មាន​ចង់​ឲ្យ​ប្រព្រឹត្តិ​បទ​ល្មើស​មិន​ដឹង​ថា​ ទៅ​ញ៉ុះញង់​ពី​ណា​ គ្រាន់​តែ​សួរសំណួរ​ដើម្បី​បាន​ព័ត៌មាន​យក​មក​ចុះ​ផ្សាយ​នៅ​កាសែត​របស់​គាត់។ តាម​អ្វី​ដែល​ខ្ញុំ​ដឹង​នោះ ​ខ្ញុំ​សន្និដ្ឋាន​ថា ​គ្មាន​អ្វី​ជា​បទ​ល្មើស​ទេ ជំនាន់​ហ្នឹង​ក្នុង​នាមខ្ញុំ​ជា​​អ្នក​ការពារ​សិទ្ធិ​គាត់​ហ្នឹង​ក៏​សុំ​ឲ្យ​តុលាការ​តម្កល់​ដែរ​តែ​មិន​ដឹង​មិច​បាន​ជា​តុលាការ​គាត់​សម្រេច​ចោទ »។

អ្នក​នាំពាក្យ​តុលាការ​ ខេត្ត​រតនគិរី លោក កែវ ពិសុទ្ធ មានប្រសាសន៍ថា ​សំណុំ​រឿង​នេះ ​កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​របស់​ចៅ​ក្រម​ស៊ើបសួរ ហើយលោក ​មិន​ទាន់បញ្ជាក់​បាន​ទេ​ថា នឹង​មាន​ចំណាត់​ការ​យ៉ាង​ណា​លើ​អ្នក​កាសែត​ទាំងពីរ​នាក់​នោះ។

អតីតអ្នក​កាសែតខេមបូ​ឌាដេលី ​លោក អូន ភាព ឲ្យដឹងថា លោក​មិន​បាន​ដឹង​ពី​ការ​សម្រេចចោទ​ប្រកាន់របស់​តុលាការនៅ​ឡើយ​ទេ ប៉ុន្តែ​លោក​ថា​ ប្រសិន​ជា​តុលាការ​សម្រេច​បែប​នេះ​មែន ​វា​ជារឿង​អយុត្តិ​ធម៌​មួយ​សម្រាប់​លោក។

លោក​ថា៖ «ខ្ញុំ​អត់​បាន​ឃើញ​ដីកា​ ចោទ​ហ្នឹង​ផង ហើយយើង​ចេះ និយាយ​ព្រាវ​ម៉េចទៅ! ចាំ​ខ្ញុំតេ​ទៅ​មេធាវី​ខ្ញុំ​មើល​ មិច​ក៏​អត់​ឃើញ​ មាន​ប្រាប់​ខ្ញុំ​ចឹង »។

​លោក អូន ភាព មានប្រសាសន៍ថា​ លោកនឹង​ពិភាក្សា​ជា​មួយ​មេធាវីរបស់​បន្ត​ទៀត ​ជុំ​វិញ​ការ​ចោទ​ប្រកាន់​នេះ។

នាយក​វិទ្យាស្ថានកម្ពុជា​សម្រាប់​ការសិក្សាផ្នែកសារព័ត៌មាន លោក ម៉ឿន ឈានណារិទ្ធ ​សោកស្តាយ​ចំពោះ​ចំណាត់​ការ​របស់​តុលាការ​នេះ ដោយ​ថា អាជ្ញាធរ​គួរណាស់​តែ​ស្តាប់​ការ​​បក​ស្រាយ​ពីអ្នក​​សារព័ត៌មាន​ ឬក៏​ស្នើ​សុំ​ឲ្យ​ពួកគេ ​កែ​តម្រូវ​ព័ត៌មាន ​ជាជាង​ប្រើ​វិធាន​ផ្លូវ​ច្បាប់​នេះ។

លោក​បន្ថែម​ថា ​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​ ដើម្បី​ប្តឹង​ប្រឆាំង​នឹង​អ្នក​ការ​សែត​នេះ ​វា​អាច​ជះ​ឥទ្ធិ​ពល​ដល់​អ្នក​សារព័ត៌មាន​ផ្សេង​ទៀត ក្នុង​ការ​យក​ព័ត៌មាន​ផង​ដែរ ជា​ពិសេស​ នៅ​មុន​ការ​បោះឆ្នោតឆ្នាំ​២០១៨​នេះ។

លោក​ថា៖ «ប៉ុន្តែ​អ្វី ​ដែល​ជះ​ឥទ្ធិពល​ជា​អវិជ្ជ​មាន​ខ្លាំង​នោះ​ គឺ​ថា​អាច​ធ្វើ​ឲ្យ​មន្ត្រី ​ឬ​ក៏​ស្ថាប័ន​ដទៃ​ទៀត​យក​គំរូ​តាម​ដោយ​ប្រើ​ការ​ដោះស្រាយ​វិវាទ ​ដោយ​ប្តឹង​អ្នកសារព័ត៌មាន​ទៅ​តុលាការ​បែប​នេះ » ។

អតីត​អ្នក​ការសែត​ខេម​បូឌា​ដេលីទាំងពីរ ត្រូវ​​បាន​អាជ្ញា​ធរ​ខេត្ត​រតនគិរី​ ឃាត់​ខ្លួន ​​តាមបណ្តឹងរបស់​មេឃុំបក្សប្រឆាំង​ម្នាក់ ​ឈ្មោះ យួត រម៉ាម ដោយប្តឹង​ថា ពួកគេ ​បាន​ចោទ​ជាសំណួរមិនសមរម្យ និង​បំពាន​​ច្បាប់​របស់គណៈក​ម្មាធិការ​ជាតិ​រៀប​ចំកា​រ​បោះ​ឆ្នោត​៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ