កម្ពុជាស្នើឲ្យកូរ៉េខាងត្បូងជួយបង្រៀនជំនាញបង្រ្កាបបាតុកម្ម​

(រូបភាពពីអគ្គស្នងការដ្ឋាននគរបាលជាតិ​)

បណ្ឌិត្យសភានគរបាល​កម្ពុជាបានស្នើឲ្យ អ្នកជំនាញមកពីកូរ៉េខាងត្បូងជួយបណ្តុះបណ្តាល​ជំនាញបង្ក្រាបបាតុកម្ម កុបកម្ម ភេរវកម្ម និងជំនាញបង្ក្រាបផ្សេងទៀត ដែលជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។​

ការស្នើ​ធ្វើឡើង​នៅក្នុងពិធីចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់គ្នារវាងបណ្ឌិត្យសភានគរបាលកម្ពុជា និង សាកលវិទ្យាល័យនគរបាលជាតិកូរ៉េខាងត្បូងនៅថ្ងៃចន្ទនេះ។​ នេះបើតាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ​។​

នៅក្នុងពិធីនោះប្រធាន​បណ្ឌិត្យសភា​នគរបាល​ជាតិ​កម្ពុជាលោក សេង ផល្លី ​ស្នើ​សុំ​ភាគី​កូរ៉េ​ ជួយ​បណ្តុះបណ្តាល​គ្រួ​បង្គោល​នគរបាល​កម្ពុជា​លើ​ជំនាញ​ ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ ជំនាញ​ប្រឆាំង​បាតុកម្ម​ កុបកម្ម​ ជំនាញ​ប្រឆាំង​ភេរវកម្ម​ ជំនាញ​ក្បាច់គុន​សម្រាប់​នគរបាល​ និង​ស្នើ​សុំ​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​វិទ្យាសាស្ត្រ​នគរបាល​ ដល់​និស្សិត​បណ្ឌិត្យសភា​នគរបាល​កម្ពុជា​សម្រាប់​គ្រូ​បន្ត​ វេន​ចំនួន​បួន​រូប​ក្នុង​មួយ​ឆ្នាំៗ​។

អគ្គស្នងការដ្ឋាននគរបាលជាតិ​បានឲ្យដឹងថា ភាគីកូរ៉េខាងត្បូងសន្យាថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឲ្យបានកាន់តែប្រសើរឡើង។​​

មួយរយៈកាលចុងក្រោយនេះ ទាំងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និង ម​ន្ត្រីរបស់លោក​បានថ្លែងជាបន្តបន្ទាប់ពីការបង្ក្រាបបើសិនជាមានការតវ៉ាណាមួយកើតឡើងរបស់គណបក្សប្រឆាំងក្រោយពេលបោះឆ្នោត ឬ ក្រោយពេលរំលាយគណបក្សសង្គ្រោះជាតិ។​

សារគំរាមទាំងនោះដូចជាលោកនាយករដ្ឋមន្ត្រីហ៊ុន សែនថ្លែងថា សុខចិត្តកម្ចេចមនុស្ស១០០ឬ ២០០នាក់ ដើម្បីរក្សាសន្តិសន្តិភាព រដ្ឋមន្ត្រីក្រសួងការពារជាតិ​លោក ទៀ បាញ់ ​គំរាមវាយអ្នកតវ៉ាបាក់ធ្មេញអ្នកតវ៉ា និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចលោក វង សូត្រ ព្រមាន​វាយអ្នកតវ៉ាក្បាលគល់ឫស្សីជាដើម​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ