លោក ហ៊ុន សែន៖ បើអាមេរិកពូកែគាំទ្របាតុកម្ម លើកទីលានប្រជាធិបតេយ្យដាក់មុខស្ថានទូ​តតែម្ត​ង​ទៅ

លោក ហ៊ុន សែន (ហ្វេសប៊ុកលោក ហ៊ុន សែន)

រដ្ឋាភិបាលម្ពុជាបានបន្តប្រើវោហាសាសន៍ឌឺដងដាក់ប្រទេសមហាអំណាចសហរដ្ឋអាមេរិក ដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ ដោយថា បើមហាអំណាចមួយនេះ ពូកែគាំទ្របាតុកម្ម គួរលើកទីលានប្រលានប្រជាធិបតេយ្យដាក់មុខស្ថានរបស់ខ្លួនទៅ។

ក្នុងទិវាជនពិការ ដែលធ្វើឡើងនៅរាជធានីភ្នំពេញ នាថ្ងៃទី៦ ខែធ្នូនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថារដ្ឋាភិបាលកំពុងរកទីតាំងនៅជាប់ផ្លូវជាតិលេខ៥ សម្រាប់ធ្វើទីលានប្រជាធិបតេយ្យថ្មី។ លោកថា ទីតាំងទីលានប្រជាធិបតេយ្យបច្ចុប្បន្ននេះ រដ្ឋាភិបាលនឹងធ្វើជាសួនច្បាសាធារណៈជំនួសវិញ។

លោក ហ៊ុន សែន ថ្លែងបែបចំអកបែបនេះថា៖ «ដោយសារតែអាមេរិក ពូកែគាំទ្របាតុកម្មពេក លើកទីលានប្រជាធិបតេយ្យដាក់មុខស្ថានទូតតែម្តងទៅស្រួល។ តំបន់នេះយើងធ្វើខុសហើយ។ តំបន់នេះវាទាក់ទងនឹងប្រវត្តិសាស្ត្រវត្តភ្នំ អញ្ចឹងយក[ទីលានប្រជាធិបតេយ្យ]ទៅក្រៅទៅ ហើយបើថាមិនពេញចិត្តទេ មានតែលើកដាក់មុខស្ថានទូតអាមេរិកទៅ មានតែប៉ុណ្ណឹង អាហ្នឹងសិទ្ធិរបស់យើងតើ សិទ្ធិរបស់អាជ្ញាធរតើ។ ហើយការប្រមូលផ្តុំវាមានអីខុសគ្នាទេសម័យឥឡូវនោះ ប្រមូលផ្តុំនៅឯណាក៏បានដែរ ព្រោះគេមិនមកមើលកន្លែងហ្នឹងឯណា គេមើលតាមហ្វេសប៊ុក គេមើលតាមការផ្សាយ។ អញ្ចឹងទេយកវិធីហ្នឹងទៅ ហើយទុកអាកន្លែងហ្នឹង ជាតំបន់ពាណិច្ចកម្មជាតំបន់អ្នកការទូត ជាតំបន់ទេសចរណ៍។ ហើយយើងមកធ្វើរញេរញៃអីកន្លែងហ្នឹងអញ្ចឹងយកទៅក្រៅទៅ។ បើសំឡេងតវ៉ាមក ត្រូវយកទៅដាក់នៅស្ថានទូតអាមេរិកទៅ កុំឲ្យវាពិបាកពេក ព្រោះអ្នកដែលជំរុញឲ្យមានការតវ៉ាច្រើនតែក្រុម NGO មកពីសហរដ្ឋអាមេរិកឬក៏អាមេរិកគាំទ្រតែប៉ុណ្ណឹង»។

ទីលានប្រជាធិបតេយ្យបច្ចុប្បន្ននេះ មានទីតាំងនៅជិតវត្តភ្នំ ក្បែស្ថានទូតអាមេរិក ក្នុងខណ្ឌដូនពេញ។

អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំទីក្រុងភ្នំពេញ លោក ជេ រ៉ែមិន ថាលោក មិនមានការឆ្លើយតបផ្លូវការណាមួយ ចំពោះការលើកឡើងរបស់លោកនាយករដ្ឋន្ត្រី ហ៊ុន សែន នៅថ្ងៃនេះទេ។

អ្នកស្រាយជ្រាវពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី លើកឡើងថា ការថ្លែងរបស់នាយករដ្ឋមន្ត្រីកម្ពុជានេះ ជាទម្លាប់អ្នកនយោបាយខ្មែរ ដែលតែងតែឌឺដងគ្នាមិនអស់ចិត្ត រាលដាលដល់ប្រទេសក្រៅទៀត។ ប៉ុន្តែលោកថា ការនិយាយបែបនេះ មិនបានចំណេញដល់កម្ពុជានោះទេ ខណៈប្រទេសក្រីក្រមួយនេះ កំពុងត្រូវការជំនួយពីបរទេសដើម្បីរស់នៅឡើយនោះ។

ម្យ៉ាងទៀតលោកថា ការរិះគន់ចំៗទៅលើប្រទេសមហាអំណាចដែលប្រកាន់លទ្ធិប្រជាធិបតេយ្យរឹងមាំបែបនេះលោកថា ជាសញ្ញាបង្ហាញថាមេដឹកនាំកម្ពុជាមានការយល់ដឹងតិច ពីតម្លៃប្រជាធិបតេយ្យ។

លោកថា៖ «នៅពេលដែលរដ្ឋាភិបាលមិនទាន់ទទួលស្គាល់ថា តើស្ថានភាពលិទ្ធិប្រជាធិបតេយ្យរបស់ប្រទេសយើងនៅត្រឹមណានោះ ហើយពិសេសសម្រាប់អ្នកដឹកនាំខ្លះ ដែលមាននិស្ស័យជាអ្នកដឹកនាំបែបផ្តាច់ការនោះ ខ្ញុំគិតថាពួកគាត់តែងតែគិតឃើញអំពីលទ្ធិប្រជាធិបតេយ្យហ្នឹង ខុសគ្នាអំពីប្រជាធិបតេយ្យដែលប្រទេសផ្សេងៗគេប្រើនោះណាស់។ យើងទទួលស្គាល់ថា ប្រទេសនីមួយៗ វាតែងតែមានកម្រិតនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យហ្នឹងខុសគ្នាមែន ប៉ុន្តែសម្រាប់ស្រុកយើង ដោយសារតែអ្នកដឹកនាំនៅយូរពេក និងម៉្យាងទៀត ដោយសារតែគាត់ជាអតីត បើយោធាវិញគាត់ធ្វើយោធាតាំងពីក្មេងៗមក អញ្ចឹងការឲ្យគាត់យល់ឲ្យស៊ីជម្រៅថា តើការអនុវត្តប្រជាធិបតេយ្យហ្នឹងថាត្រូវធ្វើបែបម៉េចខ្លះ ខ្ញុំគិតថាវាមានការពិបាក»។

កាលពីថ្ងៃចន្ទម្សិលមិញ ក្នុងពិធីសម្ពោធក្រុមហ៊ុនភេសជ្ជៈ មួយនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ លោក ហ៊ុន សែន ក៏បានផ្ញើសារនយោបាយ បែបឌឺដងទៅសហរដ្ឋអាមេរិកដែរ ពីការបង្ក្រាបបាតុកម្ម អ្នកតវ៉ាប្រឆាំងនឹងការជាប់ឆ្នោតជាប្រធានាធិបតី របស់លោក ដូណាល់ ត្រាំ ដោយថា ការបង្ក្រាបនោះ វាប្រហាក់ប្រហែលនឹងការបង្ក្រាបនៅកម្ពុជាដែរ។

ប៉ុន្តែសម្រាប់អ្នកវិភាគនិងអង្គការសង្គមស៊ីវិលធ្លាប់អះអាងថា ការបង្ក្រាបបាតុកម្មហិង្សានៅអាមេរិក រដ្ឋាភិបាលអាមេរិក មិនប្រើគ្រាប់ពិតបាញ់រះទៅលើបាតុករ ដូចនៅកម្ពុជា ដែលរដ្ឋាភិបាលកម្ពុជាបានបង្ក្រាបកម្មករ នៅផ្លូវវ៉េងស្រេងកាលពីដើមឆ្នាំ២០១៤ ដែលពេលនោះ បង្កឲ្យមានកម្មករយ៉ាងតិច៥នាក់ស្លាប់ និងជាង៤០ផ្សេងទៀតបានរងរបួសនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ