បទ​វិភាគ៖ តាម​រយៈ​សារ​សន្ទនា​លេច​ធ្លាយ តើ​វា​ឆ្លុះ​បញ្ចាំង​ដូចម្ដេច​អំពី​ទស្សនៈ​នយោបាយ​របស់​មេដឹកនាំ​កម្ពុជា?

លោក ហ៊ុន ​សែន និងកញ្ញា ធី សុវណ្ណថា (ហ្វេសប៊ុក)

សារឆ្លើយឆ្លងគ្នាតាមបណ្ដាញសង្គម Line ត្រូវបានគេទម្លាយនៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីរាត្រីថ្ងៃអង្គារសប្ដាហ៍មុន។ សារសន្ទនាគ្នានោះ ត្រូវបានធ្វើឡើងដោយបុរសម្នាក់ ដែលតែងតែហៅខ្លួនឯងថា “តា” និងនារីម្នាក់ ដែលតែងតែហៅខ្លួនឯងថា “ចៅ”។ វាជាសារសន្ទនាដែលត្រូវបានគេជឿថា ជាការឆ្លើយឆ្លងគ្នារវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងកញ្ញា ធី សុវណ្ណថា អតីតអ្នករិះគន់រដ្ឋាភិបាល ហើយសារទាំងនោះ ត្រូវបានគេទម្លាយនៅលើបណ្ដាញហ្វេសប៊ុក តែប៉ុន្មានថ្ងៃក្រោយពីសារឆ្លើយឆ្លងគ្នារវាងកូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងកញ្ញា ធី សុវណ្ណថា ដដែលនេះ ត្រូវបានគេទម្លាយផងដែរ ដោយក្នុងនោះមានទាំងសារឆ្លើយឆ្លងគ្នាជាសំឡេងផងដែរ។

នៅក្នុងចំណោមសារឆ្លើយឆ្លងរវាង “តា” និង “ចៅ” ដែលគេជឿជាក់ថា រវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងកញ្ញា ធី សុវណ្ណថា នោះ ក្រៅពីជជែកអំពីរឿងផ្ទាល់ខ្លួន រឿងគ្រួសារ និងរឿងសុខទុក្ខនោះ សារឆ្លើយឆ្លងទាំងនោះ ត្រូវបានផ្ដោតទៅលើរឿងនយោបាយនៅក្នុងប្រទេសកម្ពុជា ពោលគឺការរៀបចំផែនការបំបែកបំបាក់គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង និងជាគូប្រជែងនយោបាយដ៏ធំបំផុតរបស់គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

សារឆ្លើយឆ្លងទាំងនោះ បានជជែកគ្នាអំពីការផ្ដល់លុយយ៉ាងតិច ៥សែនដុល្លារពីបុរសដែលហៅខ្លួនឯងថា “តា” ទៅដល់នារី ដែលហៅខ្លួនឯងថា “ចៅ” ដើម្បីចាត់ចែងនៅក្នុងផែនការបំបែកបំបាក់សម្ព័ន្ធភាពលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងអនុប្រធានរបស់លោក គឺលោក កឹម សុខា។

លើសពីនេះទៅទៀត សារឆ្លើយឆ្លងនោះ បានបង្ហាញពីការបោះឆ្នោតដកលោក កឹម សុខា ពីតំណែងអនុប្រធានទី ១ នៃរដ្ឋសភា នៅក្នុងនោះ នារីដែលតែងហៅខ្លួនឯងថា “ចៅ” បានជំរុញទៅបុរសដែលហៅខ្លួនឯងថា “តា” ឲ្យរៀបចំមហាបាតុកម្មប្រឆាំងលោក កឹម សុខា តាមរយៈការដុតសំបកកង់ឡាន ឬការគប់ដុំថ្មទៅលើគេហដ្ឋានរបស់មេដឹកនាំបក្សប្រឆាំងរូបនេះ។

ប្រសិនបើគេផ្ទៀងផ្ទាត់ឡើងវិញ ព្រឹត្តិការណ៍ពាក់ព័ន្ធនយោបាយជាច្រើន សុទ្ធតែបានកើតឡើងតាមលំដាប់លំដោយនៃផែនការ ដែលត្រូវបានបុរសជា “តា” ផ្ដោះផ្ដង់ជាមួយនារីជា “ចៅ”។

បន្ទាប់សារឆ្លើយឆ្លងបានបែកធ្លាយ ហើយថែមទាំងបង្ហាញនូវល្បិចកល់នយោបាយសម្រាប់បំបែកបំបាក់គណបក្សប្រឆាំងនោះ វាជំរុញឲ្យមានចំណោទចោទសួរឡើងថា តើវាឆ្លុះបញ្ចាំងឲ្យឃើញដូចម្ដេចអំពីទស្សននយោបាយមេដឹកនាំកម្ពុជា ដែលប្ដេជ្ញាចំពោះការកសាងសន្តិភាព ស្ថេរភាព និងផ្សះផ្សារជាតិ?

លោកបណ្ឌិត មាស នី អ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍន៍សង្គម បានលើកឡើងថា ប្រសិនបើសារសន្ទនាទាំងនោះ គឺជាការពិតនោះ លោកថា វាគឺជាល្បិចកល់នយោបាយដ៏កខ្វក់មួយរបស់អ្នកនយោបាយកម្ពុជា ដើម្បីយកឈ្នះគូប្រកួតរបស់ខ្លួន ដោយមិនបានគិតទៅដល់ផលប្រយោជន៍ជាតិ ដែលលោកចង់សំដៅដល់សន្តិភាព ស្ថេរភាពនយោបាយ និងការផ្សះផ្សារជាតិនោះឡើយ។ ជាងនេះទៅទៀត លោកថា វាបានធ្វើឲ្យប៉ះពាល់ដល់ដំណើរការលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។

លោកមានប្រសាសន៍ថា៖ “ប្រសិនបើរឿងនេះ គឺជារឿងពិត ខ្ញុំគិតថា វាបង្ហាញអំពីល្បែងនយោបាយដ៏កខ្វក់មួយ ដែលអ្នកនយោបាយខ្មែរយកមកលេង ដើម្បីគ្រាន់តែចង់បានប្រៀបពីគ្នាទៅវិញទៅមក ដោយមិនបានគិតពីរឿងផលប្រយោជន៍ជាតិ។ […] រឿងដែលសំខាន់នោះ គឺវាធ្វើឲ្យខូចដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ នៅក្នុងដំណើរការមួយដែលលទ្ធិប្រជាធិបតេយ្យ បានត្រូវគេយកមកបំលែងធ្វើជាឧបករណ៍សម្រាប់អ្នកនយោបាយមានអំណាចជាង គឺរៀបចំផែនការកខ្វក់ ដើម្បីឲ្យខ្លួនឯងមានប្រៀបជាងគណបក្សមួយទៀត។ វាធ្វើឲ្យខូចឈ្មោះធ្ងន់មែនទែនដល់អ្នកដឹកនាំនយោបាយ និងអ្នកពាក់ព័ន្ធ”។

និយាយដល់ស្នាដៃរបស់រដ្ឋាភិបាល លោកបណ្ឌិត មាស នី ទទួលស្គាល់ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្នែករឹងដ៏ធំធេងរបស់រដ្ឋាភិបាលកម្ពុជានៅក្នុងរយៈពេលជិត ២ទសវត្សរ៍ចុងក្រោយនេះ ប៉ុន្តែ លោកបញ្ជាក់ថា រដ្ឋាភិបាលមិនទទួលបានជោគជ័យលើកិច្ចការកសាងឯកភាពជាតិ និងការផ្សះផ្សារជាតិនោះឡើយ។

លោកមានប្រសាសន៍បន្តថា៖ “យើងទទួលស្គាល់ការរីកចម្រើនខាងហេដ្ឋារចនាសម្ព័ន្ធ ក៏ប៉ុន្តែ បរាជ័យមួយរបស់រដ្ឋាភិបាលយើងសព្វថ្ងៃ គឺបរាជ័យក្នុងការនាំមកនូវឯកភាពជាតិសម្រាប់សង្គមខ្មែរ។ […] វាជាផ្នែកមួយ ប្រសិនបើរដ្ឋាភិបាលមិនបានទទួលជោគជ័យក្នុងការនាំមកនូវឯកភាពជាតិ ការស្មោះត្រង់ ការទុកចិត្តគ្នានោះទេ ខ្ញុំគិតថា ប្រទេសយើងនឹងបន្តត្រូវបានអ្នកជិតខាងមើលងាយយើងបន្តទៅទៀត”។

រំលឹកទៅដល់អតីតកាលប្រហែលជា ២០ឆ្នាំមុនវិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលជោគជ័យក្នុងបញ្ចប់សង្គ្រាមស៊ីវិលនៅក្នុងប្រទេសកម្ពុជា ដែលមួយផ្នែកតាមរយៈការបំបែកបំបាក់ក្រុមតស៊ូប្រដាប់អាវុធនៅតាមព្រំដែនកម្ពុជា-ថៃ។ ទោះបីជាដូច្នេះក្ដី សម្រាប់អ្នកវិភាគបញ្ហាសង្គមរូបនេះ យល់ថា នយោបាយបំបែកបំបាក់នេះ មិនសាកសមនឹងយកមកប្រើប្រាស់នៅក្នុងសង្គមប្រជាធិបតេយ្យនោះឡើយ ដែលលោកថា នឹងនាំឲ្យគណបក្សកាន់អំណាចបាត់សំឡេងគាំទ្រទៅវិញ។

លោកបន្ថែមថា៖ “ប្រជាប្រិយភាពបានធ្លាក់ចុះមកវិញ នៅពេលដែលនយោបាយឈ្នះៗ ត្រូវបានប្ដូរមកមានអ្នកឈ្នះមានអ្នកចាញ់ និងមានល្បែងប្លែកៗបានកើតឡើងនៅក្នុងរយៈពេលមួយឆ្នាំពីរឆ្នាំចុងក្រោយនេះ ដែលទីបំផុតអ្នកដែលរងគ្រោះហ្នឹង គឺគណបក្សកាន់អំណាចខ្លួនឯងជាអ្នកទទួលរងគ្រោះ”។

ងាកទៅស្ដាប់អ្នកវិភាគនយោបាយកម្ពុជាមួយរូបទៀត គឺលោកសាស្ត្រាចារ្យ សូ ចន្ថា ដែលបានយល់ឃើញថា ល្បិចកល់បំបែកបំបាក់នេះ មិនសាកសមប្រើនៅក្នុងសង្គមប្រជាធិបតេយ្យ និងនៅក្នុងសម័យដែលសម្បូរហូរហៀរទៅដោយបច្ចេកវិទ្យាទំនើបនោះឡើយ។ ក្រៅពីចាត់ទុកជានយោបាយចាស់គំរិល និងហួសសម័យទៅហើយនោះ លោក សូ ចន្ថា មើលឃើញថា វាអាចជំរុញឲ្យមានគំនុំ ការបែកបាក់ និងអាចមានការសងសឹកគ្នាទៀតផង។

លោក សូ ចន្ថា មានប្រសាសន៍ថា៖ “ខ្ញុំយល់ថា នៅពេលដែលអ្នកនយោបាយកម្ពុជាបានប្រើប្រាស់យុទ្ធសាស្ត្រក្នុងការបំបែកដៃគូប្រកួត ហើយប្រើនូវយុទ្ធសាស្ត្រខ្មៅកខ្វក់បែបនេះ យើងហៅថាជានយោបាយមួយមិនស្មោះត្រង់ ហើយជានយោបាយចាស់គំរិលទៅហើយ ដែលវាហួសសម័យក្នុងការប្រើប្រាស់ក្នុងនយោបាយបែបប្រជាធិបតេយ្យ ហើយក្នុងកាលៈទេសៈដែលយុវជនកម្ពុជា ពលរដ្ឋកម្ពុជា ទទួលបានព័ត៌មាន ហើយគាត់បានតាមដានទៅលើតួអង្គនយោបាយច្រើននោះ។ កាលណាអ្នកនយោបាយប្រើប្រាស់នូវយុទ្ធសាស្ត្របែបនេះ គឺគ្មានផលចំណេញទៅដល់ប្រជាពលរដ្ឋ គ្មានផលចំណេញទៅដល់ជាតិទេ។ វាជាទម្រង់នៃការបង្កើតឲ្យមានការបែកបាក់ ការគុំគួន ជានយោបាយសងសឹកសម្រាប់ជាតិទៅវិញទេ”។

លោកបន្តថា៖ “សម្រាប់ខ្ញុំ ខ្ញុំមិនឲ្យតម្លៃទៅលើគោលនយោបាយបំបែកបំបាក់គណបក្សផ្សេងៗ ដើម្បីឈ្នះនោះទេ ពីព្រោះគោលនយោបាយនៃការបំបែកបំបាក់ គោលនយោបាយកម្ទេចគណបក្ស វាជាយុទ្ធសាស្ត្របែបកុម្មុយនីស្ត យុទ្ធសាស្ត្រហួសសម័យ មិនមែនជាយុទ្ធសាស្ត្រនៃការប្រើប្រាស់នៅក្នុងប្រព័ន្ធប្រជាធិបតេយ្យនោះទេ។ ខ្ញុំចង់ឃើញអ្នកនយោបាយនៅកម្ពុជា មានភាពចាស់ទុំ ហើយអាចប្រើប្រាស់នូវវប្បធម៌នយោបាយបែបប្រជាធិបតេយ្យ ដោយមានការយោគយល់ ការអត់ឱន ការគោរពច្បាប់ ហើយទុកលទ្ធភាពឲ្យប្រជាពលរដ្ឋជាអ្នកសម្រេចនៅថ្ងៃបោះឆ្នោត”។

ការប្រើប្រាស់ល្បិចកល់បំបែកបំបាក់មិនមែនទើបតែកើតមាននៅសម័យទំនើបនេះនោះទេ ពោលមានតាំងពីសម័យបុរាណ ជាពិសេសប្រវត្តិសាស្ត្រខ្មែរនៅសម័យឧដុង្គ។ ប៉ុន្តែ លោក វង់ សុធារ៉ា សាស្ត្រាចរា្យប្រវត្តិសាស្ត្រកម្ពុជា បានបញ្ជាក់ថា ល្បិចកិច្ចកល់បែបនេះនៅក្នុងចំណោមអ្នកនយោបាយខ្មែរ មិនបានផ្ដល់ផលចំណេញទាល់តែសោះដល់ប្រទេសជាតិ ហើយផ្ទុយទៅវិញ ប្រទេសកម្ពុជាបានបាត់បង់ទឹកដីទៅប្រទេសជិតខាង ហើយរហូតដល់មានការកាប់សម្លាប់មនុស្សរាប់លាននាក់នៅសម័យខ្មែរក្រហម។

លោក វង់ សុធារ៉ា មានប្រសាសន៍ថា៖ “ជាលទ្ធផល គឺយើងអត់អាចបង្រួបបង្រួមគ្នាបាន ធ្វើឲ្យមនុស្សអត់ទុកចិត្តគ្នា លែងទុកចិត្តគ្នា អីចឹងហើយបានរហូតដល់មានការកាប់សម្លាប់នៅចន្លោះឆ្នាំ១៩៧៥ ដល់ ៧៩។ អាហ្នឹងហើយលទ្ធផលនៃការដែលយើងបំបែកដើម្បីគ្រប់គ្រង នយោបាយបំបែកដើម្បីគ្រប់គ្រង ហើយនាំឲ្យខឹងគ្នាសងសឹកមិនខ្ចីចុះចាញ់”។

សាស្ត្រាចារ្យប្រវត្តិសាស្ត្ររូបនេះ បានប្រាប់ថា មានតែការគោរពច្បាប់ ឬការតម្កល់ច្បាប់ជាធំទេ ទើបអាចរក្សាសន្តិភាពយូរអង្វែង ដែលលោកថា ប្រទេសជឿនលឿនធំៗនៅលើពិភពលោក សុទ្ធតែពឹងផ្អែកលើការអនុវត្តច្បាប់ ដើម្បីរក្សាសន្តិភាពនៅក្នុងប្រទេសរបស់ពួកគេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ