រឿង ​​«​វិកលចរិត»​ ផលិតករ​ថារកមិនបានថ្លៃ​ដើម​ពាក់កណ្ដាល

លោក​ ហ៊ុយ យ៉ាង​ឡេង ​​​​​​​​​​ចាងហ្វាង​ផលិតកម្ម​​​​មាតុចក្រ​​ហ្វៀម (វង្ស សុម៉ាលីន)

មកទល់ពេលនេះ នៅតែមានការភ្ញាក់ផ្អើល បន្ទាប់ពីមានការប្រកាសថាខ្សែរឿង «វិកលចរិត» ដែលត្រូវបានគណៈកម្មការវាយតម្លៃភាពយន្តអន្តរជាតិមួយចេញលិខិតទទួលស្គាល់ថាជារឿង មានគុណភាព និងត្រូវបានក្រសួងវប្បធម៌ជ្រើសជាភាពយន្តឲ្យចេញទៅបង្អួតក្នុងមហោស្រពភាពយន្តចិននៅខេត្តណានជីង នាថ្ងៃទី១៧ ធ្នូខាងមុខ ក៏ប៉ុន្តែចំនួនអ្នកទស្សនាមិនសូវមានច្រើន ដូចការគ្រោងទុក។ គិតពីថ្ងៃដាក់បញ្ចាំងគ្រប់រោងកាលពីថ្ងៃ២ ធ្នូ មកទល់យប់ថ្ងៃទី៥ ធ្នូ ផលិតករបានអះអាងថា រកចំណូលមិនទាន់បាន១ម៉ឺនដុល្លារនៅឡើយទេ។

លោក ហ៊ុយ យ៉ាងឡេង ចាងហ្វាងផលិតកម្មមាតុចក្រហ្វៀម និងជាផលិតកររឿងបានអះអាងថា តាំងពីលោកផលិតរឿងចំនួន១៥ប្រជែងទីផ្សារ នេះជារឿងលើកទី១ ដែលលោកមើលឃើញពីការខាតដើមបះសក់ បើទោះជារឿងមួយនេះ គឺលោកទុកចិត្ត១០០ភាគរយថាមានគុណភាព។ លោកថាក្រោយការដាក់បញ្ចាំង លោកគ្មានកម្លាំងចិត្តផលិតរឿងដែលមានកម្រិតស្ដង់ដារទៀតទេ ដោយសារតែរឿងប្រភេទនេះ គឺថ្លៃដើមក៏ខ្ពស់ជាងរឿងខ្មោចនិងរឿងកំប្លុកកំប្លែង។

លោក ហ៊ុយ យ៉ាងឡេង ឲ្យដឹងថា រោងភាពយន្តខ្លះមានអ្នកទស្សនាមិនដល់២០នាក់ក៏មាន និងមានត្រឹមតែ ៧-៨នាក់ក៏មាន ដែរលោកថាមិនធ្លាប់ជួបប្រទះ។ មកទល់នឹងល្ងាចថ្ងៃទី៥ ខែធ្នូ លោកថាខ្សែរឿង «វិកលចរិត» មានអ្នកទិញសំបុត្រតែជាង៥ពាន់នាក់ប៉ុណ្ណោះ ដោយគិតជាថវិការសរុបគឺជាង១៥ ០០០ដុល្លារ ដោយក្រោយពីចែកគ្នាម្នាក់ពាក់កណ្ដាលជាមួយម្ចាស់រោង គឺទទួលបាន៧៥០០ដុល្លារ។ លោកថា រឿងនេះចំណាយដើមទុន៤៥ ០០០ដុល្លារ ប៉ុន្តែចំណូលដែលលោកទទួលបានក្នុងការដាក់បញ្ចាំងប៉ុន្មានថ្ងៃនេះ គឺបានក្រោម១ម៉ឺនដុល្លារនៅឡើយ ទើបលោកមិនសូវរំពឹងច្រើនទេថានឹងទទួលបានដើមរួចខ្លួនមកវិញ។

នៅថ្ងៃព្រហស្បតិ៍ទី៨ ធ្នូនេះ លោកថាបណ្ដារោងកុនរបស់ប្រទេសកម្ពុជា នឹងដាក់សម្ពោធរឿងថៃ ទើបលោកមានការបារម្ភថា ផលិតកម្មរបស់លោកនឹងខាតដើមវិលក្បុងមិនធ្លាប់មានក្នុងប្រវត្តិផលិតរឿង១៥រឿងកន្លងមក។ លោកថារឿងកំប្លែងនិងរឿងខ្មោចចំណាយរង្វង់តែ២-៣ម៉ឺនដុល្លារប៉ុណ្ណោះ ហើយស្រួលកើបលុយ ប៉ុន្តែបើផលិតរឿងដែលមានប្រភេទគុណភាពអន្តរជាតិដូចដែលលោកបានធ្វើក្នុងរឿង «វិកលចរិត» គឺចំណាយទុនខ្ពស់ជាង ហើយចេញសញ្ញាណខាតដើម។

លោកមិនរំពឹងថារឿងមួយនេះ ទទួលបានដើមពាក់កណ្ដាលវិញទេ ដោយសារតែបញ្ចាំងច្រើនថ្ងៃទទួលបានអ្នកទិញសំបុត្រតិចនាក់ និងប្រឈមត្រូវរោងកុនដកចេញ បើនៅតែគ្មានអ្នកទស្សនាច្រើននោះ។ យ៉ាងណាមិញ លោកថា មិនឈប់ផលិតខ្សែរឿងដែលមានគុណភាពបែបនេះនោះទេ ដោយសារតែលោកក៏ចង់ឲ្យអន្តរជាតិទទួលដឹងថា ខ្មែរក៏មានភាពយន្តល្អសម្រាប់ប្រកួតប្រជែង។ លោកថាខ្លួនបាត់បង់កម្លាំងចិត្តបន្ទាប់ពីរឿង «វិកលចរិត» រកមិនបានថ្លៃដើមពាក់កណ្ដាលក្នុងប៉ុន្មានថ្ងៃនេះ តែលោកនៅតែមោទនភាព នៅពេលខ្សែរឿងរបស់ខ្លួនមិនសូវមានយុវវ័យចូលទស្សនា តែសម្រាប់អ្នកបានចូលមើល គឺសរសើរពីរឿងមួយនេះ។

លោក ស៊ិន ច័ន្ទសាយ៉ា ប្រធាននាយដ្ឋានភាពយន្ត ប្រចាំនៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអះអាងថារឿង «វិកលចរិត» ជារឿងដែលប្រភេទភ័យរន្ធត់ និងអាថ៌កំបាំងល្អយ៉ាងកម្រក្នុងវិស័យភាពយន្តខ្មែរ។ លោកថា នេះជាការឈានឡើងក្នុងវិស័យភាពយន្តនៅកម្ពុជា តែលោកសម្ដែងការខកចិត្តដូចគ្នា នៅពេលឮថាភាពយន្តគុណភាពមួយនេះ មិនសូវមានការចាប់អារម្មណ៍ពីក្រុមយុវវ័យដែលចូលចិត្តមើលកុន។ លោកជំរុញឲ្យផលិតករបន្តផលិតភាពយន្តទម្រង់នេះ ដោយអះអាងថាក្នុងពេលពលរដ្ឋខ្មែរចេះមើលកុនពិតប្រាកដ គឺរឿងដែលមានគុណភាពទើបមានជីវិតរស់។

លោក ចន អេឡិហ្សូរ៉ា តារាសម្ដែងបានបង្ហាញចំណាប់អារម្មណ៍នៅពេលខ្សែរឿង «វិកលចរិត» មិនសូវមានអ្នកទស្សនា។ លោកបានចាត់ទុកថានេះជារឿង ដែលមានគុណភាពមិនគួរផលិតករធ្វើបាន ប៉ុន្តែក៏ជារឿងដែលលោកបានឮថាខាត ព្រោះតែខ្វះអ្នកគាំទ្រ។ លោកថា អ្នកទស្សនាភាពយន្តនៅតែងប់ងល់ច្រើននៅឡើយចំពោះរឿងប្រភេទកំប្លែងនិងខ្មោច ទើបធ្វើឲ្យរឿងដែលមានរសជាតិថ្មីដូចរឿង «វិកលចរិត» ខាតដើម។

នៅលើបណ្ដាញហ្វេសប៊ុក គេឃើញម្ចាស់ហ្វេសប៊ុកជាច្រើនបានបង្ហោះសរសើរពីរឿង «វិកលចរិត» និងបង្ហាញអារម្មណ៍សោកស្ដាយដែលរឿងមួយនេះមានអ្នកទស្សនាតិចតួចក្នុងរោង ដោយសារតែរឿងមួយនេះមិនផ្ដោតលើភាពកំប្លុកកំប្លែងនិងរឿងខ្មោច។ ម្ចាស់គណនីឈ្មោះ Sean Natasa បានសរសេរបង្ហោះថា ខ្លួនហ៊ានកាត់ក្បាល បើរឿង «វិកលចរិត» មិនមានគុណភាពនិងមិនល្អមើល។ ក្រុមអ្នកអះអាងបានទិញសំបុត្រទស្សនារឿងនេះមួយចំនូនផ្សេងទៀត ក៏ត្រូវគេឃើញ បញ្ចេញទស្សនៈសរសើរមិនដាច់ពីមាត់ផងដែរ ប៉ុន្តែគួរឲ្យស្ដាយដែលរឿងមួយនេះត្រូវបានផលិតករចេញមុខសារភាពថាខាតមិនធ្លាប់មាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ