លោក កឹម សុខា ទៅគោរពវិញ្ញាក្ខន្ធលោក កែម ឡី រំលឹកការចែករំលែកគំនិតដឹកនាំប្រទេស

ប្រភពរូបភាពពីហ្វេសប៊ុក លោក កឹម សុខា (លោក កឹម សុខា និង ម្តាយរបស់លោក បណ្ឌិត កែម ឡី)

មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា នៅ​ថ្ងៃ​នេះ បាន​ធ្វើ​ដំណើរ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​អ្នក​វិភាគ​នយោបាយ លោក កែម ឡី នៅ​ឯ​ខេត្ត​តាកែវ ពោល​គឺ ៥​ខែ​ក្រោយ​ពី​ឃាតកម្ម​បាន​កើត​ឡើង និង​ជាង ១​ខែ​ក្រោយ​ពី​មេបក្ស​ប្រឆាំង​រូប​នេះ ត្រូវ​បាន​លើក​លែង​ទោស។

​រូបថត​ ៤​សន្លឹក​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក បង្ហាញ​​លោក កឹម សុខា ឈរ​នៅ​មុខ​រូបថត​ដ៏​ធំ​ លត់​ជង្គង់​នៅ​មុខ​ផ្នូរ​ និង​ឈរ​ថត​រូប​ជាមួយ​ម្ដាយ​បង្កើត​របស់​លោក កែម ឡី។

លោក កឹម សុខា បាន​រៀបរាប់​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ថា លោក​នៅ​ចង​ចាំ​នូវ​អ្វីៗ ដែល​លោក​បាន​ពិភាក្សា​ជាមួយ​លោក កែម ឡី ទាក់​ទង​នឹង​បញ្ហា​ប្រទេស​ជាតិ បញ្ហា​សង្គម និង​បញ្ហា​ប្រជា​ពលរដ្ឋ​ខ្មែរ។

លោក​បន្ត​ថា លោក កែម ឡី បាន​ប្រាប់​លោក​ឲ្យ​ធ្វើ​វិមជ្ឈការ​ផ្នែក​ថវិកា ធនធាន​មនុស្ស និង​សេវា​សាធារណៈ ដើម្បី​ឈាន​ទៅ​វិមជ្ឈការ​ខាង​អំណាច។

លោក កឹម សុខា ខក​ខាន​មិន​បាន​ទៅ​ចូល​រួម​គោរព​វិញ្ញាណ​ក្ខន្ធ​សព​លោក កែម ឡី នោះ​ឡើយ ចាប់​តាំង​ពី​ថ្ងៃ​ឃាតកម្ម​កើត​ឡើង​មក ខណៈ​លោក​បាន​ស្នាក់នៅ​ក្នុង​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ នៅ​សង្កាត់​ចាក់អង្រែលើ បន្ទាប់​ពី​សមត្ថកិច្ច​ព្យាយាម​ចាប់​ខ្លួន​លោក ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ថា លោក​បដិសេធ​ចូល​បំភ្លឺ​ក្នុង​តុលាការ។

លោក កែម ឡី ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​ប្រហារ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០ ខែ​កក្កដា​ឆ្នាំ​មុន នៅ​ក្នុង​ម៉ាត​ការ៉ាស់​សាំង​កាល់តិច ស្ថិត​នៅ​ម្ដុំ​ស្តុប​បូកគោ ហើយ​សព​លោក​ត្រូវ​បាន​ដង្ហែ​យក​ទៅ​បញ្ចុះ​នៅ​ឯ​ស្រុក​កំណើតរបស់​លោក ស្ថិត​ក្នុង​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ