មនុស្ស៣នាក់​រង​របួស​បន្ទាប់​ពី​រថភ្លើងពីរ​បុក​គ្នា​នៅ​ខេត្ត​ព្រះសីហនុ

ដោយ កញ្ញា យួង ចន្នី​​ | ថ្ងៃសៅរ៍ ទី៧ ខែមករា ឆ្នាំ២០១៧​ ម៉ោង 10:08 PM | សន្ដិសុខ | 0 | 3131

មន្ត្រី​ខេត្ត​ព្រះសីហនុបាន​ឲ្យ​ដឹង​ថា មនុស្ស៣នាក់បាន​រង​របួស បន្ទាប់​ពី​រថភ្លើង​ដឹក​អ្នក​ដំណើរ​មួយ​គ្រឿងបាន​បុក​ទៅ​នឹង​រថភ្លើង​ដឹក​ប្រេង នៅ​ស្ថានីយ​ចំណត​រថភ្លើង នៅក្នុង​ស្រុក​ព្រៃនប់ នៅ​ព្រឹក​ថ្ងៃ​នេះ មួយ​សប្ដាហ៍​ក្រោយ​ពី​ព្រះ​មហាក្សត្រនិង​ក្រុម​មេដឹកនាំ​ជាន់​ខ្ពស់​កម្ពុជាបាន​យាងនិង​ជិះរថភ្លើង​ពី​ភ្នំពេញទៅ​កាន់​ខេត្ត​មួយ​នេះ។

អភិបាល​ស្រុក​ព្រៃនប់ លោក​ ទិត វុទ្ធី បាន​ប្រាប់​វីអូឌី​​ថា រថភ្លើង​ដឹក​អ្នក​ដំណើរ​មក​ពី​ខេត្តព្រះសីហនុ​ បាន​បុក​ជា​មួយ​នឹង​រថ​ភ្លើង​ដឹក​ប្រេង​មួយ​គ្រឿង ​នៅ​ចំណត​រថភ្លើង​វាល​រេញ​ ដោយ​បណ្តាល​ឱ្យ​ស្ត្រី​បម្រើ​ការងារ​នៅ​លើ​រថភ្លើង​ដឹក​អ្នក​ដំណើរ​ម្នាក់​របួស​ត្រង់​ចិញ្ចើមនិងបុរស​ពីរ​នាក់​ទៀតរបួស​ស្រាល។

លោកប្រាប់ថា៖ “ពីព្រឹកម៉ិញហ្នឹង វាត្រូវរថភ្លើងដល់ទៅបីខ្សែ ខ្សែទី១ វាត្រូវចេញពីភ្នំពេញ ហើយខ្សែទី២ វាត្រូវខ្សែខាងដឹកជញ្ជូនប្រេងចេញពីកំពង់សោមមក ហើយដល់ទៅពេលដែលខាងខ្សែដឹកជញ្ជូនហ្នឹងវាត្រូវមកចតនៅរ៉ា​នៅវាលរេញហ្នឹង នៅព្រៃនប់ហ្នឹង ដើម្បីឱ្យខាងខ្សែមកពីភ្នំពេញហ្នឹងឆ្លងផុត ជៀសគ្នាសិន ហើយមួយខ្សែទៀតដឹកអ្នកដំណើរមកពីសីហនុដែរ មកដល់តាមពីក្រោយ អារថភ្លើងហ្នឹងប្រាំងវាអត់ស៊ីក៏មកញ៉ល់ពីក្រោយ វាមិនបុកអីទេ”។

គ្រោះ​ថ្នាក់​នេះ​បាន​កើត​ឡើង​មួយ​សប្ដាហ៍​ក្រោយ​​ពី​ព្រះ​មហាក្សត្រ​ព្រះបរមនាថ នរោត្តម សីហមុនី និងព្រះ​មហាក្សត្រី សម្ដេច​ព្រះ នរោត្ដម មុនីនាថ សីហនុ និង​ក្រុម​មេដឹកនាំ​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា ​បានយាង និង​​ធ្វើ​ជិះ​តាម​រថភ្លើង​ទៅ​ចូល​រួម​អបអរ​ឆ្លង​ឆ្នាំ​សកល​នៅ​ខេត្ត​ព្រះសីហនុ។

ខ្សែ​​រថភ្លើង​ពី​ភ្នំពេញ​ទៅ​ក្រុង​ព្រះសីហនុ​ ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​ឡើង​វិញ​កាល​ពី​ខែ​មេសា​ឆ្នាំ​មុន បន្ទាប់​ពី​​ផ្អាក​ដំណើរ​ការ​អស់​រយៈ​ពេល​ជាង៣០​ឆ្នាំ៕

សរសេរមកកាន់ កញ្ញា យួង ចន្នី តាមរយៈ vichnyyuong@gmail.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required