លោក ហ៊ុន សែន អះអាងថា សេដ្ឋកិច្ចកម្ពុជាមានកំណើន ៦.៩ភាគរយ

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន (កណ្ដាល) ព្រលែង​ព្រាប​នៅ​ក្នុង​ពិធី​រំលឹក​ខួប ៣៩​ឆ្នាំ​នៃ​ថ្ងៃ​ជ័យជម្នះ ៧ មករា ដែល​ធ្វើ​ឡើង​នៅ​រាជ​ធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​០៧ ខែ​មករា ឆ្នាំ​២០១៨។ រូបថត៖ ទំព័រ​ហ្វេសប៊ុក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាង​ជា​សាធារណៈ​ថា សេដ្ឋកិច្ចកម្ពុជា សម្រេចបានកំណើន ៦.៩​ភាគរយ​​ដូច​ការ​ព្យាករ​ទុក កាល​ពី​ឆ្នាំ​មុន ខណៈដែលធនាគារ​​ពិភពលោកថា កំណើនសេដ្ឋកិច្ចកម្ពុជាថយចុះបើធៀបនឹងឆ្នាំ​២០១៦។

លោក ហ៊ុន សែន បានថ្លែងបែបនេះនៅក្នុងពិធីរំលឹកខួបថ្ងៃ០៧ មករា នៅឯកោះពេជ្រ ដោយលោក​ថា សេដ្ឋកិច្ច​កម្ពុជា​សម្រេច​បាន​កំណើន​សេដ្ឋកិច្ចដ៏រឹងមាំង​បែប​នេះ តាមរយៈវិស័យឧស្សហ៍កម្ម នេសាទ សំណង់ កសិកម្ម និង​សេវាកម្ម។

លោក ​ហ៊ុន សែន ថ្លែងថា៖ «សេដ្ឋកិច្ចកម្ពុជាបានសម្រេចកំណើរ ៦.៩ភាគរយក្នុងឆ្នាំ ២០១៧ កំណើនដ៏រឹង​មាំង​នេះ ត្រូវបានឆ្លុះបញ្ចាំងតាមរយៈកំណើនផ្នែកវិស័យឧស្សាហកម្ម តំបន់នេសាទ សំណង់ កសិកម្ម និងសេវាកម្ម ដូចជា ទេសចរណ៍ និងអចលនទ្រព្យជាដើម»

លោក ហ៊ុន សែន ក៏បានលើឡើងផង​ដែរថា កំណើនសេដ្ឋកិច្ច​បែប​នេះ បានធ្វើឲ្យប្រទេសកម្ពុជាផ្លាស់​ប្ដូរ ដោយ​អត្រា​ភាព​ក្រីក្រ​របស់​ប្រជាជន​បាន​ធ្លាក់ចុះ ខណៈ​ដែល​ប្រាក់​ចំណូល​ជា​មធ្យម​របស់​ប្រជាជន​កម្ពុជា​ម្នាក់ៗ បាន​កើន​ឡើង​ពី​ចំនួន ១០៤២​ដុល្លារ​នៅ​ឆ្នាំ​២០១៣ រហូត​ដល់​ចំនួន ១៤៣៥​ដុល្លារ នៅឆ្នាំ​២០១៧​កន្លង​មក​នេះ។

ប៉ុន្តែ របាយការណ៍មួយរបស់ធនាគារពិភពលោក ចេញផ្សាយកាលពីថ្ងៃទី២២ ខែវិច្ឆិកា បាន​ឲ្យដឹងថា ក្នុង​ឆ្នាំ២០១៧ នេះ  អត្រា​កំណើន​សេដ្ឋកិច្ច​របស់កម្ពុជា បានថយចុះបន្ដិច ដោយ​មាន​កំណើន​ត្រឹម ៦.៨ភាគរយ​ប៉ុណ្ណោះ បើធៀបនឹងឆ្នាំ២០១៦ ដែលថា កម្ពុជា មានសន្ទុះ​កំណើន​សេដ្ឋកិច្ចប្រមាណ ៧ភាគរយ។

ធនាគារពិភពលោក បាន​លើកឡើងថា សន្ទុះ​កំណើន​សេដ្ឋកិច្ច​ថយ​ចុះ​មក​នៅ ៦​.៨​ភាគរយ​បែប​នេះ បណ្ដាល​មក​ពី​ការ​ធ្លាក់​ចុះ​នៃ​ការ​នាំ​ចេញ​ផ្នែក​សំលៀកបំពាក់ និងផលិតផលវាយនភណ្ឌ និងវិស័យសំណង់។

ធនាគារមួយ​នេះ បានកោតសរសើរកម្ពុជាថា បានរក្សា​​កំណើន​សេដ្ឋកិច្ច​ខ្លាំងក្លា ជាមួយនឹង​អត្រា​មធ្យម ៧.៦​ភាគរយ ​ក្នុង​រយៈពេល ២​ទសវត្ស​​ន៍​ចុងក្រោយនេះ និងបានផ្ដល់អនុសាសន៍ជាច្រើន​ឲ្យកម្ពុជាកែលម្អ ដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និង​ឈានដល់ចំណូលខ្ពស់នៅឆ្នាំ២០៥០៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ