វិភាគ៖ ល្បិច​កខ្វក់​របស់​អ្នក​នយោបាយ​កម្ពុជានិង​ផល​ប៉ះពាល់​លើ​ការ​ផ្សះផ្សារ​ជាតិ

លោក ហ៊ុន ​សែន និងកញ្ញា ធី សុវណ្ណថា (ហ្វេសប៊ុក)

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ សំឡេង​ឆ្លើយ​ឆ្លង​គ្នា​តាម​​ទូរសព្ទ​របស់​ក្រុម​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង ត្រូវបាន​គេ​ទម្លាយ​នៅ​លើ​បណ្ដាញ​សង្គម ដែល​ត្រូវ​បាន​គេ​មើលឃើញ​ថា ជា​ចេតនា​ដើម្បី​វាយ​ប្រហារ​ទៅ​លើ​ក្រុម​គណបក្ស​ប្រឆាំង។ នៅ​ក្នុង​សារ​សំឡេង​សន្ទនា​តាម​ទូរស័ព្ទ​ទាំង​នោះ ក្រុម​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​គេ​ទម្លាយ​ថា មាន​ទំនាក់​ទំនង​ស្នេហា​ដ៏​ចម្រូង​ចម្រាស់​ជាមួយ​ស្ត្រីមួយ​ចំនួន។

មិន​មែន​មាន​តែ​ការ​ទម្លាយ​សំឡេង​សន្ទនា​របស់​ក្រុម​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​នេះ​​នោះ​ឡើយ  ប៉ុន្តែសំឡេង​សន្ទនា​ស្នេហា​ដ៏​ចម្រូង​ចម្រាស់​របស់​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ក៏​ត្រូវ​បាន​ទម្លាយ​ផង​ដែរ​កាល​ពី​ឆ្នាំ​មុន។

ក្រៅ​ពីក្រុម​មេដឹកនាំ​បក្ស​ប្រឆាំង សារ​សន្ទនា​ឆ្លើយ​ឆ្លងរវាង​បុរស​ម្នាក់​ហៅ​ខ្លួន​ឯង​ថា “តា” និង​នារី​ម្នាក់​ហៅ​ខ្លួន​ឯង​ថា “ចៅ” ក៏​ត្រូវ​បាន​គេ​ទម្លាយ​ផង​ដែរ ដែលសារ​សន្ទនា​ទាំង​នោះ ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា ជា​សារ​ឆ្លើយ​ឆ្លង​រវាង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​កញ្ញា ធី សុវណ្ណថា។

ការ​ទម្លាយ​សំឡេង​សន្ទនា​តាម​ទូរស័ព្ទ​របស់​ក្រុម​មេដឹកនាំ​បក្ស​ប្រឆាំង និង​សារ​ឆ្លើយ​ឆ្លង​រវាង “តា” និង “ចៅ” ត្រូវ​បានគេ​ចាត់​ទុក​ថា​ជា​ការ​វាយ​ប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក រវាង​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង ដែល​សុទ្ធ​តែ​មាន​អាសន្ន​នៅ​ក្នុង​សភា។ ការ​វាយ​ប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​គណបក្ស​នយោបាយ​ទាំង​ពីរ​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​ហែក​ហួរ​តែ​រឿង​ផ្ទាល់​ខ្លួន ឬ​បញ្ហា​បុគ្គល​តែ​ប៉ុណ្ណោះ។

ក្រុម​អ្នក​វិភាគ​នយោបាយ​កម្ពុជា បាន​ចាត់​ទុក​ការ​ប្រកួត​ប្រជែង​បែប​នេះ​របស់​គណបក្ស​ទាំង​ពីរ ជា​ល្បិច​នយោបាយ​កខ្វក់ ដែល​មិន​សាក​សម​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​នោះ​ឡើយ។ ល្បិច​កខ្វក់​នៅ​ក្នុង​នយោបាយ ត្រូវ​បាន​ពន្យល់​នៅ​ក្នុង​វចនានុក្រម​ភាសា​អង់គ្លេស​ថា ជា​យុទ្ធនាការ​ខុស​ច្បាប់ គ្មាន​សីលធម៌ និង​មិន​ស្មោះ​ត្រង់ ដែល​ត្រូវ​បាន​គេ​រៀបចំ​ឡើង​ដើម្បី​រំខាន ឬ​បំផ្លាញ​យុទ្ធនាការ​របស់​គូ​ប្រជែង​។

ដោយ​ផ្អែក​តាម​និយ័ម​ន័យ​បែប​នេះ អ្នក​ឃ្លាំ​មើល​ព្រឹត្តិការណ៍​សង្គម លោក គឹម សុខ បាន​សង្កេត​ឃើញ​ថា អ្នក​នយោបាយ​កម្ពុជា មិន​ថា​គណបក្ស​កាន់​អំណាច ឬ​គណបក្ស​ប្រឆាំង​នោះ​ឡើយ បាន​ប្រើ​ប្រាស់​ល្បិច​នយោបាយ​កខ្វក់ ដើម្បី​យក​ឈ្នះ​គ្នា​ទៅ​វិញ​ទៅ​មក។

ដោយគិត​ចាប់​ពី​ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣​មក អ្នក​ឃ្លាំង​មើល​បញ្ហា​សង្គម​រូប​នេះ បាន​មើល​ឃើញ​ថា ទាំង​បក្ស​ប្រឆាំង និង​បក្ស​កាន់​អំណាច ប្រឌិត និង​ពង្រីក​សាច់​រឿង​មួយ​ចំនួន និង​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក។

សម្រាប់​ទិដ្ឋភាព​នយោបាយ​នា​ពេល​សព្វ​ថ្ងៃ​នេះ លោក គឹម សុខ យល់​ថា អ្នក​នយោបាយ​កម្ពុជា​បាន​ព្យាយាម​ពង្រីក​បញ្ហា​ជា​ជាង​ព្យាយាម​ដោះ​ស្រាយ​បញ្ហា ហើយ​បញ្ហា​ផល​ប្រយោជន៍​ប្រទេស​ជាតិ ត្រូវ​បាន​គេ​ទុក​ចោល​ទៅ​វិញ។

ចំណែក​សាស្ត្រា​ចារ្យ​វិទ្យាសាស្ត្រ​នយោបាយ លោក សូ ចន្ថា បាន​លើក​ឡើង​ថា ល្បិច​កខ្វក់​នៅ​ក្នុង​នយោបាយ គឺ​ជា​រឿង​ចាស់​គំរិល​ទៅ​ហើយ ហើយ​វា​ច្រើន​កើត​ឡើង​នៅ​ក្នុង​សង្គម​ដែល​មិន​មាន​ប្រជាធិបតេយ្យ​ពិត​ប្រាកដ ឬ​សង្គម​ដែល​ប្រជា​ពលរដ្ឋ​ខ្វះ​ការ​យល់​ដឹង​ស៊ីជម្រៅ​ក្នុង​ការ​តាម​ដាន​អ្នក​នយោបាយ។

ដោយ​ផ្អែក​ទៅ​តាម​ការ​សិក្សា​របស់​លោក សាស្ត្រាចារ្យ​រូប​នេះជឿ​ជាក់​ថា នៅ​ក្នុង​ប្រទេស​អភិវឌ្ឍន៍​មាន​លទ្ធិ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ អ្នក​នយោបាយ​បោះ​បង់​ចោល​ល្បិច​នយោបាយ​ស្មោគ​គ្រោក​ចោល​ទៅ​ហើយ ហើយ​ពួកគេ​ប្រកួត​ប្រជែង​គ្នា​តាម​រយៈ​ការ​បញ្ចេញ​គោល​នយោបាយ​សម្រាប់​ដឹកនាំ​ប្រទេស។

សម្រាប់អ្នក​សិក្សា​ស្រាវ​ជ្រាវ​បញ្ហា​សង្គម និង​ជា​អ្នក​វិភាគ​នយោបាយ លោក​បណ្ឌិត មាស នី ឯណោះ​វិញ យល់​​ថា ការ​ប្រកួត​ប្រជែង​គ្នា​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ពិត​ប្រាកដ គណបក្ស​នយោបាយ​នីមួយៗ តែង​តែ​ចង់​យក​ប្រៀប​លើ​គូ​ប្រកួត​របស់​ខ្លួន ប៉ុន្តែ ពួកគេ​មិន​ប្រើ​ប្រាស់​ល្បិច​នយោបាយ​ស្មោគ​គ្រោក​ ដែល​បន្សល់​ទុក​គំរូ​អាក្រក់​ដល់​អ្នក​នយោបាយ​ជំនាន់​ក្រោយ​នោះ​ឡើយ។

សម្រាប់​ទិដ្ឋភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា អ្នក​វិភាគ​រូប​នេះលើក​ឡើង​ថា ពលរដ្ឋ​អាច​មើល​ឃើញ និង​យល់​ពី​ទង្វើ​របស់​គណបក្ស​នយោបាយ​ទាំង​ពីរ ហើយ​នឹង​វិនិច្ឆ័យ​ថា តើ​នោះ​គឺ​ជា​ល្បិច​នយោបាយ​កខ្វក់​ ឬ​យ៉ាងណា។

ដោយ​​មើល​លើ​ដំណើរ​វិវត្តន៍​នៃ​ទិដ្ឋភាព​នយោបាយ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ លោក មាស នី យល់​ថា អ្នក​នយោបាយ​ខ្មែរ​បាន​បាត់​បង់​នូវ​គុណតម្លៃ ហើយ​​រដ្ឋាភិបាល​កម្ពុជា បាន​បាត់​បង់​អត្ត​សញ្ញាណ​របស់​ខ្លួន ក្នុង​នាម​ជា​ស្ថាប័ន​សាធារណៈ​ដ៏​ជា​ទីទុក​ចិត្ត​របស់​ប្រជា​ពលរដ្ឋ​ទូទៅ។

ទោះជាយ៉ាង​ណា​ក៏​ដោយ អ្នក​វិភាគ​នយោបាយ​កម្ពុជា​ទាំង ៣​រូប​នេះ សុទ្ធ​តែ​យល់​ថា ល្បិច​នយោបាយ​កខ្វក់​ដែល​គណបក្ស​នយោបាយ​កម្ពុជា​ប្រើ​ប្រាស់​សម្រាប់​វាយ​ប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ទៅ​ដល់​ស្មារតី​ឯកភាព​ជាតិ​ទាំង​មូល ខណៈ​ប្រទេស​កម្ពុជា​បាន​ឆ្លង​កាត់​ការ​បាក់​បែក​នយោបាយ និង​សង្គម អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​មក​ហើយ។

ជុំ​វិញ​ការ​កសាង​​ឯកភាព​ជាតិ​នេះ លោក សូ ចន្ថា បាន​បញ្ជាក់​ថា នៅ​ពេល​ណា​អ្នក​នយោបាយ​កម្ពុជា​នៅ​តែ​បន្ត​ប្រើ​ប្រាស់​ល្បិច​ស្មោគ​គ្រោក​ដើម្បី​តែ​ជ័យ​ជម្នះ​ក្រុម​ខ្លួន​នោះ សង្គម​កម្ពុជា​នឹង​ត្រូវ​បែក​បាក់ ឬ​បែង​ចែក​ទៅ​តាម​ក្រុម​ ឬ​បក្ខ​ពួក។

ក្រៅ​ពី​សង្គម​ជាតិ​បែក​បាក់ លោក សូ ចន្ថា បាន​ព្រមាន​ថា ប្រជា​ពលរដ្ឋ​នឹង​បាត់​បង់​ទំនុកចិត្ត​​ទៅ​លើ​អ្នក​នយោបាយ ហើយ​ស្ថាប័ន​សាធារណ​របស់​រដ្ឋ នឹង​បាត់​បង់​ឧត្ដមភាព​នៅ​ចំពោះ​មុខ​ប្រជាជន​ខ្លួន​ឯង។

នៅ​ក្នុង​ដំណើរការ​ផ្សះផ្សារ​ និង​បង្រួប​បង្រួម​ជាតិ លោក​បណ្ឌិត មាស នី បញ្ជាក់​ថា រដ្ឋាភិបាល​​កម្ពុជា បើ​ទោះបី​កើត​ចេញ​ពី​គណបក្ស​នយោបាយ​ក៏​ដោយ ពួកគេ​មាន​តួនាទី​សំខាន់​ជាង​គេ ដើម្បី​ធានា​ថា សង្គម​ទាំង​មូល​មាន​ឯកភាព​ជាតិ។ លោកសង្កត់​ធ្ងន់​ថា អ្នក​នយោបាយ​ណា​ម្នាក់​ដែល​អាច​សម្រេច​បាន​នូវ​ដំណើរការ​ឯកភាព ប្រជាជន​កម្ពុជា​នឹង​លើក​ដំឡើង​អ្នក​នយោបាយ​រូប​នោះ​ជា​វីរជនរបស់​ជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ