អ្នកជំនាញការអន្ដរជាតិជំរុញឲ្យកម្ពុជាថែរក្សាប្រភពត្រីនៅទន្លេមេគង្គ

ប្រភពរូបភាពពី ហ្វេសប៊ុកស្ថានទូត អាមេរិក

ក្រុមអ្នកជំនាញការអន្ដរជាតិបានទទូចឲ្យរាជរដ្ឋាភិបាលកម្ពុជាថែរក្សានិងអភិរក្សអាងទន្លេមេគង្គ ដែលជាប្រភពជំរកត្រីដ៏សំខាន់បំផុត និងដើម្បីជាផលប្រយោជន៍ដល់ពលរដ្ឋកម្ពុជា។

ថ្លែងក្រោយពិធីបើកគម្រោង «អច្ឆរិយៈទន្លេមេគង្គ» នៅសណ្ឋាគារមួយក្នុងទីក្រុងភ្នំពេញនាថ្ងៃអង្គារទី៧​ខែកុម្ភៈ​នេះ លោក Zeb Hogan សាស្ដ្រាចារ្យសាកលវិទ្យាល័យ Navada-Reno ប្រាប់វីអូឌីថា ទន្លេមេគង្គ និងប្រព័ន្ធអេកូឡូស៊ីរបស់វា ជាផ្នែកដ៏សំខាន់មួយ ដែលអាចជួយដល់សេដ្ឋកិច្ចកម្ពុជា និងផ្គត់ផ្គង់ដល់តម្រូវការចំណីអាហារដល់ពលរដ្ឋជាង៧០លាននាក់នៅតំបន់អាស៊ីអាគ្នេយ៍។

លោក Zeb Hogan មានប្រសាសន៍បន្តថា ទន្លេមេគង្គមានផ្ទុកទៅដោយត្រីទឹកសាបជាង១ពាន់ប្រភេទ មានប្រភេទត្រីកម្រ និងត្រីជិតផុតពូជរាប់មិនអស់ ព្រមទាំងព្រៃលិចទឹក​ដែលអាចជួយ​ទទ្រង់​ដល់​ពលរដ្ឋនៅក្នុងតំបន់ និងជំរកសត្វព្រៃទៀតផង។

លោកមានប្រសាសន៍ថា ទន្លេមេគង្គបាន​ផ្ដល់ផល​ត្រីចន្លោះពី ៥,៦ ទៅ៩,៥ប៊ីលានតោនក្នុងមួយឆ្នាំ ខណៈកម្រៃបាន​ពីសេវាប្រព័ន្ធអ៊ីកូឡូស៊ី​មានដល់ទៅរាប់លានដុល្លារអាមេរិក ដូចជា នៅទីក្រុងភ្នំពេញនិងខេត្តសៀមរាប និងជួយដល់វិស័យកសិកម្ម និងវារីវប្បកម្មជាដើម។

លោកថា៖ «ទន្លេមេគង្គ គឺជាទន្លេមួយដែលសំខាន់ជាងគេនៅលើសកលលោកទាំងមូល មានប្រភេទសត្វ និងរុក្ខជាតិជាច្រើន ដែលខ្លះរងនៅការបាត់បង់ ដូច្នេះយើងត្រូវតែអភិរក្ស»

នាយិកាទីភ្នាក់ងារសហរដ្ឋអាមេរិសម្រាប់អភិវឌ្ឍន៍អន្ដរជាតិប្រចាំកម្ពុជា (USIAD) លោកស្រី Polly Dunford បានថ្លែងនៅក្នុងពិធីបើកគម្រោងនោះថា រដ្ឋាភិបាលកម្ពុជាគួរបង្កើនការយកចិត្តទុកដាក់ និងថែរក្សាទន្លេមេគង្គឲ្យបានប្រសើរ ដោយ​ថា ដើម្បីទទួលបានប្រយោជន៍ពីប្រព័ន្ធជីវចម្រុះ និងប្រព័ន្ធអេកូឡូស៊ីនៅតាមដងទន្លេមេគង្គនេះ។ លោកស្រីបន្ដថា សក្ដានុពលរបស់ទន្លេមេគង្គ គឺអាចបង្កើនសកម្មភាពសេដ្ឋកិច្ច សង្គម បរិស្ថាន និងវប្បធម៌ ជួយដល់វិស័យដឹកជញ្ជូន និងជាប្រភពទឹកសម្រាប់ប្រើប្រាស់។

លោកស្រីថា៖ «ទន្លេមេគង្គ គឺជាទន្លេមួយ ដែលសំខាន់ជាងគេនៅក្នុងប្រទេសកម្ពុជា ហើយរួមទាំងពិភពលោកទាំងមូល។ ទន្លេមេគង្គបានផ្ដល់ជាស្បៀង និងអាហារូបត្ថម្ភដល់ប្រជាពលរដ្ឋកម្ពុជា។ នៅក្នុងពេលអនាគត នៅក្នុងប្រទេសតាមដងទន្លេមេគង្គ និងប្រជាជនកម្ពុជា​ ការអភិវឌ្ឍន៍ និងអភិរក្សហ្នឹង ត្រូវតែមានការួមគ្នា កៀកដៃ កៀកស្នាគ្នា»

លោក ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រាប់វីអូឌីថា ប្រភព​ត្រីនៅ​ប្រទេស​កម្ពុជា​កំពុងស្ថិតនៅ «ដំណាក់កាលគួរឲ្យព្រួយបារម្ភ» ដោយលោកថា​កម្ពុជា​កំពុង​ប្រឈម​នឹងបញ្ហា​ជាច្រើន​ដូចជា បទល្មើសនេសាទខុសច្បាប់បន្ដកើនឡើង កង្វះខាតបច្ចេកទេស និងធនធានមនុស្ស​ដើម្បីថែរក្សាអាងទន្លេមេគង្គឲ្យមាននិរន្តរភាព។

លោកបន្ដថា រដ្ឋាភិបាលបានដាក់ចេញនូវផែនការយុទ្ធសាស្ដ្រទ្រង់ទ្រាយធំមួយ នៅដើមឆ្នាំ២០១៧នេះ ដើម្បីបង្រ្កាប និងទប់ស្កាត់បទល្មើលនេសាទខុសច្បាប់នៅទូទាំងប្រទេសកម្ពុជា។

លោកថា៖«ធនធានត្រីរបស់យើងនេះ សព្វថ្ងៃគឺយើងចាប់ច្រើន ដោយសារប្រជាជនយើងច្រើន យើងចាប់ដល់ទៅ៧០០ពាន់តោនប្លាយក្នុងមួយឆ្នាំ។ យើងប្រើឧបករណ៍នេសាទច្រើនប្រភេទ វាហៅថាស្ថិតក្នុងដំណាក់កាលដែលគួរឲ្យព្រួយបារម្ភហើយ ហេតុហ្នឹងហើយបានរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការអន្ដរក្រសួង ដើម្បីចាត់វិធានការក្នុងបង្ក្រាបបទល្មើស»

មន្ដ្រីជលផលឲ្យដឹងថា កំណើនផលត្រីបានកើនឡើងប្រមាណ៦ភាគរយ ពីចន្លោះ ៧៥១ពាន់តោននៅឆ្នាំ២០១៦ ទៅ៨០៦ពាន់តោន នៅដើមឆ្នាំ២០១៧។ មន្ដ្រីបញ្ជាក់ថា  បទល្មើសនេសាទបានកើតមានជាហូរហែរនៅប្រទេសកម្ពុជា ប៉ុន្តែបន្ទាប់ពីមានការបង្ក្រាប អាជ្ញាធរឃើញមានខេត្តចំនួន២ ដែលមានបទល្មើសនេសាទច្រើនជាងគេ គឺកំពង់ឆ្នាំង និងកំពង់ធំ។ ទោះជាយ៉ាងណា អ្នកឃ្លាំមើលបរិស្ថានបានរិះគន់ថា បទល្មើសនេសាទនៅតែបន្ដកើតមាន ដោយសារការឃុបឃិតគ្នារបស់អាជ្ញាធរ និងការធ្វេសប្រហែសរបស់អាជ្ញាធរ។

អ្នកជំនាញការ ឲ្យដឹងទៀតថា កម្ពុជាជាប្រទេសដែលមានសំណាងបំផុត ដែលរស់នៅអាស្រ័យផលពីដងទន្លេមេគង្គ ក្នុងចំណោមប្រទេស៤ផ្សេងទៀត ដូចជា វៀតណាម ថៃ ឡាវ ចិន និងមីយ៉ាន់ម៉ា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ