សន្តិសុខរឹបអូស​សម្ភារៈអាជីវករលក់លើចិញ្ចើមផ្លូវជិតផ្សារដើមគរ

បន្លែដែលដាក់លក់នៅលើទីផ្សារ

អាជីវករលក់ដូរនៅចិញ្ចើមផ្លូវក្បែរមហោស្រប​ចេនឡា ផ្សារដើមគរ បានឲ្យដឹងថា សន្តិសុខ​រឹប​អូសសម្ភារៈពួកគេ​ដែលលក់ដូរលើចិញ្ចើមផ្លូវ​ ដោយថាកុំឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។

អាជីវករលក់បន្លែ ផ្លែឈើ នៅផ្សារដើមគរ អ្នកស្រី ណឹប សឿន ​បានរៀប​រាប់ប្រាប់អ្នកយកព័ត៌មាន​ថា កាលពីថ្ងៃចន្ទ​ ក្រុមសន្តិសុខ​បានចុះរឹបអូសសម្ភារៈនិងបន្លែ ផ្លែឈើពីពួកគេចំនួន​៣កន្លែង​ ដែលកំពុង​លក់ដូរនៅលើចិញ្ចើមផ្លូវ បញ្ជូនទៅរក្សា​ទុកនៅក្នុង​ការរិយាល័យផ្សារ ដោយថា​កុំឲ្យប៉ះ​ពាល់​សណ្តាប់​ធ្នាប់​សាធារណៈ ប៉ុន្តែអ្នកស្រីថា ត្រូវបានអាជ្ញាធរ​ប្រគល់​ឲ្យវិញ ក្រោយពីមានការតវ៉ា​។ អ្នកស្រីនិយាយថា៖ «ដេញម្សិល​មិញ​ចាប់​ឆ័ត្រ​​ចូល​ការិយាល័យផ្សារដើមគរ ដេញអត់ចង់ឲ្យដាក់នៅខាងក្រោម គេឲ្យលើកឡើងមក​លើខាងក្រោយ ហើយ​ឡើងលើណា លក់អត់ដាច់ ខុសកន្លែងលក់អត់ដាច់ បាត់​បង់ថវិកា ម្សិល​មិញ​លក់​អត់ដាច់ទេ ពេញ​មួយល្ងាច​​»។

អាជីវករម្នាក់ទៀតអ្នកនាង វណ្ណ មិនា បានឲ្យដឹងដែរថា ជារៀង​រាល់ព្រឹក​នៅតាមដងផ្លូវ​ផ្សារដើម​គរចាប់​ពីមហោ​ស្រប​ចេន​ឡារហូតដល់ច្រកផ្សារនាគមាស អាជីវករមួយចំនួនបានលក់ដូរនៅតាមចិញ្ចើម​ផ្លូវ​ហូ​ហែ​រ​ ប៉ុន្តែគាត់ថាមិនឃើញ​សន្តិសុខបណ្តេញអ្នកលក់ទំាងនោះទេ​។

អ្នកនាង វណ្ណ មិនា បញ្ជាក់ថា បើពេលល្ងាចរហូត​ដល់ទៀបភ្លឺចាប់ពីមហោស្របចេញ​ឡារហូតដល់ផ្សារនាគមាសអមតាមដងផ្លូវ អាជីវកររាប់សិបតូប បានដាក់លក់បន្លែ ផ្លែឈើ លើចិញ្ចើមផ្លូវ ប៉ុន្តែអាជ្ញាធរក៏មិនបានបណ្តេញនិងរឹបអូសយកសម្ភារៈក្រុមអាជីវករទាំងនោះទេ។

ករណីទំាងនេះ​ អ្នកនាង វណ្ណ មិនា ស្នើសុំឲ្យសន្តិសុខ ឬប្រធានផ្សារ ត្រូវ​កំណត់ឲ្យច្បាស់ពីទីតំាង សម្រាប់ឲ្យអាជីវករលក់ដូរក្បែរចិញ្ចើមផ្លូវ​ឲ្យមានតម្លាភាពទំាងអស់គ្នា ជាជាងអនុវត្តមានភាពលម្អៀង។ អ្នកនាង​អះអាងថា៖ «ប្រសិនបើគាត់បណ្តេញអ្នកលក់ចិញ្ចើមថ្នល់​ គាត់​គួរតែបណ្តេញទំាងអស់គ្នា ឬមួ​យ​​បើគាត់រៀប​ចំ ពួកគាត់រៀប​ចំទំាងអស់គ្នា ដើម្បីឲ្យតម្លាភាពគ្នា ឲ្យ​មើល​ទៅសមដូចថា​បើគេ​លក់​បាន ខ្ញុំត្រូវលក់បាន​ បើខ្ញុំលក់មិនបាន គេលក់មិនបានដូចគ្នា ព្រោះកណ្តាលថ្នល់ដូចគ្នា»។

VOD មិនអាចសុំការបំភ្លឺពីប្រធានផ្សារដើមគរ លោក សារ៉ន បានទេនៅព្រឹក​ថ្ងៃអង្គារនេះ។

ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធលោក វន់ ពៅ​ យល់ថា ការ​រឹបអូសម្ភារៈរបស់អាជីវក​រ​លក់នៅក្បែរចិញ្ចើមផ្លូវជាការរើសអើងពួកគេ។ លោកផ្តល់ជាយោបល់ថា ដើម្បី​ទប់ស្កាត់​បញ្ហា​នេះ​ឲ្យ​មានប្រសិទ្ធិភាព គណៈកម្មការផ្សារត្រូវ​រៀប​ចំទីកន្លែងលក់ឲ្យពួកគេឲ្យបានសមរម្យ និងធ្វើរបងព័ទ្ធ​ជុំវិញ​កន្លែង​លក់ដូរនោះ។ លោកលើកឡើងថា៖ «ដើម្បីឲ្យមានភាពល្អប្រសើរទំាងសង​ខាងគួរ​តែរៀប​ចំទំាងអស់គ្នាសណ្តាប់ធ្នាប់ គឺលក់ដូរកន្លែងណាដែលមានសុវត្ថិភាព សណ្តាប់ធ្នាប់គឺត្រូវ​រៀប​ចំរបង​មួយ​ត្រឹម​​ចង្គុង ឬត្រឹមចង្កេះ ដើម្បីកំណត់លីមីតកន្លែងលក់ កុំឲ្យគាត់​ចេះតែហៀមក​ខាងផ្លូវ​ថ្នល់​ គឺជាការរៀប​ចំសណ្តាប់ធ្នាប់​មួយយ៉ាងល្អដែល​អាច​មានប្រសិទ្ធភាព ព្រោះប្រទេសគេជិតខាង ក៏គេធ្វើបែបនេះដែរ​»។

កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរលើគេហទំព័រហ្វេសប៊ុក​របស់លោក​ថា ដើម្បីកាត់បន្ថយនូវភាពក្រីក្រនិងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ លោកបាន​ពិភាក្សា​ជាមួយរដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញ «សារាចរស្ដីពីការលុបចោលចំពោះការបង់ថ្លៃ» ​ដល់ប្រជាពលរដ្ឋលក់ដូរតាម កញ្ច្រែង កញ្ជើ ល្អី គឺមិនចាំបាច់បង់ថ្លៃឡើយ។

កន្លងទៅអ្នកលក់ដូរតាមដងផ្លូវមួយចំនួនបានត្អូញត្អែរថា ពួកគេត្រូវបានអាជ្ញាធរ​បណ្តេញពី​កន្លែង​មួយ​ទៅ​កន្លែងមួយទៀត ឬរឹបអូសយកសម្ភារៈលក់ដូរ ដោយសំអាងពីការរៀបចំសណ្តាប់ធ្នាប់ បើ​ទោះបីពួកគេ​បានបង់​ប្រាក់ប្រចាំថ្ងៃឲ្យអាជ្ញាធរ អ្នកដើរទារភាស៊ីចល័ត និងប៉ូលិសសណ្តាប់ធ្នាប់ហើយក៏ដោយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ