បទយកការណ៍៖ តើសំឡេងរបស់យុវជន ក្នុងវិស័យនយោបាយ នៅឯណា?

ក្នុងបន្ទប់ដែលតុបតែងសុទ្ធតែវាំងននទាំងដំបូលនិងជញ្ជាំងនៅផ្នែកខាងក្រៅជាប់មាត់ទន្លេនៃសណ្ឋាគារមួយ ក្នុងទីក្រុងភ្នំពេញ មនុស្សជាច្រើនជាតិសាសន៍ប្រហែល១៥០នាក់ ភាគច្រើនជាយុវជនខ្មែរ កំពុងអង្គុយស្តាប់ការជជែកពិភាក្សាសាធារណៈ និយាយជាភាសាអង់គ្លេស អំពី​ប្រធានបទទាក់ទង​នឹងការចូលរួមរបស់​យុវជនក្នុងវិស័យនយោបាយ ដែលរៀបចំឡើងដោយអង្គការអាល្លឺម៉ង់ ខុនរ៉ាដ។

លោក ប៊ិន សុជាតិ ​នាយកប្រតិបត្តិក្លឹបអ្នកកាសែតកម្ពុជា ដែលសហការសម្របសម្រួល យុវជនអ្នកសារព័ត៌មានមកចូលរួមក្នុងកម្មវិធីនេះប្រាប់ថា គោលបំណងសំខាន់ គឺស្វែងយល់ ពីសំឡេងយុវជនក្នុងវិស័យនយោបាយនៅប្រទេសកម្ពុជាដែលកំពុងតែខ្លាំងនិងមានចំនួនច្រើន តែតំណាងសំឡេងទាំងនោះនៅរប៉ាត់រប៉ាយនៅឡើយ៖ «កម្មវិធីនេះមិនត្រឹមតែធ្វើបង្ហាញអំពីទិដ្ឋភាពនៅស្រុកខ្មែរទេ គឺយើងនាំអ្នកជំនាញមកពីក្រៅប្រទេសដែលនៅក្នុងបរិបទអាស៊ីដូចគ្នា ធ្វើរឿងយុវជនដូចគ្នា ហើយយើងចង់ឲ្យគេបង្ហាញថាតើយុវជនរបស់គេដែលចូលរួមក្នុងវិស័យនយោបាយចាប់អារម្មណ៍ទៅលើអី? គេចង់បានអំណាច ដោយសារផលប្រយោជន៍ ឬក៏ចង់ផ្លាស់ប្តូរអីមួយក្នុងសង្គម…»។

វាគ្មិនជនជាតិឥណ្ឌា លោកបណ្ឌិត សានឌីប ស្សាទ្រី ជាអ្នកស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រសង្គម និងអប់រំ ពន្យល់​ពីតួនាទី​យុវជនក្នុងវិស័យ​នយោបាយ​នៅតំបន់​អាស៊ីខាងត្បូងថា​ អាស៊ី​ខាង​ត្បូងបច្ចុប្បន្ន​ជា សង្គមមួយមានវ័យចំណាស់ ដែលសម្បូរដោយមនុស្សវ័យក្មេង។

នៅពេលដែលមនុស្សវ័យក្មេងច្រើនរស់នៅក្នុងបែបបទសង្គមចាស់ វាធ្វើឲ្យមានទស្សន​នយោយបាយខុស​គ្នារវាងអ្នកនយោបាយសង្គមចាស់និងយុវជនក្មេងៗ។ ​លោកថា ការប្រែប្រួលនៃសម្លេងយុវជនក្នុងវិស័យនយោបាយនៅអាស៊ីខាងត្បូងមានទំនាក់ទំនងទៅនឹងចំណុចបីសំខាន់ៗ គឺទីមួយលំហូរ​នៃមនុស្ស​វ័យក្មេងចូលមកទីក្រុងកាន់តែច្រើនឡើងៗ ទីពីរភាពគ្មានការអត់ធ្មត់ចំពោះដំណាក់កាលនៃបំរែបំរួលរបបនយោបាយ និង​ទីបី​ទំនាក់ទំនង​រវាងអាយុ និងការអប់រំទៅនឹងឥរិយាបទរបស់យុវជនចំពោះនយោបាយ។

វាគ្មិនមួយរូបទៀតលោកស្រីបណ្ឌិត ខៃ ពីងហួង  សាស្រ្តាចារ្យមក​ពីសកលវិទ្យាល័យជាតិតៃវ៉ាន់ បាន​ធ្វើការ​ពន្យល់ពី​ឥរិយាបទ​របស់​យុវជន​ចំពោះ​នយោបាយ​នៅតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីបូរពា​ ថា​ជាទូទៅអត្រា​នៃយុវជន​ដែល​បាន​ទៅបោះឆ្នោត​មានចំនួន១០ភាគរយ តិចជាងអត្រាបោះឆ្នោតរបស់មនុស្សចាស់ ដែលនេះជា​សញ្ញា​មួយ​ដែល​ត្រូវព្រួយបារម្ភ។​

លោកស្រីបន្តថាកត្តាសំខាន់មួយក្នុង​ចំណោមកត្តាសំខាន់ៗ ដែលធ្វើឲ្យប៉ះពាល់ដល់ការចូលរួមរបស់យុវជនក្នុងឆាកនយោបាយ គឺបរិយាកាសនយោបាយ។​​

លោកស្រីបញ្ជាក់ថា ទោះជាបែបណាក៏ដោយ ការដែលយុវជនមិនចាប់អារម្មណ៍ទៅបោះឆ្នោតមិនមែនសញ្ញាដាច់ខាតមួយក្នុងការសន្និដ្ឋានថាពួកគេមិនមានចំណាប់អារម្មណ៍ក្នុងកិច្ចការនយោបាយនោះទេ។

ប្រសិនបើយើងងាកទៅមើលសកម្មភាពរបស់ពួកគេនៅតាមទីសាធារណៈ និងតាមបណ្តាញសង្គមនោះ យើងនឹងឃើញភាពខុសគ្នា។ យុវជនក្មេងៗនៅប្រទេសមួយចំនួនដូចជា​​ ជប៉ុន  តៃវ៉ាន់ និងកូរ៉េខាងត្បូង មិនសូវចាប់អារម្មណ៍ក្នុងការបោះឆ្នោតតែពួកគេចូលរួមយ៉ាងសកម្មក្នុងការធ្វើបាតុកម្មតវ៉ាតាមផ្លូវសាធារណៈទាមទារអោយមានការផ្លាស់ប្តូរគោលនយោបាយរបស់រដ្ឋាភិបាល ។

នៅពេលបញ្ចប់ការបង្ហាញរបស់បណ្ឌិតទាំងពីរ អ្នកចូលរួមមកពីប្រទេសផ្សេងៗដូចជាឥណ្ឌា ហ្វីលីពីនឡើងមានសំណួរនិងចែករំលែកបទពិសោធន៍ តែអ្វីដែលគួរឲ្យ​ចាប់​អារម្មណ៍​គឺយុវជន​ម្នាក់​មកពីឥណ្ឌូនេស៊ីប្រាប់ពីមូលហេតុដែលខ្លួនចូលរួមបក្សនយោបាយ៖ «បើសួរខ្ញុំថា  តើណែនាំយុវជនឲ្យចូលរួមបក្សនយោបាយទេ? ចម្លើយគឺបាទ! ព្រោះសំរាប់ខ្ញុំ ខ្ញុំពិតធុញនឹងការតវ៉ាតាមផ្លូវ ខ្ញុំពិតជាធុញនឹងការរិះគន់រដ្ឋាភិបាល អញ្ចឹងខ្ញុំសំរេចចិត្តចូលបក្សនយោបាយទៅ ងាយ!»។

​​យុវនារីម្នាក់មានរូបរាងស្រស់ស្អាត ប្រាប់ថាឈ្មោះ លាភ លក្ខិណា ជានិស្សិតសេដ្ឋកិច្ចព័ត៌មានវិទ្យាមកពីសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ ហើយក៏ជាយុវជនស្ម័គ្រចិត្តរបស់បណ្តាញយុវជនកម្ពុជា (CYN) ចូលរួមយោបល់ថា ការចូលរួមសកម្មភាពនយោបាយ គឺជាការតាមដាន ជាការស្តាប់ព័ត៌មានផ្សេងៗដូចជា ព័ត៌មានថវិការជាតិ ព្រំដែន ចរាចរណ៍ដើម្បីឲ្យដឹងពីការដឹកនាំប្រទេស។

កញ្ញាលើកពីឧទាហរណ៍ដែលធ្លាប់ចូលរួមតស៊ូមតិក្នុងបញ្ហាសិទ្ធិមនុស្សកន្លងមកថា៖ «យើងត្រូវគិតថាហេតុអីបានជាប្រទេសខ្ញុំ អ្នកជួយមនុស្ស អ្នកការពារសិទ្ធិមនុស្សត្រូវគេចាប់ដាក់គុក? អញ្ចឹងយើងត្រូវចូលរួមតស៊ូមតិដើម្បីឲ្យមានការដោះលែងអ្នកទាំងអស់ហ្នឹង វាគឺជាការចូលរួមរបស់យើងមួយដែរ ប៉ុន្តែមិនមែនមានន័យថាយើងចូលរួមខាងបក្សប្រឆាំងទេ។ រឿងខ្លះមានចន្លោះខ្វះខាត យើងត្រូវធ្វើឲ្យវាល្អជាងហ្នឹង ហើយក៏មិនមែនមានន័យថាយើងចោលការសិក្សារបស់យើងដែរ ឧទាហរណ៍ថាទិវាសិទ្ធិមនុស្សអន្តរជាតិ គឺជាថ្ងៃឈប់ទេ!»

ព្រះអង្គព្រះនាម និមល សព្វថ្ងៃរៀននៅភ្នំពេញ ព្រះអង្គសម្តែងមតិថា ព្រះសង្ឃមានសិទ្ធិចូលររួមវិស័យនបាយដែរដូចជាព្រះសង្ឃមានសិទ្ធិបោះឆ្នោត គ្រាន់តែអាណត្តិនេះគេមិនសូវផ្សព្វផ្សាយទាក់ទងនឹងព្រះសង្ឃឲ្យផុសផុលទេ៖ «មិនធ្លាប់ដើរតាមបាតុកម្មអីទេ ប៉ុន្តែធា្លប់ទៅបោះឆ្នោត។ កាលណាចេញខ្លាំងពេកក៏វាមិនសូវល្អដែរព្រោះជាព្រះសង្ឃ។ VOD: អត់ធ្លាប់គិតថា សឹកទៅធ្វើនយោបាលទេ? តេជគុណ និមល: អត់ទៀង អាចដែរ…»។

ចំពោះលោក វណ្ណៈ គឺជាប្រជាពលរដ្ឋសាមញ្ញធម្មតានៅភ្នំពេញ។ លោកថា នយោបាយ គឺជាដំណើរការកសាងជាតិមួយឲ្យខ្លាំងឲ្យទំនើប គឺត្រូវតែមានការចូលរួមពីយុវជន។ យើងមិនអាចពឹងលើបារមីអ្នកដឹកនាំបានទេ ព្រោះជាធម្មជាតិគេគិតពីប្រយោជន៍ផ្ទាល់ខ្លួន ចឹងមានតែពលរដ្ឋចូលរួមទេទើបមានតម្លាភាព រលូន ហើយជីវភាពពលរដ្ឋមានការឆ្លើយតបដែរ។ដើម្បីកុំឲ្យក្លាយជាឈ្នាន់ ឬឧបករណ៍នយបាយ លោកថាយុវជនត្រូវ៖ «ចូលរួមតាមដានឲ្យសកម្មទៅនឹងការកើតឡើងក្នុងដំណើរនយោបាយ។ យើងត្រូវដឹងថាតើមានអ្វីកើតឡើង អ្វីដែលជាតម្រូវការរបស់យើង យើងត្រូវតាមដានព័ត៌មានឲ្យគ្រប់ជ្រុងជ្រោយ»។

មាឌធំក្រអាញ ភ្នែកតឹង ពាក់អាវធំ លោក តាំង សំអឿន គឺជាតំណាងយុវជន​មកពីគណបក្សប្រជាជនកម្ពុជា លោកថា​ឱកាស​ល្អ​របស់យុវជន​គឺកំណែទម្រង់ផ្នែកអប់រំរបស់រដ្ឋាភិបាល ដែលធ្វើឲ្យ​ពួកគេដឹង​ពីសមត្ថភាពនៅពេលគេប្រឡងជាប់។

ចំណែកឧសគ្គវិញគឺការផ្តល់ឱកាសនិងការចូលរួមរបស់យុវជននៅមានកំរិតនៅឡើយ។ ឆ្លើយនឹងកង្វល់ពីបក្សពួក ឬគ្រួសារនិយម​ជាឧបសគ្គរបស់យុវជន​ដែលចង់ចូលរួមជាមួយបក្សនយោបាយ លោកថា៖ «ខ្ញុំគិថា ការកសាងសមត្ថភាពខ្លួនយើង ចំណេះដឹងរបស់យើងឲ្យបានរឹងមាំសិន។ ទាក់ទងនឹងថាគេអាងមានបងប្អូនឬមួយក៏ខ្សែដែលគេអាចឡើងហ្នឹង យុវជនអត់ត្រូវការផ្តោតទៅលើហ្នឹងខ្លាំងពេកទេ…»។

សំឡេងស្អកៗ មាឌធំខ្ពស់ ពាក់អាវធំដែរ លោក ជុំ ចាន់ដារិន តំណាង​គណបក្ស​សង្គ្រោះជាតិថា យុវជនមានការផុសផុល​ច្រើនជាក់ស្តែង​ដូច​ឃើញកាលពីឆ្នាំ២០១៣ ហើយគណបក្សលោកកំពុងបញ្ចូលយុវជនទៅក្នុងតំណែងឃុំសង្កាត់។

ចំពោះបញ្ហាប្រឈមគឺរបៀបដែលយុវជនគិត របៀបដែលសង្គមគិត និងអាណាព្យាបាលគិត៖ «ត្រូវហ៊ាន ក្លាហានក្នុងការបំបែកការគិតហ្នឹង! គាត់ត្រូវចូលរួមដោយមានតម្លៃមួយ ហើយអ្វីដែលគុណតម្លៃពួកយើងបណ្តុះគឺ គុណតម្លៃសេរីភាព គុណតម្លៃប្រជាធិបតេយ្យ គុណតម្លៃនៃការចង់បានសិទ្ធិស្មើគ្នានៅក្នុងសង្គម»។

​អ្នកស្រី ចក់ សុភាព នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជាដែលជាវាគ្មិនម្នាក់​ដែរចាប់​អារម្មណ៍ថាការចូលរួមរបស់យុវជនមានការកើនឡើងជាពិសេសតាមរយៈបណ្តាញទំនាក់ទំនងសង្គមដូចជា Facebook។

ចំពោះឧសគ្គវិញលោកស្រីផ្តោតទៅលើលំហរប្រជាធិបតេយ្យដែលកាន់រួមតូច ដូចជាមានព្រឹតិការណ៍ចាប់សកម្មជនសិទ្ធិមនុស្ស ឬគណបក្សនយោបាយ ការបាញ់សម្លាប់អ្នកវិភាគ នឹងធ្វើឲ្យ​មានឥទ្ធពល​ដល់​យុវជន​ដែល​ទើបតែ​ចូលរួមឆាកនយោបាយ៖ «ខ្ញុំគិថា ការធានាឲ្យមានមជ្ឈដ្ឋានមួយដែលល្អប្រសើរសំរាប់ការចូលរួមរបស់យុវជនគឺសំខាន់មែនទែន ជាសចៀងដែលយើងត្រូវចាប់ចង ចោទប្រកាន់ដែលបង្អាក់ដំណើរយុវជន យើងគួរតែនាំគ្នាលើកកម្ពស់ការយល់ដឹងដល់យុវជន ដើម្បីធានាថាពួកគាត់អាចចូលរួមយ៉ាងសកម្ម ហើយចូលរួមប្រកបដោយអត្ថន័យ…»។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ