ចិន​ជំរុញកម្ពុជា​ឲ្យ​ប្រើ​លុយ​យ័ន​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ជា​មួយ​ខ្លួន

លុយ​យ័នរបស់ចិន (ប្រភព៖ Asia Today)

ចិន​​ជំរុញកម្ពុជាឲ្យ​ប្រើ​ប្រាស់​លុយ​យ័ន​ក្នុង​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ទ្វេរភាគី​ជា​មួយ​ខ្លួន ដោយ​ថា​ដើម្បី​រក្សា​ស្ថិរភាពសេដ្ឋកិច្ចក្នុងតំបន់។

គេហទំព័ររបស់ក្រសួង​ពាណិជ្ជកម្ម​បាន​ឲ្យ​ដឹ​ងថា ​រដ្ឋ​មន្ត្រី​ក្រសួងនេះលោក ប៉ាន សូរស័ក្កិ ទៅ​ប្រទេស​ចិនកាលពី​​ថ្ងៃ​ទី២កុម្ភៈ ហើយជូបជាមួយ អភិបាលរងខេត្តក្វាងទុង លោក អ៊ៅយ៉ាង វ៉ីមីង។​ អភិបាលរងខេត្តក្វាងទុងរូបនេះ ​បាន​ស្នើឲ្យកម្ពុជាជួយគាំទ្រ ​និង​ធ្វើពាណិជ្ជ​កម្ម​ជាមួយ​ប្រទេស​ចិន​ជាប្រា​ក់​យ័ន​ ដើម្បីរក្សា​ស្ថិរ​ភាព​សេដ្ឋ​កិច្ច​ក្នុង​តំប​ន់។​

វី​អូ​ឌី​មិន​អាច​ទាក់​ទង​អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​លោក ស៊ាង ថៃ ដើម្បី​បញ្ជាក់​​បន្ថែម​បាន​នោះ​ទេ ដោយ​ទូ​រសព្ទ​លោក​ចុច​ចូល​ជា​ច្រើន​លើក​តែ​គ្មាន​អ្នក​ទទួល។

លំ​ហូរ​លុយ​ដុល្លារ​បាន​ហូរ​ចូលកម្ពុជាតាម​រយៈ​អ៊ុន​តាក់ចាប់​ពី​ឆ្នាំ​១៩៩១​មក​រហូត​ដល់​ប្រាក់​នេះ​បាន​ក្លាយ​ជា​ប្រាក់​ទី​ពីរ​បន្ទាប់​ពី​ប្រាក់​រៀល​ខ្មែរ។ មក​ដល់​ពេល​នេះ​បើ​ទោះ​បី​ជាទំនាក់​ទំនង​ពាណិជ្ជកម្មកម្ពុជា​ ចិន​ហាក់​កើន​ឡើងច្រើន​មែន​តែ​ប្រាក់​ដុល្លារ​នៅ​តែ​មាន​ឥទ្ធិពល​ក្នុង​ការ​ទូរទាត់​ប្រាក់​នៅ​​ប្រទេសកម្ពុជា​ដដែល។

អ្នក​ជំនាញ​សេដ្ឋកិច្ច​​លោក យ៉ង ប៉ាក់ មាន​ប្រសាសន៍​ថា ​វា​ជា​រឿង​ល្អ​ដែល​ប្រើ​ប្រាស់​ប្រាក​យ័ន​ធ្វើ​ទំនាក់​ទំនង​រវាង​ប្រទេស​កម្ពុជា ​និងចិន​​ដោយ​ថា​វា​ចំណេញ​បាន​ច្រើន​ជាងប្រាក់​ដុល្លារ​។ តែ​លោក​ថា​កម្ពុជាគួរ​មាន​លក្ខខណ្ឌ​ទៅ​ចិន​វិញ​ផង​ដែរ​ក្នុង​ទំនាក់​ទំនង​ពាណិជ្ជកម្ម​នេះ គឺគួរ​ស្នើ​​ចិននៅ​ពេល​​ទិញ​ផលិត​ផល​កម្ពុជា​គួរ​ប្រើ​លុយ​ខ្មែរ​ដើម្បី​ទិញ​ ព្រោះ​ជា​ប្រយោ​ជន៍​ទាំង​សង​ខាង​។

លោក​ថា៖ «ដូច​នៅ​ថៃ​យើង​ធ្វើ​trade (ពាណិជ្ជកម្ម) ជា​មួយ​ថៃទៅ​ដល់​នោះ​យើង​ប្រើ​លុយ​បាត​ហើយ គេ​ទិញ​យើង​ត្រូវ​ប្រើ​លុយ​យើង​ យើង​ទិញ​គេ​ត្រូវ​ប្រើ​លុយ​គេ​អាហ្នឹង​ជារឿង​ត្រូវ​ធ្វើ​ចឹង។ […] ខ្ញុំ​មើល​អត់​មាន​បញ្ហា​អី​ផងព្រោះ ​បើ​យើង​គិត​ពី​ចរន្ត​សេដ្ឋកិច្ច​ បើសិន​ជា​យើង​ដូរ​ទៅ​ដុល្លារ​ តាម​បច្ចេក​ទេសបើយើង​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ចិន​តែ​យើង​ប្រើលុយ​ដុល្លារ​វិញ អញ្ចឹង​យើង​ដូរ​ពីខ្មែរ​ទៅ​ដុល្លារ​យើង​ខាត​មួយ​សារ​ហើយ ខាត​ទឹក​លុយ​យើង ហើយ​ទៅ​ដល់​ចិន​ដូរ​ពីយ័ន​ទៅ​ដុល្លារ​វាខាត​មួយ​ជាន់​ទៀត ខ្ញុំ​គិត​ថា​ទាំង​អស់​នេះ​គឺ​ជួយ​ទាំង​សងខាង តាម​បច្ចេក​ទេ​ស​គឺ​វា​ជួយ​ទាំង​សងខាង»។

ប្រធាន​វេទិកា​អនាគត​លោក អ៊ូ វី​រៈ យល់​ថា ​ចិន​កំពុង​ប្រើ​ប្រាស់​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ក្នុង​ការ​បង្កើន​ឥទ្ធិ​ពល​នៃ​រូបិយប័ណ​របស់​ខ្លួនក្នុ​ងពិភព​លោក។ ចំពោះ​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ ​វិញ​លោកយល់​​ថា ទោះ​ប្រើ​ប្រាស់​រូបិយប័ណ​ប្រទេស​ណា​ក៏​មិនចោទ​ជា​​បញ្ហា​ដែរ តែ​អ្វី​ដែល​សំខាន់​គឺ​ការ​នាំ​ចេញ​របស់​កម្ពុជា​ដើម្បី​បង្កើន​សេដ្ឋកិច្ច​ខ្លួន​។

លោក​ថា​៖ «សហ​រដ្ឋ​អាមេរិក​កំពុង​តែ​ចំណេញ​ខ្លាំង​ណាស់​ទៅ​លើ​លុយ​ដុល្លារ​ ដែលជា​លុយស្នូល​ក្នុង​ការ​ទិញ​ដូរទំនិញ​ពិភព​លោក​ហ្នឹង​ ឥឡូវចិន​កំពុង​ព្យា​យាម​ប្រកួត​ប្រជែង។ ខ្ញុំ​គិត​ថា​ជា​រឿង​ល្អ​សម្រាប់​កម្ពុជា​ព្រោះ​អី​ពេល​ណា​មាន​ការ​ប្រកួត​ប្រជែង​គឺ​យើង​មាន​ជម្រើស តែ​អ្វី​ដែល​លុយ​ដុល្លារ​អាមេរិក​បាន​ធ្វើ​ឲ្យ​ល្អ​នោះ​គឺ​លុយ​ដុល្លារ​អាមេរិក​តែង​មាន​ស្ថេរភាព អញ្ចឹង​ហើយ​លុយ​អាមេរិក​ជា​យន្ត​ការ​ដ៏​ល្អ​មួយ​ក្នុង​ការ​ដោះ​ដូរ។ ចំពោះ​លុយយ័ន យើង​មើល​ទៅ​ឃើញ​ថា​មាន​ស្ថេរភាព​តែ​យើង​អត់​ដឹងថាតើ​នឹង​មាន​ស្ថេរភាព​យូរ​អង្វែង​យ៉ាង​មិច​ទេ តែ​ខ្ញុំ​ថា​មិន​មាន​អី​ដែល​យើ​គួរ​ព្រួយ​បារម្ភច្រើន​ទេ​»។

ប្រទេស​កម្ពុជាចិន​បាន​ប្តេជ្ញា​បង្កើន​ទំ​ហំពាណិជ្ជកម្មដល់​៦ពាន់លាន​ដុល្លារ​នៅ​ឆ្នាំ​២០២០​ខាង​មុខ ខណៈ​ទំ​ហំពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពី​រក្នុង​ឆ្នាំ​ ២០១៥​ មាន​ទំហំ​ទឹកប្រាក់​ចំនួន​ ៤,៤​ពាន់​លាន​ដុល្លារ​អាមេរិក​។ កាលពី​ឆ្នាំ​២០១៧ធនាគារ​ជាតិ​នៃ​កម្ពុជាបាន​ឲ្យ​ដឹងថា ​ការ​ប្រើ​ប្រាស់​ប្រាក់​យ័ន​ក្នុងការ​ដោះ​ដូ​រទំនិញ​ និង​សេវា​ក្នុង​ឆ្នាំ​២០១៦​មាន​​តម្លៃ​ប្រមាណ​២,៥ពាន់​លាន​យ័ន ស្នើ​នឹង​៣៧៧លាន​ដុល្លារ​អាមេរិក ឬ​ស្នើ​នឹង​៧ភាគ​រយ​នៃការ​ទូ​ទាត់​ទំ​ហំ​ពាណិជ្ជកម្ម​សរុប​រវាង​កម្ពុជា ចិន ខណៈ​៩៣ភាគ​រយ​ទៀត​ជាការ​ទូ​ទាត់​ជាប្រាក់​ដុល្លារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ