តុលាការកំពូលរក្សាទោសអ្នកស្រី ទេព វន្នី ២ឆ្នាំ៦ខែដដែល​

ដោយ លោក ណាត សុភាព​​ | ថ្ងៃពុធ ទី៧ ខែកុម្ភៈ ឆ្នាំ២០១៨​ ម៉ោង 10:42 AM | សិទ្ធិមនុស្ស | 0 | 1201 អតីតស្ត្រីបឹងកក់ អ្នកស្រី ទេព វន្នី

តុលាការជាន់ខ្ពស់ច្រានចោលសំណើរសុំទម្លាក់ការចោទប្រកាន់​របស់ស្ត្រីបឹងកក់ អ្នកស្រី ទេព វន្នី​ ពាក់ព័ន្ធការចោទថា ស្រ្តីរូបនេះប្រើហិង្សាលើសន្តិសុខ​ក្បែរផ្ទះ​លោក​នាយក​រដ្ឋ​មន្ត្រី​ កាល​ពីឆ្នាំ២០១៣។​

អ្នកស្រី ទេព វន្នី ត្រូវអាជ្ញាធររាជធានីចាប់ខ្លួនម្តងទៀត កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ នៅពេល​ស្ត្រីរូ​ប​​នោះ​​​​ចូ​លរួមធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ ទាមទារ​ឲ្យដោះ​លែង​មន្ត្រីអា​ដ​ហុក​៤រូប និងមន្ត្រី គ.ជ.ប រួមទាំ​ង​​​ជំរុ​ញឲ្យរ​ដ្ឋាភិបា​ល​​​វែ​​ក​​មុខរកអ្នកនៅពីក្រោយការបាញ់សម្លាប់លោក កែម ឡី។

ប៉ុន្តែនៅថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០១៧ សា​លា​ដំបូងរាជធានីភ្នំពេញ បានសើរើសំណុំរឿ​ងចាស់កាលពីឆ្នាំ​​២០១៣ មក​ចោទប្រកាន់អ្នកស្រី ទេព វន្នី ពីបទ​ប្រព្រឹត្តអំពើហិង្សាដោយចេតនា មាន​ស្ថា​ន​​ទម្ង​ន់ទោស និង​ផ្ត​​​​​ន្ទាទោសដាក់ពន្ធ​នាគា​រ២​ឆ្នាំ​កន្លះ​(៣០ខែ)ពិន័យ​ប្រាក់៥លានរៀល និងបង្កា​ប់ឲ្យ​បង់​​ទៅ​​​​ដើ​មបណ្តឹ​ងជាស​ន្តិខ​ណ្ឌដូន​​ពេ​ញ​​ចំនួ​ន៩​​លានរៀល។

ឈរនៅ​វង់ក្រចកសេះ ក្នុងបន្ទប់សវនាការ តុលាការកំពូល នាព្រឹកថ្ងៃទី៧ ខែកុម្ភៈនេះ អ្នកស្រី ទេព វន្នី បានស្នើទៅចៅក្រមក្រុមប្រឹក្សាជំនំជំរះលោកស្រី គឹម សុត្ថាវី ទម្លាក់​ការ​ចោទ​ប្រកាន់​​លើ​អ្នកស្រី ដើម្បីឲ្យបានមើលថែម្តាយចាស់ជរា និងកូនពីរនាក់វិញ​ ដោយថា​រូបគាត់​មិនបានប្រើហិង្សាលើសន្តិសុខខណ្ឌដូនពេញចំនួនពីរនាក់ ឲ្យរងរបួស​ដូចការ​ចោទ​ប្រកា​ន់​នោះ​ទេ​​។ ប៉ុន្តែត្រូវ​បានក្រុមប្រឹក្សាជំនំជំរះ ច្រានចោលការស្នើសុំនេះ ហើយ​សម្រេចតម្កល់សាលដីកាសាលាឧទ្ធរណ៍ទុកជាបានការ ដោយផ្តន្ទាទោសដាក់ពន្ធនាគារ២ ឆ្នាំ ៦ខែ​។​

លោកស្រី សាម សុគន្ធា ជាមេធាវីការពារក្តីអ្នកស្រី ទេព វន្នី បានថ្លែងនៅមុខ​ច្រកទ្វារចូលតុលាការថា តុលាការកំពូលសម្រេចតម្កល់សាលដីកាសាលាឧទ្ធរណ៍ទុកជាបានការ ដោយ​មិនមាន​វត្តមានដើមបណ្តឹងចូលតតាំងក្តីនៅក្នុង​សវនាការ និង​យោងតាមកំ​​ណត់​ហេតុ​របស់មន្ត្រីនគរបាល ​គឺមិនមានភស្តុតាងជាក់លាក់នោះទេ។ ករណីនេះ មេធាវីរូបនោះ បានហៅ​សាល​​ដីកា​​តុលាការ​កំពូល​នៅថ្ងៃនេះថា ធ្វើឡើង​ដោយមានភាព​អយុត្តិធម៌​ដល់​កូនក្តី។

លោកស្រីថ្លែងថា «អត់មានភស្តុតាង​​ ហើយរបាយការណ៍មិនច្បាស់លាស់​ ពួកគាត់[មន្ត្រីនគរបាល]សរសេរមក​រៀប​តែដាក់បន្ទុក​ បក្សពួក ដឹកនាំ អត់ច្បាស់លាស់ទំាងអស់​​ ហ្នឹងហើយដែលគេសង្ស័យថា ហើយបើមានវិមតិសង្ស័យទាំងរដ្ឋធម្មនុញ្ញមាត្រា​៣៨ វាក្យខ័ណ្ឌទី៥ ទាំងមត្រា​៣៥១នៃ ក្រមនីតិវិធីព្រហ្មទណ្ឌ​សុទ្ធតែឲ្យចៅក្រមពិចារណា សុទ្ធតែឲ្យចៅក្រមពិចារណា ផ្តល់ផល​ប្រយោជន៍ទៅជនជាប់ចោទជានិច្ច គោលការណ៍ឯកត្តកម្ម​ទទួលខុសត្រូវ​ព្រហ្មទណ្ឌ​ ឃើញថាកូនក្តីខ្ញុំត្រូវ​បានគេដាក់ទោស​ចំពោះអ្នកណាម្នាក់ដែ​ល​បានធ្វើឲ្យមាន​​បានធ្វើឲ្យអ្នកបឹងកក់​របួសនៅថ្ងៃហ្នឹងមែន​​វាអយុត្តិធម៌សម្រាប់គាត់​»។

សវនាការថ្ងៃនេះ ក៏មានប្រជាសហគមន៍ដីធ្លីនៅតំបន់បឹងកក់ប្រមាណ៣០នាក់ បាន​ប្រមូលផ្តុំនៅមុខ​តុលាការកំពូល ដើម្បីសុំឲ្យដោះលែងអ្នកស្រី ទេព វន្នី ផងដែរ។

មន្ត្រីជាន់ខ្ពស់របស់អង្គការលីកាដូ លោក អំ សំអាត យល់ថា ការសម្រេច​បន្តឃុំខ្លួន​អ្នកស្រី ទេព វន្នី ពាក់ព័ន្ធការប្រើហិង្សាលើសន្តិសុខពីរនាក់នោះ ទំនងជាការប៉ុ​នប៉​​ង​​រឹត​​ត្បិតសេរីភាពបញ្ចេញមតិសំឡេងអ្នកជំទាស់ ដោយថា អ្នកស្រី ទេព វន្នី ជាសកម្មជនដីធ្លី និងអ្ន​ក​កា​​​រពា​រសិទ្ធិមនុស្ស។

លោកថ្លែងថា «ក្នុងបទល្មើសនេះ​ វាមិនពាក់ព័ន្ធ​រឿង​នយោបាយទេ ក៏ប៉ុន្តែអ្វីដែលខ្ញុំសោកស្តាយ​​ ប្រហែលជា​ដោយសារ​​តែអ្នកស្រី ទេព វន្នី គាត់​ជាសកម្មជនការ​ពារដីធ្លី​សកម្ម​ក្នុង​ការ​ធ្វើ​ការ​​តវ៉ាកន្លងមក​​

អ្នកស្រី ទេព វន្នី ត្រូវបានអាជ្ញាធរចាប់ខ្លួនដាក់ពន្ធនាគារ៣ដងមកហើយ នៅពេលដែលសកម្មជនដីធ្លីរូបនោះ ចូលរួមតវ៉ាប្រឆាំងនឹងការបណ្តេញចេញ និងជំរុញឲ្យមានយុត្តិធម៌សង្គម។ ការ​​ដែល​តុលាការបង្គាប់ឲ្យឃុំខ្លួន ជា​​​លើ​កទី៣នេះ អ្នកស្រី ទេព វន្នី បានរស់នៅក្នុងពន្ធជិតមួយឆ្នាំកន្លះហើយ បើគិតត្រឹមថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨​នេះ។

រាល់​ពេលធ្វើដំណើរដល់តុលាការ អ្នកស្រី ទេព វន្នី តែងថ្លែងថា រូបគាត់មិនបានវាយលើសមត្ថកិច្ចនោះទេ គឺថា រូបគាត់និងសកម្មជនផ្សេងទៀតជាអ្នករងគ្រោះ រង​ការវាយ​ដំពី​សមត្ថ​កិច្ចទៅវិញ៕

សរសេរមកកាន់ លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required