ក្រុមគ្រួសារសកម្មជន​មាតាធម្មជាតិស្នើ​នាយករដ្ឋមន្រ្តី​អន្តរាគមន៍​ដោះ​លែង​កូននិង​ស្វាមី​

សកម្មជន​មាតាធម្មជាតិ​៣​នាក់​ដែល​កំពុង​ជាប់ពន្ធនាគារ (រូបភាពពី Mother Nature)

ក្រុមគ្រួសារ​របស់​សកម្មជន​មាតាធម្មជាតិ​៣​នាក់​ដែល​កំពុង​ជាប់ពន្ធនាគារ​នៅថ្ងៃចន្ទនេះ​បាន​ស្វែង​​រក​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋ​មន្រ្តីនិងស្ថាប័នពាក់ព័ន្ធ ​ឲ្យ​ដោះ​លែង​ស្វាមី​និង​កូន ដោយ​អះអាងថា​​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ខេត្ត​កោះ​កុង​ធ្វើ​ឡើង​ទាំងអយុត្តិធម៌។

សកម្មជនចលនាមាតាធម្មជាតិ៣នាក់ រួមមានលោក សាន់ ម៉ាឡា លោក ទ្រី សុវិគា និងលោក ស៊ីម ​សំណាង ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥ ដោយ​ចោទប្រកាន់​ពីបទ​គំរាមកំហែងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ​។​

ភរិយា​​របស់​លោក ស៊ីម សំណាង ​ដែល​កំពុងជាប់​​ឃុំ​ គឺ​អ្នកស្រី ថា សុភា ប្រាប់ថា នៅព្រឹក​ថ្ងៃ​ចន្ទនេះ អ្នកស្រី និង​ម្តាយ​របស់​សកម្មជន​២​នាក់​ផ្សេងទៀត​បាន​​​ដាក់​លិខិត​សុំ​អន្តរាគមន៍​ពី​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្រ្តី ក្រសួង​​មហា​ផ្ទៃនិង​ក្រសួង​យុត្តិធម៌ ដើម្បី​ជួយ​ដោះ​លែងស្វាមី​អ្នកស្រី​​។ អ្នកស្រី​បន្ត​ថាស្វាមី​​របស់​អ្នកស្រីនិង​សកម្មជនមាតាធម្មជាតិ​២​នាក់​ទៀត​មិនបាន​ធ្វើ​​ខុស​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​នោះទេ។

អ្នកស្រីមានប្រសាសន៍ថា៖ “គាត់គ្រាន់តែការពារ​សម្បត្តិ​របស់ជាតិដែលជួយ​សហគមន៍​នៅ​តាម​តំបន់​ដែល​រងគ្រោះ​ហ្នឹង បែរជាចាប់គាត់ចឹងវាអយុត្តិធម៌​ណាស់បង។​ អ្នកដែល​ថែរ​​ធម្មជាតិ សម្បត្តិ​ធម្មជាតិបើ​នៅ​ប្រទេសគេ ​គេ​​លើកតម្កើង​គេគាំទ្រ តែ​សម្រាប់​ប្រទេ​សរបស់​យើង​វិញ​បែរជាត្រូវបាន​រងទុក្ខ​ចឹង​ គឺ​អយុត្តិធម៌​ណាស់​បង

អ្នកស្រី​រំពឹង​ថាលោក​​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន នឹង​អាច​ជួយអន្តរាគមន៍​ដោះ​លែង​​ស្វាមី​អ្នកស្រីនិង​សកម្មជន​២​នាក់ផ្សេង​ទៀត ក្រោយ​​ក្រសួងទាំងពីរ​បាន​បដិសេធ​មិនទទួល​យក​លិខិត​របស់​អ្នកស្រី។​

មេធាវី​ការពារក្តី​សកម្មជនទាំង​៣នាក់ គឺ​លោ​កស្រី សាម សុគន្ធា មានប្រសាសន៍ថារឿង​ក្តី​របស់​សកម្មជនមាតាធម្មជាតិ​ទាំង​៣​រូបនេះ​​តុលាការ​បាន​បញ្ចប់​ការ​ស៊ើប​​សួរ​រួចហើយ​។ លោក​ស្រី​​បន្ត​ថាតុលាការ​មិនទាន់​កំណត់​ពេល​​ជាក់លាក់​ក្នុង​ការជំនុំ​ជម្រះ​​នៅ​ឡើយ តែ​លោក​ស្រី​រំពឹង​ថា​កូន​ក្តី​របស់​លោក​ស្រី​នឹង​ត្រូវ​បាន​ដោះ​លែង។

អ្នកស្រីមានប្រសាសន៍ថា៖ “ដោយសារតែកូនក្តីខ្ញុំគាត់អះអាងថាគាត់អត់បានធ្វើអីខុស ហើយតាមខ្ញុំការពារ​គាត់កន្លង​មក​ឃើញ​ថា​កាត់ពិត​ជាមិនបានអ្វី​អី​ខុស​ដូច​ការ​ចោទ​ប្រកាន់មែន។ អញ្ចឹង​ខ្ញុំ​សង្ឃឹម​ថា​ដល់​ពេល​ចវនាការ​តុលាការ​នឹង​លើកលែង​ការ​ចោទប្រកាន់គាត់

គួរបញ្ជាក់ថាសកម្មជនចលនាមាតាធម្មជាតិ៣នាក់ត្រូវបានព្រះរាជអាជ្ញា ប៊ូ ប៊ុនហាំង បានចោទប្រកាន់តាមមា​ត្រា៤២៤នៃក្រមព្រហ្មទណ្ឌពីបទគំរាមកំហែងថានឹងធ្វើឲ្យខូចខាតដែលភ្ជាប់នឹងបញ្ជាអ្វីមួយ។ បើតាមមាត្រា៤២​៤នៃក្រមព្រហ្មទណ្ឌ អំពើគំរាមកំហែងតាមមធ្យោបាយណាក៏ដោយថានឹងប្រព្រឹត្តការបំផ្លិចបំផ្លាញ ការធ្វើឲ្យទ្រុឌទ្រោមឬការធ្វើឲ្យខូចខាត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ២ឆ្នាំនិងពិន័យជាប្រាក់ពី២ទៅ៤លានរៀល ប្រសិនបើការគំរាមកំហែងនេះមានភ្ជាប់បញ្ជាឲ្យបំពេញឬមិនបំពេញកិច្ចអ្វីមួយ។​

គួររំឮកថាការចាប់ខ្លួន​សកម្មជន​ទាំងបីនាក់នេះ ធ្វើឡើង​ក្រោយពី​ពួកគេបានបើកយុទ្ធនាការរារាំងសាឡងបូមខ្សាច់​របស់ក្រុមហ៊ុនវៀតណាមចំនួន២ គឺឈ្មោះInternational Rainbowនិងក្រុមហ៊ុនDirect Access ដោយអះអា​ងថាការ​បូម​ខ្សាច់​នេះធ្វើឲ្យប៉ះពាល់លំនៅឋានប្រជាជនដែលរស់នៅក្បែរព្រែក ព្រមទាំងធ្វើឲ្យប៉ះពាល់​ជម្រកមច្ឆជាតិនឹងការនេ​សាទត្រីរបស់ប្រជាជន។ សង្គមស៊ីវិល​បាន​ស្នើ​ឲ្យ​ដោះលែង​ពួកគេទាំងបីនាក់នោះ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ