សេក ចាន់រាជ្យ ឈ្នះ​ថៃ​ដោយ​​ពិន្ទុ​​​​​​​៥​ទល់​​​​​០

សេក ចាន់រាជ្យ បង្គោលក្រហមនិង​កីឡាករ​ថៃ​​​ Moeurng Mey បង្គោលខៀវ​

​កាល​ពី​​​ព្រឹក​ថ្ងៃ​អាទិត្យ​ទី៦ ខែ​មីនា ​​​ កា​រប្រកួត​អន្តរជាតិ​​​​​​​​​​​ប្រចាំ​សប្ដាហ៍​របស់​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ត្រូវ​គេ​កត់​សម្គាល់​ថា​ទទួលបាន​​ការ​ចាប់អារម្មណ៍យ៉ាង​ខ្លាំង​ពី​អ្នកទស្សនា​។ ក្នុង​ចំណោម​​២​គូ​អន្តរជាតិ​​​​​​​នៅ​លើសង្វៀន​នោះ ​​កីឡាករ​​ជើង​ថ្មី​ សេក ចាន់​រាជ្យ ​ ​ធ្វើ​​ឲ្យ​គេ​ស្ញើច​សរសើរ​មិន​ដាច់​ពី​មាត់ ​​​​បន្ទាប់​ពី​វាយ​​​​បំបាក់​ជើង​ខ្លាំង​ថៃ​ដោយ​លទ្ធផល​៥ទល់​​0 ​ពី​​​គណៈកម្មការ​វិនិច្ឆ័យ​ពិន្ទុ។

កីឡាករ សេក ចាន់​រាជ្យ ដែល​​​​​អ្នក​ណា​ក៏​ស្គាល់​ថា​ជា​​​ថ្មី​វ័យ​ក្មេង​​មក​ពីក្លិប​អង្គរ​មាន​ជ័យ​ខេត្ត​សៀម​រាប បាន​បើក​ឆាក​ប្រយុទ្ធ​​​យ៉ាង​ស្វិត​ស្វាញ​ ជា​មួយ​កីឡាករ​​​​​​ថៃឈ្មោះMoeurng Mey  ក្នុងប្រភេទទម្ងន់​​៥៧គីឡូក្រាម​។ ​​​កីឡាករ​ថៃ​រូប​នេះ កាល​ពី​​មក​ប្រកួត​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ីអាគ្នេយ៍​​​​លើក​មុន បាន​​​​​ប៉ះ​ជា​មួយ​ជើង​ចាស់ ​ចាន់ ស៊ីណាត ​ហើយ​បើទោះជា​ចាញ់ពិន្ទុ ចាន់ ស៊ីណាត ក៏​បាន​ធ្វើ​​ឲ្យ​​​​​​ចាន់ ស៊ីណាត ​ត្រដរ​ខ្យល់​​​មិន​តិច​ដែរ។ ការ​ប៉ះ​ប្រកួត​របស់​គេ​ជា​មួយ​សេក ចាន់​រាជ្យ មាន​មនុស្ស​តិច​ណាស់ជឿ​ថា​​​​​​​​​​​​​​​នឹង​​មាន​លទ្ធផល​​ដូច​មុន ដោយ​សារ​តែ​​​​​កីឡាករ​រូប​នេះគឺ​ជា​ជើង​ថ្មីនិង​មាន​បទពិសោធន៍​តិច​នៅ​ឡើយ។

កា​រប្រកួត​របស់​ពួក​គេ ក្នុង​ទឹក​ដំបូង​កីឡាករ​ថៃ​គ្រាន់តែ​ស្ទាប​ស្ទង់​គ្នា​ប៉ុណ្ណោះ បើ​ទោះជាមើលទៅ​គឺ​កីឡាករ​ថៃ​ដូច​ជា​​​​​​រាង​​​វ៉ា​ដាច់​រឿង​ប្រើ​កែង និង​កណ្ដាប់​ដៃ​បាន​បន្តិច​។ ​​ឈាន​ដល់​ទឹក​ទៅ​២ ​កីឡាករ​​កម្ពុជា​បាន​​​ប្ដូរ​ទម្រង់​វាយ​ ​ហើយ​ធ្វើ​​ឲ្យ​​​​​​​​​​លទ្ធផល​ឈ្នះ​ប្រៀប​ចាប់​​ផ្ដើម​លេច​ឡើង បើ​ទោះ​ជា​​កីឡាករ​ថៃ​បាន​បញ្ចេញ​​កែងនិង​ម៉ាត់​យ៉ាង​​រហ័ស​​​​​ម្ដង​ជា​ពីរ​ដង។ កីឡាករ​កម្ពុជាមាន​សំណាង​គេច​រួច​​​​កណ្ដាប់​ដៃ​របស់​ថៃ​រហូត ​​​​បើ​មិនដូច្នោះ​ទេ គឺ​ពិតជា​ទក់​​​​​​​​​​បរិវេណ​ផ្ទៃ​មុខនិង​សៀត​ផ្កា​ជា​មិន​ខាន​។ ក្នុងអំឡុង​ទឹក​ទី​​​៣ កីឡាករ​សេក ចាន់​រាជ្យ ដែល​គេ​យល់​ថា​​​មិន​សូវ​ច្បាស់​បច្ចេកទេស​វាយ បែរ​ជា​វ័ធ​កែង​បាន​​ល្អនិង​វាយ​​​​​សម្រុក​ត្រូវ​ចំ​គោលដៅ ទៅ​​លើ​កីឡាករMeourng Mey ។ នៅ​ក្នុងទឹក​ទី​​​​​នេះ អ្នកទស្សនា​កាន់តែ​អាច​មើលឃើញ​ពី​​​​​​​​​​​សន្ទុះ​​​​វ៉ាដាច់របស់​កីឡាករ​កម្ពុជា ​បើទោះជាកីឡាករថៃ​ក៏​​ប្ដូរទម្រង់​វាយ​សម្រុក​ដើម្បី​​​​​​​​យក​ប្រៀប​​​​​​​នៅ​លើ​សង្វៀន​។

ចូលដល់​ទឹកទី​​៤ និង​ទី​​៥ ​​​កីឡាករ​​កម្ពុជា​កាន់​តែ​ស្គាល់​ចំណុច​ខ្សោយ​របស់​កីឡាករ​ថៃ ដោយ​ស្ទុះ​វាយ​ម៉ាត់​ត្រូវ​ល្អ​​ឥត​ខ្ចោះ ធ្វើ​ឲ្យ​​កីឡាករ​​ថៃ​​​​​​​​​​​​​​​​​រក​​កន្លែង​វាយ​ត​​លែង​​​​បាន។ ​​​​​​​​​​​​​​អ្នក​គាំទ្រកីឡាករ​សេក ចាន់​រាជ្យ ​ទះ​ដៃអបអរ​សាទរនិង​​ស្រែក​ហ៊ោកញ្ជ្រៀវ​តាម​សង្វាក់នៃ​ការ​​វាយ​ចេញ​ ​​ឡើង​​ខ្ទរ​​ពេញ​សង្វៀន​ប្រដាល់​​ដែល​មិន​ខុស​ពី​​​​​​​​​​លើកទឹក​ចិត្ត​​ចំពោះ​កីឡាករ​កម្ពុជា​​​​​​​​​​​​​ក្នុង​ពេល​មាន​ប្រៀប​។ ​កីឡាករ​ថៃ​​​ Moeurng Mey ត្រូវ​គេឃើញ​​​​​​ដុន​ដាប​យ៉ាង​ខ្លាំង បើ​ធៀប​នឹង​ការ​ប្រកួត​របស់គេ​ក្នុង​ពេល​ប៉ះ​គ្នា​ជា​មួយ​​នឹង​ ​ចាន់ ស៊ីណាត ដែល​ជាជើង​ចាស់ និង​​ល្បី​ឈ្មោះ​​ម្នាក់​​របស់​កម្ពុជា​​។ ​​​​សម្រែក​​​​កង​រំពង​មិន​​​ខុស​ពី​​​​​វាយ​​បំបាក់​ស្មារតី​របស់​កីឡាករ​ថៃ​នោះ​ទេ ទើប​បង្គោល​ក្រហម​កម្ពុជា​​​​​​កាន់តែមាន​កម្លាំង​ចិត្ត ហើយ​វាយ​ត្រូវ​បាន​ល្អ​​​​​​​​ក្នុង​ទឹក​ទី​​៤ និង​ទី​​​៥។ ​​​​

សេក ចាន់រាជ្យ បង្គោលក្រហម
សេក ចាន់រាជ្យ បង្គោលក្រហម

លោក​ រាជ្យ សូផែន មន្ត្រី​​​​​​​​​​​​​​​​​​​​សហព័ន្ធ​គ្រប់​គ្រង​គណៈកម្មការ​ផ្ដល់​ពិន្ទុប្រចាំ​នៅ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ បាន​អះ​អាង​ថា ​​​លទ្ធផល​ឈ្នះ​ពិន្ទុ​របស់​សេក ចាន់​រាជ្យ គឺ​​​​ជា​លទ្ធផល​ឈ្នះដាច់​​​​​​៥​ទល់​នឹង០​តែម្ដង ​​​​​​​ដែល​នេះ​គឺ​លទ្ធផល​​​ឯកច្ឆ័ន​ដ៏​កម្រ​។ លោក​ថា​​​​​​កា​រប្រកួត​នា​ពេល​ចុង​ក្រោយ គឺកីឡាករ​ថៃ​​ច្រើន​តែ​ឈ្នះ​កា​រប្រកួត ហើយ​បើ​​ទោះ​ជា​កីឡាករ​កម្ពុជា​មាន​ឱកាស​ឈ្នះ​ពិន្ទុ​ក៏​ឈ្នះ​​​ដោយ​លទ្ធផល​​​​​៣​ទល់​​​​​​នឹង​​​២ ឬ​​​​​​​៤​ទល់​នឹង​​​១​ប៉ុណ្ណោះ​។ លោកថាលទ្ធផល​ឈ្នះ​ពិន្ទុរ​បស់​​ សេក ចាន់​រាជ្យ គឺ​​​ឈ្នះ​ កីឡាករថៃ Moeurng Mey  ដោយ​​​​៥​ទល់​នឹង០​តែ​ម្ដង ដែល​នោះ​គឺ​បណ្ដាល​មក​ពី​កីឡាករ​​​​សេក ចាន់​រាជ្យ​​​​ មាន​ឱកាស​វាយ​សម្រុក​បាន​ល្អ ​ក្នុង​ពេលដែល​កីឡាករ​ថៃ​​ក៏​វាយ​បាន​ល្អ​តបវិញ​ដូចគ្នា ដោយ​គ្រាន់តែទម្ងន់​​​​នៃ​ការ​វាយ​ត្រូវ​របស់​កីឡាករ​កម្ពុជា​ត្រូវ​ចំ​ប្លង់​ជាង​។ លោកនិយាយ​​​​​​​ថា៖ “​បើ​ទោះ​ជា​ទឹក​ទី​​​​១ កីឡាករ​ថៃ​​​​វាយ​​ល្អជាងបន្តិច  ប៉ុន្តែ​ចាប់​ពី​ទឹក​ទី​​២​មក​កីឡាករ​កម្ពុជា​​​​​​​ល្អ​ជាង​រហូត ហើយ​​​​​​​​​​ក្នុងទឹក​ទី​​៤ និង​ទី​​​៥ គឺ​ ​សេក ចាន់​រាជ្យ​ កាន់តែ​វាយ​បាន​ល្អ ទើប​​គណកម្មការ​​​ផ្ដល់​ពិន្ទុ​ទាំង​​៥​ឲ្យ​ឈ្នះ​ទាំង​​​​៥ ​ដោយ​អត់​មាន​អ្នក​ណា​​ឲ្យ​​​ថៃ​​​មួយ​សំឡេង​!”។ លោក​ចាត់ទុក​ថា​នេះ​ជា​​ការ​ផ្ដល់​ពិន្ទុ​ដោយ​យុត្តិធម៌​ ដោយ​សារ​តែ​​លោក​​​ក៏​ឃើញ​ដូច​គ្នា​ថា​រយៈ​ពេល​​៥​ទឹកគឺ​​កីឡាករ​កម្ពុជា​ឈ្នះ​ដាច់​។

កីឡាករ​​​​ Moeurng Mey ធ្លាប់​ប្រកួត​បាន​៦៨​លើក ​ឈ្នះ​​​៥៥​ដង ​ចាញ់​​​៨​ដង និង​ស្មើ​​​៥​លើក ចំណែក​ឯ​កីឡាករ​ ​​សេក ចាន់​រាជ្យ គឺ​ជាជើង​ថ្មីទើប​តែ​ប្រកួត​បាន​​​៤៥​លើក ឈ្នះ​​​​៣៧លើក ​ ចាញ់​​​៥​លើកនិង​​ស្មើ​​​៣​លើក​ប៉ុណ្ណោះ​។ ដោយឡែក​មួយ​គូ​អន្តរជាតិទៀត ​កីឡាករ​​ទេស សំខាន់ មក​ពី​ក្លិបកង​ពល​តូច​លេខ​​​៧០ ​​បានត្រឹម​តែ​​ស្មើ​ពិន្ទុ​នោះទេ​​​ជា​មួយ​កីឡាករ​​ថៃ​ឈ្មោះ Pek Nam Ek  បន្ទា​ប់ពីPek Nam Ek ត្រូវ​​គេ​​ឲ្យ​មក​ប្រកួត​ជំនួស​ ​Rithy Chhai ដែល​ត្រូវ​អវត្តមាន​​​​​​​​​​​​​​​​ដោយ​គ្មាន​ការ​គ្រោង​ទុក​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ