កូរ៉េ​ខាង​ជើង​គំរាម​វាយ​ប្រហារ​នុយក្លេអ៊ែរ​លើ​កូរ៉េ​ខាង​ត្បូង​និង​អាមេរិក​

(រូបភាពពី Reuters)

ប្រទេស​កូរ៉េខាងជើងបានគំរាមបើកការវាយប្រហារនុយក្លេអ៊ែរដោយ “មិនរើសមុខ” ប្រឆាំងនឹងកូរ៉េខាងត្បូង និងអាមេរិក ប្រសិនបើប្រទេសសម្ព័ន្ធមិត្តទាំងពីរនេះ នៅតែបន្តគម្រោងហ្វឹកហាត់សមយុទ្ធយោធានៅថ្ងៃចន្ទនេះ។

សារព័ត៌មាន Channel News Asia ​រាយការណ៍​ថា ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានចាប់ផ្តើមហ្វឹកហាត់សមយុទ្ធយោធារួមគ្នា​ដ៏​ធំបំផុតរបស់ពួកគេ នៅថ្ងៃចន្ទនេះ បណ្តាលឲ្យមាន​ការព្រមានភ្លាមៗពីប្រទេសកូរ៉េខាងជើងដោយការវាយប្រហារនុយក្លេអ៊ែរ “មិនរើសមុខ​” ប្រឆាំងនឹងទីក្រុងសេអ៊ូល និងដីគោករបស់អាមេរិក។

សមយុទ្ធប្រចាំឆ្នាំរបស់​សម្ព័ន្ធ​មិត្ត​ទាំង​ពី​នេះ តែងតែបង្កើនភាពតានតឹងទៅលើឧបទ្វីបកូរ៉េដែលបែកជាពីរនេះ ហើយស្ថានភាពក្នុង​ឆ្នាំ​នេះគឺងាយនឹងប្រឈម ដោយសារតែថ្មីៗនេះ កូរ៉េខាងជើងបានសាកល្បងអាវុធនុយក្លេអ៊ែរ និងបាញ់គ្រាប់រ៉ុក្កែតរយៈ​ចម្ងាយ​ឆ្ងាយ ទន្ទឹមនឹងកំហឹងរបស់កូរ៉េ​ខាង​ជើង​ចំពោះ​ការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ដែលជាការឆ្លើយតបរបស់សហគមន៍អន្តរជាតិ។

ចំនួន​អ្នកចូលរួមក្នុងសមយុទ្ធយោធារួមគ្នាដែល​គេ​ឲ្យ​ឈ្មោះ​ថា Key Resolve និង Foal Eagle ត្រូវ​បាន​គេ​បង្កើន​ឡើង​ក្នុងឆ្នាំនេះ ដោយមាន​កងទ័ព​កូរ៉េខាងត្បូង៣សែននាក់ និងទាហានអាមេរិក១ម៉ឺន៥ពាន់នាក់ ដោយ​រួម​ទាំងនាវាចម្បាំង និងកងកម្លាំងអាកាសពិសេរបស់អាមេរិកផងដែរ​។

ក្នុងសេចក្តីថ្លែងការណ៍មួយ​ដែលបានចេញផ្សាយប៉ុន្មាន​ម៉ោង​មុនការចាប់​ផ្ដើម​នៃការ​​សមយុទ្ធ​របស់​កូរ៉េខាង​ត្បូង​និង​អាមេរិក គណៈកម្មការការពារជាតិរបស់កូរ៉េខាងជើង បានថ្លែងថា ពួកគេ​បានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រើប្រាស់​ទ័ព​ទាំង​អស់​របស់​ខ្លួនដើម្បី​​ប្រឆាំងការវាយលុកផ្នែក​យោធា។

ការ​គំរាម​របស់​កូរ៉េ​ខាង​ជើង​នេះ​ធ្វើ​ឡើង​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពីលោក គីម ជុងអ៊ុន បាន​បញ្ជា​ទៅ​កាន់​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​ឲ្យ​ត្រៀមខ្លួនជា​ប្រចាំគ្រប់​ពេល​​​សម្រាប់​ការ​ប្រើប្រាស់​ណាមួយ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ដាក់​ទណ្ឌកម្ម​របស់ក្រុម​ប្រឹក្សា​សន្តិសុខ​​​អង្គការ​សហប្រជាជាតិ​ដែល​បាន​អនុម័ត​កាល​ពី​សប្ដាហ៍​មុន​៕

ប្រភព​៖ Channel News Asia

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ