វិភាគ៖ អ្វីជាដើមចមនៃការបញ្ចេញខ្សែអាត់សំឡេងថាលោក កឹម សុខា​ មានស្រីកំណាន់ចិត្ត?

ប្រធានស្តីទីគណបក្ស​សង្រ្គោះជាតិ លោក កឹម សុខា ថ្លែង​ក្នុង​ពេលដឹកនាំ​ប្រជុំ​នៅទីស្តីការគណបក្ស​ នៅព្រឹកថ្ងៃ​ព្រហស្បតិ៍នេះ(រូបថតពីហ្វេសប៊ុក​របស់​លោក កឹម សុខា​)

នៅពេលថ្មីនេះតាមបណ្តាញសង្គមនិងគេហទំព័រក្នុងស្រុកមួយចំនួនបានព្យាយាមផ្សព្វផ្សាយជាប​ន្តប​ន្ទាប់នូវខ្សែអាត់​សំឡេង​សន្ទនាតាមទូរសព្ទពីទំនាក់ទំនងស្នេហា​លួចលាក់ដែ​​ល​​គេ​​អះ​អាងថាជាសំឡេងរបស់ប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក កឹម សុខា។

ការផ្សព្វផ្សាយខ្សែអាត់សំឡេងថាលោក កឹម សុខា មានស្នេហាលួចលាក់ជាបន្តបន្តាប់មានភាគ១ ភាគ​២​​ រ​ហូត​ដល់ជាង១០ភាគបន្តបន្ទាប់ទៀត។

ក្រោយពីការផ្សព្វផ្សាយនេះគេសង្កេតឃើញយុវ​ជន និស្សិត និងមនុស្សមួយចំនួនទៀតបាន​ចេ​ញ​​មុខទៅដាក់ញត្តិនៅ​ទីស្កាក់​ការគ​ណបក្ស​សង្គ្រោះ​ជាតិនៅរាជធានីភ្នំពេញនិង​ខ្លះទៀត​ស្វែងរកជួបលោ​​ក កឹម សុខា ​ពេល​មេដឹក​នាំរូប​នោះចុះ​ជួប​ពលរដ្ឋ​នៅមូលដ្ឋានដោយពួក​គេអះ​អា​ងថាចង់ឲ្យលោក កឹម សុខា បកស្រាយថាតើសំឡេងបែកធ្លាយនោះជាការពិតឬជា​ការប្រឌិត។​

ម្យាងវិញទៀតការទម្លាយខ្សែអាត់ពីស្នេហាលួចលាក់របស់លោក កឹម សុខា នេះស្របពេលដែ​លយុ​ទ្ធ​​​នា​កា​រនៃការ​ឃោសនារកសំឡេងឆ្នោត សម្រាប់ឃុំ សង្កាត់ជិតចូលមកដល់​។​

ការរិះ​គន់រដ្ឋាភិបាលទាក់ទិននឹងការបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម ពុករលួយក្នុងសង្គម តុលា​ការមិន​ឯករាជ្យ  អំពើចោរកម្ម ការរំលោភដីធ្លី ភាពអត់​ការ​ងារធ្វើរបស់យុវជន និងការ​បា​ត់ប​ង់ធន​​ធា​ន​​ធម្មជាតិ ដូចជាបទល្មើលព្រៃឈើជាដើមនៅតែបន្តធ្វើឡើង។

តើ​មា​​នហេតុផលអ្វីនៅពីក្រោយនៃការបញ្ចេញខ្សែអាត់សំឡេងថាលោក កឹម សុខា មាន​ស្នេ​ហា​​លួច​លាក់នៅនេះ?

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយលោក សូ ចន្ថា វិភាគថាការបញ្ចេញខ្សែអាត់សំឡេងនោះលោ​កថាអា​​​ច​ថាជាចេតនា របស់​អ្នកនយោបាយណាមួយដើម្បីបិទបាំងកុំឲ្យសាធារណជនចាប់អា​​រម្មណ៍​ទៅលើប​ញ្ហាជា​តិ​ធំ​ៗ​​ប៉ះពាល់នឹងផល​ប្រយោជន៍​ជាតិដែលមិនទាន់អាចទប់ស្កាត់បាន  ហើយ​បង្វែរស្ថា​​ន​​ការណ៍​នោះឲ្យទៅចាប់អារម្ភតែរឿងបុគ្គល ខណៈរដូវ​បោះ​​​​​ឆ្នោ​​ត​​ជិ​​តមកដល់។ លោកបន្តថា៖ “មានន័យថាកន្លែងនេះអាចជាការរៀបចំរបស់គណបក្សប្រជាជនដើម្បី​បង្វែរការចាប់អារម្មណ៍រប​ស់​​ប្រ​ជា​ជនកុំឲ្យចាប់អារម្មណ៍ពីការធ្វើរុះរើគណៈរដ្ឋមន្ត្រីនិងឬក៏រឿងព្រំដែនឲ្យមកចាប់អា​រម្មណ៍​រឿង​​លោក​ កឹម សុ​ខា វិញបាទ”។

លោក សូ ចន្ថា វិភាគទៀតថាការទម្លាយខ្សែអាត់សំឡេងនេះអាចជាជួងដាស់អារម្មណ៍ដល់​អ្នក​គាំទ្រឲ្យចាប់ផ្តើមធ្វើយុទ្ធនាការចុះរំខានសកម្មភាពធ្វើនយោបាយរបស់បក្សប្រឆាំងចា​ប់​​ពីពេលនេះទៅពិ​សេ​សការចុះជួប អ្នក​គាំទ្រនៅថ្នាក់មូលដ្ឋាន។

លោក សូ ចន្ថា វិភាគថាការចុះរំខាននេះបើមានទ្រង់ទ្រាយធំទៅៗអាចធ្វើឲ្យបក្សប្រឆាំងពិចារណាកាត់​ប​​​ន្ថ​​​​​​យការ​ចុះជួបពលរដ្ឋនៅថ្នាក់មូលដ្ឋានដោយបារម្ភពីសុវត្ថិភាពនិងការផ្ទុះហិង្សា។ លោកថា​​ពេ​ល​នោះ​​​​បក្សប្រឆាំងអាច​បាត់ឱកាសខ្លះក្នុងការទាក់ទាញប្រជាប្រិយភាពពីម្ចាស់ឆ្នោតក្នុងរដូវឃោសនា។

សាស្ត្រាចារ្យរូបនោះវិភាគទៀតថាមួយវិញទៀតការបញ្ចេញខ្សែអាត់នោះអាចជាយុទ្ធសាស្ត្រថ្មីរបស់​បក្ស​​កាន់អំណាចនៅ​ពេល​ដែលយុទ្ធសាស្ត្រចាស់ចាប់សកម្មជនបក្សប្រឆាំងដាក់គុកជាថ្នូរនឹងការ​ដោះ​ដូរន​​យោ​​​បាយលែងមានប្រសិទ្ធិភាពនៅ​ដែលបក្សប្រឆាំងប្រកាសប្រឹងរត់ទៅ​រកទីលាន​​ប្រកួតនៃកា​រ​​បោះ​​ឆ្នោ​តដោយលែងតបតលែងឆ្លងឆ្លើយអ្វីទាំងអស់ដើម្បី​ត្រៀមខ្លួនឆ្ពោះទៅរក​ឈ្នះការ​បោះ​ឆ្នោ​តឆ្នាំ​២០១​៧និង២០១៨។

លោកបន្ថែមថា៖ “កន្លងទៅគណបក្សប្រជាជនតែងតែប្រើយុទ្ធសាស្ត្រចាប់សកម្មជនដើម្បីគំរាមបក្សប្រឆាំងក្នុងន័យថាដើម្បី​ឲ្យមានការចរចា ហើយសម្របសម្រួលឲ្យដោះលែងសកម្មជនទាំងនោះ។ ប៉ុន្តែនៅពេល​ដែលមិនមាន​ការសម្របសម្រួល ហើយមិនមានការទាមទារទៀតពីបក្សប្រឆាំងខ្ញុំគិតថាយុទ្ធសាស្ត្រនេះវាអស់​តម្លៃហើយមិនអាចសម្លុតគំរាមបក្សប្រឆាំងត​ទៅ​ទៀតបានដូចករណីប​ញ្ចេញខ្សែអាត់ជាដើម។ ពិសេ​សគណបក្សប្រឆាំងលោក កឹម សុខា មិនតបតមិនខ្វល់ពីបញ្ហានេះខ្ញុំគិត​ថានេះអត់មានន័យ​ទាំងអ​ស់ដោយអត់មានកា​រចាប់អារម្មណ៍ពីគូប្រកួតនោះបាទ”។

កន្លងទៅមេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន និងមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី រួមទាំ​ងលោ​ក កឹម សុខា ផង បានប្រើវោហាសាសន៍វាយបកគ្នា​ទៅវិញ​ទៅមកឥតសម្ចីមាត់ពីចំនុចខ្សោ​​យរប​​ស់ដៃ​គូប្រកួតដើម្បីស្វែងរកប្រជាប្រិយភាពតែ​រៀងៗខ្លួន។

ការប្រើស​ង្គ្រាមពា​ក្យស​ម្តីដូចជាក្បត់ជាតិ លក់​ទឹកដី ដឹកនាំបែបផ្តាច់ការ បំផ្លាញ​ទ្រព្យសម្ប​ត្តិជាតិជាដើ​មនោះ គេសង្កេ​ត​ឃើញមេដឹក​នាំបក្ស​ប្រឆាំ​ងលោក សម រង្ស៊ី បានសម្រេច​ចិត្តនិរទេ​​សខ្លួនទៅ​រស់​នៅ​ក្រៅ​​ប្រទេ​សម្តង​ទៀតដើម្បី​គេចចេ​ញពី​ការ​តា​មចា​ប់ខ្លួនរបស់តុលាការ។

លោក កឹម សុខា ត្រូវបានបានតំណាងរាស្ត្រភាគច្រើនរបស់គណបក្សប្រជាជនកម្ពុជាបោះឆ្នោ​​តដកតំ​ណែ​ង​ពី​អនុ​ប្រធានទី១នៃរដ្ឋសភា។

តំណាងរាស្ត្រពីររូបរបស់គណបក្សប្រឆាំងត្រូវបាតុករគាំទ្រ​បក្ស​កា​​​ន់​​​អំ​​ណាចវាយឲ្យរងរបួសធ្ងន់នៅជា​​ប់របង​រដ្ឋសភា។ សម្មជន​ជននិងសមាជិកព្រឹទ្ធសភារប​ស់ប​ក្ស​​ប្រ​ឆាំ​​ងត្រូវបក្សកំ​ពុងគ្រ​ប់គ្រ​​ងអំ​ណា​​ចប្តឹ​ង ហើយពេ​លនេះពួកគេទាំង១​៥នាក់ កំពុងឃុំខ្លួន​នៅពន្ធ​នាគា​រ​ព្រៃ​ស។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោកបណ្ឌិត មាស នី លើកឡើងថាបក្សកាន់អំណាចបានបរាជ័យ​នូវ​យុទ្ធ​សាស្ត្រធំៗពីរគឺ​យុទ្ធសាស្ត្រទិញទឹកចិត្តតាមរយៈផ្តល់តំណែងនិងយុទ្ធសាស្ត្របំបែកបំបាក់។

ប៉ុន្តែលោកថាយុទ្ធសាស្ត្រគំរាមកំហែងរបស់បក្សគ្រប់គ្រងអំណាចមួយនេះនៅមានប្រសិ​ទ្ធភាពនៅ​ឡើយ​។ ​លោ​ក​ថាការ​បញ្ចេ​ញខ្សែអាត់សំឡេងថាលោក កឹម សុខា មានស្រីកំណាន់ចិត្ត លោកថាអាចជាការបង្កើត​ព្រឹត្តិ​ការណ៍ដើម្បី​គ្រប់គ្រងព្រឹត្តិការណ៍ លោកថាបើបក្សប្រឆាំងខ្វះការអត់ធ្មត់ហើយគ្រប់គ្រ​​ងស្ថាន​ការ​​ណ៍​​អត់បានបង្កឲ្យមានហិ​ង្សាក្នុងហេតុ​ការណ៍​ណា​មួយពេលមនុ​ស្សមួយ​ក្រុមទៅរំខា​នវេទិ​កាចុះជួ​បប្រជាព​លរ​​ដ្ឋ​​នៅថ្នាក់មូលដ្ឋាននោះ។

មួយទៀតលោក មាស នី ថាអាចជារូបភាពថ្មី​ឲ្យភាគីទី៣អនុវត្តរូបមន្តចាស់បិទទ្វារវ៉ៃឆ្កែបំបាក់ស្មារតីសកម្មជនបក្សប្រឆាំង។

លោកថា៖ “ក្នងនាមជាអ្នកវិភាគខ្ញុំគិតថាអាចនឹងមានស្ថានការណ៍ចំលែកៗដែលត្រូវគេបង្កើតឡើងចាប់ពីពេលនេះដល់​ពេល​បោះឆ្នោតអញ្ចឹងរឿងយកខ្សែអាត់មកផ្សាយនេះវាគ្រាន់តែជាករ​ណីមួយក្នុ​​ងករណី​ច្រើនទៀតហើយខ្ញុំក៏នៅរំពឹងថានយោ​បាយ​បិទទ្វារវ៉ៃឆ្កែនេះនឹងបន្តធ្វើតទៅទៀតបាទ”។

ចំណែកអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាដែលកំពុងគ្រប់គ្រងអំណាចវិញគឺលោក សុខ ឥសាន អះ​​អា​​ង​ថាបក្ស​កាន់អំណាចមិនបាននៅពីក្រោយនៃការលួចបញ្ចេញខ្សែអាត់សំ​ឡេងទា​​ក់ទិននឹង​លោក កឹ​ម សុខា នេះទេនិងបាន​រំឭកឲ្យអ្នកវិភាគស្វែងយល់ពីផ្លូវច្បាប់បើសិនមានការប្តឹងបកវិញពីបទ​បរិហា​​កេ​រ្តិ៍​។

លោកបន្តថា៖ “គាត់មានភស្តុតាងអីគាត់គ្រាន់តែនិយាយទេអី បើគ្មានភស្តុតាងអីកុំ​ចេះតែនិយាយប្រ​យ័ត្នគេ​ប្តឹងពី​បទបរិហាកេរ្តិ៍តុលាការឲ្យរកភស្តុតាងមកឲ្យ។ អាហ្នឹងអ្នកវិភាគណាក៏ដោយកុំចេះតែនិ​យា​យនាំឲ្យល្អក់កករក្នុងសង្គមជាតិ។ បាទ! ខ្ញុំសុំបដិសេធទាំ​ងស្រុងគណបក្សប្រ​ជាជនអត់មានពា​ក់​ព័ន្ធអីនឹង​រឿង​បុគ្គលហ្នឹងទេ បើមានបញ្ហាអីបុគ្គលហ្នឹ​ង​ទទួលខុសត្រូវខ្លួនឯងទៅកុំចោទដាក់គេដាក់ឯង”។

ទោះជាយ៉ាងណាលោក មាស នី ជំរុញឲ្យអ្នកនយោបាយឈប់យករឿងបុគ្គលទៅវាយប្រហារគ្នា ហើយងាកមក​គិតប្រយោជន៍ជាតិជាធំនិងដាក់ខ្លួនជាកីឡាករក្នុងការប្រកួតប្រជែងជាមេដឹកនាំប្រទេសនោះលោកថាទើបអាចនាំ​ប្រទេសជាតិនិងពលរដ្ឋខ្លួនទៅរកភាពរីកចម្រើនបាន។

លោកបន្តទៀតថា៖ “បើយើងមើលពីដើមមកអ្នកដឹកនាំទាំងពីរហ្នឹងបានធ្លាក់​ទៅក្នុងអន្លង់មួយតាមរយៈ​សង​សឹក​គ្នាតាមរយៈ​ឯកជន។ ប៉ុន្តែនៅប៉ុន្មានខែចុងក្រោយនេះយើងឃើញគណបក្សសង្គ្រោះ​ជាតិបានដើ​រទៅលើផ្លូ​វថ្មីមួយគឺឈប់តតាំង ហើយឈប់អង្វរ ប៉ុន្តែចាប់ផ្តើមបង្ហាញពីគោលនយោបាយ។ ខ្ញុំគិ​តថាបើ​សិនជាអ្នកនយោបាយដែល​សម្រាប់តែធ្វើឲ្យប្រទេសបានប្រសើរឡើងពេលនឹងអំពើ​ហិង្សាក៏ឈប់មា​ន​ ហើយការ​គុំកួនរបស់ថ្នាក់ដឹកនាំហ្នឹង ក៏គ្មានដែរ។ អញ្ចឹងយើងឃើញថានៅពេលគណប​ក្សសង្គ្រោះជាតិបានដើរលើផ្លូវថ្មីហ្នឹងយើងឃើញថាគណបក្សប្រជាជនកម្ពុជាហ្នឹងអត់​ទាន់​រើខ្លួនចេញអាប្រពៃណីចា​ស់របស់​​ខ្លួនឯងទេគឺនៅតែការរក្សាការរបៀបចង់សងសឹកនៅដដែលវិញ”។

យ៉ាង​ណាក៏ដោយទាំងសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនិងអ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមយល់​​ឃើ​​ញប្រហាក់​ប្រហែល​គ្នាថាកា​រប​ញ្ចេញ​ខ្សែអាត់សំឡេងថាប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក កឹម​ សុខា​ មានស្នេហា​លួច​លាក់​នេះ ពួកគេថាបក្សប្រឆាំងមួយនេះអាចនឹងធ្លាក់ចុះប្រជាប្រិយភា​ពក្នុងក​ម្រិ​ត​​​ណាមួយបើ​សា​​ធា​រណជនមានការយល់ដឹងតិចតួចពី​ការ​តាម​ដានស្ថាន​ការណ៍ន​​យោ​បាយ​នៅ​​កម្ពុជា។

ប៉ុន្តែពួកគេ​ថាបើពលរដ្ឋស្គាល់ច្បាស់ពីបញ្ហានិងចេះតាមដានពីទង្វើរបស់អ្នកនយោបាយ អ្នកវិភាគថាការប​ញ្ចេ​ញខ្សែអាត់​សំឡេងនោះអាចជាក្លាយទៅជាការជួយផ្សាយពាណិជ្ជកម្មជំរុ​ញ​ឲ្យ​​បក្សប្រឆាំង​មួយ​នោះកាន់តែកើន​ប្រជាប្រិយភាពទៅវិញទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ