មន្ត្រីកម្ពុជានិងមន្ត្រីអង្គការសហប្រជាជាតិខ្វែងគំនិតគ្នាលើបញ្ហាសិទ្ធិមនុស្ស

លោក​ស្រី ​រ៉ូណា​ ស្មីត និងប្រធានគណៈកម្មា​ធិការ​សិទ្ធិ​មនុស្ស​ ​លោក​ កែវ រ៉េមី​

ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា និង​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហ​ប្រជា​ជាតិ​ មិន​អាច​រក​ចំណុច​រួម​និង​ត្រូវ​គ្នា​បាន​នោះ​ទេ ដោយ​ខ្វែង​គំនិត​គ្នា​ពី​ការ​អនុវត្តច្បាប់ប៉ះពាល់សិទ្ធិមនុស្ស​​នៅ​កម្ពុជា។​ នេះបើ​តាម​ការ​អះ​អាង​របស់​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ លោក កែវ រ៉េមី។

ការ​ខ្វែង​គំនិត​នេះ​ គឺ​កើត​ឡើង​ក្នុង​កិច្ច​ប្រជុំ​មួយ​រវាង​គណៈកម្មា​ធិការ​សិទ្ធិ​មនុស្ស​ និង​លោក​ស្រី ​រ៉ូណា​ ស្មីត​ នៅ​ព្រឹក​នេះ​។

បន្ទាប់​ពី​ប្រជុំ​បិទ​ទ្វារ​ដែល​មាន​រយៈ​ពេល​ជាង​២​ម៉ោង​រួច​មក លោក​ស្រី​ រ៉ូណា ​ស្មីត​ បាន​ឲ្យ​អ្នកសារព័ត៌មាន​ដឹង​យ៉ាង​ខ្លី​ថា កា​រ​ជជែក​នោះ​លោក​ស្រី​បាន​ផ្តោ​ត​ទៅ​លើ​ស្ថានភាពនយោបាយ ​សិទ្ធិ​មនុស្ស និងផ្នែក​ខ្លះ​ ក៏​បាន​លើក​ពី​ស្ថាន​ភាព​កម្ម​ករនៅ​កម្ពុជាផង​ដែរ។

ប្រធានគណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​លោក​ កែវ រ៉េមី​ បាន​ឲ្យ​អ្នក​សារព័ត៌មាន​​បន្ថែម​ថា ចំណុចដែល​ខ្វែង​គំនិត​គ្នា​នោះ​ គឺ​ការ​យល់​ឃើញ​ខុស​គ្នា​ពី​សិទ្ធិ​មនុស្ស និង​ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា​ ខណៈ​ដែល​លោក​ថា​លោក​ស្រី​រ៉ូណាស្មីត​បាន​ចោទ​រដ្ឋាភិបាល​ថា​មិន​បាន​អនុវត្តន៍​ប្រព័ន្ធ​នីតិ​រដ្ឋ​បាន​ត្រឹម​ត្រូវ និង​ប្រើ​ប្រាស់ពាក្យ​សន្តិភាពក្នុង​ការរារាំង​សិទ្ធិ​មនុស្សនៅ​ក្នុង​ប្រទេស​។

លោក​ថា៖ «តួនាទី​រដ្ឋាភិបាល​ខុសពី​តួនាទី​ក្នុង​ការ​ពារសិទ្ធិ​មនុស្ស​របស់​គាត់ រដ្ឋាភិបាល​ដើម្បី​គ្រប់​គ្រង​ប្រទេស​មួយ ​ប្រសិន​ជាយើងចង់​ការ​ពារ​មនុស្ស​ចំនួន​ធំណា​មួយ​រាប់​លាន​នាក់ យើង​ត្រូវ​មាន​អារកាត់​ ប៉ះពាល់​មិន​ខាន​ទេ នូវ​ជ្រុង​ណា​មួយ​ ហើយ​ជា​ពិសេស​គឺ​យើង​ជំរុញ​ឲ្យ​មាន​ការ​អនុវត្តន៍​ច្បាប់​។ … ដល់​អញ្ចឹង​ទៅ​យើង​ជម្រាប​ជូន​គាត់​ថា​ សរុប​សេចក្តី​មក ខ្ញុំ​ជឿ​ជាក់​ថា​ថ្ងៃ​ណា​មួយ​! ពេល​នេះ​គាត់​យល់​ខុសមក​លើ​រដ្ឋាភិបាល​ ក៏​ប៉ុន្តែ​ថ្ងៃ​ណា​មួយ​គាត់​នឹង​យល់​ត្រូវ គាត់​នឹង​យល់​ឃើញ​ថា​រដ្ឋាភិបាល​ធ្វើ​ត្រូវ សំខាន់​បំផុត​ខ្ញុំ​ថា សំខាន់​នៅពេល​ដែល​អ្នក​ឯង​យល់​ថា​កម្ពុជា​កំពុង​ធ្វើ​ត្រូវ ប្រហែល​ជា​អ្នក​ឯង​ប្តូរតួនាទី​លែង​ធ្វើផ្នែក​សិទ្ធិមនុស្ស​ហើយ» ។

ខណៈ​លោក​ស្រី ​រ៉ូណា ស្មីត នឹង​ដាក់​របាយការណ៍​ស្តីពី​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ទៅ​កាន់​អង្គការ​សហ​ប្រជា​ជាតិ​នា​ខែ​កញ្ញា​ខាង​មុខ​នេះ លោក ​កែវ រ៉េ​មី​ ថាលោក​មិន​គិត​ថា​លោក​ស្រី​សរសេរ​ល្អ​ពី​រដ្ឋាភិបាល​នោះ​ទេ។

អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោកស្រី រ៉ូ​ណា​ ស្មី​ត បានចាប់ផ្ដើម​ទស្សនកិច្ច​នៅ​កម្ពុជា ​ចាប់ពី​ថ្ងៃ​ទី៥ រហូត​ដល់​ថ្ងៃទី១៤ខែមីនា ក្នុងគោលបំណងធ្វើរបាយការណ៍សិទ្ធិមនុស្សប្រចាំឆ្នាំ ដាក់ជូនទៅក្រុមប្រឹក្សា​សិទ្ធិមនុស្សអង្គ​ការ​សហ​ប្រជាជាតិ នាខែកញ្ញាឆ្នាំ២០១៨៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ