គយខេត្តបន្ទាយមានជ័យរឹបអូសបានកាំភ្លើង៣០ដើម និងគ្រាប់កាំភ្លើងខុសច្បាប់រាប់ម៉ឺនគ្រាប់

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឲ្យដឹងថា សមត្ថកិច្ចគយខេត្តបន្ទាយមានជ័យបានរឹបអូសបានកាំភ្លើងខ្លីប្រើហ្គាសចំនួន៣០ដើម និងគ្រាប់កាំភ្លើង​ជាង​២៥០០០​គ្រាប់ ព្រមទាំង​សម្ភារអាវុធខុសច្បាប់មួយចំនួនទៀត ដែលសមត្ថកិច្ចថាត្រូវបាននាំចូលដោយខុសច្បាប់ពីប្រទេសថៃតាមច្រកអន្តរជាតិប៉ោយប៉ែត។

ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី៦ ខែមេសា អគ្គនាយកដ្ឋានគយ និងរដ្ឋាករនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងថា កាលពីយប់រំលងធ្រាត្រថ្ងៃទី៥ ឈានចូលថ្ងៃទី៦ ខែមេសា កម្លាំងគយ និងរដ្ឋាករនៃសាខាគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យបានចាប់ឃាត់រថយន្តដឹកទំនិញមួយគ្រៀងម៉ាក FUSO ផ្លាកលេខតាកែវ 3A 1599។

សេចក្ដីប្រកាសព័ត៌មានបន្តថា ក្រោយពេលធ្វើការត្រួតពិនិត្យ សមត្ថកិច្ចបានរកឃើញថាមានការលួចនាំចូលកាំភ្លើងខ្លីប្រើហ្គាសចំនួន៣០ដើមដែលត្រូវបានលួចបង្កប់នៅក្នុងរថយន្តនោះជាមួយទំនិញនាំចូលពីប្រទេសថៃ តាមច្រកអន្តរជាតិប៉ោយប៉ែត។

សេចក្ដីប្រកាសព័ត៌មានឲ្យដឹងទៀតថា សម្ភារដែលសមត្ថកិច្ចចាប់បានរួមមានកំាភ្លើងខ្លីម៉ាករ៉ឡូចំនួន១៣ដើម កាំភ្លើងខ្លីម៉ាកផ្សេងៗចំនួន១៧ដើម បំពង់ហ្គាស២០ប្រអប់ (មួយប្រអប់មាន៥០បំពង់ ហើយក្នុងមួយបំពង់ទម្ងន់១២ក្រាម) គ្រាប់ប្រវែង៤,៥មីលីម៉ែត្រ១០ប្រអប់ឬស្មើនឹង២៥០០០គ្រាប់ បង់គ្រាប់បម្រុងសម្រាប់កាំភ្លើងម៉ាករ៉ូឡូ៣៧បង់ បង់គ្រាប់បម្រុងសម្រាប់កាំភ្លើងក្រៅពីម៉ាករ៉ូឡូចំនួន១០បង់ និងឡតគ្រាប់កាំភ្លើងរ៉ូឡូមាន៣៣៦គ្រាប់។

អគ្គនាយគដ្ឋានគយ និងរដ្ឋាករកម្ពុជាបន្ថែមថា “នេះជាលើកទី២ ក្នុងអំឡុងពេលប្រមាណតែ១១ថ្ងៃសោះ ដែលឈ្មួញខិលខូចមិនខ្លាចរអាច្បាប់ទាំងនោះធ្វើការប៉ុនប៉ងនាំទំនិញហាមឃាត់ដាច់ខាត” ចូលក្នុងប្រទេសកម្ពុជា។ ទោះយ៉ាងណា អគ្គនាយកដ្ឋានពុំបានបញ្ជាក់បន្ថែមពីករណីទី១នៃការនាំចូលកាំភ្លើង និងអាវុធខុសច្បាប់ដែលខ្លួនបង្ក្រាបបាននោះទេ។

បើយោងតាមសេចក្ដីប្រកាសព័ត៌មាន បច្ចុប្បន្នអគ្គនាយគដ្ឋានគយ និងរដ្ឋាករ កំពុងប្រមូលភស្តុតាង និងកសាងសំណុំឯកសារបញ្ជូនទៅស្ថាប័នមានសមត្ថកិច្ច ដើម្បីនាំខ្លួនជនប្រព្រឹត្តបទល្មើសទៅតុលាការផ្តន្ទាទោសតាមច្បាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ