នាយក​រដ្ឋមន្រ្តី​អំពាវនាវ​កុំ​ឲ្យ​ដំឡើង​ថ្លៃ​រថយន្តធំៗ​និង​តាក់ស៊ី

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ​

លោក​នាយករ​ដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ បាន​អំពាវនាវ​កុំ​ឲ្យ​មាន​ការដំឡើងថ្លៃទៅ​លើ​មធ្យោ​បាយ​ដឹកជញ្ជូន​ ​នៅ​ពេល​ចូលឆ្នាំ​ខាងមុខនេះ។​

ក្នុងពិធីសម្ពោធមហាកុដិនៅវត្តក្រពើហា ក្រុងតាខ្មៅ លោក ហ៊ុន សែន បាន​ថ្លែង​អំពាវនាវ​ដល់​រថយន្តធំនិង​តាក់ស៊ី កុំ​ឲ្យ​ដំឡើ​ងថ្លៃ​រថយន្ត​នៅ​ពេល​ចូលឆ្នាំខាងមុខ ដោយ​លោក​ថា​តម្លៃ​ប្រេងសាំង​បានធ្លាក់ចុះ ដូច្នេះ​​មិនគួរ​មានការដំឡើង​ថ្លៃ​ឈ្នួលនោះ​ទេ។​ ​ លោកបញ្ជាក់ថា​ការ​មិន​ដំឡើង​ថ្លៃនេះ​ជា​”កាយវិការ​មួយ​នៃ​ការ​យោគយល់គ្នា”។​

​ជា​រៀង​រាល់ឆ្នាំ លោក ហ៊ុន សែន តែ​ង​តែ​បាន​អំពាវនាវ​ដល់​អ្នក​បើក​បរ​រថយន្តឈ្នួលនិង​ក្រុមហ៊ុន​​រថយន្ត​ដឹក​អ្នកដំណើរ​ទាំងអស់ កុំឲ្យ​ដំឡើងថ្លៃ​រថយន្តនៅក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​។ ទោះ​ជា​យ៉ាងណា គេ​តែង​សង្កេត​ឃើញមានការ​ដំឡើង​ថ្លៃ​នៅ​មុន​ អំឡុង​ពេល និង​ក្រោយថ្ងៃ​ចូលឆ្នាំ។​

​ម្ចាស់​ក្រុមហ៊ុន​រថយន្ត​ដឹក​អ្នកដំណើរ និង​​អ្នកបើកបរ​រថយន្ត​ឈ្នួល​លើកឡើងថាខ្លួន​ឡើងថ្លៃ​ព្រោះ​សមត្ថកិច្ច​តាម​គោលដៅ​នី​មួយៗ បង្ខំ​ឲ្យ​បង់ប្រាក់​ខុសច្បាប់ ។ ឯ​ម្ចាស់​ក្រុមហ៊ុន​ខ្លះ​លើកឡើងថាការឡើង​ថ្លៃ​នេះ ដើម្បី​ទូទាត់​ប្រាក់​បន្ថែម​ឲ្យ​បុគ្គលិក​ដែល​ធ្វើ​នៅ​ថ្ងៃ​សម្រាកបុណ្យទាន។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមលោក សន ជ័យ មានប្រសាសន៍ថាលោកមិនមានជំនឿថាការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រីនៅពេលនេះមានប្រសិទ្ធភាពទេ ដោយលោកអះអាងថាដោយសារតែកម្ពុជាប្រកាន់របបទីផ្សារសេរីហើយច្បាប់វិនិយោគបានហាមការប៉ះពាល់ទៅលើតម្លៃសេវារបស់វិស័យឯកជន។ លោកបានឲ្យជាយោបល់ថាដើម្បីរក្សាតម្លៃក៏ដូចជាការអំពាវនាវរបស់រដ្ឋមានប្រសិទ្ធភាព រដ្ឋគួរតែបង្កើតឲ្យមានសេវាកម្មរថយន្តក្រុងរបស់រដ្ឋ ដោយលោកថាការធ្វើបែបនេះជាការផ្តល់នូវជម្រើសដល់ប្រជាពលរដ្ឋក្នុងការជ្រើសរើសយកសេវារបស់រដ្ឋឬសេវាឯកជន។

លោកមានប្រសាសន៍ថា៖ “យើងឃើញដូចសព្វថ្ងៃនេះហើយវិស័យឯកជនគេជិះសេះលែងដៃហើយ … ជាសំណូមពរយើងចង់ឲ្យរដ្ឋាភិបាលនោះយកឡានក្រុងរបស់សាលាក្រុងសព្វថ្ងៃនោះដឹកប្រជាពលរដ្ឋនៅក្នុងរដូវបុណ្យទាននោះទៅក៏បានដែរព្រោះអី នៅក្នុងរដូវបុណ្យទាននេះឃើញថាអ្នករស់នៅទីក្រុងភ្នំពេញ ជាពិសេសអ្នកដែលមកពីខេត្តមកភ្នំពេញធ្វើការអីហ្នឹងគេទៅស្រុកអស់ហើយអត់មានអ្នកណាជិះឡានក្រុងទេ ខ្ញុំសង្កេតឃើញអញ្ចឹង! ដឹកមនុស្សពីរបីនាក់ ក្នុងមួយជើងៗ ក្នុងពិធីបុណ្យធំៗអញ្ចឹង បានន័យថាគេទៅស្រុកអស់ហើយ អញ្ចឹងរដ្ឋគួរតែពិចារណាយកឡានក្រុងដែលមានស្រាប់ហ្នឹងសម្រាប់ជួយសម្រួលដឹកអ្នកដំណើរទៅខេត្តទៅ ដើម្បីកុំឲ្យពួកវិស័យឯកជនវាជិះសេះលែងដៃខ្លាំងពេក”៕ រាយការណ៍បន្ថែម​ដោយ ហ៊ុន សិរីវឌ្ឍន៍

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ