លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះ បានថ្លែងថាក្នុងឋានៈជានាយករដ្ឋមន្រ្តី លោកតែងទទួលខុសនិងត្រូវព្រមគ្នា នៅពេលមានរឿងអ្វីមួយកើតឡើង។
លោក ហ៊ុន សែន បានថ្លែងបែបនេះនៅក្នុងពិធីសម្ពោធមហាកុដិនៅវត្តក្រពើហា ក្រុងតាខ្មៅ ស្របពេលដែលលោកបានបញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនិងអាជ្ញាធរ ការពារសន្តិសុខនិងសុវត្ថិភាពជូនប្រជាពលរដ្ឋនៅពេលចូលឆ្នាំខ្មែរខាងមុខនេះ។ លោកបន្តថានៅពេលចូលឆ្នាំម្តងៗ លោកតែងតែយកចិត្តទុកដាក់គ្រប់ពេលវេលា សូម្បីតែពេលយប់ក៏ដោយ។
លោក ហ៊ុន សែន បានថ្លែងថា៖ “នៅពេលដែលមន្រ្តីរបស់យើងលង់លក់ក្នុងដំណេកឬប្រជាពលរដ្ឋលង់លក់នៅក្នុងដំណេក ខ្ញុំព្រះកុរណាខ្ញុំ នៅតាមដានសភាពការណ៍នៅឡើយទេ ជាមួយមន្រ្តីមួយចំនួនដែលអាចធ្វើទំនាក់ទំនងបាន។ ពេលហ្នឹងអត់មានមេទ័ព មេប៉េអឹម មេប៉ូលិសណា បិទទូរស័ព្ទ ហៅទូរស័ព្ទរកមិនឃើញ ហើយអាឡៃស្រវឹងទេ។ តិចថាអូលោក ហ៊ុន សែន សប្បាយណាស់ពេលចូលឆ្នាំ ទូរស័ព្ទប៉ុន្មានបើកទាំងអស់”។ លោកបញ្ជាក់បន្ថែមថា៖ “ក្នុងឋានៈជានាយករដ្ឋមន្រ្តី ខ្ញុំព្រះករុណាខ្ញុំ មិនដែលបានធូរចិត្ត នៅពេលវេលាបុណ្យធំៗនោះទេ។ …នេះជាកាតព្វកិច្ចពីលើដល់ក្រោម ព្រោះគេឲ្យយើងមកឈរកន្លែងហ្នឹង គេឲ្យយើងទទួលខុសនិងត្រូវ មិនមែនទទួលតែអាត្រូវទេ”។
កាលពីថ្ងៃអង្គារ លោក ហ៊ុន សែន បានថ្លែងថាប្រជាពលរដ្ឋបានទទួលផលប្រយោជន៍ពីគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់រូបលោក តែលោកថាពលរដ្ឋមិនពេញចិត្តនឹងមន្រ្តីថ្នាក់ក្រោមមួយចំនួន។លោកមានប្រសាសន៍ថា៖ “ប្រជាពលរដ្ឋទទួលផលប្រយោជន៍ធំណាស់ ពីការដឹកនាំរបស់គណបក្សប្រជាកម្ពុជាំ ពីការដឹកនាំរបស់រដ្ឋាភិបាល ដែលដឹកនាំដោយ ហ៊ុន សែនផ្ទាល់ ប៉ុន្តែប្រជាពលរដ្ឋមិនសប្បាយចិត្តជាមួយនឹងអំពើខ្លះដែលមន្រ្តីថ្នាក់ក្រោមរបស់យើងធ្វើមិនបានល្អ ដែលនាំទៅដល់ខឹងគោ វាយរទេះតែម្តង។ កុំបានកន្លែងធ្វើការល្អហើយ មិនព្រមទៅមើលប្រជាជន ក្រវ៉ាត់តែក ត្រង់ផ្លូវ យ៉ាងម៉េច លូស្ទះយ៉ាងម៉េច សំរាមស្ទះយ៉ាងម៉េច អញមិនដឹង អញដឹងថាអាទិត្យទីបីបើកប្រាក់ខែម្មង”។
លោក ហ៊ុន សែន ឲ្យដឹងទៀតថាលោកមិនបានក្តោបអំណាយក្នុងដៃតែម្នាក់ឯងហើយថាលោកក៏មិនដែលបានបំពានការងាររបស់រដ្ឋមន្រ្តីនៅក្រោមឱវាទនោះទេ។ លោកបានថ្លែងបែបនេះ ស្របពេលដែលលោកបានស្នើឲ្យមានការរុះរើគណៈរដ្ឋមន្រ្តីហើយរដ្ឋសភាបានអនុម័តកាលពីថ្ងៃចន្ទ៕