មេបក្ស​អំណាច​ខ្មែរ​ស្នើរដ្ឋមន្រ្តីមហាផ្ទៃ​បំភ្លឺ​រឿងទាហាន​វៀតណាមដាក់​​ក្នុង​វត្ត​ខ្មែរ​និង​បោះ​បង្គោលបេតុង​

ទាហានវៀតណាមនៅវត្ត​ត្រពាំងផ្លុង​(រូបថតដោយគណបក្សអំណាចខ្មែរ)

ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ លោក សួន សេរីរដ្ឋា បានស្នើ​ឲ្យ​រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង ពន្យល់ពី​វត្តមាន​កងទ័ព​វៀតណាមដែ​ល​លោក​ថា​បានបោះទីតាំង​នៅ​វត្ត​ត្រពាំងផ្លុង​ ស្រុកពញាក្រែក ខេត្តកំពង់ចាមនិង​ការ​បោះ​​បង្គោល​បេតុង​មួយ​នៅ​ក្នុង​វត្ត​ស្រែស្ពៃ​ ក្នុង​ស្រុក​អូររាំងឪ ខេត្តត្បូងឃ្មុំ។​

លោក សួន សេរីរដ្ឋា កាលពីថ្ងៃពុធ​បាន​ដឹកនាំក្រុមការងារគណបក្សអំណាចខ្មែរ ចុះទៅជួបប្រជា​ពលរដ្ឋនិង​​ពិនិត្យ​មើល​ស្ថានភាពនៅទីនោះ ក្រោយ​ពី​បាន​ទទួល​ដំណឹង​ពី​ប្រជា​ពលរដ្ឋ​លើ​ការ​បោះ​បង្គោល​នេះ។​ ក្នុងលិខិត​មួយ​ចេញផ្សាយនៅថ្ងៃ​ព្រហស្បតិ៍នេះ លោក សួន សេរីរដ្ឋា បាន​ឲ្យ​ដឹងថាលោក​បាន​រក​ឃើញថា​នៅ​ក្នុង​បរិវេណ​វត្តស្រែស្ពៃ ឃុំ​គងជ័យ ស្រុក​អូររាំងឪ​ និង​វត្ត​ត្រពាំងផ្លុង​ ស្រុកពញាក្រែក​ ខេត្តត្បូងឃ្មុំ មានទាហាន​វៀតណាម​ចូល​មកបោះ​ទីតាំង​រស់នៅ​ក្នុង​វត្ត​ហើយ​លួចដាំ​បង្គោល​បេតុង​នៅ​ក្នុងវត្ត ដោយ​លោក​ថា​មិន​ដឹង​ថា​ជា​បង្គោល​អ្វីពិតប្រាកដ​ដែល​បង្ក​ប្រជា​ពលរដ្ឋ​ភ័យ​ខ្លាចយ៉ាងខ្លាំង។​

លោក​បាន​ស្នើ​រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ​បំភ្លឺ​ករណីនេះ។ លិខិត​បញ្ជាក់ថា៖ “ខ្ញុំសូម​សម្តេច​ ឧបនាយករដ្ឋមន្រ្តី​និង​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ មេត្តាបំភ្លឺ​ករណីនេះ​ឲ្យ​បាន​ច្បាស់​លាស់​ជូន​ពលរដ្ឋ​ខ្មែរ​ថា​តើ​មូល​ហេតុ​អ្វី​បាន​ជា​មាន​វត្ត​មានកងទ័ព​ទាហាន​យួនទាំងនោះ ចូល​មក​បោះ​ជំរុំ​​រស់នៅ​ក្នុងវត្ត​ ហើយ​បោះ​បង្គោល​បេតុងក្នុង​ដី​វត្ត ប្រទេស​ខ្មែរ​ដែល​ការពារ​ដោយ​ច្បាប់រដ្ឋធម្មនុញ្ញ​និង​ការពារ​ដោយ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ក្រុងប៉ារីស ថ្ងៃទី​២៣ខែ​តុលា ១៩៩១ បែបនេះ”?

លោក សួន សេរីដ្ឋា បញ្ជាក់​ថា​លោក​បាន​ដាក់​លិខិត​នោះទៅក្រសួងមហាផ្ទៃ​រួចហើយ។ វីអូឌី​មិនទាន់អាច​ទាក់ទង​មន្រ្តីក្រសួងមហាផ្ទៃ ដើម្បីសុំការឆ្លើយ​តបភ្លាមៗបាននៅឡើយទេ។​

លោក ឈៀក ឋាន អាយុ​៤២ឆ្នាំ​ ជា​ប្រជាពលរដ្ឋ​រស់នៅភូមិ​ស្រែស្ពៃ ប្រាប់វីអូឌីនៅថ្ងៃព្រហស្បតិ៍នេះ​ថាលោក​ធ្លា​ប់បានឃើញទាហានវៀតណាម​ចូល​មក​ក្នុងវត្ត​ស្រែស្ពៃ ហើយ​ឃើញ​មាន​ការ​បោះ​បង្គោល​បេតុង។ លោក​បញ្ជាក់ថា៖ “គេ​ថា​មក​រកអដ្ឋិធាតុ​ជ​នជាតិវៀតណាមអីទេ ពលរដ្ឋ​រិះគន់ដែរ តែអាជ្ញាធរ​ថា​គេ​សុំ​ថ្នាក់រដ្ឋាភិបាល​ហើយហើយ។ ពលរដ្ឋ​មិន​ដឹង​ថា​ជា​បង្គោល​អ្វីទេ គេនាំ​គ្នានិយាយ​លេងថា​បង្គោលដីថាដីយើងត្រឹមហ្នឹងទេដឹង”។​

ពលរដ្ឋម្នាក់​រស់នៅភូមិស្រែស្ពៃ លោក ជុន វ៉ែង ប្រាប់វីអូឌី​ថា​ពិត​ជា​មាន​ការ​បោះបង្គោល​ថ្មមួយនៅក្នុងវត្ត​កាល​ពីឆ្នាំមុន តែ​លោក​ថា​ពលរដ្ឋ​មិន​ដឹង​ថា​នោះ​ជា​បង្គោល​អ្វីនោះទេ។ លោក​មានប្រសាសន៍ថា៖ “បង្គោល​បោះពេល​យប់កាលពីឆ្នាំទៅ ហើយ​ពលរដ្ឋ​ទើប​ឃើញ គ្រាន់តែ​ឆ្ងល់​ថា​បង្គោលអី តែ​គេ​ថា​មិនមែន​បង្គោល​ព្រំដែន​ទេ”។​

លោក​ សួន​ សេរីរដ្ឋា ប្រាប់វីអូឌី​កាលពីថ្ងៃពុធថាប្រជា​ពលរដ្ឋ​អះអាង​ថា​​ដីវត្ត​ទាំងពីរនោះ​ជា​ដី​​របស់ខ្មែរ។​ លោក​មានប្រសាសន៍ថា៖ “មិន​មែនជារបៀប​​បង្គោល​ព្រំដែន​ដែល​បោះ​មក​ខ្ពស់​ផុតពីដីអីទេ ជា​បង្គោល​មួយ​ដែល​បោះ​បង្កប់នៅ​ក្នុង​ដី ពលរដ្ឋភ័យ​ឆ្ងល់គ្រប់គ្នា អត់មាននរណា​ហ៊ាន​ប៉ះពាល់អីទេ​”។ លោក​បន្ថែម​ថា៖ “ខ្ញុំមកដល់​គឺនៅក្នុងវត្ត​ស្រែស្បៃ  ក្នុង​ស្រុក​អូររាំងឪហ្នឹង គឺ​​ទឹកដីខ្មែរ​។ ខ្ញុំមកដល់វត្ត​ត្រពាំងផ្លុង ក្នុង​ពញាក្រែក ក៏​នៅទឹកដីខ្មែរ”។​

អភិបាល​ខេត្ត​ត្បូងឃ្មុំ លោក ប្រាជ្ញ ចន្ទ ប្រាប់វីអូឌីថា​លោក​មិនទាន់​បាន​ទទួល​ព័ត៌មាននេះ​នោះទេ។ លោក​បញ្ជាក់​ថា៖ “ខ្ញុំ​វាមិន​ឭព័ត៌មាន​ហ្នឹង​ ខ្ញុំ​នឹង​ឲ្យ​គេ​ទៅ​មើល”។​

វីអូឌី​មិនទាន់អាច​ទាក់ទង​អភិបាល​ខេត្ត​កំពង់ចាម លោក លន់ លឹមថៃ​ បាននៅឡើយទេ។​ ​វីអូឌីក៏​មិនអាច​សុំការឆ្លើយ​តបភ្លាមៗពីស្ថានទូតវៀតណាមប្រចាំកម្ពុជា​បានដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ