អ្នកវិភាគ៖ ការបោះឆ្នោតអាចមានតម្លាភាព បើសហគមន៍ជាតិនិងអន្តរជាតិបង្កើនសម្ពាធ

អ្នកវិភាគលើកឡើងប្រហាក់ប្រហែលគ្នាថាសហគមន៍អន្តរជាតិនិងពលរដ្ឋម្ចាស់ស្រុកនៅតែជាច​រន្តដ៏ធំ​មួយ ជំ​​រុញ​រដ្ឋាភិបាលឲ្យពិចារណារៀបចំការបោះឆ្នោតមួយដោយតម្លាភាពនិងយុត្តិធម៌ ​​​​ទោះជាស្ថា​ន​​ការ​​ន​​យោ​បាយ​ពេល​នេះ ត្រូវបានគេមើលឃើញថា កំពុងស្ថិតក្នុងភាពតានតឹងក៏ដោយ។

​នៅថ្មីៗនេះ សមាជិកសភា​អាស៊ាន​ ដើម្បី​សិទ្ធិមនុស្សបានចេញរបាយការណ៍មួយលើក​ឡើង​​ថា ​រដ្ឋាភិ​បា​ល​​កម្ពុជា​ដឹកនាំដោ​យគ​ណ​ប​ក្សប្រជាជន បាន​ធ្វើ​ទុក្ខ​បុ​ក​​​ម្នេញ​ទៅលើ​ក្រុមប្រឆាំង អ្នក​កា​​រ​ពា​រសិទ្ធិ​មនុ​ស្ស និងកែ​​ច្បាប់​គ​ណ​​បក្ស​​ន​​យោបាយ ​​មាន​ភាព​ចម្រូ​ង​ចម្រាស់ ​មុន​ការ​បោះ​ឆ្នោតមកដល់។

អង្គ​ការ​​នេះ ចាត់ទុក​ថាស្ថា​ន​ភា​ព​​​បែបនេះ​ ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​លិទ្ធិ​ប្រជា​ធិបតេយ្យ​ដ៏​ផុយ​ស្រួយ​របស់​កម្ពុ​ជា នឹងថា កម្ពុជាអាចនឹងវិលទៅរករបបដឹកនាំបែបផ្ដាច់ការ បើសិន​គ្មា​ន​កិច្ច​អន្តរាគមន៍​ពីអន្តរ​ជា​​​​​តិ​។

ប៉ុន្តែការលើកឡើងនោះត្រូវរដ្ឋាភិបាលច្រានចោលដោយចាត់ទុកថា ជា «ការវាយតម្លៃខ្មៅងងឹត» គ្មាន​មូល​ដ្ឋានត្រឹមត្រូវ។

មួយវិញទៀត ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នៅកម្ពុជាក៏បានប​ង្ហា​​ញការព្រួយបារម្ភ ពីការប្រែប្រួលនយោបាយនៅកម្ពុជានេះដែរ។

របាយការណ៍វិភាគរបស់ស្ថាប័នអន្តរជាតិមួយ​នេះ បានបង្ហាញការព្រួយបារម្ភថា ច្បាប់នោះ ​មិនអា​ចធានា​អធិបតេ​យ្យភា​​ពនៃ​កា​របោះ​ឆ្នោ​ត​​ក្នុងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សបានទេ ប្រសិន​បើ​គ​ណ​ប​ក្សន​យោ​បាយដ​ទៃ​មិន​​អា​ច​​​អ​​នុ​វ​ត្តន៍សិទ្ធិ​ប​​ញ្ចេ​ញ​មតិបាននោះ។

ជា​ងនេះទៅទៀតកិច្ចប្រជុំមួយនៅទីក្រុងដាកា ប្រទេសបង់ក្លាដេស របស់​សហ​ភាព​អន្តរសភា ហៅ​កា​ត់ ថា IPU ដែល IPU មានសមាជិកចំនួន ១៧១ប្រទេស សហ​ភាព​អន្តរសភា បាន​សន្និ​ដ្ឋា​នថា អាជ្ញាធរកម្ពុជា មិន​​​​​មា​​នឆ​ន្ទៈ​នយោ​បាយដោះ​ស្រា​យ​ ក​រណីរំលោ​ភសិទ្ធិរប​ស់តំណា​ងរាស្ត្រម​ក​ពីគ​​​ណ​ប​​ក្ស​ប្រឆាំ​ង​ឡើ​យ​។

IPU បានបង្ហាញពីការព្រួយបារម្ភថា គណបក្សសង្គ្រោះជាតិ អាចនឹងត្រូវគេរំលាយតាមអំណាច​ច្បាប់​ស្តីពី​វិសោធនកម្មគណ​ប​ក្ស​​​ន​​​យោ​​បា​​យ​​​​​​​​​​​​ដែ​​​​ល​ទើបអនុម័តថ្មីនេះ​ ដោយមិនស្របទៅ នឹងស្តង់ដារអន្តរជាតិ នៃលំហូរ​សេរីភាព ​ក្នុង​ការរៀ​ប​ចំ​សមា​គមនិង​គ​ណ​​​បក្សនយោបាយ។

IPU យល់ថា ការចូលរួមរបស់គណបក្សសង្គ្រោះជាតិក្នុងការបោះឆ្នោតខាងមុខមានសា​រៈសំ​ខាន់យ៉ា​ង​ខ្លាំ​​​ង​​​ជាទីបំផុត។

ប៉ុន្តែមកដល់ពេលនេះគណបក្សធំៗចំនួនពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ​ ពួកគេនៅ​មិ​នទា​ន់បង្ហាញសញ្ញាណវិជ្ជមានណាមួយ​ ដោយវិលទៅរកតុតាចរចា​ដើម្បីបង្ហាញ​ទៅសហគមន៍ជាតិ និងអន្ត​រជាតិឲ្យពួ​កគេ​ជឿបានថា​ការប្រកួតការបោះឆ្នោតនាពេលខាងមុខនេះ នឹងដំណើរការ​ទៅដោ​យសេរី ត្រឹមត្រូវ និង​យុ​ត្តិ​ធម៌នៅឡើយទេ។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា​ លើកឡើងថា សម្ពាធសហគមន៍​អន្តរជាតិនៅ​តែ​មា​ន​​ឥទ្ធិ​ពលមកលើករដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញយន្តការ​ប្រជាធិបតេយ្យ បើទោះបីពេល​នេះ​លោកថា ​កម្ពុ​ជាបានបង្ហាញជំហរកាន់តែខ្លាំងទៅរកមហាអំណាចចិនក៏ដោយ។

លោកថា៖ «ទីផ្សាររបស់កម្ពុជាភាគច្រើនមិននាំទៅចិនទេគឺទីផ្សាអាមេរិកនិងសហគមន៍អឺរុប។ អញ្ចឹងរោងចក្រវាយ​នភ័​ណ្ឌដែលផលិតនៅកម្ពុជាដែលបរទេសមកវិនិយោគនៅកម្ពុជាគឺបានរស់រានដោយសារទីផ្សារនៅអាមេរិកទេ។ ​អញ្ចឹ​ងបើអាមេរិកនិងអឺរុបគេដាក់សម្ពាធអញ្ចឹងកម្ពុជាមានការលំបាកហើយ»។

បើទោះបីជារដ្ឋាភិបាលធ្លាប់ប្រតិកម្មមិនឲ្យបរទេសលូក​ដៃចូលបញ្ហារបស់កម្ពុជាដោយថា​ជាកិច្ចផ្ទៃក្នុងក៏ដោយ ប៉ុន្តែលោក ឯម សុវណ្ណារ៉ា វិភាគថា សហគមន៍អន្តរជាតិនៅតែអាចដាក់សម្ពាធ រដ្ឋាភិបាលកម្ពុជាបាន ជំរុញ​ឲ្យអ​នុវត្ត​​ន៍យន្តកា​រប្រជាធិបតេយ្យ តាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលានិងស្មា​រតីរដ្ឋធម្មនុញ្ញ។

លោកថា៖ «គេមិនលូកចូលរដ្ឋអធិបតិយ្យទេ។ ប៉ុន្តែគេឲ្យរដ្ឋមួយៗដែលជារដ្ឋឯករាជ្យហ្នឹង គោរពគោលការណ៍ ដែ​លកម្ពុជាចុះកិច្ចព្រមព្រៀងខាងសិទ្ធិមនុស្សជាមួយអន្តរជាតិ នានាដែលយើងចុះសន្និសញ្ញាហ្នឹង ជាច្បាប់សិ​ទ្ធិម​នុ​ស្ស​ ឬក្នុងនាមយើងជាសមាជិកអង្គការសហប្រជាជាតិ ត្រូវតែគោរពតាមទម្រង់នេះឯង។ បើ​​​យើ​​ងមិ​នគោរពទេ​នៅមិនលូក​ទេ តែគេនៅតែដាក់សម្ពាធយើងដូចភូមាអញ្ចឹង។ គេមិនយកយោធាអី​ មក​វា​យ​លុកដូច​នៅសេ​​​រី អីអត់ទេ ទៅមិនរួចទេ គេគ្រាន់តែហុំមព័ទ្ធសេដ្ឋកិច្ច»។

បើតាមលោក ឯម សុវណ្ណា បើមានសម្ពាធ កាត់តែខ្លាំង លោកថា រដ្ឋាភិបាលនឹងពិចារណា​រៀបចំឲ្យមានការ​បោះ​ឆ្នោ​​ត​​មួយដោយតម្លាភាព ដោយលោកវិភាគថា ពេល​នេះ រដ្ឋាភិបាលកម្ពុជា នៅមិនទាន់អាចបោះ​បង់ប្រទេស​លោក​សេរីទៅពឹងមហា​អំណាចចិនតែម្នាក់បានទេ។

នាយកប្រតិបត្តិសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា លើកឡើងដែរថា បើពិនិត្យមើ​លពីចំនួ​នអ្ន​ក​ទៅ​ចុះឈ្មោះបោះឆ្នោតជាង៨០ភាគរយ និងប្រតិកម្មនានាតាមបណ្តាញសង្គម ទៅលើទង្វើ​អសក​ម្មរបស់រដ្ឋាភិ​បាល លោ​កវិភាគថា ពលរដ្ឋភាគច្រើន ចង់ឃើញការដឹកនាំមួយមានតម្លាភាព។

លោក មឿន តុលា អះអាងទៀតថា ដូចនេះ ចរន្តចង់ឃើញការដឹកនាំបែបប្ជាធិបតេយ្យ បានកើតឡើង​ហាក់ព្រ​មគ្នា​ រវាងសហគមន៍អន្តរជាតិនិងពលរដ្ឋជាម្ចាស់ស្រុក។

លោក មឿន តុលា វិភាគថា ចរន្តទាំងពីរនេះ បើនៅតែបន្តសកម្ម លោកថា នឹងជំរុញឲ្យរដ្ឋា​ភិបាលមិនអាចងាក​ចេញ​ពីគ​ន្ល​ងប្រជាធិបតេយ្យបានទេ។

លោកថា៖ «អាចនឹងទទួលនូវការដាក់ទោសពីពលរដ្ឋខ្មែរ ជាប់ឈ្មោះជាអ្នកទោសប្រវត្តិសា​សន៍ បើសិនជាមេដឹក​នាំ​​ណា​មួយមិនធានានូវការរៀបចំ ឲ្យមានការបោះឆ្នោតដោយសេរីត្រឹមត្រូវនិងយុត្តិធម៌ ហ្នឹងទេ»។

អ្នកតាមដានបញ្ហាសង្គម លោក ឆាំ ប៊ុនថេត វិភាគដែរថា កត្តាមួយទៀត​ដែលជំរុញយន្តការប្រជាធិបតេយ្យដែរនោះ  គឺ​ព​លរដ្ខខ្មែរខ្លួនឯង ត្រូវដកខ្លួនឲ្យផុតពីខ្សែញាក់របស់អ្នកនយោបាយ លុបបំបាត់វប្បធម៌លាបពណ៌គ្នា ពង្រឹ​ង​សាម​គ្គីជាតិ ជំរុញអភិបាលកិច្ច ដោយមិត្រូវដេករងចាំតែបរទេសមកជួយនោះទេ។

លោកថា៖ «មើលថា តើអ្នកនយោបាយហ្នឹងដើរទៅរកផ្លូវមួយ អាចជជែកគ្នាបានទេ ឬក៏ដើរផ្លូវបែកពីគ្នា។​ ដើរផ្លូ​វបែ​ក​ពីគ្នា​​យើងឈប់គាំទ្រ អ្នកនយោបាយបែបអស់អញ្ចឹង។ អាហ្នឹងយើងអាចមានផ្លូវថ្មីមួយ ប្រសើរជាងមុន»។

ទោះជាយ៉ាងណា អ្នកវិភាគគិតថា ស្ថានការណ៍នយោបាយនៅពេលនេះ ពួកគេថា បក្សកាន់អំ​ណាច​ទំនងជា​រៀបចំ​យុទ្ធសាស្ត្រយកឈ្នះ ដើម្បីបន្តគ្រប់គ្រងអំណាច តាមរយៈធ្វើច្បាប់ និងយកប្រព័ន្ធតុលាការ ធ្វើជាឧបករ​ណ៍ន​យោបាយ សម្រាប់រំលាយ ឬផ្តួលដៃគូប្រកួត។

ប៉ុន្តែពួកគេថា តាមយន្តការកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ស្មារតីរដ្ឋធម្មនុញ្ញ សម្ពាធពីសហគមន៍អន្តរជាតិ និ​ង​សម្ពា​ធពលរដ្ឋចង់ឃើញកម្ពុជាអនុវត្តលទ្ធិប្រជាធិបតេយ្យនោះ ពួកគេថាយន្តការចង់ដឹកនាំ ទៅរករប​បអតីតកាល ​បែ​​ប​ផ្តា​ច់ការនិយមនោះ ទំនងជាទៅលែងរួចហើយ ខណៈដែលការធ្វើកំណែទម្រង់របស់រដ្ឋាភិបាលពេលខ្លះ​ទៅមុ​ខ​លែងរួចនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ