សហភាពអន្ដរសភាថ្កោលទោសរដ្ឋាភិបាលកម្ពុជាថាចង់រំលាយបក្សប្រឆាំង

សហភាពអន្ដរសភា ឬហៅកាត់ថា “IPU” បានថ្កោលទោសរដ្ឋាភិបាលកម្ពុជា ថាបានធ្វើទុក្ខបុកម្នេញ និងចង់រលាយគណបក្សសង្គោះជាតិ មុនការបោះឆ្នោត។

សហភាពអន្ដរសភា ដែលតំណាងឲ្យប្រទេសចំនួន១៧១ លើពិភពលោកបានចេញញត្តិមួយ កាល​ពីថ្ងៃទី​៥ខែ​មេសាកន្លងទៅនៅទីក្រុងដាកា ប្រទេសបង់ក្លាដេស​ដោយថ្កោលទោសរដ្ឋាភិបាល​របស់លោក​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ថាបានប្រើគ្រប់មធ្យោបាយ​ ដើម្បីធ្វើទុក្ខបុកម្នេញ​រំលោភសិទ្ធិ​តំណាងរាស្ដ្រ​គណបក្ស​ប្រឆាំង និងមានចេតនាធ្វើច្បាប់គណបក្សនយោបាយ ដើម្បីរំលាយ​គណបក្ស​សង្គ្រោះជាតិ មុនការ​បោះឆ្នោត។

សេចក្ដីសម្រេចនេះ បានធ្វើឡើង​ទំនងជាតបតាមបណ្ដឹងរបស់តំណាងរាស្ដ្រ១៥រូប មកពី​គណបក្ស​សង្គ្រោះជាតិ ដោយពួកគេចោទថា រដ្ឋាភិបាលរបស់លោក ហ៊ុន សែន មានចេតនា​នយោបាយ​ទុច្ចរិត​ចង់រំលាយ បំបិទសំឡេង និងធ្វើបាបបក្សប្រឆាំងតាមគ្រប់រូបភាព មុនការបោះឆ្នោត ដូចជា ការវាយ​ដំតំណាងរាស្ដ្របក្សប្រឆាំង២រូប គឺលោក ញ៉យ ចំរើន និងលោក គង់ សភា កាលពីឆ្នាំ២០១៥, ការបំភិតបំភ័យ និងគាបសង្កត់គណបក្សប្រឆាំង, ការយីយា, និងចេតនាចង់រំលាយបក្សប្រឆាំង មុនការបោះឆ្នោត។

បើតាមសេចក្ដីសម្រេចដដែល បន្ទាប់ពីបានស្ដាប់ចម្លើយរបស់ដើមបណ្ដឹងពីខាងគណបក្សសង្គ្រោះជាតិ ភាគីទីបី និងប្រតិភូតំណាងរដ្ឋាភិបាលកម្ពុជានៅក្នុងសន្និបាតនោះ សហភាពអន្ដរសភាបាន​ចេញ​ញត្តិ​ថ្កោលទោសដោយថា រដ្ឋាភិបាលកម្ពុជាគ្មានឆន្ទៈ ដោះស្រាយករណីរំលោភ​សិទ្ធិតំណាង​រាស្ត្របក្ស​ប្រឆាំងនោះទេ។

សហភាពអន្ដរសភាយល់ថា ការចូលរួមរបស់គណបក្សសង្គ្រោះជាតិ ក្នុងការបោះឆ្នោតនៅពេលខាងមុខ គឺមានសារៈសំខាន់បំផុត និងបានរិះគន់ច្បាប់គណបក្សនយោបាយ ដែលត្រូវបាន​រដ្ឋសភា​កម្ពុជាអនុម័ត​នោះថា ខុសនឹងស្ដង់ដារអន្ដរជាតិ និងមានចេតនាទុច្ចរិតចង់កំចាយអតីតប្រធានបក្សសង្រ្គោះជាតិលោក សម រង្ស៊ី ចេញពីឆាកនយោបាយ និងរំលាយគណបក្សប្រឆាំងទាំងមូលទៀតផង។

អ្នក​នាំ​ពាក្យ​​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បានឲ្យ VOD ដឹងនៅថ្ងៃសុក្រនេះថា ញត្តិ​របស់​សហភាព​អន្ដរសភា គ្រាន់ជាសំណូមពរមួយឲ្យរដ្ឋាភិបាលមើលឃើញថា ការដឹកនាំរបស់ខ្លួន កំពុងដើរលើផ្លូវខុស ឃ្លាតចាកពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងដើម្បីកែប្រែ​ស្ថានការ​នយោបាយឲ្យបានល្អប្រសើរ មុនការបោះឆ្នោតឆ្នាំ២០១៧និង២០១៨។

ទោះមានការចេញញត្តិថ្កោលទោសបែបក្ដី លោក យឹម សុវណ្ណ លើកឡើងថា ស្ថានភាព​នយោបាយ​នៅកម្ពុជា មិនទាន់អាចវិលទៅរកភាពប្រសើរ និងមិនទាន់មាន​ការចរចារ​ស្វែងរក​ដំណោះស្រាយណា​មួយនោះទេ។

លោកថា មកទល់ពេលនេះ អាជ្ញាធរកម្ពុជាមិនទាន់ដោះលែងសកម្មជនប្រឆាំង អ្នកតវ៉ាជម្លោះដីធ្លី សកម្មជនបរិស្ថាន និងតំណាងរាស្ដ្រព្រឹទ្ធិសភាគណបក្សសង្គ្រោះជាតិនោះទេ ដោយថា បញ្ហានេះ ហើយនឹងជះឥទ្ធិពលអាក្រក់ដល់ដំណើរការបោះឆ្នោត។

លោកបន្ថែមថា គណបក្សសង្គ្រោះជាតិ​ក៏ចង់បានដំណោះស្រាយនយោបាយ​សមស្របមួយ​រវាង​គណបក្សប្រជាជន និងបក្សប្រឆាំង និងថា ក្នុងនាមជាខ្មែរដូចគ្នា រដ្ឋាភិបាលមិនគួរប្រើច្បាប់​ដើម្បីរំលាយគណបក្សណាមួយចោល តាមទំនើងចិត្តនោះទេ។​

លោកថា៖ ​«ខ្ញុំថានេះគឺជាព័ត៌មានមួយ ជាសំណូមពរមួយ ដែលគណបក្សកាន់អំណាចគួរតែពិចារណា ដើម្បីកែល្អស្ថានការនយោបាយ។ ខ្ញុំយល់ឃើញថា មកដល់ពេលនេះ គឺមិនទាន់មានដំណើរការល្អទេពីរឿងការចចារនយោបាយ យើងឃើញមានសកម្មជនដីធ្លី សកម្មជនបរិស្ថាន ថ្នាក់ដឹកនាំគណបក្ស តំណាងរាស្ដ្រព្រឹទ្ធសភាជាប់ពន្ធនាគារ គឺសុទ្ធតែជាបញ្ហាដែលជះឥទ្ធិពលទៅលើការបោះឆ្នោត។ ខ្ញុំថាយើងមិនគួរមានគំនិតរំលាយគ្នាទៅវិញទៅមកនោះទេ សង្គមវាវិវត្តន៍ទៅអញ្ចឹងទៅហើយ ផ្នត់គំនិតការគាំទ្រប្រជាពលរដ្ឋ ការយលឃើញរបស់ប្រជាពលរដ្ឋ វាកំពុងវិវត្តន៍ទៅរកទិសដៅមួយល្អចំពោះមុខប្រទេសជាតិ»។

VOD មិនទាន់អាចទាក់ទងអ្នកនាំពាក្យគណបក្សប្រជាជន​ និងអ្នកនាំពាក្យរដ្ឋសភាលោក ឡេង ប៉េងឡុង បានទេ។​

ប៉ុន្ដែបើតាមសេចក្ដីប្រកាសព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ទី៦ខែមេសា ម្សិលមិញ រដ្ឋសភាកម្ពុជា​ហាក់​ពុំទាន់​​បាន​ឆ្លើយតបណាមួយ ចំពោះការញត្តិថ្កោលទោសរបស់សហភាពអន្ដរសភា IPU នោះទេ ដោយរដ្ឋសភាគ្រាន់តែលើកឡើងថា សហភាពអន្តរសភា បានអនុម័តសេចក្តីសម្រេចចំនួន៣ ដោយក្នុងនោះមាន «តួនាទីរបស់សភាក្នុងការការពារមិនឱ្យមាន ការជ្រៀតជ្រែកពីប្រភពខាងក្រៅ ចូលទៅក្នុងកិច្ចការផ្ទៃក្នុងរបស់រដ្ឋអធិបតេយ្យភាពណាមួយ»។

ក្នុងកិច្ចប្រជុំនៃមហាសន្និបាតនោះ លោក យ៉ង់ សែម អនុប្រធានគណៈកម្មការសិទ្ធិមនុស្ស បានច្រាលចោលសេចក្ដីសម្រេច ដោយលោកថា ញត្តិរបស់សហភាពអន្ដរសភា គឺមានភាពលម្អៀតលើភាគីតែម្ខាង និងថា សហភាពអន្ដរសភាមិនបានទៅទស្សនកិច្ចផ្ទាល់ ដើម្បីជួបពិភាក្សាជាមួយថ្នាក់ដឹកនាំកម្ពុជាតបការអញ្ជើញនោះទេ។

ប្រតិភូតំណាងរដ្ឋាភិបាលកម្ពុជាម្នាក់ទៀតគឺលោក ញែម ថាវី បន្ថែមថា ច្បាប់គណបក្សនយោបាយ​មិនមែនតម្រង់ទៅរកបុគ្គល ឬបក្សជាក់លាក់ណាមួយនោះទេ និងថា គណបក្សទាំងអស់សុទ្ធ​តែអាចចូលរួមប្រកួតប្រជែងការបោះឆ្នោត នាពេលខាងមុខ ដោយស្មើភាព និងយុត្ដិធម៌។

លោកថា៖ «ប្រតិភូទី១-យើងគណៈប្រតិភូតំណាងឲ្យព្រឹទ្ធសភា និងរដ្ឋសភា មិនមែនតំណាងឲ្យគណបក្សនោះទេ​ សូមបដិសេធសេចក្ដីសម្រេចដែលស្នើឡើង និងការសម្រេចនេះ ដោយហេតុផលថា ១ អ្នកធ្វើសេចក្ដីសម្រេច ផ្អែកលើភាគីតែម្ខាង មិនថាទោះបីយើងខំព្យាយាមពន្យល់អ្នកអំពីគណៈកម្មាធិការសិទ្ធិមនុស្សយ៉ាងណា ឬប្រហែលគណៈកម្មាធិការសិទ្ធិមនុស្សរបស់អ្នកមិនបានរាយការណ៍ដល់អ្នក នូវអ្វីដែលយើងបាននិយាយ។ ២ ប្រធានព្រឹទ្ធសភារបស់យើង និងប្រធានរដ្ឋសភារបស់យើងបានត្រៀមរៀបចំដំណើរទស្សនកិច្ចរបស់ ហើយអ្នកអត់បានទៅ […] ប្រតិភូទី២-ទស្សនៈរបស់ប្រតិភូតំណាងកម្ពុជាលើសេចក្ដីសម្រេចនេះ គឺថា មិនបានផ្ដល់ឲ្យនូវការពិចារណាត្រឹមត្រូវទេ ដោយមូលហេតុនេះ សេចក្ដីសម្រេចនេះ គឺមានភាពលម្អៀង»។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោក​បណ្ឌិត មាស នី យល់ថា​ ការលើកឡើងរបស់សហភាពអន្ដរសភា ហាក់បង្ហាញការពិតខ្លះដែរ ដោយលោកសង្កេតឃើញថា រាល់សកម្មភាពនានា​របស់គណបក្សប្រឆាំង​តែងត្រូវគេបានរំខាននិងរារាំង ដើម្បីកុំឲ្យបក្សនេះដំណើរការទៅមុខដោយរលូន។

លោកបណ្ឌិត មាស នី ចង់ឃើញអ្នកនយោយបាយកម្ពុជា​ចេះពិភាក្សាគ្នារកដំណោះស្រាយដោយខ្លួនឯង ជាជាងចាំតែសហគមអន្ដរជាតិចង្អុលចង្ហាញដដែលៗបែបនេះ។

លោកថា៖ «មិនដឹងថាតើរដ្ឋាភិបាលចង់ឲ្យស្ថានភាពរាល់ថ្ងៃទៅជាយ៉ាងណានោះទេ ប៉ុន្ដែសម្រាប់យើងអ្នកសង្កេតការពីខាងក្រៅ យើងចេះតែឃើញសញ្ញាកាន់តែច្រើនឡើងៗ ដែលដំណើរការនៃការអនុវត្តនយោបាយរបស់គណបក្សប្រឆាំងហ្នឹង ចេះតែជួបការរាំងខ្ទប់ម្ដងហើយ ម្ដងទៀត ចេញជ្រុងណាក៏ត្រូវបានជាប់ ចេញជ្រុងណាក៏ត្រូវបានខ្ទប់ជាប់។ ទស្សនៈរបស់ខ្ញុំ ក៏មិនខុសពីទស្សនៈពលរដ្ឋខ្មែររាប់លាននាក់ដែរ គ្មានអ្នកណាគេចង់ឃើញអ្នកនយោបាយយើងឈ្លោះគ្នាគ្មានទីចុងបញ្ចប់ទេ គឺយើងចង់ឲ្យឃើញមានការឯកភាពជាតិ»។

បើតាមសេចក្ដីសម្រេច ញត្ដិថ្កោលទោសនេះ ​ត្រូវបានសន្និបាតសហភាពអន្តរសភាអនុម័ត​ជាឯកច្ឆន្ទ លើកលែងតែតំណាងរដ្ឋាភិបាលកម្ពុជាមួយគត់ ដែលជំទាស់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ